អ្វីទៅ ជា«ខ្លឹម៣យ៉ាង» នៅលើរូបរាងកាយ នៃមនុស្ស? ខ្លឹមទាំងបីនោះ នឹងត្រូវរៀបរាប់យ៉ាងពិស្ដា នៅក្នុងអត្ថបទ​ខាងក្រោម ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ។

មនុស្សគ្រប់រូប ទោះប្រុសឬស្រី មានឬក្រ ល្អឬអាក្រក់ រាស្រ្ត មន្ត្រីឬស្តេចផែនដី មានតម្លៃទៅបាន គឺដោយសារតែ​បុគ្គលនោះផ្ទាល់ ដែលជា​អ្នកកំណត់ ​និងផ្តល់តម្លៃឱ្យខ្លួនឯង។

ធម្មជាតិបានបង្កើតមនុស្ស ឱ្យមានមុខមាត់ ពណ៌សម្បុរ ចិត្តគំនិតនិងរូបរាងកាយប្លែកៗ ពីគ្នាអាស្រ័យអំណាចកម្ម នៃ​សត្វលោកបានសាងសន្សំ។ មនុស្សគ្រប់រូបមានតម្លៃ ឬគ្មានតម្លៃ គឺអាស្រ័យដោយខ្លួនគេ ជាអ្នកកំណត់ ទោះក្នុង​ឋានៈណាក៏ដោយ។ ហេតុផលដែលធ្វើឱ្យមនុស្ស មានតម្លៃ មានច្រើនណាស់ ដូចជា ដេក ដើរ ឈរ អង្គុយ ទទួលទាន​និងការនិយាយស្តី សុទ្ធតែ លើកតម្លៃមនុស្សគ្រប់ពេល។ ប្រសិនបើមនុស្សធ្វេស​ប្រហែស មិនបានប្រុងប្រយ័ត្ន​និងរៀបចំ​ឥរិយាបថ ឱ្យបានល្អទេ នឹងត្រូវបាត់បង់តម្លៃមួយរំពេច។

ប៉ុន្តែមានខ្លឹម៣យ៉ាង ដែលជួយលើកតម្លៃមនុស្ស ឱ្យពិសេសប្លែក គួររាប់អាន និងចាត់ទុកជាមនុស្សល្អ មនុស្សថ្លៃថ្នូរ​ទៀតផង។ យើងនឹងលើក​យកខ្លឹមទាំង៣ មកបង្ហាញនៅខាងក្រោមនេះ។ នៅលើខ្លួនមនុស្ស​ មិនថាក្មេងចាស់​ ប្រុសស្រី​តែងតែមានមរតក ដ៏មានតម្លៃ៣យ៉ាង ជាប់តាមខ្លួនជាប្រចាំ។

– មរតកដ៏មានតម្លៃទី១ គឺខ្លឹមកាយ បានដល់រូបកាយទាំងឡាយណា ដែលមិនប្រព្រឹត្តអំពើអាក្រក់ អសីលធម៌ មិន​ប្រឡាក់ប្រឡូក នឹងអំពើបាប បទឧក្រិដ្ឋ មិនសម្លាប់មនុស្ស ធ្វើបាបអ្នកដទៃជាដើម។

– មរតកដ៏មានតម្លៃទី២ គឺខ្លឹមចិត្ត គឺសម្តៅដល់មនុស្ស ដែលមានចិត្តប្រសើរ មិនផ្តេកផ្តួលលើគេ ពឹងពាក់គេ អាងគេ ពោលគឺជាបុគ្គល​ ដែលមាន​ចិត្ត​ជឿជាក់ និងពឹងពាក់លើខ្លួនឯងជាធំ។ ខ្លឹមចិត្ត បានដល់វីរជន អ្នកស្នេហាជាតិ អ្នកប្រាជ្ញ​ដែលគិតពីប្រយោជន៍ទូទៅ របស់មនុស្សជាតិ ឬប្រយោជន៍របស់ជាតិនាំមុខ។

បុគ្គលដែលមានខ្លឹមចិត្ត ដូចជាធនញ្ជ័យ ពេលដែលប្រទេសជាតិ ជួបគ្រោះអាសន្ន ហ៊ានចេញមុខដោះស្រាយ ដើម្បី​ជាតិរស់ សុខចិត្តលះបង់​សេចក្តីសុខ​ផ្ទាល់ខ្លួន និងបំភ្លេចគំនុំផ្ទាល់ខ្លួន។ អ្នកតាឃ្លាំងមឿង សុខចិត្តធ្វើអត្តឃាតខ្លួន ដើម្បី​ប្រមូលទ័ពខ្មោច មកជួយធ្វើសឹកសង្គ្រាម។ អ្នកគ្រូ គូ រស់ សុខចិត្តកាត់ផ្តាច់មនោសញ្ចេតនា រវាងគូសង្សារ ដើម្បីជាតិរស់។

ជាពិសេស លះបង់ប្រយោជន៍ផ្ទាល់ខ្លួន ទោះបីម៉ឹងជាគ្រូបង្រៀន មានប្រាក់ខែច្រើនក៏ដោយ ជាតិត្រូវការហើយ នាង​ត្រូវតែលះបង់​គូសង្សារ ឱ្យចូលព្រៃ ដើម្បីបណ្តេញ ជនបរទេសឈ្លានពាន ចេញពីលើទឹកដីយើង។

ព្រះរាមក្នុងរឿងរាមកេរ្តិ៍ ក៏ជាបុគ្គលមានខ្លឹមចិត្ត សុខចិត្តដោះស្រាយវិបត្តិ ដោយសន្តិវិធី ពោលគឺសុខចិត្តយាងចូលព្រៃ ដោយមិនបង្កសង្គ្រាម ទោះបីព្រះអង្គមានមហិទ្ធិប្ញទ្ធខ្លាំងក្លា​ក៏ដោយ។ ចំណែកព្រះវេស្សន្តរវិញ ព្រះអង្គក៏មានខ្លឹមសារ​លើសលប់។ ព្រះអង្គយល់សុខទុក្ខរាស្ត្រ មានចិត្តមេត្តា ចែករំលែកតាំងពីព្រះអង្គ​នៅក្នុងផ្ទៃម្ល៉េះ។

– មរតកដ៏មានតម្លៃទី៣ គឺខ្លឹមវាចា គឺសម្តៅដល់បុគ្គល ដែលនិយាយតែពាក្យត្រឹមត្រូវ ពាក្យមានប្រយោជន៍ ពាក្យពិតៗ​តែប៉ណ្ណោះ។ ពាក្យពិត ពាក្យសច្ចៈបានលើកតម្លៃមនុស្ស ឱ្យវិសេសប្លែក។ បុគ្គលនិយាយតែពាក្យពិត ជាបុគ្គលមានតម្លៃ ជាបុគ្គលដែលធ្វើឱ្យអ្នកដទៃគោរព កោតខ្លាច និងមានជំនឿជាក់ ផ្តល់សេចក្តីទុកចិត្តជារឿយៗ។ មានតួនាទី ឋានៈកាន់​តែធំ វាចាកាន់តែសំខាន់ និងមានទម្ងន់ ហើយចាំបាច់ជាទីបំផុត។

ប្រសិនបើអ្នកដឹកនាំ បានសន្យានឹងប្រជារាស្ត្រ​ ហើយ​មិនបានធ្វើ​តាមការសន្យា អ្នកដឹកនាំនោះ នឹងត្រូវប្រជារាស្ត្រ​ដកសេចក្តី​ទុកចិត្ត បាត់បង់ជំនឿ និងឈានទៅរក​បោះបង់ ការគាំទ្រតែម្តង។

ដូច្នេះ ដើម្បីឱ្យរូបកាយមានតម្លៃ មានអំណាច មានប្រជាប្រិយភាព ពេញនិយម ជាដំបូងយើងត្រូវស្គាល់​ខ្លួនយើង ឱ្យច្បាស់​ជាមុនសិន។ តើខ្លួនយើងម្នាក់ៗមានអ្វីសំខាន់? អ្វីចាំបាច់? អ្វីខ្វះខាត? អ្វីអន់ថយ? ក្រោយបានដឹងពីចំណុចខ្លាំង និង​ចំណុចខ្សោយហើយ យើងងាយស្រួលរៀបចំ និងអភិវឌ្ឍនូវអ្វីដែលអន់ថយ។ មិនតែប៉ុណ្ណោះ ក៏ត្រូវរក្សានូវអ្វីដែលល្អ ឱ្យកាន់តែល្អ​ឡើងថែមទៀត។

និយាយរួមមក «ខ្លឹម៣យ៉ាង»ខាងលើ ពិតជាសំខាន់ចាំបាច់ និងមានតម្លៃ មិនអាចកាត់ថ្លៃបានទេ។ ខ្លឹមកាយ ខ្លឹមចិត្ត និងខ្លឹមវាចា ពិតជាសំខាន់សម្រាប់មនុស្សគ្រប់រូប គ្រប់ស្រទាប់វណ្ណៈ។ យើងត្រូវថែរក្សាខ្លឹមទាំងបី ឱ្យគង់វង្ស និងល្អជា​ប្រចាំ។ បើបាត់បង់នូវខ្លឹមណាមួយ វាជះឥទ្ធិពលមិនល្អ ឬធ្វើឱ្យយើងបាត់បង់តម្លៃ ជាមនុស្សទៀតផង។

មនុស្សនៅជុំវិញយើង មិនឱ្យតម្លៃ អ្នកនៅក្រោមបង្គាប់មិនគោរព ដោយសារតែការបាត់បង់ នូវខ្លឹមណាមួយ ជាក់ស្តែង​លោក បារដែស នៅក្នុងរឿងភូមិតិច្ឆាន ដែលស្លាប់ខ្លួន ដោយសារតែនិយាយមិនពិត និយាយបាតដៃ ជាខ្នងដៃ៕



លំអិតបន្ថែមទៀត

ជីវិតប្រចាំថ្ងៃ

ស្វែង​យល់​ អំពី​អារម្មណ៍​ធុញថប់​របស់​ស្ត្រី

អំពី​អារម្មណ៍​ធុញថប់​របស់​ស្ត្រី ៖ វាអាចជារឿងធម្មតា ដែលស្ត្រីជាទូទៅរវល់ជាង និងមានភាពតានតឹង ច្រើនជាងបុរស។ កាលសម័យបុរាណ ស្រ្តីបានត្រឹមតែនៅផ្ទះ ទទួលខុសត្រូវ លើការងារផ្ទះតែប៉ុណ្ណោះ តែបច្ចុប្បន្ន ស្រ្តីក្រៅពីធ្វើការងារផ្ទះហើយ ក៏នៅចេញទៅធ្វើការងារ ...
ជីវិតប្រចាំថ្ងៃ

នៅលីវមានអីមិនល្អ? ស្រីៗត្រូវធ្វើខ្លួនឱ្យរឹងមាំ ហើយរីករាយឡើង!

នៅលីវមានអីមិនល្អ? សំណួរដដែលៗ ដែលសួរទៅមនុស្សស្រីនៅលីវថា “តើពេលណារៀបការ”? ហាក់ដូចជា ធ្វើឱ្យពួកនាងរអៀសខ្លួន ហើយមិនចង់ឆ្លើយនោះទេ ព្រោះខ្លាចគេមើលមកថា មួយឆ្នាំហើយ មួយឆ្នាំទៀត អាយុក៏ច្រើន នឹងក្លាយជាក្រមុំចាស់។ ទោះបីជាយ៉ាងណាក៏ដោយ ...
វប្បធម៌ និងជីវិត

គុណតម្លៃ​នៃ​កន្លែង​ការងារ ដែល​ផ្តល់​នូវ​សុខុមាលភាព​ផ្លូវ​ចិត្ត​ល្អ

«គុណតម្លៃ​នៃ​កន្លែង​ការងារ» ៖ យើងទាំងអស់គ្នាដឹងថា ការងារគ្រប់ទម្រង់ទាំងអស់ មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើសុខុមាលភាពខាងផ្លូវចិត្ត និងអារម្មណ៍របស់យើង ដោយធ្វើឱ្យយើង បានល្អប្រសើរឬកាន់តែអាក្រក់ទៅ ៗ ជាពិសេសគុណភាព នៃសុខភាពផ្លូវចិត្ត ក្នុងបរិយាកាសការងារ។ ...

យល់ស៊ីជម្រៅផ្នែក ជីវិតប្រចាំថ្ងៃ

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២០-២០២១

តារាង«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២០-២០២១ សម្រាប់ ...
ជីវិតប្រចាំថ្ងៃ

រងការពង្រត់តាំងពីនៅតូច ទើប​ជួបជុំ​ ជាមួយ​ឪពុកម្ដាយ​វិញ​ នៅ​៣២ឆ្នាំ​ក្រោយ

បុរសជនជាតិចិនម្នាក់ ទើប​ជួបជុំ​ ជាមួយឪពុកម្ដាយបង្កើតខ្លួនវិញ នៅថ្ងៃនេះ បន្ទាប់ពីបានបែក ពីអ្នកមានគុណ ដោយការចាប់ពង្រត់មួយ តាំងពី៣២ឆ្នាំមុន។ ការជួបជុំ ឪម៉ែ-កូន វិញនេះ ធ្វើឡើងដោយសារ របាយការណ៍មួយរបស់​អាជ្ញាធរ ...

Comments are closed.