កម្ពុជាដំណឹង

ស្ថានទូតអាមេរិក បន្តប្រាប់​​ក្រុងភ្នំពេញ​ឲ្យដោះស្រាយ​ករណី កឹម សុខា

ស្ថានទូតអាមេរិក ប្រចាំក្នុងរាជធានីភ្នំពេញ បានបន្តគម្រាមរបបក្រុងភ្នំពេញ ឲ្យដោះស្រាយករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយភាពត្រឹមត្រូវ និងការគោរព បើសិនជារបបគ្រប់គ្រងមួយនេះ ចង់មានទំនាក់ទំនងល្អ ជាសហរដ្ឋ​អាមេរិក។

អ្នកស្រី​ អ៊ីមីលី ហ្សីប៊ើរ (Emily Zeeberg) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ​បាន​ផ្ញើ​សារ​អេឡិកត្រូនិក (email) កាលពីថ្ងៃអាទិត្យ ឲ្យអ្នកសារព័ត៌មាន អះអាងពីជំហរខាង​លើ​នេះ ដោយបញ្ជាក់ថា សហរដ្ឋ​អាមេរិក​ជា​សមាជិក​ហត្ថលេ​ខី ​នៃ​សន្ធិ​សញ្ញា​សន្តិ​ភាព​ ទីក្រុង​ប៉ារីស ​ដែល​មាន​១៨​ ប្រទេស​ ហើយ​ថា ​សហរដ្ឋ​អាមេរិក​មាន​ការ​ទទួល​ខុស​ត្រូវ ក្នុង​ការ​ត្រួត​ពិនិត្យ​ថាលទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​សិទ្ធិ​មនុ​ស្ស​ត្រូវ​បាន​គេ​គោរព​ នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកនាំពាក្យបានសរសេរថា៖

«លោក កឹម សុខា ​ត្រូវ​បានចោទ​ប្រកាន់​ ពីបទ​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ ដើម្បី​ផ្ដួលរំលំ​រដ្ឋា​ភិបា​ល ដែល​ការ​ចោទ​ប្រកាន់​នេះ​ វា​មិនសម​ហេតុ​សម​ផល​ និង​មិន​ត្រឹមត្រូវ​សោះឡើយ។ ដូច្នេះ​រដ្ឋា​ភិបា​ល​កម្ពុជា​ បាន​ទាញ​ពួកយើង ​ឲ្យ​ទៅជា​ប់​ទាក់​ទង​ដោយ​ផ្ទាល់ ​នៅ​ក្នុងសំនុំរឿង​នេះ។ ហើយកម្ពុជា​មិន​អាច​មាន​ទំនាក់​ទំនង ​ប្រកប​ដោយ​ផ្លែផ្កាជាមួយ​សហរដ្ឋ​អាមេរិក​នោះ​ទេ រហូត​ដល់​ករណី​ទាំង​នេះ​ត្រូវ​បាន​ដោះស្រាយ​ ដោយ​ភាព​ត្រឹមត្រូវ និង​ការ​គោរព។»

ជំហររបស់ស្ថានទូតនៃប្រទេសមហាអំណាច ទំនងជាធ្វើឡើង ដើម្បីតបនឹងសេចក្ដីថ្លែងការណ៍មួយ របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃរបបក្រុងភ្នំពេញ ដែលបានប្រតិកម្មនឹងការបង្ហោះសារមួយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត កាលពីចុងសប្ដាហ៍មុន ជុំវិញករណីដដែល របស់ប្រធានគណបក្សសង្គ្រោះជាតិ។

លោក កឹម សុខា ប្រធានគណបក្សប្រឆាំងធំជាងគេ ដែលត្រូវបានរំលាយចោល ដោយតុលាការរបបក្រុងភ្នំពេញ កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧នោះ បានរងការចោទថា ​បាន​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ របស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដោយសំអាង​ទៅលើការថ្លែងមួយ​របស់លោក (កឹម សុខា) កាលពីច្រើនឆ្នាំកន្លងទៅ ជាមួយក្រុមអ្នកគាំទ្រ ក្នុងប្រទេសអូស្ត្រាលី។

រាប់ពីថ្ងៃដែលលោក ត្រូវបានចូលទៅចាប់ខ្លួន នៅក្នុងគេហដ្ឋាន រហូតមកដល់ថ្ងៃនេះ លោក កឹម សុខា បានជាប់ឃុំអស់រយៈពេល ជិត ១៨ខែហើយ។

សារ​ដែលបង្ហោះនៅលើបណ្ដាញសង្គម ដោយ​ស្ថានទូត​អាមេរិក​ កាលពី​ល្ងាច​ថ្ងៃសុក្រ បានសរសេរ​ហៅលោក កឹម សុខា ថាជា​មនុស្ស ​«ស្អាត​ស្អំ​» ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមបទចោទប្រកាន់មិនពិត។ សាររបស់ស្ថានទូតបានបន្តថា៖

«មិនមានភស្តុតាងណាមួយ ប្រឆាំងនឹងគាត់ឡើយ ហើយក៏មិនទាន់ [មាន]ការកំណត់ [ដើម្បី]បើកសវនាការកាត់ទោសគាត់ដែរ។ គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌។ តើអ្នកកំពុងមើលឃើញ រូបភាពរួម[ដូច្នេះឬ]ទេ?»

តែសម្រាប់ក្រសួងការបរទេសកម្ពុជា ការបង្ហោះសារ​ពីសំណាក់ ស្ថានទូតអាមេរិក ដែលមានការចែករំលែក នៅពេលនេះ រហូតដល់ទៅជាង៦៤០០ដងនោះ មានលក្ខណៈ«មិនការទូត» និងបានជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជា។

សេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស បានចាត់ទុកការលើកឡើងនោះ ថាជា«សារអត្ថាធិប្បាយ​តែមួយជ្រុង លើសំណុំរឿងលោក កឹម សុខា» ហើយស្ថានទូតអាមេរិក ត្រូវបានទាមទារឲ្យ«បញ្ឈប់ជាបន្ទាន់ នូវសកម្មភាព​ដែល​មាន​ហេតុផល​​នយោបាយ និងគ្មានការទូតនេះ»។

ចំពោះលោក ជុំ កុសល ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការលើកឡើង របស់មន្ត្រីស្ថានទូតអាមេរិក ថាកំពុងដើរហួសពីតួនាទីរបស់អ្នកការទូត ដែលលោកអះអាងថា គប្បីត្រូវតែជាអ្នកសម្រួបសម្រួល ជាអ្នកនាំសារ និងជាអ្នកតភ្ជាប់ចំណងមិត្តភាព កាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ។

លោក ជុំ កុសល ដែលជាពិធីករនយោបាយ នៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក ស្និតនឹងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានសរសេរ​នៅលើបណ្ដាញសង្គមថា៖

«ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមួយចំនួន ដែលមានបេសកកម្មនៅកម្ពជា គឺតែងដើរហួសតួនាទីរបស់ខ្លួន ជ្រៀតជ្រែកចូល ក្នងកិច្ចការផ្ទៃក្នងកម្ពុជាជារឿយៗ ហើយថែមទាំងមានអគ្គរដ្ឋទូតខ្លះ បានបញ្ចេញឥរិយាបថមិនសក្តិសម ជាមន្ត្រីការទូតនៅចំពោះព្រះភ័ក្រព្រះមហាក្សត្រ និងសមាជិករដ្ឋសភានៃកម្ពុជា ថែមទៀតផង។»

រហូតមកដល់ថ្ងៃនេះ ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា មិនមានលក្ខណៈពេញលេញទេ ដោយហេតុថា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសមហាអំណាច ដែលត្រូវបានរដ្ឋបាល លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) តែងតាំងរួចជាស្រេចនោះ នៅមិនទាន់ចូលមកកាន់តំណែង ក្នុងរាធានីភ្នំពេញនៅឡើយ។

សម្រាប់ក្រុមអ្នកឃ្លាំមើលខ្លះ បានពន្យល់ថា អវត្តមាននៃឯកអគ្គរដ្ឋទូតពេញសមត្ថភាពរបស់ប្រទេសមហាអំណាច នៅក្នុងខណៈនេះ គឺជាសារដ៏សំខាន់មួយ ដើម្បីបញ្ជូនប្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ពីទំនាក់ទំនងខាងការទូត ដែលមិនគ្រប់លក្ខណៈ ក៏ដូចជាបង្ហាញពីមន្ទិល ទាក់ទងនឹងភាពស្របច្បាប់ នៃរដ្ឋាភិបាលឯកបក្សសព្វថ្ងៃនេះដែរ៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន៖ «ឪស្ដេច ម៉ែស្ដេច ក៏ខ្ញុំដាក់ដែរ»

នៅក្នុងការលូកដៃ ចូលទៅកកូរកកាយ ស្ថាប័នទូរទស្សន៍ឯកជនមួយ ដើម្បីគម្រាមអគ្គនាយកនៃស្ថាប័ននោះ ឲ្យចាកចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពាក្យខ្លាំងៗ ថា បើទោះជាជននោះ ជា«ឪស្ដេច ម៉ែស្ដេច» ...
ដំណឹង

អាមេរិក៖ ធ្លាយសារជាតិគីមី​នៅអាត្លង់តា ស្លាប់យ៉ាងតិច​៦នាក់

ការធ្លាយសារជាតិគីមី​«Nitrogen» ចេញពីរោងចក្រផលិតចំណីមួយ ឈ្មោះ​«Prime Pak Foods» ដែលស្ថិតក្នុងក្រុង «Gainesville» ភាគឦសាននៃ​ក្រុងអាត្លង់តា (រដ្ឋហ្សរចា ខាងកើតសហរដ្ឋអាមេរិក) បានបណ្ដាលឲ្យមនុស្ស«ស្លាប់យ៉ាងតិច​៦នាក់» និងមនុស្សជាង១០នាក់ទៀត ត្រូវបានជម្លៀស ...
កម្ពុជា

មេធាវីថា កឹម សុខា មិនបាន​ព្រមាន​មន្ត្រី​រឿង​«សុំសិទ្ធិ​​ធ្វើ​នយោបាយ»

ក្រុមមេធាវីការពារក្ដី ឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចេញមុខព្រមគ្នា មកអះអាងថា កូនក្ដីរបស់ខ្លួនមិនបានព្រមាន ឬហាមឃាត់មន្ត្រីគណបក្សណា ដែលចង់ ឬមិនចង់ «សុំសិទ្ធិ​​ធ្វើ​នយោបាយ» ឡើងវិញនោះឡើយ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.