ក្រុម«អ្នកជំនាញ»នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានរិះគន់ចំពោះការចាត់វិធានការ ឱ្យកម្មករកាស៊ីណូ ដែលបានធ្វើកូដកម្មនៅកម្ពុជា បន្តធ្វើចត្តាឡីស័ក ក្នុងក្របខណ្ឌការពារជំងឺ «Covid-19 (កូវីដ-១៩)» ដោយលើកឡើងថា អាជ្ញាធរមិនត្រូវប្រើវិធានការសុខភាពសាធារណៈ ជាសំអាងក្នុងការបង្រ្កាប លើសកម្មភាពកូដកម្មស្របច្បាប់ និងដោយសន្តិវិធីនោះទេ។
ក្រុមអ្នកជំនាញ ដែលបញ្ចេញប្រតិកម្មខាងលើ តាមរយៈសេចក្ដីថ្លែងការណ៍របស់ពួកគេ ពីការិយាល័យ អ.ស.ប ក្នុងក្រុងហ្សឺណែវ (ប្រទេសស្វីស) មានចំនួន៥រូប រួមមាន លោក «Vitit Muntarbhorn» អ្នករាយការណ៍ពិសេស ស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា, អ្នកស្រី «Irene Khan» អ្នករាយការណ៍ពិសេស ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិក្នុងការមានមតិ និងបញ្ចេញមតិ, អ្នកស្រី «Mary Lawlor» អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស, លោកវេជ្ជបណ្ឌិត «Tlaleng-Mofokeng» អ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិទទួលបានសេវាសុខភាព, និងលោក «Clément Nyaletsossi Voule» អ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិសេរីភាពខាងការជួបប្រជុំ និងការបង្កើតសមាគម។
សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយ ក្នុងល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានស្រង់សម្ដីរបស់ក្រុមអ្នកជំនាញ មកសរសេរឡើងថា៖
«យើងឃើញមានភាពមិនស៊ីសង្វាក់គ្នាជារួម និងកង្វះតម្លាភាព ក្នុងវិធានការ គ្រប់គ្រងជំងឺកូវីដ-១៩ របស់កម្ពុជា (…) ក្នុងករណីនេះ អាជ្ញាធរហាក់ដូចជាប្រឹងប្រែង រារាំងសកម្មភាពការងារដោយសន្តិវិធី និងស្របច្បាប់ ដោយសំអាងលើវិធានការសុខភាពសាធារណៈ។ អាជ្ញាធរមិនគួរប្រើប្រាស់វិធានមួយ សម្រាប់អនុវត្តជាមួយក្រុមកូដករ និងវិធានមួយទៀត សម្រាប់សាធារណៈជនទូទៅនោះទេ។»
ក្រុម«អ្នកជំនាញ»ឯករាជ្យទាំង៥រូប ដែលត្រូវបានតែងតាំង ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភថា ជាងមួយសប្តាហ៍បន្ទាប់ពីការបង្ខំឱ្យធ្វើតេស្ត រកមេរោគ«Covid-19» ក្រុមកូដកររាប់រយនាក់ បានផ្ដល់ព័ត៌មានថា ខ្លួននៅមិនទាន់ទទួលបានលទ្ធផលតេស្ត ឬភាពច្បាស់លាស់អំពីពេលវេលា ដែលពួកគេនឹងត្រូវបានអនុញ្ញាត ឱ្យបញ្ចប់ចត្តាឡីស័កនោះទេ។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹង កាលពីព្រឹកថ្ងៃដដែល (ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២) ណែនាំក្រុមកូដករ ឱ្យផ្លាស់ទៅធ្វើកូដកម្ម នៅទីតាំងក្រៅទីប្រជុំជន នៃរាជធានីភ្នំពេញ ដែលឆ្ងាយពីការមើលឃើញ និងស្ដាប់ឮ របស់កាស៊ីណូណាហ្កាវើលដ៍។ ក្រុមអ្នកជំនាញបាននិយាយថា បទបញ្ជាចុងក្រោយនេះ មិនស្របនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិនោះទេ។
កូដកម្មដែលបានចាប់ផ្តើម តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានផ្អាកនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោយពេលអាជ្ញាធរបានប្រកាសថា មានកូដករម្នាក់ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ បើទោះបីជាបុគ្គលនោះមិនមានវត្តមាន នៅទីតាំងធ្វើកូដកម្មប្រមាណពីរសប្តាហ៍ មុនពេលដែលគាត់មានវិជ្ជមានកូវីដ-១៩ក៏ដោយ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរកម្ពុជាបានរារាំងក្រុមកូដកររាប់រយនាក់ មិនឱ្យធ្វើដំណើរ ទៅទីតាំងធ្វើកូដកម្ម ហើយបានបង្ខំឱ្យពួកគេឡើងលើរថយន្តក្រុង ដើម្បីយកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ជាកំហិត នៅកន្លែងធ្វើតេស្ត ដែលត្រូវបានរៀបចំជាបណ្តោះអាសន្ន។ បច្ចុប្បន្ន កូដករជាច្រើននាក់ កំពុងរង់ចាំលទ្ធផល នៃការធ្វើតេស្តលើកទីពីរ ទោះបីបន្ទាប់ពីពួកគេទទួលបានលទ្ធផលអវិជ្ជមាន ពីការធ្វើតេស្តលើកទីមួយក៏ដោយ។ អាជ្ញាធរបានណែនាំថា សូម្បីអ្នកដែលទទួលលទ្ធផលអវិជ្ជមានពីតេស្ត «PCR» ក៏ដោយ ក៏ត្រូវតែនៅដាច់ដោយឡែក រយៈពេលប្រាំពីរថ្ងៃទៀតដែរ។
ក្រុមអ្នកជំនាញខាងសិទ្ធិមនុស្សខាងលើ បានលើកឡើងទៀតថា៖
«វិធានការនេះ ជាការបញ្ចប់ភាពបន្តគ្នារបស់កូដកម្មនេះ ដែលត្រូវបានធ្វើឡើងដោយស្របច្បាប់។ អ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះទៅទៀតនោះ គឺការផ្តល់លទ្ធផលតេស្តយឺតយ៉ាវ ហើយវិធីសាស្ត្រទូទៅទាំងនេះ បង្ហាញពីការអូសបន្លាយពេលវេលារបស់អាជ្ញាធរ ក្នុងគោលបំណងរារាំងសិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម ការបញ្ចេញមតិ និងការជួបប្រជុំ។»
នៅក្នុងប្រទេសកម្ពុជា ពិធីសារនៃការធ្វើតេស្ត នាពេលបច្ចុប្បន្ន ជាទូទៅមិនទាមទារ ឱ្យមានការដាក់ខ្លួនដោយឡែក ចំពោះអ្នកដែលទទួលបានលទ្ធផលអវិជ្ជមាន ពីការធ្វើតេស្តរកមេរោគ កូវិដ-១៩ នោះទេ។
ក្រុមអ្នកជំនាញ បានសម្ដែងក្ដីបារម្ភ ចំពោះវិធានការរបស់អាជ្ញាធរ ដែលអាចនឹងមានការចាប់ខ្លួនបន្ថែមទៀត ក៏ដូចជាអំពើហិង្សា ពីសំណាក់នគរបាល លើក្រុមកូដករផងដែរ។ មកដល់ថ្ងៃនេះ យ៉ាងហោចណាស់ មានថ្នាក់ដឹកនាំ និងសកម្មជនសហជីព ចំនួន៣៥នាក់ ត្រូវបានចាប់ខ្លួនគិតពីពេលកូដកម្មបានចាប់ផ្តើម កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្នុងគោលបំណងទាមទាររកដំណោះស្រាយ ចំពោះការបញ្ឈប់បុគ្គលិកកាស៊ីណូណាហ្កាវើលដ៍ ចំនួន៣៦៥នាក់ ពីការងារដោយអយុត្តិធម៌ ។
មានមនុស្ស៧នាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីការចេញដីកាថ្មីៗ របស់រដ្ឋាភិបាល។ ក្នុងចំណោមនោះ មានមនុស្ស៣នាក់ កំពុងស្ថិតក្នុងការឃុំខ្លួនដោយរងការចោទប្រកាន់ពីបទ “រារាំងការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩” ហើយក្រៅពីនោះ គឺត្រូវបានដោះលែង។
មន្ត្រីជំនាញខាងសិទ្ធិមនុស្ស របស់អង្គការពិភពលោក បានបន្ថែមថា៖
«ដោយយោងតាមព័ត៌មាន ដែលអាចជឿជាក់បាន គឺថាមានដីកាបង្គាប់ចាប់ខ្លួន តែពីរប៉ុណ្ណោះ ប៉ុន្តែមានមនុស្សរហូត៧នាក់ ត្រូវបានឃុំខ្លួនដោយមន្រ្តីនគរបាល ខណៈមានវីដេអូលេចឡើងបង្ហាញថា មានអ្នកដែលត្រូវបានឃុំខ្លួនម្នាក់ ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។»
ក្រុមមន្ត្រីបានបន្តថា រដ្ឋាភិបាលមានកាតព្វកិច្ចក្រោមសន្ធិសញ្ញា និងអនុសញ្ញា ដែលកម្ពុជាបានផ្តល់សច្ចាប័នជាច្រើន ដើម្បីការពារសិទ្ធិមនុស្ស របស់ក្រុមកូដករ។ លើសពីនេះ កម្ពុជាមានកាតព្វកិច្ចគោរពសិទ្ធិ ក្នុងការបញ្ចេញមតិ សេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងសិទ្ធិបង្កើត និងចូលរួមសហជីព ស្របតាមសេចក្តីប្រកាសសិទ្ធិមនុស្ស អាស៊ាន និងលិខិតូបករណ៍ពាក់ព័ន្ធនានា។
«របៀប ដែលអាជ្ញាធរបានដាក់កំហិត លើអ្នកធ្វើកូដកម្មស្របច្បាប់ និងដោយសន្តិវិធី ដោយផ្អែកលើការព្រួយបារម្ភ អំពីសុខភាពសាធារណៈបែបនេះ គឺមិនសមហេតុផល មិនចាំបាច់ និងមិនសមាមាត្រ ក្នុងកាលៈទេសៈនេះទេ។ អាជ្ញាធរគួរតែចូលរួម ក្នុងការសន្ទនាដោយសន្តិវិធី និងមានភាពអត់ធ្មត់ ជាមួយក្រុមកូដករ ជាជាងការប្រើវិធានការធ្ងន់ធ្ងរទាំងនោះ៕»