តាំងពីព្រឹកព្រហាម ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ប្រទេសរុស្ស៊ីរបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Poutine) បាន​«ប្រកាសសង្គ្រាម» និងលើកកងទ័ព វាយលុកឈ្លានពាន ចូលប្រទេសអ៊ុយក្រែន ដែលជារដ្ឋអធិបតេយ្យមួយ នៅជាប់ព្រំដែនជាមួយខ្លួន។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបើកទំព័រផ្សាយផ្ទាល់ និងផ្សាយចេញ នូវដំណើងទាំងឡាយ ដែលទាក់ទងនឹងព្រឺត្តិការណ៍ ដ៏អកុសលនេះ។ ទស្សនាវដ្ដីនឹងធ្វើបច្ចុប្បន្នភាព ជារៀងរាល់១៥នាទីម្ដង។

————

  • ម៉ោង17 និង15នាទី ៖ ទិដ្ឋភាពវាយលុក​លើមូលដ្ឋានកងទ័ពអាកាសអ៊ុយក្រែន ដោយឧទ្ធម្ភាគចក្ររ៉ុស្ស៊ី ក្នុងក្រុង«Gostomel» ដែលស្ថិតនៅចំងាយប្រមាណជា៤០គីឡូម៉ែត្រ ពីរដ្ឋធានីគៀវ
  • ម៉ោង16 និង30នាទី ៖ នាយកអង្គការដើម្បីសន្ដិសុខ និងសហប្រតិបត្តិការអ៊ឺរ៉ុប បរិហារពី«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក «Zbigniew Rau» ដែលកាន់តំណែងប្ដូរវេន ជានាយកអង្គការដើម្បីសន្ដិសុខ និងសហប្រតិបត្តិការអ៊ឺរ៉ុប «OSCE» បានបរិហារពីឧក្រិដ្ឋប្រឆាំងមនុស្សជាតិ» ជុំវិញការឈ្លានពាន ពីសំណាក់ប្រទេសរ៉ុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ លោកថ្លែងតាមរយៈវីដេអូ ដែលផ្សាយនៅលើ បណ្ដាញសង្គមទ្វីសធើរថា៖

«យើងធ្វើការថ្កោលទោស យ៉ាងដាច់អហង្កា នូវទង្វើរំលោភបំពាននេះ។»

  • ម៉ោង១៦ និង15នាទី ៖ ប្រតិកម្មរបស់មេដឹកនាំប្រឆាំង របស់ប្រទេសប៊ីយេឡូរ៉ុស្ស៊ី

អ្នកស្រី «Svetlana Tikhanovskaïa» មេដឹកនាំប្រឆាំងរបស់ប្រទេសប៊ីយេឡូរ៉ុស្ស៊ី បានហៅទង្វើរបស់របបដឹកនាំ នៅរដ្ឋធានី «Minsk» ដែលផ្ដល់ទឹកដីប៊ីយេឡូរ៉ុស្ស៊ី ឲ្យកងទ័ពរ៉ុស្ស៊ីប្រើប្រាស់ ដើម្បីចូលវាយលុក ប្រទេសអ៊ុយក្រែន ថា«ទង្វើក្បត់»។ នៅក្នុងវីដេអូមួយ ដែលផ្សាយនៅលើបណ្ដាញសង្គម អ្នកស្រី «Svetlana Tikhanovskaïa» បានអំពាវនាវឲ្យមានទណ្ឌកម្ម ដាក់ទៅលើរបបដឹកនាំប៊ីយេឡូរ៉ុស្ស៊ីសព្វថ្ងៃ ដែលនិយមប្រទេសរ៉ុស្ស៊ី។

  • ម៉ោង15 និង45នាទី ៖ រ៉ុស្ស៊ី ថាបានកម្ទេចមូលដ្ឋានយោធាអ៊ុយក្រែន ចំនួន៧៤កន្លែង

ក្នុងរសៀលថ្ងៃព្រហស្បត្តិ៍នេះ កងទ័ពរ៉ុស្ស៊ីតាមរយៈអ្នកនាំពាក្យ លោក «Igor Konachenkov» បានអះអាងតាមកញ្ចក់ទូរទស្សន៍ថា បានកម្ទេចមូលដ្ឋានយោធាអ៊ុយក្រែន ចំនួន៧៤កន្លែង ក្នុងនោះព្រលានយន្ដហោះយោធា ចំនួន១១កន្លែង។ លោកបន្តទៀតថា សម្ភារៈយោធា នៅក្នុងមូលដ្ឋានមួយចំនួន ពីចំណោមនោះ ត្រូវបានកម្ទេចទាំងស្រុង និងមួយចំនួនទៀត ត្រូវបានធ្វើឲ្យខូចខាត ប្រើប្រាស់មិនកើត។

  • ម៉ោង14 និង45នាទី ៖ អាជ្ញាធររ៉ុស្ស៊ីគម្រាមពលរដ្ឋខ្លួន មិនឲ្យធ្វើបាតុកម្មប្រឆាំងសង្គ្រាម

ក្រសួងមហាផ្ទៃ រួមនឹងស្ថាប័នអយ្យការ និងគណៈកម្មការស៊ើបអង្កេត របស់ប្រទេសរ៉ុស្ស៊ី បានឲ្យដឹង​ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយរួមគ្នា ក្នុងរសៀលថ្ងៃព្រហស្បត្តិ៍នេះថា នរណាក៏ដោយ ដែលចេញធ្វើ ឬចូលរួមធ្វើបាតុកម្ម «ដោយគ្មានការអនុញ្ញាតិ» នឹងអាចប្រឈម នឹងការផ្ដន្ទាទោស។

  • ម៉ោង14 និង10នាទី ៖ ប្រទេសលីទុយអានី បិទការផ្សាយរបស់ទូរទស្សន៍រ៉ុស្ស៊ី ចំនួន៣

ក្រោមហេតុផល​សន្តិសុខជាតិ អាជ្ញាធរជាតិរបស់ប្រទេសលីទុយអានី គ្រប់គ្រងផ្នែកសោធទស្សន៍ បានបិទការផ្សាយរបស់ទូរទស្សន៍រ៉ុស្ស៊ី ចំនួន៣ ពីចំណោម៥ប៉ុស្ដ៍ ដែលត្រូវបានអនុញ្ញាតិឲ្យផ្សព្វផ្សាយ នៅក្នុងប្រទេសនាពេលកន្លងមក។ អាជ្ញាធរជាតិ​ដែលមានឈ្មោះ ជាអក្សរកាត់ «NEPLP» បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន​មួយថា ទូរទស្សន៍ «Rossiya RTR» ត្រូវបានបិទការផ្សាយចំនួន៥ឆ្នាំ, ទូរទស្សន៍ «Rossiya» ចំនួន៤ឆ្នាំ និងទូរទស្សន៍ «TVCI» ចំនួន៣ឆ្នាំ។

  • ម៉ោង13 និង45នាទី ៖ យន្ដហោះយោធាអ៊ុយក្រែន ជាមួយមនុស្ស១៤នាក់ បានធ្លាក់នៅក្បែររដ្ឋធានី គៀវ

យន្ដហោះយោធាមួយគ្រឿង ដែលមានដឹកមនុស្ស១៤នាក់ បានធ្លាក់បោកឃ្លួន នៅប្រមាណជា៤០គីឡូម៉ែត្រ ខាងត្បូងរដ្ឋធានីគៀវ។ នេះ បើតាមភ្នាក់ងាររដ្ឋអ៊ុយក្រែន ដើម្បីគ្រប់គ្រងស្ថានការណ៍អាសន្ន។ ប្រភពមិនបានបញ្ជាក់ ពីមូលហេតុដែលបណ្ដាញឲ្យ​យន្ដហោះខាងលើ​ធ្លាក់នោះទេ។

  • ម៉ោង13 និង15នាទី ៖ អៀរ៉ង់អះអាងថា សង្គ្រាមមិនមែនជាដំណោះស្រាយទេ

រដ្ឋមន្ត្រីការបរទេសអៀរ៉ង់ លោក «Hossein Amir-Abdollahian» បានថ្លែងនៅថ្ងៃព្រហស្បត្តិ៍នេះថា សង្គ្រាមមិនមែនជាដំណោះស្រាយទេ ហើយបានភ្ជាប់ជម្លោះរវាងប្រទេសរ៉ុស្ស៊ី និងអ៊ុយក្រែន ទៅនឹង«ការបង្ករឿង»របស់អង្គការ «NATO»។

លោកថា៖

«យើងមិនចាត់ទុកថា សង្គ្រាមជាដំណោះស្រាយមួយនោះទេ (…) វិបត្តិនៅអ៊ុយក្រែន រកឃើញឫសគល់របស់វា នៅក្នុងការបង្ករឿងរបស់អង្គការ NATO។»

លោករដ្ឋមន្ត្រីបានបន្ថែមថា វាចាំបាច់ណាស់ ក្នុងការបង្កើតឲ្យមាន នូវបទឈប់បាញ់មួយឡើង និងរកដំណោះស្រាយ តាមបែប«ប្រជាធិបតេយ្យ និងតាមផ្លូវ«នយោបាយ»។

  • ម៉ោង12 និង30នាទី ៖ ទំព័រផ្លូវការរបស់រដ្ឋាភិបាលអ៊ុយក្រែន នៅលើបណ្ដាញសង្គមទ្វីសធើរ បានបង្ហោះរូបភាពចំអករវាងលោក ពូទីន និងហ៊ីត្លែ ហ្វាស៊ីសអាល្លឺម៉ង់
  • ម៉ោង12 និង15នាទី ៖ ចិន«យល់ពីក្ដីបារម្ភដ៏ត្រឹមត្រូវ»របស់រ៉ុស្ស៊ី

តាមរយៈសម្លេង របស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ដែលបានជជែកជាមួយសមភាគីរ៉ុស្ស៊ី លោក «Sergueï Lavrov» ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បានឲ្យដឹងថា ប្រទេសចិន«យល់ក្ដីបារម្ភដ៏ត្រឹមត្រូវ របស់ប្រទេសរ៉ុស្ស៊ី។ ការឆ្លើយឆ្លង ដែលត្រូវបានផ្សព្វផ្សាយ នៅលើប្រពន្ធផ្សព្វផ្សាយ របស់ក្រសួងការបរទេសចិន បានបន្តថា៖

«ប្រទេសចិន តែងតែគោរពដល់បូរណភាពទឹកដី និងភាពមិនអាចបំបែកទឹកដី នៃប្រទេសនីមួយៗ (…) ក្នុងពេលជាមួយគ្នានេះ យើងបានយល់ឃើញថា បញ្ហារបស់ប្រទេសអ៊ុយក្រែន ភ្ជាប់មកជាមួយ នូវប្រវត្តិសាស្ត្រដ៏ពិសេស និងស្មុគ្រស្មាញ។ យើងយល់ពីក្ដីបារម្ភដ៏ត្រឹមត្រូវ របស់ប្រទេសរ៉ុស្ស៊ី ជុំវិញបញ្ហាសន្តិសុខ។»

  • ម៉ោង11 និង15នាទី ៖ ទួរគីស្នើឲ្យរ៉ុស្ស៊ីបញ្ឈប់ការវាយប្រហារ

ប្រទេសទួរគី បានអំពាវនាវនៅថ្ងៃព្រហស្បត្តិ៍នេះ ស្នើឲ្យប្រទេសរ៉ុស្ស៊ីបញ្ឈប់ប្រតិបត្តិការយោធា នៅក្នុងប្រទេសអ៊ុយក្រែន ដោយហៅទង្វើនេះ «អយុត្តិធម៌ និងខុសច្បាប់» ព្រមទាំង«គម្រាមដល់សន្តិសុខពិភពលោក និងតំបន់»។ នេះ បើតាមក្រសួងការបរទេសទួរគី តាមរយៈសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន។

ក្រសួងបានបន្តថា៖

«ជាការរំលោភច្បាប់អន្តរជាតិ ដ៏ធ្ងន់ធ្ងរ (…) ប្រទេសទួរគី ប្រឆាំងយ៉ាងដាច់ខាត នូវរាល់ការផ្លាស់ប្ដូរព្រំដែនប្រទេស តាមរយៈអាវុធ។»

  • ម៉ោង10 និង30នាទី ៖ អង្គការ «NATO» នឹងប្រជុំតាមប្រព័ន្ធវីដេអូ នៅថ្ងៃសុក្រស្អែក

មេដឹកនាំនៃប្រទេសទាំង៣០ ដែលជាសមាជិករបស់អង្គការ «NATO» នឹងជួបប្រជុំគ្នា តាមប្រព័ន្ធវីដេអូ នៅថ្ងៃសុក្រទី២៥ ខែកុម្ភៈស្អែកនេះ។ នេះបើតាមប្រភព ពីមន្ត្រីការទូតស្និតនឹងអង្គការនេះ ដែលស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP»។ ប្រភពនោះបញ្ជាក់ថា អង្គការយោធាដ៏មានឥទ្ធិពលមួយនេះ នឹងពង្រឹកកិច្ចការពារសមាជិករបស់ខ្លួន ឲ្យបានកាន់តែខ្លាំងបន្ថែមទៀត នៅក្នុងតំបន់អ៊ឺរ៉ុបខាងកើត។

  • ម៉ោង10 និង00នាទី ៖ ប្រទេសម៉ុលដាវី បិទដែនអាកាស ខណៈប្រទេសប៊ីយេឡូរ៉ុស្ស៊ី ប្រកាសបិទមួយផ្នែក

មុននេះបន្តិច ប្រទេសម៉ុលដាវី (ខាងត្បូងប្រទេសអ៊ុយក្រែន) តាមរយៈឧបនាយករដ្ឋមន្ត្រីរបស់ខ្លួន លោក«Andrei Spinu» បានប្រកាសបិទដែនអាកាសរបស់ប្រទេស ក្រោមហេតុផលទាក់ទង​នឹង​«ស្ថានភាពក្នុងតំបន់»។ សេចក្ដីប្រកាសនេះ នឹងចូលជាធរមានចាប់ពីថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍ទី២៤ ខែកុម្ភៈ នេះតទៅ។ ប្រភពព័ត៌មាន៖ Telegram របស់លោក«Andrei Spinu»។

ចំពោះប្រទេសប៊ីយេឡូរ៉ុស្ស៊ី (ខាងជើងប្រទេសអ៊ុយក្រែន) វិញ បានប្រកាសបិទដែនអាកាសមួយផ្នែករបស់ខ្លួន ក្រោមហេតុផល ដើម្បី«ធានាសុវត្ថិភាព ចំពោះបណ្ដាអ្នកប្រើប្រាស់លំហរអាកាស»របស់ប្រទេស។ នេះបើតាមក្រសួងការពារជាតិ របស់ប្រទេសប៊ីយេឡូរ៉ុស្ស៊ី នៅលើបណ្ដាញផ្សព្វផ្សាយរបស់ខ្លួន។

តាំងពីព្រឹកព្រហាមមក បណ្ដាតំបន់មួយចំនួន របស់ប្រទេសរ៉ុស្ស៊ី ដែលស្ថិតនៅជាប់ព្រំដែន ជាមួយប្រទេសអ៊ុយក្រែន ក៏បានប្រកាសបិទដែនអាកាសរបស់ផងខ្លួនដែរ។ ប្រភពព័ត៌មាន៖ «AFP»។

  • ម៉ោង09 និង30នាទី ៖ ប្រទេសលីទុយអានី ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន

ក្នុងព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ប្រទេសលីទុយអានី (ខាងជើងប្រទេសអ៊ុយក្រែន) បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារពីសំណាក់កងទ័ពរ៉ុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរបស់ប្រទេសលីទុយអានី លោក «Gitanas Nauseda» បានថ្លែងក្រោយពីការប្រជុំក្រុមប្រឹក្សាការពារជាតិ ឡើងថា៖

«នៅថ្ងៃនេះ ខ្ញុំនឹងចុះហត្ថលេខាដាក់ប្រទេស នៅក្នុងភាពអាសន្ន (…) ប្រទេសលីទុយអានី ស្នើឲ្យអនុវត្តភ្លាម នូវមាត្រា៤ របស់អង្គការ”NATO”។»

ប្រទេសលីទុយអានី ជាសមាជិកមួយ ពីក្នុងចំណោមសមាជិកទាំង៣០ របស់អង្គការយោធាដ៏មានឥទ្ធិពល ហៅថាអង្គការសន្ធិសញ្ញាអាត្លងទិកខាងជើង «North Atlantic Treaty Organization» ឬ«Organisation du traité de l’Atlantique nord»។ មាត្រា៤របស់អង្គការនេះ អនុញ្ញាតិឲ្យសមាជិកខ្លួន ដែលរងការគម្រាម អាចពិគ្រោះជាបន្ទាន់ ជាមួយបណ្ដាសម្ព័ន្ធមិត្ត​នៅក្នុងអង្គការ។

  • ម៉ោង09 និង10នាទី ៖ អ៊ុយក្រែនផ្ដាច់ចំណងទូតពីរ៉ុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន ប្រកាសពីការផ្ដាច់ចំណងទូត ជាមួយប្រទេសរ៉ុស្ស៊ី នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែកុម្ភៈនេះ ដែលជាថ្ងៃទី១ នៃការឈ្លានពានចូលប្រទេសរបស់លោក។ លោក «Volodymyr Zelensky» និយាយថា៖

«យើងបានផ្ដាច់ចំណងទូត ជាមួយប្រទេសរ៉ុស្ស៊ី។»

រហូតមកដល់ថ្ងៃនេះ ចំណងទូតរវាងប្រទេសអ៊ុយក្រែន និងប្រទេសរ៉ុស្ស៊ី នៅបន្តជានិច្ចមក បើទោះជាប្រទេសរ៉ុស្ស៊ី បានកញ្ឆក់យកឧបទ្វីប «Crimea» របស់ប្រទេសអ៊ុយក្រែន មកធ្វើជាទឹកដីខ្លួន ក្នុងឆ្នាំ២០១៤ក៏ដោយចុះ។

  • ម៉ោង08 និង45នាទី ៖ អគ្គលេខាធិការ អ.ស.ប ស្នើឲ្យប្រធានាធិបតីរ៉ុស្ស៊ី បញ្ឈប់ការវាយប្រហារជាបន្ទាន់

នៅក្នុងអង្គប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងក្នុងយប់ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ក្នុងស្នាក់ការកណ្ដាល (ក្រុងញ៉ូយក សហរដ្ឋអាមេរិក) លោក«Antonio Guterres» អគ្គលេខាធិការអង្គការពិភពលោកមួយនេះ បានថ្លែងអំពាវនាវទៅលោក វ្លាឌីមៀ ពូទីន ឲ្យបញ្ឈប់ជាបន្ទាន់ នូវការវាយប្រហារ ប្រឆាំងប្រទេសអ៊ុយក្រែន។ លោកថា៖

«ក្នុងនាមប្រជាជាតិ លោកប្រធានាធិបតី ពូទីន, សូមលោកនាំកងទ័ពរបស់លោក ត្រឡប់ចូលប្រទេសរ៉ុស្ស៊ីវិញ។»

លោក«Antonio Guterres» បន្តថា៖

«ជាវេលាដ៏ក្រៀមក្រំបំផុត នៅក្នុងអាណត្តិរបស់ខ្ញុំ ក្នុងនាមជាអគ្គលេខាធិការ របស់អង្គការសហប្រជាជាតិ។»

  • ម៉ោង08 និង25នាទី ៖ ផែនទីបង្ហាញទីតាំង និងទីក្រុងសំខាន់ៗ ដែលរងការវាយប្រហារ ពីសំណាក់កងទ័ពរ៉ុស្ស៊ី

ប្រភពព័ត៌មាន និងរូបភាព «The New York Time»

  • ម៉ោង08 និង10នាទី ៖ អ៊ុយក្រែនកំពុងបង្កើត«សម្ព័ន្ធភាពប្រឆាំង ពូទីន»

នៅលើបណ្ដាញសង្គមទ្វីសធើរ លោក«Volodymyr Zelensky» ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ពិភពលោកត្រូវបង្កើត«សម្ព័ន្ធភាពមួយ ដើម្បីប្រឆាំងពូទីន» ដើម្បីបង្ខំឲ្យប្រទេសរ៉ុស្ស៊ី «វិលមករកសន្តិភាពវិញ»។ លោកបានថ្លែងដូច្នេះ បន្ទាប់ពីបានជួបតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក នាយករដ្ឋមន្ត្រីអង់គ្លេស និងអធិកាបតីអាល្លឺម៉ង់។

  • ម៉ោង08 និង00នាទី ៖ ប្រធានាធិបតីអ៊ុយក្រែន ប្រាប់ឲ្យពលរដ្ឋរក្សាភាពស្ងប់ស្ងៀម និងថាអ៊ុយក្រែននឹងឈ្នះ

ក្នុងវីដេអូដែលប្រកាស ដាក់ឲ្យប្រើ«ច្បាប់អាជ្ញាសឹក» នៅលើផ្ទៃប្រទេស និងផ្សាយនៅលើបណ្ដាញសង្គម ប្រធានាធិបតីអ៊ុយក្រែន លោក«Volodymyr Zelensky» បានស្នើឲ្យពលរដ្ឋអ៊ុយក្រែនរក្សាស្ងប់ស្ងៀម។ លោកថា៖

«សូមកុំជ្រួលច្របល់ យើងបានត្រៀមរួចរាល់ សម្រាប់គ្រប់យ៉ាង ហើយយើងនឹងឈ្នះ។»

  • ម៉ោង07 និង50នាទី ៖ កងទ័ពរ៉ុស្ស៊ីថា ខ្លួនកំណត់មុខសញ្ញាចំពោះមូលដ្ឋានយោធាអ៊ុយក្រែន ដោយប្រើអាវុធដ៏ទំនើប

«ហេដ្ឋារចនាសម្ព័ន្ធយោធា ប្រព័ន្ធការពារដែនអាកាស បន្ទាយកងទ័ពអាកាស និងព្រលានយន្ដហោះយោធា របស់ប្រទេសអ៊ុយក្រែន ត្រូវបានកម្ទេច ដោយអាវុធដ៏ទំនើបរបស់យើង» នេះ ជាការប្រកាសឡើង របស់ក្រសួងការពារជាតិរ៉ុស្ស៊ី ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានរ៉ុស្ស៊ី «TASS»។

  • ម៉ោង07 និង45នាទី ៖ គៀវអះអាងថា បានកម្ទេចយន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រ៥គ្រឿងរបស់កងទ័ពរ៉ុស្ស៊ី

នៅតាមក្រុងធំៗ សម្លេងសារ៉ែនប្រកាសអាសន្ន បានរោទ៍ឡើង ដើម្បីប្រាប់ពលរដ្ឋនៅក្នុងតំបន់ អំពីការវាយប្រហារ ដោយការទម្លាក់គ្រាប់បែក។ អាជ្ញាធរបានប្រាប់ពលរដ្ឋ ឲ្យរក្សាភាពស្ងប់ស្ងាត់ និងត្រូវរង់ចាំការណែនាំ ពីអាជ្ញាធរ។

នៅមុននេះ ប្រទេសអ៊ុយក្រែនបានប្រកាសថា ខ្លួនបានកម្ទេចយន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រចំនួន៥គ្រឿង របស់កងទ័ពរ៉ុស្ស៊ី។ ខណៈប្រទេសរ៉ុស្ស៊ី បានអះអាងមកវិញថា ខ្លួនបានកម្ទេចបន្ទាយកងទ័ពអាកាស និងប្រព័ន្ធការពារដែនអាកាស របស់ប្រទេសអ៊ុយក្រែន។ ប្រភពព័ត៌មាន «AFP»។

  • ម៉ោង07 និង35នាទី ៖ ឯកអគ្គរដ្ឋទូតរ៉ុស្ស៊ីនៅ អ.ស.ប ថាប្រទេសលោកកំណត់មុខព្រួញ ចំពោះ«របបយោធា»នៅគៀវ (រដ្ឋធានី)

លោក «Vassily Nebenzia» ឯកអគ្គរដ្ឋទូតរ៉ុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងក្នុងអង្គប្រជុំ នៃក្រុមប្រឹក្សាសន្តិសុខថា ប្រទេសរបស់លោក កំណត់មុខសញ្ញាចំពោះ «របបសឹក» ដែលកំពុងកាន់អំណាចនៅរដ្ឋធានី គៀវ ប្រទេសអ៊ុយក្រែន។

លោកឯកអគ្គរដ្ឋទូតថ្លែងថា៖

«យើងមិនបានឈ្លានពាន ចំពោះប្រជាជនអ៊ុយក្រែនទេ តែយើងធ្វើ និងកំណត់មុខសញ្ញា ចំពោះតែរបបសឹក ដែលកំពុងកាន់អំណាចនៅគៀវប៉ុណ្ណោះ។»

  • ម៉ោង07 និង30នាទី ៖ សេចក្តីព្រាងដំណោះស្រាយមួយ កំពុងរង់ចាំការអនុម័ត ក្នុងការថ្កោលទោសប្រទេសរុស្ស៊ី នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

សហរដ្ឋអាមេរិកបានស្នើ​សេចក្តីព្រាងដំណោះស្រាយមួយ នៅលើតុរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងថ្ងៃព្រហស្បតិ៍នេះ ដោយធ្វើការថ្កោលទោស ចំពោះប្រទេសរុស្ស៊ី ជុំវិញ«សង្រ្គាម» នៅអ៊ុយក្រែន។ នេះបើតាមឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី «Linda Thomas-Greenfield»។

មន្ត្រីអាមេរិកម្នាក់បាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ការបោះឆ្នោតអនុម័ត ទៅលើសេចក្ដីព្រាងដំណោះស្រាយនេះ ត្រូវបានរំពឹងទុកជាគោលការណ៍ នៅថ្ងៃសុក្រស្អែក (ថ្ងៃទី២៥ ខែកុម្ភៈ)។

  • ម៉ោង07 និង15នាទី ៖ អ៊ុយក្រែនបរិហារអំពី«សង្គ្រាមឈ្លានពានមួយ»

លោក «Dmytro Kuleba» រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានអះអាងនៅព្រឹកថ្ងៃព្រហស្បត្តិនេះ តាមបណ្ដាញសង្គមទ្វីសធើរថា៖

«លោក ពូទីន ទើប​តែ​បើក​ការ​ឈ្លានពានពេញទំហឹង មកលើប្រទេស​អ៊ុយក្រែន​។ ទីក្រុងជាច្រើន​ដែលពោរពេញដោយ​សន្តិភាព កំពុង​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ។ នេះគឺជាសង្រ្គាមឈ្លានពានមួយ។ អ៊ុយក្រែននឹងការពារខ្លួន ហើយនឹងឈ្នះ។ ពិភពលោក អាចនិងត្រូវបញ្ឈប់លោក ពូទីន ហើយត្រូវបង្ហាញឲ្យឃើញ ក្នុងពេលឥឡូវនេះ។»

  • ម៉ោង07 និង10នាទី ៖ ទិដ្ឋភាពដំបូង​ពីការវាយប្រហារ នាពេលព្រឹកព្រហាម ដោយកងទ័ពរ៉ុស្ស៊ី ចូលក្នុងក្រុងមួយ នៃភាគខាងកើតអ៊ុយក្រែន
  • ម៉ោង07 និង05នាទី ៖ អ៊ុយក្រែនប្រកាសបិទដែនអាកាសរបស់ខ្លួន

រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធជាតិ របស់ប្រទេសអ៊ុយក្រែន បានប្រកាសនៅលើគេហទំព័ររបស់ក្រសួង អំពីការបិទដែនអាកាសរបស់ខ្លួន សម្រាប់ចរាចរណ៍ផ្លូវអាកាសស៊ីវិល ដោយលើកហេតុផល ពីសុវត្ថិភាពដ៏ផុយស្រួល នៅខណៈនេះ។

  • ម៉ោង06 និង45នាទី

សម្លេងគ្រាប់ផ្ទុះខ្លាំងៗ ក៏បានលាន់ឮដែរ នៅក្នុងនិងក្បែរក្រុងជាច្រើន នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ជាពិសេសក្រុង «Marioupol» ដែលជាក្រុងកំពង់ផែ នៃសមុទ្រខ្មៅ។ ប្រភពព័ត៌មាន «AFP»។

  • ម៉ោង06 និង30នាទី

នៅព្រឹកព្រហាម​ថ្ងៃព្រហស្បត្តិដដែល ពោលគឺប៉ុន្មាននាទីក្រោយការប្រកាសរបស់លោក ពូទីន ស្នូរគ្រាប់ផ្លោង ឬគ្រាប់មីស៊ីលផ្ទុះ បានលាន់ឮឡើងខ្លាំងៗ នៅក្នុងនិងនៅក្បែររដ្ឋធានី គៀវ នៃប្រទេសអ៊ុយក្រែន។ នេះ បើតាមការអះអាងរបស់អ្នកសារព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មានបារាំង «AFP»។

  • ម៉ោង06 និង15នាទី ៖ ប្រធានាធិបតីរ៉ុស្ស៊ី ពូទីន ប្រកាសសង្គ្រាម និងចូលឈ្លានពានប្រទេសអ៊ុយក្រែន

នៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្លាឌីមៀ ពូទីន បានប្រកាស ពី«ប្រតិបត្តិការយោធា» ថានឹងត្រូវផ្ដើមធ្វើក្នុងប្រទេស អ៊ុយក្រែន ដើម្បីអ្វីមួយ ដែលប្រធានាធិបតីរូបនេះ អះអាងថា ជាការការពារក្រុមនិយមបំបែកទឹកដីអ៊ុយក្រែន ដែលស្និតនឹងរ៉ុស្ស៊ី។



You may also like

កម្ពុជា

ហ៊ុន សែន៖ «ហ្អែង​មិន​ពេញចិត្ត​ទេ ហ្អែង​ទៅនៅក្រៅ​ទៅ […] កុំនៅស្រុកខ្មែរ»

«ហ្អែងពេញចិត្ត ក៏នៅស្រុកខ្មែរ ហ្អែង​មិន​ពេញចិត្ត​ទេ ហ្អែងទៅនៅក្រៅទៅ» នេះ ជាសារនយោបាយ របស់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ទៅកាន់​អ្នកវិភាគទាំងឡាយ ដែលតែងរិះគន់ ចំពោះជំហររដ្ឋាភិបាលរបស់លោក ...
កម្ពុជា

ស្ថានទូត​ចិន​តប​ទៅ​ស្ថានទូត​អាមេរិក ពី«ពាណិជ្ជកម្ម​កម្ពុជា-ចិន»

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានប្រតិកម្មនៅមុននេះ តបទៅការបង្ហោះមួយ កាលពីម្សិលម៉ិញ នៅលើទំព័រហ្វេសប៊ុក របស់ស្ថានទូតសហរដ្ឋ​អាមេរិក ដែលអះអាងថា ទំនាក់ទំនង«ពាណិជ្ជកម្ម​កម្ពុជា-ចិន» ផ្ដល់ប្រយោជនដ៏ច្រើន សម្រាប់ប្រទេសចិន ជាងសម្រាប់ប្រទេស​កម្ពុជា​ខ្លួនឯង។ ស្ថានទូតចិនបានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់ខ្លួន ...
កម្ពុជា

សម រង្ស៊ី ប្ដឹងឡើងទៅ EU ករណីអាជ្ញាធរគម្រាមមន្ត្រី CNRP នៅ​មូលដ្ឋាន

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយ ដែលលោកអះអាងថា ជាពាក្យប្តឹង ឡើងទៅកាន់ មន្ត្រីទទួលខុសត្រូវជាច្រើននាក់ របស់សហភាពអឺរ៉ុប ដើម្បីពន្យល់បន្ថែមពីករណី ដែលអាជ្ញាធរកម្ពុជាធ្វើការគម្រាមកំហែង ទៅលើមន្ត្រី ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...