គំនិត«ចង់សម្លាប់ខ្លួន» អាចកើតមានជារឿងធម្មតា សម្រាប់បុគ្គលខ្លះ ដែលតានតឹងចិត្តខ្លាំង ឬមានអារម្មណ៍ថាអស់សង្ឃឹម តែវាក៏បាត់ទៅវិញ បន្ទាប់ពីស្ថានភាពផ្លូវចិត្ត របស់គេបានធូរស្រាល ខណៈពេលដែលបុគ្គលមួយចំនួនទៀត បានរៀបចំផែនការ ឬអាចឈានទៅដល់ការធ្វើអត្តឃាត បានសម្រេច។
កន្លងមក យើងបានឃើញការផ្សាយព័ត៌មានមួយចំនួនអំពីករណីសម្លាប់ខ្លួន មានដូចជាការចងក លេបថ្នាំ បាញ់កាំភ្លើង ឬលោតទឹកជាដើម ដែលទាំងអស់នោះ អាចបណ្តាលមកពីបញ្ហាផ្ទាល់ខ្លួន គ្រួសារ បំណុល បែកបាក់ស្នេហា ជំងឺរ៉ាំរ៉ៃ សម្ពាធផ្លូវចិត្ត ឬកត្តាខាងក្រៅផ្សេងទៀត។
ហេតុអ្វីបានជាមនុស្សមានគំនិត«ចង់សម្លាប់ខ្លួន»?
ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួន ដែលអាចកើតឡើង ចំពោះបុគ្គល ដែលមានគំនិតចង់សម្លាប់ខ្លួន៖
- មានអារម្មណ៍អស់សង្ឃឹម
- មានអារម្មណ៍ឈឺចាប់ខ្លាំងដែលមិនអាចទ្រាំបាន
- មានអារម្មណ៍អាម៉ាស់ ឬយល់ថាខ្លួនឯងមានកំហុសដែលមិនអាចអត់ឱនឱ្យបាន
- មានបញ្ហាធ្លាក់ទឹកចិត្ត
- ភាពឯកាធ្ងន់ធ្ងរ
- គិតថាខ្លួនឯង ជាមនុស្សអត់បានការ ឬជាបន្ទុករបស់នរណាម្នាក់
- មានវិប្បដិសារី និងយល់ថាខ្លួនឯងសមតែស្លាប់
ប្រសិនបើអ្នកកំពុងមានគំនិត ចង់សម្លាប់ខ្លួន ឬមានរោគសញ្ញាមួយចំនួន ដូចបានរៀបរាប់ខាងលើ ដែលអាចធ្វើឱ្យអ្នកឈាន ទៅរកការសម្លាប់ខ្លួន សូមព្យាយាមជួយខ្លួនឯងដូចខាងក្រោម៖
១. ផ្លាស់ប្តូរគំនិត«ចង់សម្លាប់ខ្លួន»របស់អ្នក៖
មនុស្សដែលកំពុងមានគំនិត ចង់សម្លាប់ខ្លួន តែងមានគំនិតអវិជ្ជមាន ជាប់ជានិច្ច។ ដូច្នេះ ព្យាយាមរំឭកខ្លួនឯង ពីចំណុចល្អៗឱ្យបានច្រើន។ ស្រលាញ់ខ្លួនឯង គឺស្មើនឹងការទុកឱកាស ឱ្យខ្លួនឯងរស់។ លើកទឹកចិត្តខ្លួនឯង និងកុំបោះបង់ក្តីសង្ឃឹមរបស់ខ្លួន។
២. ពន្យារពេលសម្លាប់ខ្លួនសិន
ប្រសិនបើអ្នកមានគំនិតចង់ធ្វើអត្តឃាត គ្រាន់តែប្រាប់ខ្លួនឯងថា អ្នកនឹងធ្វើវា នៅអាទិត្យក្រោយ។ ក្នុងកំឡុងពេលរង់ចាំ ថ្ងៃដែលអ្នករៀបចំផែនការសម្លាប់ខ្លួន គំនិតអវិជ្ជមាន អាចនឹងបាត់ទៅវិញ ដោយខ្លួនឯង ឬបន្ទាប់ពីអ្នកមានឱកាស នឹងគិតឡើងវិញថា ការស្លាប់មិនមែនជាជម្រើសដ៏ល្អនោះទេ។ គ្រាន់តែបោះបង់នូវគំនិតអវិជ្ជមានណាមួយ ដែលអ្នកមាន នឹងផ្តល់ឱ្យអ្នកនូវពេលវេលា ដើម្បីទៅរកអ្នកណាម្នាក់ ជាជំនួយក្នុងការស្វែងរកមើលការរំខាន ឬដើម្បីចាប់ផ្តើមមើលពិភពលោក ក្នុងផ្លូវល្អជាងមុន។
៣. ស្វែងរកជំនួយជាបន្ទាន់
ពេលខ្លះអ្នកអាចគិតថា វាហាក់ដូចជាគ្មាននរណាម្នាក់នៅក្នុងពិភពលោកនេះ អាចជួយអ្នកបានទេ ប៉ុន្តែប្រហែលជា ដោយសារអ្នកមិនឱ្យពួកគេជួយអ្នក។ ប្រសិនបើអ្នកប្រាប់មិត្តភក្តិរបស់អ្នកថា អ្នកមានអារម្មណ៍បែបណានោះ ពួកគេធានាថា នឹងជួយអ្នក។ នោះ គឺប្រសិនបើអ្នកអនុញ្ញាត ឱ្យពួកគេ។
នេះអាចយល់បានថា អ្នកប្រហែលជាមិនចង់បាន ជំនួយរបស់អ្នកណាម្នាក់នោះទេ ហើយនោះ គឺអ្នកអាចទទួលយកបានទាំងស្រុង នូវការសម្រេចចិត្តរបស់អ្នក។ ប៉ុន្តែអ្នកមិនអាចរក្សាការគិតបែបនេះ នៅក្នុងគំនិតរបស់អ្នក ជារៀងរហូតទេ។ ដូច្នេះ ចូរណាត់ជួប ឬទូរសព្ទទៅនរណាម្នាក់ ដែលអាចស្តាប់រឿង ក្នុងចិត្តរបស់អ្នកបាន។
៤. គិតដល់មនុស្សដែលស្រលាញ់អ្នកនិងខ្វល់ពីអ្នក
ជាការពិត មូលហេតុមួយក្នុងចំណោមហេតុផល ដែលមនុស្សមានគំនិតចង់ធ្វើអត្តឃាត គឺដោយសារពួកគេមានអារម្មណ៍ថា គ្មាននរណាម្នាក់ខ្វល់ខ្វាយ អំពីពួកគេនោះទេ។ សូមប្រាកដថា អ្នកប្រហែលជាមិនមានអារម្មណ៍ថា អ្នកមានមិត្ដភក្ដិពិតប្រាកដ ហើយអ្នកមិនមានចំណងគ្រួសាររឹងមាំនោះទេ។ ប៉ុន្ដែនោះ មិនមានន័យថាគ្មាននរណាម្នាក់ ដែលយកចិត្ដទុកដាក់ ចំពោះអ្នកឡើយ សូម្បីតែអ្នកជិតខាងម្នាក់ មិត្តរួមថ្នាក់ឬ មិត្តរួមការងារ។ ប្រសិនបើអ្នកគិតអវិជ្ជមាន វាជារឿងធម្មតាទេ ដែលគិតថាគ្មាននរណាម្នាក់ យកចិត្តទុកដាក់ចំពោះរូបអ្នក។
៥. គិតដល់កិច្ចការផ្សេងទៀត ដែលអ្នកត្រូវធ្វើ
សូមចំណាយពេល គិតដល់ការងារជាច្រើនទៀត ដែលអ្នកត្រូវធ្វើ ឬមិនទាន់ធ្វើរួចនៅឡើយ។ ឧទាហរណ៍ ដូចជា អ្នកត្រូវមើលថែ ឪពុកម្តាយរបស់អ្នក ការងារដែលអ្នកស្រលាញ់ កំពុងរង់ចាំអ្នក អ្នកមានគម្រោង រៀបចំផែនការអនាគត ជាមួយមនុស្ស ជាទីស្រលាញ់របស់អ្នក។ល។ ទាំងនេះ ស បញ្ជាក់ថា អ្នកមានហេតុផលជាច្រើន ដែលត្រូវរស់នៅបន្តទៀត។
៦. កុំមានអារម្មណ៍ថា ខ្លួនឯងមានកំហុស ឬខ្មាសអៀន ចំពោះគំនិតរបស់ខ្លួន
ត្រូវចាំថា គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ ការជ្រើសរើសផ្លូវស្លាប់ ក៏មិនមែនជាការកំណត់ទោស ចំពោះមនុស្សដែលមានអារម្មណ៍ថា ខ្លួនឯងធ្វើខុសនោះដែរ។ ធម្មជាតិនៃមនុស្ស ចៀសមិនផុតពីការបង្កើតកំហុស តែសូមប្រាប់ខ្លួនឯងថា អ្នកនៅតែមានឱកាស ក្នុងការកែប្រែកំហុសទាំងនោះបាន។
៧. ធ្វើអ្វីមួយដើម្បីបន្លប់គំនិត«ចង់សម្លាប់ខ្លួន»
សូម្បីតែការរកវិធី ដើម្បីបំបែរអារម្មណ៍អវិជ្ជមានរបស់អ្នក ដោយការធ្វើយូហ្កា ឬផឹកតែ ជជែកជាមួយមិត្តភក្តិជិតស្និទ្ធ ក៏អាចជួយអ្នកឱ្យជៀសវាង ពីគំនិតធ្វើអត្តឃាតទាំងនេះ។ អ្នកថែមទាំងអាចធ្វើបញ្ជីអំពីកិច្ចការ ឬសកម្មភាពទាំងឡាយ ដែលអ្នកអាចធ្វើ ដើម្បីរំខានខ្លួនអ្នក ឬរាល់ពេលដែល អ្នកមានគំនិតចង់សម្លាប់ខ្លួន អ្នកអាចបើកមើលទំព័រទាំងនោះ ហើយនឹងដឹងថា អាចធ្វើអ្វីបានខ្លះជាំការបន្លប់ គំនិតដែល«ចង់សម្លាប់ខ្លួន»។
៨. ជជែកជាមួយអ្នកប្រឹក្សាយោបល់
ប្រសិនបើអ្នកកំពុងមានគំនិត ចង់សម្លាប់ខ្លួន ហើយអ្នកមិនអាចជួយខ្លួនឯងបាន អ្នកអាចជជែក ពីបញ្ហាទាំងអស់នេះ ជាមួយអ្នកប្រឹក្សាយោបល់ ដែលគេអាចជួយអ្នក ក្នុងការរុករកនូវដំណោះស្រាយជាវិជ្ជមាន សម្រាប់អ្នកបាន៕