បន្ទាប់ពីបានចាកចេញ ពីព្រះបរមរាជវាំង យ៉ាងប្រថុចញ៉ុច ឆ្ពោះកាន់ព្រំដែន កម្ពុជាថៃ ក្នុងដើមខែមករា ឆ្នាំ១៩៧៩ សម្ដេច ព្រះនរោត្ដម សីហនុ ត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យ យាងឲ្យត្រឡប់មករាជធានីភ្នំពេញវិញ មុននឹងចាត់​ឲ្យទ្រង់ បំពេញបេសកកម្មការទូត​ដ៏សំខាន់មួយ គឺស្វែងរកការថ្កោលទោស ការចូលឈ្លានពាន​ប្រទេសកម្ពុជា ពីសំណាក់កងទ័ពវៀតណាម នៅក្នុងវេទិកា​អង្គការ​សហប្រជាជាតិ។

គឺនៅទីនោះហើយ ដែលទ្រង់បានធ្វើសេចក្ដីថ្លែងការណ៍មួយ បដិសេធរបបថ្មី​របស់លោក ហេង សំរិន ដែលកើត​ក្រោយ​ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដោយទ្រង់បានមានបន្ទូល ហៅរបបនេះ ថាជារបបអាយ៉ង ញាក់ខ្សែ​ដោយ​វៀតណាម។ ព្រះអង្គថែមទាំងបានទាមទារទៅ​សហគមន៍អន្តរជាតិ កុំទទួលស្គាល់ និងត្រូវដាក់ទណ្ឌកម្ម លើរបបដឹកនាំ​មួយនេះ ដែល​មាន​​ឈ្មោះ​ថា សាធារណរដ្ឋប្រជាមានិតកម្ពុជា។ 

នេះ បើតាមការឯកសារ​ឯករាជ្យ​ជាច្រើន ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ ជាពិសេសសៀវភៅ​«ព្រះអង្គម្ចាស់ នរោត្ដម សីហនុ អ្នកទោស​របស់ខ្មែរក្រហម» ដែលចងក្រង​រៀបរៀង ដោយអ្នកស្រី «Simonne Lacouture» និងសៀវភៅ​«សីហនុ ព្រះមហាក្សត្រ​ដែល​មិន​ចេះសូន្យ» ដែលចងក្រងរៀបរៀង ដោយលោក​«Jean-Marie Cambacérès» ជាដើម។ ឯកសារជាសំណេរទាំងនោះ ត្រូវបូក​បញ្ជូល​សក្ខីកម្ម​ជារូបភាពវីដេអូ ដែលត្រូវបានរក្សាទុក​ដោយវិទ្យាស្ថានឯកសារបារាំង​​«INA»​ថែមទៀត។

សៀវភៅ «ព្រះអង្គម្ចាស់ នរោត្ដម សីហនុ អ្នកទោសរបស់ខ្មែរក្រហម» បានសរសេរថា នៅមុនពេលសម្រេច​ទទួលបេសកកម្ម ពីសំណាក់​របប​កម្ពុជាប្រជាធិបតេយ្យ ដែលបានឃុំ​ព្រះកាយ​ព្រះអង្គ នៅក្នុងរាជដំណាក់ ឯរាជធានីភ្នំពេញនោះ ព្រះអង្គទ្រង់បាន​ព្រះតម្រិះ ទៅលើបញ្ហាពីរ ដែលសុទ្ធសឹង​ជាជម្រើសដ៏ពិបាក៖ 

(១) ទទួលយកបេសកកម្មនេះ គឺស្មើនឹងឃុបឃិត ជាមួយក្រុមខ្មែរក្រហម ដែលមានបាតដៃប្រឡាក់ឈាម និងជាអ្នកបង្កទុក្ខទោស ដល់ព្រះអង្គផ្ទាល់ ក៏ដូចជាព្រះញាតិវង្សដទៃទៀត។ ជម្រើសនេះ ច្បាស់ណាស់ថា ព្រះអង្គអាចនឹងរងការរិះគន់ ពី​សហគមន៍​អន្តរជាតិ។

(២) បដិសេធបេសកកម្មខាងលើ គឺស្មើនឹងទទួលយក ឬទុកឲ្យកងទ័ពវៀតណាម ឈ្លានពានប្រទេសរបស់ទ្រង់ ដោយបើកចំហរ។ រីឯជម្រើសនេះ នឹងធ្វើឲ្យទ្រង់ ស្ថិតក្នុងការរិះគន់ ពីសំណាក់ប្រជារាស្ត្រកម្ពុជា របស់ព្រះអង្គ ហើយប្រវត្តិសាស្ត្រ នឹងចារព្រះបរមនាមទ្រង់ ទៅក្នុងបញ្ជីព្រះនាម​នៃក្សត្រដទៃទៀត ដែលបានធ្វើឲ្យកម្ពុជាលិចលង់។

ប៉ុន្តែនៅទីបំផុត សម្ដេច ព្រះនរោត្ដម សីហនុ បានជ្រើសរើសយកជម្រើសទីមួយ ដោយសារ​ទ្រង់ឈ្វេងយល់ថា អាយុជីវិតជាតិ​មានលក្ខណៈ​សំខាន់ ជាងអ្វីទាំងអស់ ដែលតម្រូវឲ្យកូនខ្មែរ​គ្រប់និន្នាការ ត្រូវរួមគ្នាជាធ្លុងមួយ។

សង្គ្រាមការទូតរបស់ នរោត្ដម សីហនុ

នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ព្រះអង្គបានចាកចេញ​ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រដ្ឋធានី ប៉េកាំង ប្រទេសចិន មុននឹងបន្ត​ព្រះរាជ​ដំណើរ ទៅកាន់ក្រុង ញ៉ូយក សហរដ្ឋ​អាមេរិក ដើម្បីចូលរួមការប្រជុំជាបន្ទាន់មួយ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលត្រូវបានប្ដឹងកោះ ដោយតំណាង​កម្ពុជាប្រជាធិបតេយ្យ ប្រចាំនៅទីនោះ។

ប៉ុន្តែថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩នេះ គឺជាថ្ងៃកំណត់ ដ៏សំខាន់មួយទៀត សម្រាប់ជីវិតរបស់ទ្រង់ ដោយហេតុថា វាជាថ្ងៃ​ដែលព្រះអង្គ​ត្រូវ​ឃ្លាត​​ពីមាតុភូមិ សម្រាប់រយៈពេល​ជាងមួយទសវត្សន៍ (រហូតចុងឆ្នាំ១៩៩១ ទើបព្រះអង្គបានយាងចូល រាជធានីភ្នំពេញវិញ)។

ការចាកចេញរបស់ទ្រង់ ធ្វើឡើងតែមួយថ្ងៃ មុនការវាយចូល មកដល់រាជធានីភ្នំពេញ ពីសំណាក់កងទ័ពវៀតណាម ដែលមានកម្លាំង គាំទ្រ​ដោយ​រថពាសដែក ជាច្រើនគ្រឿង។ នៅពេលនោះ រាជធានីភ្នំពេញ​មានសភាព​ទទេរស្អាត ស្ងាត់ជ្រងុំ គ្មានអ្នកការពារ ខណៈក្រុម​មេដឹកនាំ​ខ្មែរក្រហម​បានចាកចេញ ទៅផុតអស់។ នៅបួនថ្ងៃក្រោយមក របបដឹកនាំថ្មីមួយ ត្រូវបានបង្កើតឡើង ហើយលោក ហេង សំរិន ត្រូវបានចាត់តាំង ឲ្យក្លាយជាប្រធានរដ្ឋ។

របបដឹកនាំថ្មីនេះ ត្រូវបានទទួលស្គាល់ភ្លាមៗ ដោយសាធារណរដ្ឋសង្គមនិយម សហភាពសូវៀត ដែលជា​មហាអំណាច​ដ៏សម្បើមមួយ នៃប្លុកកុម្មុយនីស្ដិ៍។ ប្រទេសសឹងតែទាំងអស់ នៅទ្វីបអ៊ឺរ៉ុបខាងកើត ដែលស្ថិតក្នុង​ប្លុកកុម្មុយនីស្ដ៍ដូចគ្នា ក៏បាន​បន្ទរតាមក្រោយ​​សហភាព​សូវៀតដែរ លើកលែងតែ​ប្រទេសរ៉ូម៉ានីមួយចេញ ដែលបែរជាថ្កោលទោស ការចូលឈ្លានពានប្រទេសកម្ពុជា ពីសំណាក់ប្រទេស​វៀតណាម។

ប្រសិនជាទ្រង់មិនបានធ្វើសង្គ្រាម ប្រឆាំងការឈ្លានពាន​របស់វៀតណាម​នៅក្នុងស្រុក ប៉ុន្តែសម្ដេច ព្រះនរោត្ដម សីហនុ បានធ្វើ​សង្គ្រាម​ការទូត យ៉ាងខ្លាំងក្លា និងស្វិតស្វាញ ចាប់តាំង​ពីពេល​ដែលព្រះអង្គ បានទៅដល់រដ្ឋធានី ប៉េកាំង ភ្លាម។ នៅទីនោះ ព្រះអង្គបានធ្វើសន្និសីទ​កាសែត ដ៏យូរបំផុតមួយ ដែលដំបូងឡើយ គ្រោងធ្វើតែពីរម៉ោង​ប៉ុណ្ណោះ តែមែនទែនទៅ សន្និសីទកាសែត បានប្រើពេល​រហូតដល់៦ម៉ោង។

មានឯកសារជាច្រើន រួមនឹងបទយកការណ៍ របស់ទូរទស្សន៍បារាំងផង (ឯកសារ INA) បានអះអាងថា សម្ដេចព្រះ នរោត្ដម សីហនុ បានទៅដល់ក្រុង ញ៉ូយក នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ហើយពីអាគារធំ​នៃអង្គការសហប្រជាជាតិ ព្រះអង្គបានធ្វើ​សន្និសីទ​កាសែត ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ១៩៧៩ ថ្ងៃដែលអង្គប្រជុំ នៃក្រុមប្រឹក្សាសន្តិសុខ​បានចាប់ផ្ដើមឡើង។

នៅក្នុងរាជបន្ទូលមួយ របស់ទ្រង់ ថ្លែងទៅកាន់អ្នកសារព័ត៌មាន គេឮសូរព្រះអង្គអះអាង​ថា ទ្រង់មិនស្គាល់ថា លោក ហេង សំរិន ជានរណាផងទេ។ ព្រះអង្គមានបន្ទូលច្បាស់ៗ​ថា៖

«គឺប្រទេសវៀតណាម ជាអ្នកតែងតាំងលោករដ្ឋមន្ត្រី [ហេង] សំរិន។ គឺប្រទេស​វៀតណាម​ខ្លួនឯង ជាអ្នកតែងតាំង សំរិន។ ខ្ញុំមិនទាំងដឹងថា តើ សំរិន នេះនរណាទេ។ ហើយគឺប្រទេសវៀតណាម ជាអ្នកត្រួសត្រាយនយោបាយ ក្នុងប្រទេស និងក្រៅប្រទេស នៃរបបរបស់ សំរិន។ គឺ វៀតណាម ជាអ្នកសរសេរបទបញ្ជារ បើសូម្បីការតែងតាំង សំរិន នេះឡើង ក៏វៀតណាមជាអ្នកសរសេរឲ្យដែរ។»

សម្រាប់ការស្វែងរក​ការឈឺឆ្អាល ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសពីបស្ចឹមលោក នៅចំពោះការឈ្លានពាន ចូលប្រទេសកម្ពុជា ពីសំណាក់កងទ័ពវៀតណាម សម្ដេចព្រះ នរោត្ដម សីហនុ មានបន្ទូលបន្ត ទៅកាន់​ក្រុម​អ្នកកាសែត​ថា៖

«ជំនួយពីលោកអ្នក ដែលយើងចង់បាន មានដូចតទៅ។ ជាដំបូងនេះ [សូមបញ្ជាក់ថា] វាមិនមែនជាជំនួយសេដ្ឋកិច្ច ជំនួយហិរញ្ញវត្ថុ ជំនួយជាសម្ភារៈ ឬជាយោធាទេ ព្រោះជំនួយទាំងអស់នេះ យើងមានរួចអស់ហើយ តាមរយៈ​ជំនួយដ៏ធំធេង ពីសំណាក់​សាធារណរដ្ឋ​ប្រជាមានិតចិន។»

«តែជំនួយដែលយើងចង់បាន ពីលោកអ្នក ពីសហរដ្ឋអាមេរិក ពីប្រទេសបារាំង ពីបណ្ដាប្រទេសជាមិត្តផ្សេងទៀត ដែលចង់បានសេរីភាព ឯករាជ្យភាព យុត្តិធម៌ ចង់បានសន្តិភាព គឺការគាំទ្រជាទឹកចិត្ត ជាគោលនយោបាយនិងការទូត ដើម្បីដាក់សម្ពាធឲ្យបានខ្លាំងបំផុត ទៅលើប្រទេសវៀតណាម រហូតដល់វៀតណាមត្រូវបង្ខំចិត្ត ចេញ​ពីប្រទេស​កម្ពុជាឲ្យបានឆាប់បំផុត ដូចដែលយើងចង់បាន។»

សង្គ្រាមការទូត បានផ្ទុះឡើងខ្លាំងក្លាណាស់ នៅក្នុងក្របខណ្ឌ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជាពិសេសរវាង សាធារណរដ្ឋសង្គមនិយម សហភាពសូវៀត និងសាធារណរដ្ឋប្រជាមានិត ចិន។ នៅពេលនោះ នរណាក៏ដឹងដែរថា មហាអំណាចកុម្មុយនីស្ដ៍​ទាំងពីរ ដែលមើលមុខគ្នាមិនចំ បានយកកម្ពុជា ធ្វើជាកូនសត្វឈ្លូសមួយ សម្រាប់ឲ្យខ្លាទាំងពីរ ដណ្ដើមគ្នា​ស៊ីសាច់។

នៅក្នុងអង្គប្រជុំ មានសមាជិកក្រុមប្រឹក្សាសន្តិសុខ មកពី១៥​ប្រទេស៖ ១.បង់ក្លាដេស (Bangladesh) ២.ចិន (China) ៣.ឆេកូស្លូវ៉ាគី (Czechoslavakia) ៤.បារាំង (France) ៥.ហ្គាបុង (Gabon) ៦.ចាម៉ាអ៊ិក (Jamaica) ៧.គុយវ៉េត (Kuwait) ៨.នីជេរីយ៉ា (Nigeria) ៩.នរវ៉ែ (Norway) ១០.ពរទុយហ្គាល់ (Portugal) ១១.សហភាពសូវៀត (Union of Soviet Socialist Republics) ១៣.ចក្រភពអង់គ្លេស (United Kingdom of Britain and Northen Ireland) ១៤.សហរដ្ឋអាមេរិក (United States of America) និង១៥.ហ្សំប៊ី (Zambia)។

ជម្លោះរវាង សូវៀត និងចិន

សហភាពសូវៀត បានស្នើឲ្យលើកថ្ងៃប្រជុំ ដោយមិនចាំបាច់ខ្វល់ ឬស្ដាប់នូវព្រះបន្ទូល របស់សម្ដេចព្រះ នរោត្ដម សីហនុ ដែលតំណាងឲ្យកម្ពុជាប្រជាធិបតេយ្យ ក្នុងពេលនេះទេ។ សម្រាប់មហាអំណាច សូវៀត ក្រុមប្រឹក្សា​សន្ដិសុខ​ត្រូវរង់ចាំ​តំណាង របស់របបដឹកនាំថ្មី ធ្វើដំណើរមកដល់ក្រុង ញូយក ជាមុនសិន មុននឹងបន្តកិច្ចប្រជុំ ឬឈានទៅអនុម័ត នូវដំណោះស្រាយណាមួយនោះ។

ប៉ុន្តែសំណើរ​របស់សហភាពសូវៀត ត្រូវប្រទេសចិនកុម្មុយនីស្ដ៍​ទាត់ចោល ដោយលើកយកហេតុផល​មកសំអាងថា អាជ្ញាធរនៃរបប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា គ្រាន់តែជាអាជ្ញាធរ​«ខ្មោច» ដែលសូម្បីតែការទាក់ទង ពីក្រុង ញ៉ូយក ទៅកាន់រាជធានី ភ្នំពេញ ក៏មិនអាចធ្វើបាន ឬគ្មានការឆ្លើយតបដែរ។ បន្ថែមពីលើនេះ ប្រទេសចិន​បានគ្រោង​ដាក់សំណើរ ទៅកាន់​ក្រុមប្រឹក្សា​សន្តិសុខ ឲ្យមានដំណោះស្រាយមួយ ដើម្បីថ្កោលទោសប្រទេស​វៀតណាម ជុំវិញទង្វើរបស់ប្រទេសនេះ ក្នុងការឈ្លានពាន​​ប្រទេសកម្ពុជា។

ទីបំផុត ការបោះឆ្នោត នៅក្នុងក្របខណ្ឌក្រុមប្រឹក្សា បានបង្ហាញលទ្ធផលថា មានតែសហភាពសូវៀត និងប្រទេសឆេកូស្លូវ៉ាគី ពីរប្រទេស​ប៉ុណ្ណោះ ដែលយល់ព្រម ឲ្យមានការលើកថ្ងៃប្រជុំ ខណៈប្រទេស១៣ផ្សេងទៀត បានទទួលស្គាល់តំណាងស្របច្បាប់ នៃកម្ពុជា​ប្រជាធិបតេយ្យ គឺសម្ដេច ព្រះនរោត្ដម សីហនុ និងសម្រេចឲ្យព្រះអង្គ ធ្វើសេចក្ដីថ្លែងការណ៍ នៅក្នុងអង្គប្រជុំ។

សេចក្ដីថ្លែងការណ៍នោះ មានខ្លឹមសារ​ជាអាទិ៍ថា៖

«យើងសូមអញ្ជើញគ្រប់ភ្នាក់ងារ ស្ថាប័នជំនាញ​ទាំងអស់ នៃអង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិ​ដទៃទៀត ដែលមាន​ទំនាក់ទំនង ជាមួយអង្គការនេះ ក៏ដូចជាគ្រប់រដ្ឋាភិបាល នៅក្នុងពិភពលោកទាំងមូល ឲ្យបញ្ឈប់​និង​បដិសេធ គ្រប់ជំនួយហិរញ្ញវត្ថុ សេដ្ឋកិច្ច យោធា សម្ភារៈ។ល។ ទៅដល់សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និងក្រុមអាយ៉ង​របស់ខ្លួន។ វិធានការនេះ នឹងដាក់សម្ពាធទៅដល់ប្រទេស​វៀតណាម ឲ្យបញ្ចប់ការ​ធ្វើទុក្ខ​បុកម្នេញដល់ប្រទេស​កម្ពុជា។»

បេសកកម្មរបស់ព្រះអង្គ ពិតជាទទួលបានផ្លែផ្កា នៅទីបំផុត។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៧៩ ក្រុមប្រឹក្សាសន្តិសុខ បានសម្រេចទទួលស្គាល់ ក្រុមមេដឹកនាំ​ខ្មែរក្រហម ជារដ្ឋាភិបាលកម្ពុជា​ស្របច្បាប់​តែមួយ​គត់ ហើយបានអនុម័ត​​ដំណោះស្រាយ​មួយ ទាមទារឲ្យដក​កងទ័ព​បរទេស​ទាំងអស់ និងជាបន្ទាន់ ចេញពីទឹកដី​កម្ពុជា៕



You may also like

របាយការណ៍

«ទិវា​បុណ្យ​សិទ្ធិនារី​អន្តរជាតិ» ប្រវត្តិ​នៃ​ការ​តស៊ូ​របស់​ស្រ្តី

ស្រ្តីនិងបុរសត្រូវបានបង្កើតឡើងនៅលើផែនដីនេះ ដើម្បីក្លាយជាគូគ្នា ធ្វើដំណើរជាមួយគ្នាក្នុងការអភិវឌ្ឍន៏អ្វីគ្រប់ យ៉ាងលើផែនដីនេះ ប៉ុន្តែមានរូបរាងនិងចិត្តគំនិតខុសគ្នា។ ធម្មជាតិបានផ្តល់ភាពរឹងមាំ ខាងផ្នែករាងកាយ ដល់បុរស​ក្នុងភាពជាអ្នកប្រយុទ្ធ ទើបជំរុញឲ្យបុរសភាគច្រើនប្រើប្រាស់ ឥទ្ធិពលនេះដើម្បីគ្របដណ្តប់លើស្ត្រី និងចាត់ទុកស្រ្តី​ជាភេទទន់ខ្សោយ មិនអាចស្មើរនឹងខ្លួន ស្ទើរតែគ្រប់ប្រទេសទាំងអស់។ ...
កម្ពុជា

អ្នកជំនាញ អ.ស.ប៖ ការឃុំខ្លួនយុវជន៧រូប ធ្វើឡើងដោយ​«បំពាន»

ការឃុំខ្លួនយុវជន៧រូប (ក្នុងនោះមានព្រះសង្ឃ១អង្គ) ទំនងជាត្រូវបានធ្វើ ដោយ«បំពាន»។ នេះ បើតាម​ការលើក​ឡើង របស់ក្រុមអ្នកជំនាញ​ខាងសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដោយជំរុញ​ទៅអាជ្ញាធររបប​ក្រុងភ្នំពេញ ឲ្យដោះលែងពួកគេ​ឲ្យនៅក្រៅឃុំ ដោយអនុលោម​​តាមច្បាប់ជាតិ និងអន្តរជាតិ។ ក្រុមអ្នកជំនាញទាំងនោះ ...
ទស្សនៈប្រិយមិត្ត

ទស្សនៈអ្នកអាន ៖ «ភ្ជុំ​បិណ្ឌ​ខ្ញុំ​យំ​ស្រណោះ»

ភ្ជុំបិណ្ឌ ខ្ញុំនៅតែយំអាល័យ នឹកស្រមៃសុវណ្ណភូមិមាតុរុងរឿង រាល់ឆ្នាំ ខ្ញុំក្រៀមក្រំឥតឧបមា ព្រោះតែរស់នៅឯកា ឥតបងឥតប្អូន ដោយហេតុតែ របបប៉ុលពតឥតសាសនា។ មនុស្សទេ ដែលបង្កើតសាសនា មិនមែនសាសនាបង្កើតមនុស្សទេ។ ពុទ្ធសាសនា ...

Comments are closed.

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...