កម្ពុជាដំណឹង

បណ្ដុំអង្គការ​២៤​បរិហារ​ក្រុងភ្នំពេញ ថាមិនអើពើ​អង្កេត​ពីឃាតកម្ម កែម ឡី

មានតែជនសង្ស័យម្នាក់ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់  ដែលត្រូវបានកាត់ទោសរួច ពិតជាចប់រឿងឬ? សម្រាប់អង្គការជាតិ-អន្តរជាតិធំៗ ចំនួន២៤ (រាយឈ្មោះខាងក្រោម) បានហៅការបំបែកសំនុំរឿង ខាងលើនេះ ថាជាការលេងសើច និងបានរិះគន់របបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមិនអើពើអង្កេតពីឃាតកម្ម ដ៏សហាវព្រៃផ្សៃ  ដែលបានសម្លាប់លោកបណ្ឌិត កែម ឡី កណ្ដាលរាជធានីភ្នំពេញ កាលពី៣ឆ្នាំមុននេះទេ។

នៅមួយថ្ងៃមុនខួបបីឆ្នាំ នៃឧក្រិដ្ឋកម្មដ៏កក្រើកនេះ ក្រុមអង្គការទាំងនោះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដ៏វែងអន្លាយមួយ លើកឡើងជាបន្តបន្ទាប់ អំពីការស្វែងរកយុត្តិធម៌មួយ ដែលខ្វះឯករាជ្យភាព និងភាពទទួលយកបាន ដោយសារគ្មានការស៊ើបអង្កេតស៊ីជម្រៅ និងប្រសិទ្ធិភាព ជាពិសេស«ឆន្ទះនយោបាយ» របស់រដ្ឋាភិបាលក្រុងភ្នំពេញសព្វថ្ងៃ។

ពីក្នុងចំណោមអង្គការទាំងនោះ អង្គការអន្តរជាតិដ៏សំខាន់ និងដែលលេចធ្លោជាងគេ ដូចយ៉ាង «International Commission of Jurists» «Human Rights Watch» និង «Amnesty International» តែងបានចេញរបាយការណ៍របស់ផងខ្លួន ពន្យល់ថា ករណីរបស់ជនសង្ស័យ អឿត អាង មិនមានការស៊ើបអង្កេត ឲ្យបានគ្រប់គ្រាន់នោះទេ។ បើសូម្បីជនសង្ស័យខ្លួនឯង ក៏មិនទទួលបានសិទ្ធិ នៃការកាត់ទោសមួយ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌នោះដែរ។

បណ្ឌិត កែម ឡី ត្រូវបានឃាតករឈាមត្រជាក់បាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅខណៈលោក កំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ កណ្ដាលរាជធានីភ្នំពេញ។ មកដល់ថ្ងៃនេះ មានតែបុរស អឿត អាង ហៅ ជួប សម្លាប់ តែម្នាក់គត់ ដែលត្រូវបានចាប់ខ្លួននិងផ្ដន្ទាទោស។

អ្នកស្រី «Debbie Stothard» អគ្គលេខាធិការ នៃសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) ដែលជាអង្គការមួយ ក្នុងចំណោមអង្គការទាំង២៤ ត្រូវបានស្រង់សំដី មកបញ្ជាក់ថា៖

«សវនាការកាត់ក្ដី លើជនសង្ស័យសម្លាប់លោក កែម ឡី នៅមានលក្ខណៈបិតបាំង។ អសមត្ថភាពនៃអាជ្ញាធរកម្ពុជា ក្នុងការកំណត់អត្តសញ្ញាណ និងការកាត់ទោសមេគំនិត ដែលនៅពីក្រោយឃាតកម្ម លើរូបលោកបណ្ឌិត បង្ហាញថា គេត្រូវការជាបន្ទាន់ នូវការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីផ្តល់យុត្តិធម៌ ជូនគ្រួសាររបស់លោក និងដើម្បីឈានទៅបញ្ចប់និទណ្ឌភាព។»

កាតព្វកិច្ច​ដើម្បីបញ្ចៀស​ការរិះគន់ ថាមិនអើពើ​អង្កេត​ពីឃាតកម្ម

សេចក្ដីថ្លែងការណ៍បានបន្តថា នៅប៉ុន្មានថ្ងៃ ក្រោយពីហេតុការណ៍​ដ៏រន្ធត់នេះ អង្កការ «International Commission of Jurists» បានផ្ដល់អនុសាសន៍ចំនួន៥ ដល់អាជ្ញាធរ ដើម្បីពន្យល់ពីកាតព្វកិច្ច របស់ប្រទេសកម្ពុជា ក្នុងការបើកការស៊ើបអង្កេតមួយ ដែលមានលក្ខណៈឯករាជ្យ ទទួលយកបាន និងមានប្រសិទ្ធិភាព។ តែរហូតមកដល់ថ្ងៃនេះ រដ្ឋាភិបាលលោក ហ៊ុន សែន មិនដែលខ្វាយខ្វល់ ពីអនុសាសន៍ទាំងនោះទេ។

បណ្ដុំអង្គការទាំងនេះ បានគូសបញ្ជាក់ថា៖

«ដោយអនុលោមទៅតាមច្បាប់អន្តរជាតិ ដែលចងភ្ជាប់កម្ពុជា រួមទាំងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលប្រទេសកម្ពុជា គឺជារដ្ឋភាគីមួយដែរនោះ ប្រទេសមួយនេះចាំបាច់ ត្រូវមានកាតព្វកិច្ចស៊ើបអង្កេត យ៉ាងឆាប់រហ័សដោយឯករាជ្យ មិនលំអៀង និងមានប្រសិទ្ធិភាព ចំពោះមរណភាពទាំងឡាយណា ដែលរងការសង្ស័យថា ខុសច្បាប់។»

«ការស៊ើបអង្កេត មិនត្រឹមតែស្វែងរកអត្តសញ្ញាណ នៃជនដៃដល់ប៉ុណ្ណោះទេ តែត្រូវស្វែងរកជនផ្សំគំនិតដទៃទៀត ដែលជាប់ពាក់ព័ន្ធ៕»


អង្គការជាតិ និងអន្តរជាតិ ទាំង២៤ រួមមាន៖

1. Amnesty International

2. Article 19

3. ASEAN Parliamentarians for Human Rights 

4. Asian Forum for Human Rights and Development (Forum-Asia)

5. Asian Network for Free Elections (ANFREL)

6. Cambodian Alliance of Trade Unions (CATU)

7. Cambodian Center for Human Rights (CCHR)

8. Cambodian Food and Service Workers Federation (CFSWF)

9. Cambodian Human Rights and Development Association (ADHOC)

10. Cambodian League for the Promotion and Defense of Human Rights (LICADHO) 

11. Cambodian Youth Network (CYN)

12. Center for Alliance of Labor and Human Rights (CENTRAL)

13. Civil Rights Defenders

14. Coalition of Cambodian Farmer Community (CCFC)

15. Equitable Cambodia

16. Human Rights Watch

17. Independent Democracy of Informal Economy Association (IDEA)

18. International Commission of Jurists 

19. International Federation for Human Rights (FIDH)

20. International Freedom of Expression Exchange (IFEX)

21. Labor Rights supported union of Khmer Employees of NagaWorld

22. Lawyers’ Rights Watch Canada

23. Not One More (N1M)

24. Southeast Asian Press Alliance



លំអិតបន្ថែមទៀត

កម្ពុជា

ក្រុមអ្នកជំនាញ អ.ស.ប ថាការជំនុំជម្រះក្តី កឹម សុខា «គ្មានគុណភាព»

«គ្មានគុណភាព» នេះជាការអះអាងឡើង របស់ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដើម្បីហៅការជំនុំជម្រះក្តី ពីបទក្បត់ជាតិ ដែលបានបើកសវនាការ ក្នុងអាទិត្យនេះ ប្រឆាំងនឹងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ ...
កម្ពុជា

អង្គការចំនួន៣ នៅអាស៊ី រួមគ្នាថ្កោលទោស​ដីកា​ចាប់ខ្លួន​មេដឹកនាំ CNRP

អង្គការចំនួន៣ នៅអាស៊ី បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ថ្កោលទោសការចេញ​ដីកា​របស់សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិនា ឲ្យចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងទាំង៨រូប ដោយហៅដីកានោះ ថាជាភស្ដុតាងថ្មីបង្ហាញពីការប្ដេជ្ញាចិត្ត របស់របបឯកបក្សក្រុងភ្នំពេញ ក្នុងការបំបាត់សម្លេងប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។ សម្រាប់អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា ...
លោក រ៉ុង ឈុន ថតរូបជាមួយបង្គោលព្រំដែនមួយ នៅព្រំដែនកម្ពុជា-វៀតណាម។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

អង្គការសិទ្ធិមនុស្ស គ្រោងប្រតិកម្ម​ជុំវិញការចាប់ខ្លួន រ៉ុង ឈុន ដើមសប្ដាហ៍នេះ

ប្រតិកម្មកំពុងធ្លាក់ចុះ ជាបន្តបន្ទាប់ ជាពិសេសនៅ ដើមសប្ដាហ៍នេះ ។ ហើយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ក៏ស្ថិតក្នុងចំណោមស្ថាប័ន​អន្តរជាតិ​ទាំងនោះ ដែលបាន​ប្រតិកម្ម ចំពោះការចាប់ខ្លួន​លោក រ៉ុង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.