កម្ពុជាដំណឹង

ហ៊ុន ម៉ានី ខឹង​នាយករដ្ឋមន្ត្រី​សិង្ហបូរី​ដែល​រំលឹកថា យួន​ចូល​ឈ្លានពានខ្មែរ

សម្រាប់លោក ហ៊ុន ម៉ានី កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើមេដឹកនាំបរទេសទាំងឡាយ សរសេរសំបុត្រឆ្លើយឆ្លងគ្នា ដោយលើកពីផ្នែកមួយ ដែលមានទាក់ទងពីប្រវត្តិសាស្ត្រកម្ពុជា មកបញ្ជាក់នោះ មេដឹកនាំបរទេសទាំងនោះគួរសរសេរ ពីគ្រប់ចំណុចទាំងអស់ ជាពិសេសពីចំណុច ដែលបម្រើនយោបាយ ឲ្យរដ្ឋាភិបាលឪពុករបស់លោក។

កូនប្រុសពៅរបស់លោក ហ៊ុន សែន បានប្រតិកម្មដូច្នេះ តបទៅនាយករដ្ឋមន្ត្រី សិង្ហបូរី លោក លី សៀន​ឡុង (Lee Hsien Loong) ជុំវិញលិខិតមួយរបស់មេដឹកនាំរូបនេះ ដែលផ្ញើរទៅកាន់នាយករដ្ឋមន្ត្រីថៃ លោក ប្រយុទ្ធ ចន្ទអស្ចារ្យ (Prayut Chan-o-Cha) ដើម្បីចូលរួមមរណទុក្ខ នៃមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ព្រេ​ម ទីន​ស៊ូ​ឡា​នុ​ន​ដា (Prem Tinsulanonda)។

លោកឧត្ដមសេនីយ៍ ព្រេម ទីនស៊ូឡានុនដា ធ្លាប់ជានាយករដ្ឋមន្ត្រីថៃ រវាងពីឆ្នាំ១៩៨០ មកដល់ឆ្នាំ១៩៨៨ និងបានទទួលមរណភាព កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងជន្មាយុ៩៨ឆ្នាំ។

លិខិតចូលរួមមរណទុក្ខ របស់នាយករដ្ឋមន្ត្រីសិង្ហបូរី ដែលត្រូវបានយកមកបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់លោកផ្ទាល់ កាលពីថ្ងៃព្រហស្បត្តិ៍ទី៣០ ខែឧសភា ឆ្នាំ២០១៩ បានស្ងើចសរសើរ ពីការដឹកនាំរបស់លោក ព្រេម ក្នុងអំឡុងពេលលោកជាមេដឹកនាំថៃនោះ ថាជាប្រយោជន៍ និងជាទិសដៅ សម្រាប់តំបន់ទាំងមូល។ លោក លី សៀនឡុង បានរៀបរាប់ថា៖

«ការដឹកនាំរបស់លោក [ព្រេម ទីនស៊ូឡានុនដា] ក៏បានផ្ដល់ប្រយោជន៍ សម្រាប់តំបន់ទាំងមូលផងដែរ។ សម័យកាលរបស់លោក ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ បានដើរស្របគ្នា នឹងសមាជិកអាស៊ានផ្សេងទៀត [មានចំនួន៥នៅពេលនោះ] ដើម្បីរួមគ្នាប្រឆាំង នឹងការឈ្លានពានរបស់វៀតណាម មកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា [នៅពេលនោះ] ដែលត្រូវបានដាក់ជំនួស រដ្ឋាភិបាលខ្មែរក្រហម។»។

លោក លី សៀន​ឡុង សរសេរ​បន្តទៀតថា​៖

«ប្រទេសថៃបានស្ថិតនៅខ្សែត្រៀមជួរមុខ ដើម្បីប្រឈមនឹងកងទ័ពវៀតណាម នៅតាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយកម្ពុជា។ លោកឧត្តមសេនីយ៍ ព្រេម បានសម្រេចចិត្តយ៉ាងមុតមាំ ក្នុងការបដិសេធ មិនទទួលយកអ្វី ដែលកំពុងកើតឡើង (Editor’s Note: ការឈ្លានពានរបស់វៀតណាម និងការលើកបន្តុបរដ្ឋាភិបាលកម្ពុជាមួយឡើង) ហើយបានធ្វើការជាមួយដៃគូ ក្នុងអាស៊ាន ដើម្បីប្រឆាំងវៀតណាម នៅតាមវេទិកាអន្តរជាតិនានា។»។

នាយករដ្ឋមន្ត្រីក្នុងតំណែងសព្វថ្ងៃ របស់ប្រទេសសិង្ហបូរី បានបញ្ជាក់បន្ថែមថា៖

«គោលនយោបាយនោះ បានរារាំងការប៉ុនប៉ងធ្វើឲ្យស្របច្បាប់ នូវទង្វើឈ្លានពាន និងការផ្លាស់ប្ដូររបបមួយ តាមកម្លាំងយោធា។  ហើយវាបានជួយការពារសន្តិសុខ នៃបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍ផ្សេងទៀត និងបានកំណត់យ៉ាងច្បាស់លាស់ នូវទិសដៅនៃតំបន់ទាំងមូល។»

Wrote to Thai PM Prayut Chan-o-Cha to express my condolences on the passing of former Thai PM and President of the Privy…

Publiée par Lee Hsien Loong sur Jeudi 30 mai 2019

«លោក ហ៊ុន ម៉ានី ហួសចិត្ត…»

នៅចំពោះលិខិត និងជំហររបស់លោក លី សៀនឡុង ជុំវិញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដ៏ចម្រូងចម្រាសនៅកម្ពុជា លោក ហ៊ុន ម៉ានី បានសំដែងការហួសចិត្តយ៉ាងខ្លាំង និងបានចេញមក លាងជម្រះភាសា«ឈ្លានពាន» ដោយជំនួសមកវិញ នូវភាសាដូច្នេះថា «ការជួយសង្គ្រោះប្រជាជនកម្ពុជា ជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដោយមានការជួយឧបត្ថម្ភ ពីប្រទេសវៀតណាម»។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន កូនប្រុសពៅនាយករដ្ឋមន្ត្រី និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរជាភាសាអង់គ្លេស​ ឡើងថា៖

«​បើទោះជា​វា​ជា​ការ​ពិត ​នៃ​ភូមិសាស្ត្រ​នយោបាយ ឬ​ជាប្រយោជន៍​ជាតិ​របស់ខ្លួន នៅពេលនោះ​ក៏ដោយ ក៏គេ​មិនគួរ​មើលរំលង ឬ​បំភ្លេច​អំពើ​ឃោរឃៅ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ជាពិសេសអំពើប្រល័យពូជសាសន៍ ដែល​ប្រព្រឹត្ត​ដោយ​ពួក​ខ្មែរក្រហម​នោះទេ។ ដូចគ្នានេះ ពិភពលោកមិនគួរបំភ្លេច អំពីអ្វីដែលប្រជាជនកម្ពុជា បានឆ្លងកាត់​ឡើយ។ ក្នុងរយៈពេល ៣ឆ្នាំ៨ខែ២០ថ្ងៃ និងដោយសារពិភពលោក​បានបិទភ្នែក មិនមើលយើងនោះហើយ ទើបប្រជាជនខ្មែរស្លូតត្រង់ ជិត៣លាននាក់ បានបាត់បង់ជីវិត។»

កូនប្រុសលោក ហ៊ុន សែន ដែលជាប្រធានសហព័ន្ធយុវជនកម្ពុជាផងនោះ បាន​បន្តទៀតថា៖

«នៅពេលដែល​គ្រប់គ្នា​កំពុង​លេង​នយោបាយ ប្រជាជន​កម្ពុជា​ឯនេះ កំពុង​បន់ស្រន់​រក​អ្នកណា​ក៏បាន មកពី​ទីណា​ក៏បាន តែយើងគ្រាន់តែសុំ ឲ្យ​មកជួយ​សង្គ្រោះ​ជីវិត​របស់​យើង ​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហមប៉ុណ្ណោះ​។​ ​ការជួយ​សង្គ្រោះ [ពលរដ្ឋ​កម្ពុជា​] គឺ​ជាស្នាដៃរបស់គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​ការជួយឧបត្ថម្ភ ​ពី​ប្រទេស​វៀតណាម​៕»

I was somewhat beyond surprised to have seen this post by Prime Minister Lee Hsien Loong. In my own personal capacity,…

Publiée par Hun Many sur Vendredi 31 mai 2019


You may also like

កម្ពុជា

ហ៊ុន សែន ថាកម្ពុជាមិនដូរ​«ឯករាជភាព និងអធិបតេយ្យភាព»​ទៅនឹងអ្វីផ្សេង

នៅចំពោះការបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ក្នុងជំហានដើម្បីដកកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកប្រកាស​ជំហរ​របស់របបដឹកនាំ​របស់លោក​ថា កម្ពុជា​នឹងមិនយក​«ឯករាជភាព និងអធិបតេយ្យភាព»របស់ខ្លួន ទៅដោះដូរ​ជាថ្នូរ​នឹងអ្វីមួយ​ឡើយ។ នៅបណ្ដាញសង្គម លោក ហ៊ុន ...
កម្ពុជា

ហ៊ុន សែន ព្រមាន​ឈប់​និយាយ​រក​​គណបក្ស​ប្រឆាំង

នាយករដ្ឋមន្ត្រីកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាង ៣ទសវត្សន៍មកនោះ បានព្រមាននៅព្រឹក ថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩​ នេះ ថាលោកបាននិយាយរួចរាល់ អស់ហើយ ហើយនឹងមិននិយាយបន្ថែម ...
កំសាន្ដ

ភរិយា ហ៊ុន សែន ហាមស្វាមីស្លៀក​«ខោខ្លី»​ទៅហាត់ប្រាណ

អ្នកស្រី ប៊ុន រ៉ានី បានហាមលោក ហ៊ុន សែន ដែលជាស្វាមី កុំឲ្យស្លៀក«ខោខ្លី»ទៅហាត់ប្រាណ។ នេះ បើតាម​ការបង្ហើប​ឲ្យដឹង ពីសំណាក់លោក ហ៊ុន សែន ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...