អាជ្ញាធររដ្ឋាភិបាល នៃប្រទេសកម្ពុជា កំពុង«បំពានធ្ងន់ធ្ងរ»​ចំពោះសិទ្ធិឯកជន របស់បុគ្គលទាំងឡាយ ដែលបាន​ធ្វើតេស្ដិ៍​វិជ្ជមាន​កូវីដេ-១៩ (Covid-19) បន្ទាប់ពីអត្តសញ្ញាណ​របស់ពួកគេ ត្រូវបានផ្សព្វផ្សាយចេញ ជាសាធារណៈ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (អ.ស.ប) ដែលចេញផ្សាយ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស។

កាលពីដើមខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន បានសម្រេចចេញបញ្ជា ឲ្យព្យួរ«សិទ្ធិឯកជនពលរដ្ឋ» និងបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​ ជាសាធារណៈ ដើម្បីអ្វីមួយ ដែលបុរសខ្លាំងរូបនេះ អះអាងថា ជាការទប់ស្កាត់ការរីករាលដាល នៃការបន្តឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍​ និងលើផ្ទៃ​ប្រទេស ដែលមកដល់ថ្ងៃនេះ (ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០) ត្រូវបានរកឃើញកើនឡើង ជាង៤០នាក់រួចហើយ។

ការសម្រេចនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងភ្លាមៗ ដោយគ្មាន​ការឆ្លងកាត់​ការអនុម័ត​យល់ព្រម ពីសំណាក់សភា​ទាំងពីរថ្នាក់ របស់ប្រទេសកម្ពុជានោះទេ មុននឹងត្រូវបាន​ក្រសួង​សុខាភិបាល​​អនុវត្តន៍តាម យ៉ាងមានប្រសិទ្ធិភាព។ អត្តសញ្ញាណ និងរូបថតរបស់អ្នកជំងឺ ឬអ្នកដែលធ្វើតេស្ដិ៍ រកឃើញវិជ្ជមាន​កូវីដ-១៩ ត្រូវបានស្ថាប័នរដ្ឋាភិបាល រួមនឹងសេនាធិការផ្សេងទៀត ធ្វើការផ្សព្វ​ផ្សាយយ៉ាងគគ្រឹកគគ្រេង នៅតាមប្រព័ន្ធ​ផ្សព្វផ្សាយ និងនៅលើបណ្ដាញសង្កម។

ផ្ទុយទៅវិញ បទបញ្ជារបស់នាយករដ្ឋមន្ត្រីចាស់វស្សា បានបង្កការភ្ញាក់ផ្អើល សម្រាប់ក្រុមអ្នកជំនាញ ផ្នែកសិទ្ធិមនុស្ស របស់អង្គការ​សហប្រជាជាតិ ដែលរួមមានអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា, លោក ត្លាលេង ម៉ូហ្វូកេង (Tlaleng Mofokeng) អ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិជនគ្រប់រូប ក្នុងការទទួលបាន កម្រិត​ជីវភាពរស់នៅខ្ពស់បំផុត ផ្នែកសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត និងលោក ចូសិប ខាណាតាស៊ី (Joseph Cannataci) អ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិឯកជន។

តាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានក្នុងរសៀលថ្ងៃទី១១ ខែធ្នូនេះ ក្រុមអ្នកជំនាញខាងលើ បានហៅការផ្សព្វផ្សាយ នូវអត្តសញ្ញាណរបស់អ្នកជំងឺទាំងនោះ ធ្វើឡើងដោយមិនចាំបាច់ ហើយវាជាការបំពានធ្ងន់ធ្ងរ លើសិទ្ធិឯកជន។

ក្រុមអ្នកជំនាញត្រូវបានស្រង់សំដី មកបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍នោះថា៖

«ការបង្ហាញឈ្មោះ និងការធ្វើឱ្យអាម៉ាស់ ជាសាធារណៈ ដល់អ្នកដែលឆ្លងវីរុសនេះ អាចនាំឱ្យមានការរើសអើង និងការម៉ាក់ងាយ។ សកម្មភាពទាំងនេះ គឺជាការរំលោភ បំពានធ្ងន់ធ្ងរ លើសិទ្ធិឯកជន។ (…) វាក៏អាចធ្វើឱ្យប្រជាជន មានការរារែកចិត្ត ក្នុងការធ្វើតេស្តផងដែរ ប្រសិនជាពួកគេមានរោគសញ្ញាជំងឺកូវីដ-១៩ ឬប្រសិនជាពួកគេសង្ស័យថា ខ្លួនមានហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩ នេះ ដោយសារបាននៅជិត ក្បែរអ្នកដែលបានធ្វើតេស្តវិជ្ជមាន ដោយវីរុសនេះ។»

«មានការព្រួយបារម្ភយ៉ាងខ្លាំងថា ទិន្នន័យផ្ទាល់ខ្លួន បាននិងកំពុងប្រមូល ព្រមទាំងផ្សព្វផ្សាយ ដោយគ្មានការយល់ព្រម។ មិនមាន​បញ្ញត្តិ​ច្បាប់ណាមួយ ដែលអនុញ្ញាត ឱ្យធ្វើការប្រមូល ដំណើរការ និងបោះពុម្ពផ្សាយទិន្នន័យផ្ទាល់ខ្លួន បែបនេះឡើយ។ ច្បាប់ស្តីពីការរក្សា​ការសំងាត់ និងសិទ្ធិឯកជន តម្រូវឱ្យធានាការពារសមស្រប និងដោះស្រាយតាមផ្លូវច្បាប់ ចំពោះបុគ្គល​ដែលទទួលរង​​ផលប៉ះពាល់ ដើម្បីធានា​ការប្រើប្រាស់គត់ហ្មត់ នូវទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យទាក់ទងនឹងសុខភាព ព្រមជាមួយនឹងការត្រួតពិនិត្យ​ដោយឯករាជ្យ។»

សេចក្ដីថ្លែងការណ៍ បានបន្តអះអាងថា ការរាតត្បាតជាសកល បានដាក់ការធានាការពារទិន្នន័យ ចំពោះការធ្វើតេស្ត។ រាល់ព័ត៌មាន​ផ្ទាល់ខ្លួន​ណាមួយ ដែលប្រមូលបាន ក្នុងការតាមស្វែងរក អ្នក​ដែលប៉ះពាល់ ដោយជំងឺកូវីដ-១៩ គួរតែបានកំណត់ត្រឹមតែអ្វី ដែលចាំបាច់​បំផុត និងមានសមាមាត្រ ដើម្បីបញ្ឈប់ការរីករាលដាល នៃជំងឺនេះតែប៉ុណ្ណោះ។

ក្រុមអ្នកជំនាញ​បានជំរុញ​ឱ្យអាជ្ញាធរកម្ពុជាធានាថា ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេស ជនដែលងាយរងគ្រោះបំផុត អាចទទួលបាន នូវវិធានការ​សុខភាពសាធារណៈ រួមទាំងការធ្វើតេស្ត ការណែនាំ ការប្រឹក្សាយោបល់ និងការពិនិត្យព្យាបាល។ ក្រុមអ្នកជំនាញ អ.ស.ប បានសម្តែងកង្វល់ផងដែរ អំពីការរីករាលដាល នៃជំងឺរាតត្បាត នៅក្នុងពន្ធនាគារកម្ពុជា ហើយបានអំពាវនាវ​ ឱ្យរដ្ឋាភិបាល​អនុវត្តជាបន្ទាន់ តាមការសន្យារបស់ខ្លួន ដើម្បីធ្វើតេស្ត​ជនជាប់ឃុំ។

ជាប្រតិកម្មតបវិញ តំណាងរដ្ឋាភិបាលកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ បានហៅ​ការលើកឡើង​ខាងលើ របស់​ក្រុមអ្នកជំនាញ ថាជាការលើកឡើង របស់​«បុគ្គលខ្លះ» ដែលមិនស្គាល់ច្បាស់ អំពីកម្ពុជា។ សេចក្ដីថ្លែងការណ៍ ចេញផ្សាយ​​ក្នុងថ្ងៃតែមួយ (ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០) បានសរសេរ​ឲ្យដឹងថា៖

«ចម្បងនិងសំខាន់បំផុត គឺសិទ្ធិមានជីវិត សិទ្ធិរស់រាន សិទ្ធិទទួលបានការព្យាបាលសុខភាព។»

យ៉ាងណា ក្រុមអ្នកជំនាញខាងលើ បានស្វាគមន៍សេចក្តីប្រកាស របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១០ ខែធ្នូ ដែលបានបញ្ជាក់ ពីការប្តេជ្ញាចិត្ត​របស់ខ្លួន ក្នុងការគោរពសិទ្ធិឯកជនរ​បស់បុគ្គល និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយបានកត់សម្គាល់ថា សេចក្តីប្រកាស​ព័ត៌មានស្តីពីជំងឺកូវីដ-១៩ របស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១១ ខែធ្នូ បានដកចេញ នូវរូបថតរបស់បុគ្គលមួយចំនួន ដែលបានធ្វើរោគវិនិច្ឆ័យ ថាវិជ្ជមានកូវីដ-១៩៕



លំអិតបន្ថែមទៀត

កម្ពុជា

រលំអគារចិន៖ យន្ដ មីន លាលែង ខណៈ ញឹម វណ្ណដា ត្រូវ​ដកចេញ​ពីតំណែង

ជាការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបនឹងធ្លាក់មកដល់ នៅមុននេះបន្តិច ទាក់ទងនឹងហេតុការណ៍រលំស្រុតអគារ កំពស់៧ជាន់ កាលពីព្រឹកថ្ងៃសៅរ៍ នៅខេត្តព្រះសីហនុ។ លោក យន្ដ មីន ដែលជាអភិបាលខេត្ត ...
និមិត្តសញ្ញារបស់ស្ថានទូតអាមេរិក និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថតកាត់ត)
កម្ពុជា

កម្ពុជាថា អាមេរិក​«គឃ្លើន»​ដែល​បរិហារ​ជាថ្មី ការបោះឆ្នោត​ឆ្នាំ​២០១៨

គឃ្លើន – របបក្រុងភ្នំពេញ បានប្រតិកម្ម​ខ្លាំងៗ តបការលើកឡើង របស់ស្ថានទូតសហរដ្ឋ​អាមេរិក ដែលបង្ហោះសារ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន រំលឹកឡើងវិញ ហៅការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០១៨ ថា«មានកំហុសឆ្គងយ៉ាងខ្លាំង» ...
កម្ពុជា

ផែង វណ្ណៈ រង​បណ្ដឹង​មួយទៀត ទារ​ជំងឺចិត្តជាង​«១លានដុល្លារ»

បន្ទាប់ពីបណ្ដឹងចំនួនបីមុន នៅថ្ងៃនេះ មន្ត្រីយោធា និងជាម្ចាស់គណនីហ្វេសប៊ុក ដ៏ល្បីល្បាញ លោក ផែង វណ្ណៈ បានរងបណ្ដឹងមួយទៀត ពីអ្នកប្រើប្រាស់បណ្ដាញសង្គមដូចគ្នា។ នោះ គឺបណ្ដឹងរបស់លោក ខាន់ សុវណ្ណ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.