តើពាក្យសំដីដែលនិយាយចេញ ពីបបូរមាត់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងមន្ត្រីមួយចំនួន ដែលជួយទប់អំណាច ឲ្យលោករហូតមកដល់សព្វថ្ងៃ មានលក្ខណៈដូចគ្នា ទៅនឹងសកម្មភាព នៅពីក្រោយខ្នងដែរឬទេ? គ្មាននរណាបានដឹង ពីភាពខុសគ្នារវាងសំដី និងទង្វើរបស់បុរសខ្លាំងកម្ពុជា ច្បាស់ជាងអតីតមន្ត្រីដ៏ជិតស្និត របស់លោកខ្លួនឯងនោះឡើយ។ ជននោះជានរណា? ខាងក្រោមនេះ ជាកិច្ចសម្ភាសទាំងស្រុងរបស់អតីតមន្ត្រីម្នាក់ ដែលរបបក្រុងភ្នំពេញ តាមប្រមាញ់ឲ្យខាងតែបាន បើទោះជាជននេះ ស្ថិតនៅទីណាក៏ដោយ។
គ្មាននរណាភ្លេចទេ ពីការទម្លាក់តំណែងអតីតមន្ត្រីដ៏ជិតស្និតម្នាក់របស់លោក ហ៊ុន សែន ចេញពីតំណែងស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងខែកក្កដា ឆ្នាំ២០០៦ ដើម្បីឲ្យទៅអង្គុយក្នុងកៅអី ជារដ្ឋលេខានៅក្រសួងមហាផ្ទៃនោះវិញ។ បន្តិចម្ដងៗ បក្ខពួករបស់អតីតមន្ត្រីរូបនេះ ត្រូវបានរដ្ឋាភិបាលតាមប្រមាញ់ ចាប់ដាក់ឃុំជាបណ្ដើរៗ រហូតលុះត្រាអតីតមន្ត្រីម្នាក់នេះខ្លួនឯង ក៏បានគេចខ្លួន ទៅជ្រកកោននៅក្រៅប្រទេសដែរ។
នៅទីបំផុត អតីតមន្ត្រីម្នាក់នោះ ត្រូវបានអាជ្ញាធរស្វែងរកការនាំខ្លួន ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ឲ្យខាងតែបាន ដើម្បីឲ្យតុលាការនៅរាជធានីភ្នំពេញ ធ្វើការដាក់ទោសទណ្ឌ ឲ្យជាប់ពន្ធនាគារ រហូតដល់សព្វថ្ងៃ។
តើអតីតមន្ត្រីម្នាក់នោះ ជានរណា? តើអំពើឧក្រិដ្ឋរបស់អតីតមន្ត្រីរូបនោះ មានដល់កម្រិតណា ទើបអាជ្ញាធរខ្មែរខិតខំតាមគ្រប់មធ្យោបាយ ដើម្បីនាំខ្លួនអតីតមន្ត្រី ឲ្យត្រឡប់មកក្នុងប្រទេសវិញ? តើអំពើឧក្រិដ្ឋនេះ មានកម្រិតមិនស្មើ នឹងឃាតករដែលបានបាញ់សម្លាប់ សិល្បៈការិនី នាង ពិសិដ្ឋ ពិលីការ – មេដឹកនាំសហជីពកម្មករ លោក ជា វិជ្ជា ឬឃាតករដែលបានបោកគ្រាប់បែក នៅមុខរដ្ឋសភា(ចាស់)ទេឬ ទើបជនទទួលខុសត្រូវក្នុងករណីទាំងនេះ មិនដែលត្រូវបានចាប់ មកផ្ដន្ទាទោសទាល់តែសោះ?
គេបានឆ្ងល់ទៀតថា ប្រសិនជាអតីតមន្ត្រីរូបនេះ គឺជាមេក្លោង នៅពីក្រោយឧក្រិដ្ឋកម្មនានា ក្នុងរយៈពេលដ៏យូរមកនោះ តើហេតុអ្វីត្រូវរងចាំរហូតចុងឆ្នាំ២០០៦ ទើបរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទើបនឹងចាត់វិធានការ យកអតីតមន្ត្រីម្នាក់នេះ និងបក្ខពួកមកកាត់ទោស ?
គ្មាននរណាម្នាក់មិនស្គាល់ និងមិនល្បី ពីជនម្នាក់នេះទេ ជាពិសេសគេបានស្គាល់ជននេះច្បាស់ កាលពីអំឡុងពេលដែលជននេះមានអំណាច កាន់កងកម្លាំងប្រដាប់អាវុធ ពេញមួយរាជធានីភ្នំពេញ។ អតីតមន្ត្រីរូបនោះ ឈ្មោះ ហេង ពៅ ជាអតីតស្នងការរាជធានី និងជាអតីតទីប្រឹក្សាផ្ទាល់ អមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តែផ្ទុយទៅវិញ គ្មាននរណាដឹងពីចម្លើយតបពិតប្រាកដ ទៅនឹងសំនួរទាំងប៉ុន្មានខាងលើ ក្រៅតែពីលោក ហ៊ុន សែន និងក្រុមមន្ត្រីដែលស្និត ឬ(មួយចំនួន) កាន់ក្ដាប់ផ្ទាល់ នូវសំនុំរឿងទាំងនេះឡើយ។ រឿងដែលសំខាន់នោះ នៅត្រង់ថា លោក ហេង ពៅ ខ្លួនលោក ក៏ធ្លាប់ស្ថិតក្នុងចំណោម នៃក្រុមមន្ត្រីទាំងនោះដែរ។
ហើយនៅពេលដែលលោក បានដឹងថា ខ្លួនលោកគឺជាទិសដៅ នៃការតាមកំចាត់របស់រដ្ឋាភិបាល របស់លោក ហ៊ុន សែន នោះ លោក ហេង ពៅ បានទម្លាយនូវសក្ខីកម្មដ៏ព្រឺព្រួច និងកម្របានជួបប្រទះ ទាក់ទងនឹងអាថ៌កំបាំង ឬទង្វើលាក់មុខ តាមបែប«ម៉ាហ្វីយ៉ា (Mafia) របស់ក្រុមអ្នកមានអំណាច» នៅកម្ពុជា។ លោក ហេង ពៅ បានជ្រើសរើសទស្សនាវដ្ដី «L’Expesse» របស់បារាំង ដើម្បីផ្ដល់កិច្ចសម្ភាសផ្ដាច់មុខមួយ ទាក់ទងនឹងការទម្លាយអាថ៌កំបាំងនេះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៦។
យ៉ាងណាក៏ដោយ គេចង់ឲ្យមានការបកស្រាយ ពីសំណាក់អ្នកពាក់ព័ន្ធ ជាពិសេសពីសំណាក់លោក ហ៊ុន សែន ខ្លួនលោកតែម្ដង ទៅនឹងការលើកឡើង របស់លោក ហេង ពៅ នៅក្នុងកិច្ចសម្ភាសផ្ដាច់មុខនេះ។ តែរឿងរ៉ាវ បានស្ងាត់បាត់ឈឹងតែម្ដង បន្ទាប់ពីលោក ហេង ពៅ ត្រូវបានចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ រហូតដល់សព្វថ្ងៃ។ រីឯលោក ហុក ឡងឌី វិញ បានស្លាប់ នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨ ដែលធ្វើឲ្យរឿងរ៉ាវទាំងឡាយ ដែលទាក់ទងនឹងលោក បានបាត់រលត់ទៅ និងនៅតែរកការបកស្រាយមិនចេញ។
ពីរដ្ឋធានីប៉ារីស (ប្រទេសបារាំង) ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមធ្វើការប្រែសម្រួលកិច្ចសម្ភាសនោះទាំងស្រុង និងក្រៅផ្លូវការ ដូចខាងក្រោម៖
តើលោកបានរត់គេចប្រទេសកម្ពុជា ដោយសារលោកបានដឹង ថាលោកនឹងត្រូវចោទប្រកាន់ឬ?
– ខ្ញុំបានចេញពីកម្ពុជា ដោយស្របច្បាប់ នៅថ្ងៃទី២៣ ខែកក្កដា កន្លងទៅ ដោយមានការអនុញ្ញាតត្រឹមត្រូវ ពីក្រសួងមហាផ្ទៃ ដើម្បីឲ្យខ្ញុំអាចមកធ្វើការ ព្យាបាលជើងពិការរបស់ខ្ញុំ។
ប្រាំថ្ងៃក្រោយមក មិត្តភ័ក្របានទូរស័ព្ទពីកម្ពុជា ប្រាប់ឲ្យខ្ញុំកុំវិលត្រឡប់ចូលស្រុកវិញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហុក ឡងឌី (Editor’s Note៖ លោក ហុក ឡងឌី ជាអតីតអគ្គស្នងការនគរបាលជាតិ) បានសង្ស័យថា ខ្ញុំមានទំនាក់ទំនងជាមួយគណបក្សប្រឆាំង ហើយពួកគេ (មិត្តភ័ក្រលោក ហេង ពៅ) បានរំពឹងទុកពីការកំចាត់ខ្ញុំចោល។ រដ្ឋាភិបាលបានប្រឌិតនូវសំនុំរឿងក្ដីមួយ សម្រាប់ចោទប្រកាន់ប្រឆាំងរូបខ្ញុំ និងត្រូវបានយកមកប្រើប្រាស់ ម្ដងហើយម្ដងទៀត ក្នុងការទម្លាក់កំហុសទៅលើក្រុមប្រឆាំង។
ក្នុងពេលនេះ ក្រុមគ្រួសាររបស់ខ្ញុំ ត្រូវបានបង្ខាំងទុកយ៉ាងសំងាត់ ឲ្យនៅតែក្នុងផ្ទះ។ គេបានហាមឃាត់ ក្រុមគ្រួសារខ្ញុំមិនឲ្យចេញក្រៅ បើសូម្បីតែចេញទៅទិញម្ហូបអាហារ។ នាយករដ្ឋមន្ត្រី ចង់ចាប់ខ្ញុំដោយផ្ទាល់ដៃ ដោយសារខ្ញុំបានដឹងរឿងច្រើនណាស់ ពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ របស់របបដឹកនាំរបស់លោក។ បើខ្ញុំត្រូវបានឃាត់ខ្លួន និងបញ្ជូនត្រឡប់ទៅកម្ពុជាវិញ ខ្ញុំគិតថា ជីវិតខ្ញុំនឹងត្រូវចប់ហើយ។ នៅពេលដែលសុវត្ថិភាពរបស់ខ្ញុំ ត្រូវបានធានានោះ ខ្ញុំត្រៀមខ្លួនជាស្រេច ក្នុងការបំភ្លឺសហគមន៍អន្តរជាតិ ពីទង្វើរបស់អ្នកកាន់អំណាច នៅកម្ពុជា។
ការលើកឡើងរបស់លោក មានន័យយ៉ាងដូចម្ដេច?
– នៅក្នុងឆ្នាំ១៩៩៥ លោក ហ៊ុន សែន ចង់ដាក់បញ្ចប់ នូវបាតុកម្មតាមបែបប្រជាធិបតេយ្យទាំងឡាយ។ ដើម្បីសម្រេចបំណងនេះ លោកបានរៀបចំការប្រជុំមួយ នៅក្នុងលំនៅដ្ឋានរបស់លោក នាទួលក្រសាំង (Editor’s Note៖ ខាងត្បូងក្រុងតាខ្មៅ ខេត្តកណ្ដាល) ជាមួយនឹងវត្តមាន របស់លោក ហុក ឡងឌី ដែលបានហៅខ្ញុំឲ្យចូលរួមប្រជុំដែរ។
ខ្ញុំដឹងថានរណាខ្លះបានចូលរួមប្រជុំ ហើយខ្ញុំមានភស្ដុតាងពីអ្វីដែលខ្ញុំនិយាយ។ បន្ទាប់មក មានគ្រាប់បែកជាច្រើនគ្រាប់ ត្រូវបានបោះឲ្យផ្ទុះ ប្រឆាំងគណបក្សលោក សឺន សាន (Editor’s Note៖ គណបក្សប្រជាធិបតេយ្យព្រះពុទ្ធសាសនា)។ ខ្ញុំបានដឹងនិងអាចនិយាយថា គ្រាប់បែកទាំងនេះមកពីណា ហើយនរណាជាអ្នកបោះ៖ នោះគឺជាកងកម្លាំង ដែលស្ថិតក្រោមបង្គាប់របស់លោក ម៉ក់ ជីតូ ដែលសព្វថ្ងៃជានាយនគរបាលប្រឆាំងភេរវកម្ម (Editor’s Note៖ នៅឆ្នាំ២០១៦នេះ ជាអគ្គស្នងការរងនគរបាលជាតិ) នៅក្រសួងមហាផ្ទៃ។
នៅខែមីនា ឆ្នាំ១៩៩៧ គម្រោងរបៀបដដែលនេះ ត្រូវបានប្រើជាថ្មីទៀត ប្រឆាំងនឹងក្រុមបាតុករស្និតនឹងលោក សម រង្ស៊ី ដែលជាមេដឹកនាំប្រឆាំង នៅខាងមុខរដ្ឋសភា (ចាស់)។ ខ្ញុំបានមកដល់ទីនោះ នៅប៉ុន្មាននាទីមុនគ្រាប់បែកផ្ទុះបន្តិច ហើយខ្ញុំបានឃើញ ជនសង្ស័យបួននាក់ បានរត់តម្រង់គេហដ្ឋាន របស់នាយករដ្ឋមន្ត្រី (Editor’s Note៖ នៅវិមានឯករាជ្យ)។