ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលរងផល​បះពាល់ បានសំដែងការធុញទ្រាន់ នៅ​ចំពោះ​បញ្ហាទឹកភ្លៀងជន់ទីក្រុង ដែលបានកើតឡើង សឹងជារៀងរាល់ ពេលភ្លៀងធ្លាក់ មក​ម្ដងៗ។ អ្នកជំនាញមួយរូប បានអះអាងឡើងថា ដើម្បី​ដោះស្រាយ​បញ្ហានេះបាន គេគម្បី​ធ្វើគម្រោង ប្រព័ន្ធ​រំដោះ​ទឹកកខ្វក់ ដែលពិតប្រាកដ និងដែលមានទិសដៅ សម្រាប់​រយៈពេល​យូរ។

មិនមែនមិនធ្លាប់ឮទេ នូវការលើកឡើងដដែលៗ ដែលអះអាងថា «អ្នកថាបានតែថា អ្នកធ្វើបានដឹង» ខណៈអ្នកថា គឺពលរដ្ឋអ្នករងគ្រោះ ឬពលរដ្ឋដែលត្រូវធ្វើដំណើរ​ឆ្លងកាត់… រីឯអ្នកធ្វើ ដូចជាប្រើ​ពេលយូរពេក​ទេដឹង ក្នុងការ«ធ្វើ»? មានការលើកឡើង​បន្តទៀតថា «ឥឡូវនេះទឹកភ្លៀងលិច មិនសូវយូរទេ តែមួយម៉ោងអីទេ ស្រកទៅវិញ​អស់…» ខណៈ​រយៈពេលមួយម៉ោងនេះ គ្រប់គ្រាន់នឹងធ្វើឲ្យយានយន្ដ គាំងលែង​មាន​ដំណើរការ​នៅតាមដងវិថី និងសម្ភារៈផ្ទះសម្បែង (ឬការិយាល័យ) ទទួលរងការខូចខាត។

ឬបើមិនអញ្ចឹង មានការលើកឡើងប្រៀបធៀប ទៅប្រទេសដទៃថា «មិនមែនលិចអី តែរាជធានីភ្នំពេញទេ» ហើយខ្លះទៀត បានទាំងបន្ទោស ត្រឡប់មកពលរដ្ឋមួយចំនួន ដែលចោលសម្រាម ខ្វះការពិចារណា​នោះជាដើម។

តែសំនួរខ្លះ ដែលមិនមានចម្លើយ ថាតើនៅពេលណា ខែណា ឆ្នាំណា ទើបគ្រោះ​ទឹកភ្លៀង​ជន់ បានផុតរលត់ (ឬកាត់​បន្ថយ) ពីរាជធានីភ្នំពេញ? ហើយថា តើពេលណា ទើប​លេស​ដោះសារ ទាំងប៉ុន្មានខាងលើ បានរសាត់បាត់ទៅឆ្ងាយ ដោយជំនួសមកវិញ នូវការគិតគូរ ពីភាពសុខដុមរម្យនាពិតប្រាកដ សម្រាប់ពលរដ្ឋនោះ? មន្ត្រីជាច្រើននាក់ របស់សាលា​រាជធានី បានបន្តបដិសេធ​មិនឆ្លើយ នឹងបញ្ហាទឹកភ្លៀងលិចទេ និងមួយចំនួនទៀត នៅ​តែលើកឡើងដដែលៗ​ទៀតថា គេកំពុងតែ​«ធ្វើ»​ហើយ។

សម្រាប់អ្នកជំនាញមួយរូប បានថ្លែងឡើងថា គេចាំបាច់​ត្រូវមានគម្រោងសង់«ប្រព័ន្ធ​រំដោះ​ទឹកកខ្វក់» ចេញពីក្រុង​ឲ្យបាន​ច្បាស់លាស់ និងសម្រាប់រយៈពេលវែង រាប់សិបឆ្នាំទៅ​មុខ ជាជាងសង់ ឬជួសជុលនៅថ្ងៃនេះ សម្រាប់តែថ្ងៃស្អែក។ ស្ថាបត្យករ និង​នគរោបនីយករ លោក កែវ ដាវុឌ្ឍា បានថ្លែងដូច្នេះ នៅលើបណ្ដាញសង្គម ដោយបាន​យក​ការស្រាវជ្រាវ ពីគម្រោងសាងសង់ប្រព័ន្ធលូ នៃរដ្ឋធានី ប៉ារីស មកបញ្ជាក់ផង។

លោកថា លូទឹកនៃរដ្ឋធានី ប៉ារីស មានគម្រោងជារូបរាង ចាប់ពីឆ្នាំ ១៨៥០ បន្ទាប់ពី​លោក «Georges Eugène Haussmann»​ បានឡើងធ្វើជា ស្នងការក្រុង (សម័យនោះ មានឋានៈជាអភិបាលរដ្ឋធានី) ហើយជាគម្រោង ដែល​សម្រាប់អនុវត្ត នៅក្នុងរយៈពេល ២០០ឆ្នាំទៅមុខ។

អ្នកជំនាញបានសរសេរ​ថា៖

«បំពង់លូទឹកនៅទីនោះ មានទំហំអង្កត់ផ្ចិត ប៉ុនអង្កត់ផ្ចិតផ្ទះល្វែង និងកន្លែងខ្លះ​ធំជាង​នេះ ពីរទៅបីដង។ មកដល់​ថ្ងៃនេះ ប្រព័ន្ធលូទឹក នៃរដ្ឋធានី​ប៉ារីស មានប្រវែង​បណ្ដោយ​សរុប មិនតិចជាង ២៥០០​គីឡូម៉ែត្រ។ រីឯការរំដោះទឹក​ចុងក្រោយ​វិញ ស្ថិតនៅឆ្ងាយ រាប់​គីឡូម៉ែត្រ ក្រៅរដ្ឋធានីប៉ារីស និងក្រៅ​ជាយ​ក្រុង។»។

ស្ថាបត្យកររូបនេះ បានថ្លែងដោយផ្ទាល់មាត់ ប្រាប់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ នៅមុន​នេះ​បន្ថែម​ថា៖

«ដំណោះស្រាយ ចំពោះការរំដោះទឹកកខ្វក់នេះ ជាបញ្ហាសំខាន់បំផុត ព្រោះវា​ប៉ះពាល់ ទៅនឹង​សុខភាពសង្គម រួមនឹង​សេដ្ឋកិច្ចពលរដ្ឋផងដែរ។ ហើយបើគេអភិវឌ្ឍន៍ ឃើញមាន​ការសង់អាគារខ្ពស់ៗ តែគេបែរជាមិនខ្វល់ នឹងបញ្​ហា​ទឹកកខ្វក់ ដូច្នេះវាមិនខុស​អី ទៅនឹង​ស្ត្រីរូបល្អមួយរូប ដែលប្រឡាក់លាមក នៅខាង​ក្រោយ​នោះ​ឡើយ។»។

លោកថា ដំណោះស្រាយ​​ដែលអាចធ្វើទៅបាន គឺត្រូវពឹងផ្អែកលើឆន្ទះ និងសមត្ថភាពរបស់​អ្នកដឹកនាំ ហើយត្រូវ​ចែកគ្នា​ឲ្យដាច់ រវាងអ្នកបច្ចេកទេស និងអ្នក​នយោបាយ។ លោក​បាន​បន្ថែមថា៖

«អ្នកបច្ចេកទេស ឬបណ្ឌិតជំនាញទាំងអស់ហ្នឹង ត្រូវធ្វើតាមតួនាទី និងមិនត្រូវ​យក​តួនាទី ទៅលាយឡំនយោបាយ​នោះ​ឡើយ។ ហើយអ្នកនយោបាយ ក៏មិនត្រូវប្រើប្រាស់​អ្នកបច្ចេកទេស ដើម្បីបម្រើ​តាមមហិច្ឆតា របស់ខ្លួនដែរ។»។

ធ្វើដូចម្ដេច ដើម្បីដោះស្រាយបញ្ហាទឹកភ្លៀងជន់នេះបាន?

នៅលើបណ្ដាញសង្គម លោក កែវ ដាវុឌ្ឍា បានសរសេរ​ផ្ដល់ជាគំនិត​​មួយចំនួន សម្រាប់​ពិចារណា និងដើម្បី​បង្កា​ទឹកភ្លៀងជន់ ជាពិសេស​ដើម្បី​សាងសង់​លូរំដោះទឹក ឲ្យបាន​ត្រឹមត្រូវ ដែលទស្សនាវដ្ដី សូមដកស្រង់មក​ជម្រាបជូន ដូច​ខាងក្រោម៖

ត្រូវមើល​ពីចំនួន​ប្រជាជន ដែលអាចបង្កឥទ្ធិពល សម្រាប់ការប្រើប្រាស់ទឹក។

ជាឧទាហរណ៍ កាលពី១០ឆ្នាំមុន ចំនួនប្រជាជនមាន ១លាននាក់ ពេលនេះ ឡើង២លាន​នាក់ អញ្ចឹងតើ២០ឆ្នាំ ៥០ឆ្នាំ ទៅមុខទៀត ចំនួនប្រជាជនកើនប៉ុន្មាន ហើយការ​ប្រើប្រាស់​ទឹកមានប៉ុន្មាន… បូកសរុប ជាមួយនឹងកំពស់ទឹកភ្លៀង ដែល​ស្រោចស្រព​ខ្លាំង​បំផុត មានប៉ុន្មាន។ គម្រោងសង់លូ ចាំបាច់ត្រូវអនុលោម តាមបរិមាណទឹកទាំងនេះ ជាជាងសាងសង់​លូទឹក តាមសម្មាអាជីវោ ខូចត្រង់នេះ ទៅធ្វើខាងនោះ ឬធ្វើមួយថ្ងៃ ដើម្បីថ្ងៃ​ស្អែកនោះ។

ត្រូវគិត ពីការរំដោះទឹកចុងក្រោយ និងការរំដោះទឹក ជាបណ្ដោះអាសន្ន។

ការរំដោះទឹកចុងក្រោយ អាចជាការបង្ហូ​ចូល​ស្ទឹង ឬទន្លេ ដែលត្រូវទទួលទឹកលូ ពីក្នុងក្រុង បន្ទាប់ពីទឹកលូនោះ មាន​ការច្រោះរួចរាល់ ឲ្យក្លាយជាទឹកស្អាត (បង្កាផ្នែក​បរិស្ថាន)។ រីឯ​អាងរំដោះទឹកបណ្ដោះអាសន្ន ចាំបាច់ត្រូវមាន នៅក្នុង​ក្រុង ជាពិសេស នៅក្នុងតំបន់ ដែល​ឧស្សាហ៍រងគ្រោះបំផុត។ គេមិនអាចលប់​ចោល នូវ​អាងរំដោះទឹក ជាបណ្ដោះអាសន្ន​ទាំងនោះ ក្រោមហេតុផលអភិវឌ្ឍន៍ ហើយបែរជាទុកឲ្យក្រុងលិចលង់ ព្រោះទឹកភ្លៀងនោះ​ទេ។ បើ​លប់​អាង​មួយចេញ គម្បីត្រូវបង្កើត​អាងមួយទៀត នៅក្បែរនោះ។ ការអភិវឌ្ឍ​ដែល​មិនអើពើ ពីប្រព័ន្ធបង្ហូទឹកកខ្វក់ ជាការអភិវឌ្ឍ​បែប​«ល្ងីល្ងើ»។

ប្រព័ន្ធលូ ដើម្បីទទួលទឹកភ្លៀង ត្រូវមានប្រព័ន្ធច្រោះសម្រាម យ៉ាងហោច ក៏ពីរដំណាក់​កាលដែរ និងច្រើនដំណាក់កាល នៅតាមបំពង់លូ ដើម្បីបង្កាការហូរសម្រាមធំៗ ចូលទៅ​ក្នុងលូ បង្កការស្ទះនៅក្នុងបំពង់លូ។ នៅពេលភ្លៀង រដ្ឋគម្បីត្រូវ​ចល័តមន្ត្រី ឲ្យដើរពិនិត្យ​មើលប្រព័ន្ធលូទាំងនោះ និងកាយយកសម្រាមចេញ (មិនមែនចល័ត ដើម្បីថតរូប យក​មក​ផ្សាយ​ម្ដងម្កាល​ទេ)។ មន្ត្រីទាំងនោះ ក៏គួរមានតួនាទី ធ្វើការពិន័យ ទៅលើ​ពលរដ្ឋ​ណា ដែលឆ្លៀតឱកាស យកសម្រាមចោល​ជាសាធារណៈ នៅពេលភ្លៀងដែរ។

បង្កើតតំបន់បៃតង់ នៅក្នុងក្រុងឲ្យបានច្រើន។ តំបន់បៃតងនោះ គឺជាឧទ្យានធំៗ មានស្មៅ មានដើមឈើ ដែលត្រូវ​បង្កើត​ឡើង នៅគ្រប់សង្កាត់ (ជាជាងប្រមូលយកដី ដែលទំនេរ ទៅលក់ ដើម្បីសង់អាគារ)។ ដើមឈើធំៗ ឬយ៉ាង​ហោចណាស់ វាលស្មៅ អាច​ជួយទប់ និងស្រូបទឹកភ្លៀង កុំឲ្យហូរលឿនជ្រុល ចាក់ចូលទៅថ្នល់ ឬទៅកាន់​តំបន់ផ្ទះ​ពលរដ្ឋ

រឿងទឹកភ្លៀងលិចក្រុងនេះ ចាំបាច់ត្រូវមានគម្រោង សម្រាប់រយៈពេលវែងលូទឹករដ្ឋធានី ប៉ារីស មានរូបរាងដំបូង តាំងពីឆ្នាំ ១២០០…

Gepostet von Davuthea Mono Keo am Dienstag, 26. Juni 2018


You may also like

ពីឆ្វេងទៅស្ដាំ៖ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងលោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ (អតីតប្រធានគណបក្សអំណាចខ្មែរ)។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

សំរាមអណ្ដែតនៅភ្នំពេញ ៖ ខឹម វាសនា ចំអកដាក់ សួន សេរីរដ្ឋា

ការបន្ទោសពលរដ្ឋ ពីសំណាក់លោក សួន សេរីរដ្ឋា ជុំវិញស្ថានភាព«សំរាមអណ្ដែតនៅភ្នំពេញ» ទទួលបានការចំអក ពីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ នៅថ្ងៃនេះ។ កាលពីចុងសប្ដាហ៍មុន លោក ...
កម្ពុជា

COVID-19៖ កម្ពុជា​មាន​១ករណី​ថ្មី បន្ថែម​តួលេខ​សរុប ដល់​១២៦នាក់

មកដល់ព្រឹកថ្ងៃអាទិត្យនេះ រាជាណាចក្រកម្ពុជា មានករណីឆ្លងជំងឺ«Covid-19» កើនឡើង ដល់​១២៦នាក់ បន្ទាប់ពីបានរកឃើញ​ករណីឆ្លងមួយទៀត នៅក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់​ក្រសួង​សុខាភិបាលកម្ពុជា។ សេចក្ដីប្រកាសព័ត៌មាន ...
កម្ពុជា

សាលារាជធានី​ព្រមាន​ពី​«ភាពទ្រុឌទ្រោម»​នៃអាគារ​ចំណាស់​ពីឆ្នាំ១៩៥០

អាគារក្នុងរូបថតខាងលើនេះ អាចនឹងបាក់ស្រុត នៅក្នុងថ្ងៃណាមួយ ដោយសារតែ«ភាពទ្រុឌទ្រោម»របស់វា បណ្ដាលមកពីអាយុកាល ការប្រេះស្រាំ និងកង្វះការថែទាំ ក្នុងពេលកន្លងមក។ នេះបើតាមសេចក្ដីជូនដំណឹងមួយ របស់សាលារាជធានីភ្នំពេញ ដែលចេញផ្សាយ សម្រាប់បណ្ដាពលរដ្ឋដែលរស់នៅក្នុងអាគារ ឲ្យធ្វើការប្រុងប្រយ័ត្ន។ ...

Comments are closed.

នគរ ស្ថាបត្យកម្ម

ព្រលានបុរាណ នៃក្រុង«Vérone» ភាគខាងជើង​អ៊ីតាលី

នគរ ស្ថាបត្យកម្ម

គេហដ្ឋាន​ស្ថាបត្យករ​ វណ្ណ ម៉ូលីវណ្ណ នៅ​ភ្នំពេញ ដាក់លក់​ថ្លៃ«៧លាន​ដុល្លារ»

គេហដ្ឋានឯកជន របស់ស្ថាបត្យករលោក វណ្ណ ម៉ូលីវណ្ណ ដែលអ្នកផងដាក់ឈ្មោះថា ជាបីតា​ស្ថាបត្យកម្មកម្ពុជា ត្រូវបានដាក់លក់ ក្នុងតម្លៃ«៧លាន​ដុល្លារ»អាមេរិក ដោយ​ក្រុមហ៊ុន​​អចលនទ្រព្យមួយ ឈ្មោះ «IPS Cambodia»។ លំនៅដ្ឋានមួយនេះ ...
នគរ ស្ថាបត្យកម្ម

ស្ពាន​«ប្រវែង​៣៦គីឡូម៉ែត្រ» ពីក្នុង​ចំណោម​ស្ពានវែង​បំផុត ទើប​​បង្ហាញរាង

កាលពីថ្ងៃពុធ ប្រទេសកូវ៉េត ទើបនឹងសម្ពោធស្ពានមួយ ប្រវែង​៣៦គីឡូម៉ែត្រ នៅលើ​ឈូងសមុទ្រ ហ្គោល។ បើមើលតាមប្រវែងរបស់វា ស្ពានថ្មីនេះ ស្ថិតក្នុងចំណោមស្ពានដ៏វែងជាងគេបំផុត នៅលើពិភពលោក។ ស្ពានឈ្មោះ «Jaber» ដែលឧទ្ធឹសដល់ព្រះអង្គម្ចាស់ ...