កម្ពុជាដំណឹង

Covid-19៖ សមាគម​ថៅកែ រោងចក្រ ស្នើអ្នកបញ្ជាទិញ​ឲ្យ​ទូទាត់​ប្រាក់

ទំនងជាការប្រកាសអាសន្ន ពីសំណាក់​បណ្ដា«រោងចក្រ»នៅកម្ពុជា ដែលឈានទៅទម្លាក់កំហុស ទៅលើក្រុមអ្នកបញ្ជាទិញ នៅខណៈជំងឺ «Covid-19» កំពុងរាតត្បាតពិភពលោក។ នេះ បើតាមអ្វី ដែលគេបានអាន នៅក្នុងលិខិតចំហរមួយ របស់សមាគមរោងចក្រកាត់ដេរ​នៅកម្ពុជា (GMAC) ដែលចេញផ្សាយ ក្នុងថ្ងៃព្រហស្បត្តិ៍ ទី២ ខែមេសា ឆ្នាំ​២០២០នេះ។

លិខិតដែលបានប្រើពាក្យ ជាបឋមថា ជំងឺ«Covid-19»បានបង្ក«ចលាចល»ដល់អាជីវកម្ម នៃវិស័យនេះទាំងមូល បានសរសេរថា ក្រុមហ៊ុនរោងចក្រទាំងឡាយ មានសមត្ថភាព«តិចតួច»ខ្លាំងណាស់ បើធៀបនឹងអ្នកបញ្ជាទិញ ដោយហេតុថា រោងចក្រត្រូវប្រឈមមុខដោយផ្ទាល់ ចំពោះកម្មករកម្ពុជា ទាំងជាង៧សែននាក់ រួមនឹងក្រុមគ្រួសារ របស់ពួកគេផង។

លិខិតចំហរ របស់«GMAC» បានអំពាវនាវ ឲ្យក្រុមអ្នកបញ្ជាទិញ គោរពតាមកិច្ចសន្យារបស់ផងខ្លួន ដោយទទួលយកការដឹកទំនិញ និងទូទាត់ប្រាក់ សម្រាប់ទំនិញ ដែលផលិតរួច ក៏ដូចជាទំនិញ ដែលកំពុងផលិត។ លិខិតបានឲ្យដឹងទៀតថា៖

«នេះ នឹងធ្វើឲ្យយើង អាចបន្តផ្ដល់ការងារ ដល់កម្មករ ៧៥០ ០០០នាក់ របស់យើង និងធ្វើឲ្យយើង មានសមត្ថភាព បើកប្រាក់ឈ្នួល ជូនកម្មករ និងធានាដល់ជីវភាពប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់។»

«សមាគមសូមអំពាវនាវ ដល់អ្នកបញ្ជាទិញទាំងអស់ មេត្តារក្សាការទទួលខុសត្រូវ ចំពោះអ្នកផ្គត់ផ្គង់ (ក្រុមហ៊ុនរោងចក្រ) និងកម្មករ ដែលបម្រើការងារ ក្នុងវិស័យរបស់យើង។»

រោងចក្រ គ្មានប្រាក់៤០%បើកឲ្យកម្មករទេ!

លោក ខេន លូ អគ្គលេខាធិការ «GMAC» បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា ចាប់តាំងពីផ្ទុះជំងឺ «Covid-19» នោះមកទល់បច្ចុប្បន្ន អ្នកបញ្ជាទិញមួយចំនួន បានផ្អាកទទួលទំនិញ​ពីរោងចក្រ ដោយផ្អាកមិនឲ្យនាំទំនិញ ទៅឲ្យខ្លួន។ លោកបន្តថា ការផ្អាកនេះ នឹងធ្វើឲ្យរោងចក្រគ្មានលទ្ធភាព ក្នុងការបើកប្រាក់ ៤០ភាគរយដល់កម្មករ នៅអំឡុងពេលព្យួរការងារឡើយ បើទោះជារដ្ឋាភិបាលលោក ហ៊ុន សែន តម្រូវឲ្យរោងចក្រធ្វើដូច្នេះក្ដី។

លោក ខេន លូ ថ្លែងថា៖

«អីវ៉ាន់ដែលធ្វើហើយ អត់ឱ្យយកនាំចេញ ​អីវ៉ាន់ដែលផលិត គេឱ្យយើងឈប់ភ្លាម​។ អ៊ីចឹង ពេលដែលមិនបានប្រគល់អីវ៉ាន់ ​ឱ្យអ្នកបញ្ជាទិញ គឺអ្នកបញ្ជា​ទិញ​ អត់​ឱ្យ​លុយ​យើងទេ។ អ៊ីចឹង រយៈពេល ១ទៅ២ខែទៅមុខ ​​រោងចក្រភាគច្រើន នឹងអត់​មាន​លុយ​ហូរចូលទេ៕»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស កាលពីថ្ងៃទី២៤ ខែកុម្ភៈថា នៅពេលរោងចក្រព្យួរការងារ​កម្មករនោះ កម្មករនឹងទទួលបានប្រាក់ឈ្នួល ៦០ភាគរយ នៃប្រាក់ខែគោលរបស់ពួកគេ​ ក្នុង​នោះ​ ថៅកែរោងចក្រ​ត្រូវទទួល​បន្ទុក ​បើក​ឱ្យកម្មករ ៤០ភាគរយ និងរដ្ឋាភិបាល ចូល​រួម​ចំណែក ២០ភាគរយ។

បើតាមលោក ខេន លូ ដដែល ឲ្យដឹងបន្ថែមថា បើគិតមកដល់ ចុងខែមីនា​កន្លងទៅ រោងចក្រប្រមាណជាង ៧០ បានស្នើសុំព្យួរការងារ ដែលធ្វើឲ្យប៉ះពាល់កម្មករ ប្រហែលជា ៣ម៉ឺននាក់៕



លំអិតបន្ថែមទៀត

ដំណឹង

គីម ជុងអ៊ុន ផ្ញើរសារសំដី​អបអរ​ប្រធានាធិបតី​ចិន អំពី«Covid-19»

មេដឹកនាំវ័យក្មេង របស់ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុងអ៊ុន (Kim Jong-un) បានផ្ញើរសារជាពាក្យសំដី ទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi ...
កម្ពុជា

អ្នកកាសែត​ខ្មែរ​មួយក្រុម​បង្ហាញ​សាមគ្គីភាព​ជាមួយ អ៊ួន ឈិន-យាង សុធារិន

នៅមុនជំនួប «បាយសាមគ្គី» ជាមួយលោក ហ៊ុន សែន ក្រុមអ្នកសារព័ត៌មាន ប្រមាណជា៤០នាក់ មកពីស្ថាប័ន​ចម្រុះ​ បានចេញលិខិតចំហរមួយ ដើម្បី​ទទូចទៅ​តុលាការគ្រប់ជាន់ថ្នាក់ ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ ទៅលើអតីតអ្នកយកព័ត៌មាន របស់វិទ្យុអាស៊ីសេរីពីររូប ...
លោក ហ៊ុន សែន ចាប់ឱបលោក ប្រយុទ្ធ ចន្ទអស្ចារ្យ នៅក្នុងវិមានរដ្ឋាភិបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតរដ្ឋាភិបាលថៃ)
កម្ពុជា

សម រង្ស៊ី អះអាងថា ហ៊ុន សែន ចាប់ពង្រត់ វ៉ាន់ឆាឡឺម ដើម្បី​សងគុណ ប្រយុទ្ធ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងថា ការចាប់ពង្រត់​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) កាលពីថ្ងៃទី៤ ខែមិថុនា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.