ក្នុងរយៈពេល២អាណត្តិ = ៨ឆ្នាំ តើប្រធានាធិបតីអាមេរិកទី៤៤ ដែលផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានបន្យល់ទុកអ្វីខ្លះ សម្រាប់សហរដ្ឋអាមេរិក និងពិភពលោក?

បារ៉ាក់ ហ៊ូសេន អូបាម៉ា ឈ្នះឆ្នោត​ជាប្រវត្តិសាស្ត្រ ក្លាយជា​ប្រធានាធិបតី​​ដោយមោទនភាព

១៤៣ឆ្នាំ ក្រោយការទម្លាក់ចោល នូវរបបទាសភាព លោក បារ៉ាក់ ហ៊ូសេន អូបាម៉ា (Barack Hussein Obama) អតីត​សមាជិកព្រឹទ្ធសភាវ័យ ៤៧ឆ្នាំ មកពីរដ្ឋអ៊ីលីណ័រ (Illinois) បានក្លាយជាប្រធាធានាធិបតី ដែល​មានសម្បុរ​ខ្មៅ​មុន​គេ​បង្អស់ នៃសហរដ្ឋអាមេរិក។

ជាមួយនឹងបុគ្គលិកលក្ខណៈ ការនិយាយស្ដី និង​រូបរាង​សង្ហារបស់​លោក លោក បារ៉ាក់ អូបាម៉ា ត្រូវបានមនុស្សរាល់គ្នា រាប់ទាំងគូប្រជែងរបស់លោកផង ទទួល​ស្គាល់​ថា បាន​ដឹកនាំ​សហរដ្ឋអាមេរិក ដោយគ្មាន​ភាព​រកាំ​រកូស ឬរឿង​អាស្រូវ​អ្វីធំដុំ ដូចដែល​ប្រធានាធិបតី​មុនៗ ធ្លាប់បាន​ធ្វើ​នោះ​ទេ។

ភាពល្អូកល្អឺនដែលលោក អូបាម៉ា មានជាមួយនឹងភរិយា រួមនឹងកូនស្រីទាំងពីរ បានផ្ដល់​រូបភាព​ដ៏ល្អបន្ថែម​ទៀត សម្រាប់​គ្រួសារ​​ប្រធានាធិបតី​មួយ ដែលអ្នកផង​ទាំងឡាយ​​នៅក្នុងលោក តែងសុបិន្ដចង់បាន។

ចេញពីវិបត្តិសេដ្ឋកិច្ច…

លោក បារ៉ាក់ អូបាម៉ា បានចូលមកកាន់អំណាច នៅចំពេលដែលវិបត្តិសេដ្ឋកិច្ច នៅអាមេរិក និងនៅលើពិភព​លោក កំពុង​មាន​វិសាលភាពខ្លាំងក្លា ជាងពេលណាៗទាំងអស់ រាប់ចាប់ពីឆ្នាំ១៩៣០នោះមក។ ប៉ុន្តែ​លោក​បាន​​ដោះស្រាយ​វិបត្តិ​នេះ និងបាន​ទប់ ឲ្យសេដ្ឋកិច្ចអាមេរិក​មានលំនឹង រហូតមកដល់​សព្វថ្ងៃ។

នៅពេល​លោក​ ចូល​មកកាន់​សេតវិមាន នៅឆ្នាំ​២០០៩ អាត្រា​នៃពលរដ្ឋ​អាមេរិក​គ្មាន​ការងារ​ធ្វើ មាន​កម្រិត ៧,៩% និង​បាន​ហក់​ឡើង​រហូត​ដល់ ១០% នៅប៉ុន្មានខែ​ក្រោយ​មក។ ប៉ុន្តែ នៅ​ថ្ងៃនេះ អាត្រា​នៃពលរដ្ឋ​អាមេរិកាំង អត់​ការងារ​ធ្វើ បាន​ធ្លាក់​មក​នៅ​ត្រឹម​តែ ៤,៧% ប៉ុណ្ណោះ។

ស្រមោលនៃវិបត្តិនៅស៊ីរី

បញ្ហា​នៅក្នុងប្រទេសស៊ីរី ដែលបានបណ្ដាល​ឲ្យមានមនុស្សស្លាប់​ដល់​ទៅជាង ៣០០ ០០០នាក់ និង​បង្ក​ឲ្យមនុស្ស​ច្រើន​លាន​នាក់ គ្មានទីលំនៅ និងរត់ភៀសខ្លួននោះ បានតាមលងរជ្ជកាល​របស់លោក អូបាម៉ា មិន​ឲ្យ​គេង​លក់​​បាន​ស្រួល​ឡើយ។ ក្រោមបទពិសោធ​ដ៏ជូរចត់ នៅក្នុងប្រទេស​អៀរ៉ាក់ ដែលបាន​បន្សល់​ទុក​ពី​ប្រធានាធិបតី​មុន​មកនោះ លោក បារ៉ាក់ អូបាម៉ា បានបដិសេធ​​​មិនបញ្ជូន​កងទ័ព​ថ្មើរជើង​​​អាមេរិក ឲ្យចូល​ទៅ​ធ្វើ​​ប្រតិបត្តិការ​​សិក នៅក្នុង​ប្រទេស​ស៊ីរី​ទេ រហូត​មកដល់​ថ្ងៃនេះ។

ប៉ុន្តែការប្រុងប្រយ័ត្នជ្រុល និងការមិនប្រញាប់ប្រញាល់ ធ្វើប្រតិកម្មឲ្យ​ទាន់ពេល នៅក្នុង​សំនុំ​រឿង​ស៊ីរី លោក អូបាម៉ា បាន​បង្កើត ឲ្យមាន​ការរិះគន់​យ៉ាងច្រើន ប្រឆាំង​នឹង​រូប​លោក ទាំងនៅ​សហរដ្ឋ​អាមេរិក និង​ទាំង​នៅ​លើ​ពិភពលោក។ លោកមិនយល់ព្រម ឲ្យមានការបំពាក់​អាវុធ ឲ្យហួស​ពីអ្វី ដែលបាន​កំណត់ទុក ទៅ​ឲ្យក្រុម​បះ​បោរ​នៅ​​ស៊ីរី ដែល​សុទ្ធសឹង​ជាលទ្ធភាព ក្នុងការ​ទម្លាក់​របប​ដឹកនាំ​ស៊ីរី​សព្វថ្ងៃ ដែល​ស្ថិត​ក្រោម​ប្រធានាធិបតី បាឆារ អាល់-អាសាធ (Bachar al-Assad) នោះឡើយ។

លោកក៏​បានជំទាស់​ផងដែរ នូវគំនិត​ដែល​​តម្រូវ ឲ្យ​​បើក​​ការ​​វាយ​​ប្រហារ តាម​ផ្លូវ​អាកាស ប្រឆាំងនឹងរបបលោក បាឆារ អាល់-អាសាធ ខណៈគេ​បាន​រក​ឃើញ តាម​​រយៈ​​ភស្ដុតាង​​​ជា​​ច្រើន បញ្ជាក់​ថា របបនេះ​បាន​ប្រើ​អាវុធ​គីមី ប្រឆាំងនឹង​ប្រជាជន​ខ្លួនឯង។

វាយលុកសម្លាប់ ប៊េន ឡាដេន…

«យប់នេះ ខ្ញុំអាចជម្រាបជូន​ពលរដ្ឋអាមេរិកាំង និង​ជូន​ពិភពលោក ថាសហរដ្ឋ​អាមេរិក បាន​ដឹកនាំ​​ប្រតិបត្តិការ​មួយ ដែល​បាន​សម្លាប់ អ៊ូសាម៉ា ប៊េនឡាដេន (Oussama Ben Laden)» យប់​នោះ ពីថ្ងៃទី១ ចូល​​មក​​ថ្ងៃទី២ ខែ​ឧសភា ឆ្នាំ២០១១ កង​កម្លាំង​ពិសេស​របស់អាមេរិក បានបើកការវាយ​សម្រុកមួយ ទៅលើ​​លំនៅដ្ឋាន របស់​​លោក អ៊ូសាម៉ា ប៊េនឡាដេន មេ​បណ្ដាញ​ភេរវនិយម អាល់-កៃដា (Al-Qaïda) ដ៏ល្បី​ឈ្មោះ​ ដែលបាន​រស់​នៅ​លាក់​ខ្លួន នៅ​ក្នុង​ក្រុង «Abbottabad» នៃប្រទេសប៉ាគីស្ដង់។

បើទោះជាដំបូងឡើយ កងកម្លាំង​អាមេរិក​មាន​សង្ឃឹម តែ​៥០%​ ថា​មេដឹកនាំ​បណ្ដាញ​​ភេរវនិយមរូបនេះ​ មាន​វត្តមាន​​ក្នុង​គេហដ្ឋាន​​នោះ​ក៏ដោយ តែ​នៅ​ទី​​បំផុតយុទ្ធនាការវាយលុក បានសម្រេច​បំណង​របស់អាមេរិក ដែល​តាម​ស្វែង​រក​លោក ប៊េនឡាដេន តាំងពី​យូរ​​មក​ហើយ បើ​ទោះ​ជា​​ស្លាប់ឬរស់ និងរស់នៅ​ក្រហែង​ណា​ក៏ដោយ។

ការប្រយុទ្ធនឹងការផ្លាស់ប្ដូរអាកាសធាតុ…

លោក បារ៉ាក់ អូបាម៉ា ជាស្ថាបនិកមួយរូប ពីក្នុងចំណោមស្ថាបនិកជាច្រើននាក់ នៃកិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ឆ្នាំ២០១៥ ស្ដី​ពី​អាកាសធាតុ។ បន្ទាប់ពីជំនួប​ក្នុងរាជធានី កូពេហាច (Copenhague – ប្រទេសដាណឺម៉ាក) ទទួល​បរាជ័យ គ្មាន​ទទួល​បាន​លទ្ធផល​អ្វី ជា​ដុំកំភួន​នោះ លោកប្រធានាធិបតី អូបាម៉ា បាន​ដឹង​ច្បាស់​ថា ការចរចា​ទាំងឡាយ ដែល​ទាក់ទង​នឹង​ធាតុអាកាស អាចធ្វើ​ទៅ​បាន លុះត្រា​ណា មាន​ការ​ចូលរួម និង​ការយល់​ព្រម ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន ដែលជាប្រទេសពីរ​ក្នុងពិភពលោក ដែល​បញ្ចេញ​ជាតិ​ពុលច្រើន​ជាង​គេ ទៅក្នុង​បរិយាកាស។

កិច្ចព្រមព្រៀងជាមួយប្រទេសអៀរ៉ង់ ស្ដីពីអាវុធ​នុយក្លេអ៊ែរ

កិច្ច​ព្រមព្រៀងនុយក្លេអ៊ែរ ជាមួយរដ្ឋាភិបាលក្រុង តេអៀរ៉ង់ បានចុះ​ហត្ថលេខា​សម្រច នៅខែកក្កដា ឆ្នាំ​២០១៥។ កិច្ច​ព្រមព្រៀង ដែលមាន​បំណងបញ្ជៀស ប្រទេសអៀរ៉ង់ ចេញពីការផលិត​អាវុធ​នុយក្លេអ៊ែរ ដោយ​ប្ដូរ​នឹង​ការ​លើក​ចេញ​វិញនូវទណ្ឌកម្មនោះ គឺជាជ័យជំនះ​ដ៏ធំមួយ សម្រាប់​នយោបាយ​ការទូត របស់​លោក អូបាម៉ា ដែល​ផ្ដល់​អាទិភាព ទៅលើការ​ជជែក​ពិភាក្សា ជាជាងប្រឈមមុខ។ បើ​ទោះជាកិច្ច​ព្រម​ព្រៀង​នេះ បាន​បញ្ឆេះ ឲ្យ​ប្រទេស​អ៊ីស្ត្រាអែល​ខឹង​ក្រេវក្រោប​​ក៏ដោយ​ តែលោក អូបាម៉ា ទទួល​បាន​ការ​អបអរ​ជា​ទូទៅ ពីសំណាក់​​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត នៅ​ក្នុង​ពិភពលោក។

ប្រព័ន្ធធានាសេវាកម្មសុខភាព «Obamacare» ដ៏ផុយស្រួយ

កំណែទម្រង់មួយ ទៅលើប្រព័ន្ធធានារ៉ាប់រង ផ្នែកសេវាកម្មសុខភាព ក្នុងប្រទេសអាមេរិក គឺជាអាទិភាពដំបូងបំផុត រាប់​ចាប់​តាំង ពីអាណត្តិ​ទីមួយ​របស់​លោក និងត្រូវបាន​បោះឆ្នោត​អនុម័ត្រ នៅឆ្នាំ២០១០ បន្ទាប់​បាន​ឆ្លងកាត់​សង្គ្រាម​ប៉ាកា និង​ការ​ជជែក​វែកញែក យ់ាង​សម្បើម​នៅក្នុង​រដ្ឋសភា។

ប៉ុន្តែ ដោយសារប្រព័ន្ធ​ធានា​សុខភាព​ថ្មី ដែលមាន​ឈ្មោះ​ជាផ្លូវការ «Affordable Care Act» ហៅ «Obamacare» នេះ ពលរដ្ឋ​អាមេរិកាំង​​ ជិតពាក់កណ្ដាល បានទទួលការថែរក្សាសុខភាព ដោយមិនគិតថ្លៃ ឬតម្រូវឲ្យបង់ថ្លៃថោក (តួលេខនៃពលរដ្ឋ ដែលគ្មាន​ការ​ធានា​រ៉ាប់រង បានថយ ពី ១៦% ក្នុង​ឆ្នាំ២០១០ មក​នៅត្រឹម តែ ៨,៩% ប៉ុណ្ណោះក្នុងឆ្នាំ២០១៦)។

ផ្ទុយទៅវិញ ក្រុមប្រឆាំង មកពី​គណបក្ស​សាធារណរដ្ឋ បានសន្យាថា នឹងលប់ច្បាប់​ធានា​រ៉ាប់រង ផ្នែក​សុខភាព​នេះ​ចេញ​វិញ ប្រសិនជាពួកគេ ទទួល​បាន​អំណាច មកក្ដោបក្ដាប់ ក្នុងថ្ងៃណាមួយ។

ការហុចដៃដ៏ភ្ញាក់ផ្អើល ទៅរកប្រទេសគុយបា…

បន្ទាប់បានធ្វើការចរចារ យ៉ាងសំងាត់ជាទីបំផុត អស់ជាច្រើនខែមកនោះ លោក អូបាម៉ា បាន​ប្រកាស​នៅ​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៤ ពីការ​ខិតចូល​ជិតគ្នា ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ជាមួយ​នឹង​ប្រទេសគុយបា ដែល​ជា​សត្រូវ​ដ៏តឹងតែង និង​ដ៏​ចាស់​វស្សា របស់​សហរដ្ឋ​អាមេរិក បន្សល់​ទុក តាំងពីសម័យកាល​​សង្គ្រាម​ត្រជាក់។ ​

នៅ​១៥ខែ​ក្រោយ​មក ដំណើរ​ទស្សនកិច្ច​របស់លោក ទៅកាន់ទីនោះ បាន​បញ្ជាក់​ឲ្យកាន់តែ​ច្បាស់ ពីការ​បើក​ទំព័រ​ថ្មី ​ដោយចាប់​ផ្ដើម​ដំបូង តាមរយៈការទាក់ទងផ្នែក​សេដ្ឋកិច្ច ជាមួយ​ប្រទេស​កុម្មុយនីស​មួយ​នេះ និង​ក៏​ជា​ឱកាស សម្រាប់​ក្រុមហ៊ុន សហគ្រាស​អាមេរិកាំង​ទាំង​ឡាយ ដើម្បីចូលទៅដាក់​ទុន នៅទីនោះដែរ។

ភាពតានតឹង​នៃការប្រកាន់ពូជសាសន៍ បានកើនឡើង…

ក្នុងបញ្ហានៃការប្រកាន់ពូជសាសន៍ពណ៌សម្បុរ លោក អូបាម៉ា បានបង្កការខកចិត្តជាខ្លាំង ទៅ​ដល់​បណ្ដា​ជន​អាមេរិកាំង​ភាគតិច ដែលបានបោះ​ឆ្នោត​គាំទ្រលោក ឲ្យជាប់ជាប្រធានាធិបតី។ បើ​ទោះ​ជាពេល​ខ្លះ​ លោក អូបាម៉ា បាន​បង្ហាញ​ពីទឹកចិត្ត​ផ្ទាល់​ខ្លួន របស់លោក ចំពោះបណ្ដាជន​ភាគតិច​នោះ​ក៏ដោយ តែ​សម្រាប់​រូបភាព​ជា​ផ្លូវការ លោក​មិនមែន​ជាប្រធានាធិបតី នៃ​បណ្ដា​ជន​ទាំង​នោះ ដែល​បាន​គាំទ្រ​លោក ទាំងចិត្ត​ទាំង​កាយ​នោះ​ឡើយ ជាពិសេស នៅ​ចំពោះ​សោកនាដកម្ម​បាញ់​សម្លាប់ ពលរដ្ឋអាមេរិកាំង​ស្បែកខ្មៅ ជា​បន្ត​បន្ទាប់ ពី​សំណាក់​កង​កម្លាំង​នគរបាល​ស្បែក​ស។

បរាជ័យនៃការបិទពន្ធនាគារ «Guantanamo»

នៅក្នុង​រយៈពេល៨ឆ្នាំ នៃអាណត្តិ​ជាប្រធានាធិបតី ទាំងពីរ​លើក​នេះ លោក អូបាម៉ា បាន​ដុត​ដៃ​ដុត​ជើង សព្វ​គ្រប់​បែប​យ៉ាង​ទាំងអស់ ដើម្បី​ធ្វើឲ្យ​សម្រេច នូវការ​សន្យា​ដ៏ធំ​មួយ នៅក្នុង​យុទ្ធនាការ​បោះឆ្នោត៖ នោះ​គឺការ​បិទ​ពន្ធនាគារ «Guantanamo» ដែល​ជា​និមិត្តរូប នៃភាព​ជ្រុលនិយម​របស់​សហរដ្ឋ​អាមេរិក នៅក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ទល់នឹង​ភេរវនិយម បន្ទាប់ពី​ភេរកម្ម​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ទោះជា​មាន​ការ​ព្យាយាម​ជា​ច្រើន​ដង​ក្ដី តែបំណង​នេះ​របស់​លោក អូបាម៉ា មិនអាច​ដើរ​ទៅ​មុខ​បានវែង​ឆ្ងាយ បើ​សូម្បី​តែឆ្លង​សភា​ថ្នាក់​ទាប​ក៏ដោយ៕



You may also like

ដំណឹង

បាញ់ប្រហារ​នៅ​«តិចសាស់» ស្លាប់របួស​ច្រើន​នាក់ និង​ចាប់ខ្លួន​បាន​១នាក់

មជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៃក្រុង «El Paso» ក្នុងរដ្ឋ«តិចសាស់» សហរដ្ឋអាមេរិក បានរងការបាញ់ប្រហារ ដោយខ្មាន់កាំភ្លើងម្នាក់ នាំល្ងាចថ្ងៃសៅរ៍នេះ។ សម្រាប់តុល្យភាពបណ្ដោះអាសន្ន អាជ្ញាធរបានលើកឡើង ពីមនុស្សស្លាប់និងរបួសច្រើននាក់ ហើយជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។ ...
ដំណឹង

Covid-19 ៖ រង​ការរិះគន់​ធ្ងន់ពេក ដូណាល់ ត្រាំ ប្រតិកម្ម​តបទៅ អូបាម៉ា

បន្ទាប់ពីអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានរិះគន់ធ្ងន់ៗ អំពីវិធានការគ្រប់គ្រង ការរាតត្បាតនៃជំងឺ «Covid-19» ដែលហាក់មិនមានប្រសិទ្ធិភាពនោះ លោកប្រធានាធិបតី ដូណាល់ ...
របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

រយៈពេល៥០ឆ្នាំកន្លងទៅហើយ តែមរណភាពរបស់កំពូលតារាសម្ដែងហូលីវូដ នាង ម៉ារីលីន ម៉ុនរ៉ូ (Marilyn Monroe) នៅបន្តបង្កប់ដោយអាថ៌កំបាំងជាច្រើន ជាពិសេសនៅពេលដែលគេដឹង អំពីរឿងរ៉ាវទាំងឡាយ ដែលកើតឡើង នៅជុំវិញព្រឹត្តិការណ៍​ដ៏រន្ធត់មួយនេះ។ នាង ...

Comments are closed.

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...
របាយការណ៍

កូនប្រុស ឈុត វុទ្ធី សង្ស័យ​មន្ត្រីរដ្ឋាភិបាល នៅក្រោយឃាតកម្ម​លើឪពុក

លោក ឆឺយ ឧត្ដមរស្មី ដែលជា«កូនប្រុស»លោក ឈុត វុទ្ធី បានសំដែងការសង្ស័យ ដោយត្រង់ៗថា គឺមន្ត្រីរដ្ឋាភិបាលកម្ពុជាតែម្ដង ដែលនៅពីក្រោយឃាតកម្ម បាញ់សម្លាប់លោក ឈុត វុទ្ធី ...