កម្ពុជាដំណឹង

RSF ទាមទារ​ឲ្យ​ដោះលែង សុខ ឧត្ដម ដែលគ្រាន់តែ​ផ្សាយ​ការពិត​និង​ឯករាជ្យ

អង្គការអ្នកយកការណ៍គ្មានព្រំដែន (RWB / RSF) បានអះអាងថា អ្នកសារព័ត៌មាន លោក សុខ ឧត្ដម គ្រាន់តែធ្វើ​កិច្ចការរបស់ខ្លួន ដោយផ្សាយការពិត និងឯករាជ្យប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ មិនត្រូវប្រើការរឹតត្បិត ទៅលើសារព័ត៌មាន​ឯករាជ្យ​ទាំងឡាយ ដើម្បីបង្ខំឲ្យគេឯង ធ្វើតាមតែការឃោសនា របស់ខ្លួននោះឡើយ។

សេចក្ដីថ្លែងការណ៍មួយ របស់អង្គការអន្តរជាតិខាងលើ ដែលមានជំនាញ ខាងឃ្លាំ​មើល​សិទ្ធិសេរីភាពសារព័ត៌មាន នៅជុំវិញពិភពលោក ដែលទើបនឹងចេញផ្សាយ កាលពីមុន​នេះបន្តិច បានលើកឡើងយ៉ាងលំអិត អំពីព្រឹត្តិការណ៍ទាំងឡាយ ដែលឈាន​ទៅដល់​ការចាប់ខ្លួន លោក សុខ ឧត្ដម ម្ចាស់វិទ្យុ និងគេហទំព័រ រិទ្ធិសែន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

ការចាប់ខ្លួននោះ ធ្វើឡើង​បន្ទាប់ពី​លោក បានចុះទៅ​ធ្វើការ ផ្សាយ​បន្តផ្ទាល់ អំពីការ​តវ៉ា​របស់ពលរដ្ឋ នៅមុខ​សាលាឃុំ​ ជៀប កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិត​ក្នុង​ស្រុក​ទឹកផុស ជុំវិញជម្លោះដីធ្លី ដែល​ប្រជាពលរដ្ឋ​ចោទ​ថា អាជ្ញាធរ​បាន​ដកហូត​ដីធ្លី រាប់សិប​ហិចតា ​របស់​ពួកគាត់។

ក្រោយការចាប់ខ្លួន ស្ថាប័នវិទ្យុ និងគេហទំព័រឈ្មោះ «រិទ្ធិសែន» របស់លោក សុខ ឧត្ដម ក៏ត្រូវ​បាន​ក្រសួងព័ត៌មាន ចេញប្រកាស ​ឲ្យបិទទ្វាដែរ។ នេះ បើតាមសេចក្ដីសម្រេចមួយ របស់​ក្រសួង ដែលចុះហត្ថលេខា ដោយលោក​រដ្ឋមន្ត្រី ខៀវ កាញារិទ្ធ នៅថ្ងៃទី១២ ខែឧសភា តែទើប​នឹង​ឃើញ​ចេញ​​ផ្សាយ នៅថ្ងៃទី១៣ ខែឧសភា។

អង្គការ «RWB / RSF» បានសរសេរ ពីករណីលោក សុខ ឧត្ដម ថា៖

«លោក (សុខ ឧត្ដម) គ្រាន់តែផ្សព្វផ្សាយ​របាយការណ៍មួយ ស្តីពីជំលោះដីធ្លី រវាងអ្នកភូមិ និងមន្រ្តី​យោធា​មូលដ្ឋាន​ម្នាក់ ដែលបន្ទាប់មក មន្ត្រីរូបនោះ​បាន​ប្តឹង​​លោក សុខ ឧត្ដម។ នៅថ្ងៃ​​នៃការចាក់​ផ្សាយ​​នោះ ខណៈលោក សុខ ឧត្ដម មិនទាន់​ត្រូវបាន​ចោទប្រកាន់ ពីទោសកំហុសអ្វីផង ស្រាប់តែក្រសួង​ព័ត៌មាន​កម្ពុជា បានបញ្ជា​ឱ្យដកហូត​អាជ្ញាប័ណ្ណ ពីស្ថាប័ន​”រិទ្ធិសែន” ដោយផ្អែកលើ​ហេតុផលថា លោក សុខ ឧត្តម បាន“ បំផ្លើស” អង្គហេតុ។»

នាយក​ការិយាល័យ ទទួល​បន្ទុក​កិច្ចការ អាស៊ី-ប៉ាស៊ីភិក លោក ដានីញែល បាស្ដាដ៍ (Daniel Bastard) ត្រូវបានស្រង់សំដី នៅក្នុងសេចក្ដីថ្លែងការណ៍នោះថា៖

«យើងអំពាវនាវ ឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង ដោះលែងលោក សុខ ឧត្តម និងទម្លាក់​ចោល​ការចោទប្រកាន់ លើរូបលោក។ អង្គការ “RWB /RSF” អំពាវនាវឱ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់អាជ្ញាប័ណ្ណឡើងវិញ ដល់ស្ថាប័ន”រិទ្ធិសែន” ដែលធ្វើការ ដើម្បីផ្តល់ព័ត៌មាន ដែលអាច​ទុកចិត្ត​បាន និងឯករាជ្យ ដល់អ្នកស្តាប់។»

លោកបន្តថា៖

«អាជ្ញាធរកម្ពុជា​ត្រូវតែបញ្ឈប់ ការគាបសង្កត់ ទៅលើប្រព័ន្ធសារព័ត៌មានសេរីទាំងឡាយ ដោយដាក់កំហិត និងបង្ខំឲ្យគេឯង ធ្វើតាមតែការឃោសនា របស់ខ្លួននោះ។»

ភ្លាមៗ រដ្ឋាភិបាលក្រុងភ្នំពេញ មិនទាន់បញ្ចេញប្រតិកម្ម តបនឹងសេចក្ដីថ្លែងការណ៍ របស់អង្គការអន្តរជាតិខាងលើ ដែលមានទីស្នាក់ការធំ ក្នុងរដ្ឋធានីប៉ារីស ប្រទេស​បារាំងនៅឡើយ។

ប៉ុន្តែកាលពីដើមសប្ដាហ៍នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះ​លិខិត​មួយច្បាប់ របស់​រដ្ឋបាល​​ខេត្ត កំពង់ឆ្នាំង ដែលស្នើឲ្យក្រសួងរបស់លោក ដក​អាជ្ញាប័ណ្ណ​ពីស្ថាប័ន «រិទ្ធិសែន» របស់លោក សុខ ឧត្ដម នៅមុន​ការចាប់ខ្លួន​លោក។ លិខិត​នោះ បានចោទ​លោក សុខ ឧត្ដម ថាជាសកម្មជនរបស់​គណបក្សខ្មែរក្រោក ដែល​បាន​​ផ្សាយ ឲ្យមានការរើសអើង ប្រឆាំង​នឹង​ជនជាតិ​​វៀតណាម និង​«ឲ្យក្ដ» ​ទៅថ្នាក់​ដឹកនាំ​​ខេត្ត។

ករណីលោក សុខ ឧត្ដម បានបន្ថែមតួលេខ នៃការចាប់ចង និងការរាំងខ្ទប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នៅក្នុង​ប្រទេស​កម្ពុជា ដែលកើតមានជាបន្តបន្ទាប់ រាប់ពីចុង​ខែមីនា​​កន្លងមក។

កាលពីដើមខែមេសា លោក សុវណ្ណ រិទ្ធី ម្ចាស់ស្ថាប័ន«FBTV» ក៏ត្រូវបានចាប់ខ្លួន ដាក់​ពន្ធនាគារដែរ បន្ទាប់ពីលោក បាន​ចុះផ្សាយ នៅលើបណ្ដាញសង្គម នូវការដកស្រង់សំដី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែង ឲ្យអ្នករត់ម៉ូតូឌុប លក់ម៉ូតូ ដើម្បី​ទិញ​អង្ករហូប នៅក្នុងរយៈពេល នៃវិបត្តិ«Covid-19»។

នៅចុងខែមីនា គេហទំព័រ របស់ទស្សនាវដ្ដីមនោរម្យ «MONOROOM.info» បានរង​ការរាំងខ្ទប់ ដោយ​មិនឲ្យ​ប្រិយមិត្ត​បើកចេញ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីស្ថាប័ន​មិនចំណុះ​មួយនេះ បានផ្សាយ​របាយការណ៍ ជាបន្តបន្ទាប់ ស្ដីពីជំងឺ «Covid-19» នៅ​កម្ពុជា និងនៅ​ប្រទេស​ចិន។

កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ សង្គម​ស៊ីវិល និង​បណ្ដាញ​សហគមន៍​ ប្រមាណជាង​១៣០ស្ថាប័ន បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ ឱ្យ​ដោះលែង​អ្នកសារព័ត៌មាន ដែលរង​ការចាប់ខ្លួន​ខាងលើ និង​បញ្ឈប់​ការ​យាយី​ ទៅលើ​អ្នកសារព័ត៌មាន​ផ្សេងទៀត ​ដែល​កំពុង​អនុវត្ត​ភារកិច្ច​ របស់​ពួក​គេ។

នៅក្នុងបញ្ជីសន្ទស្សន៍ របស់អង្គការអន្តរជាតិខាងលើ ប្រទេសកម្ពុជាបានបន្តធ្លាក់ ចំណាត់ថ្នាក់​ប្រចាំឆ្នាំ របស់ខ្លួន ស្ដីពីសេរីភាពសារព័ត៌មាន ពីលេខរៀងទី១៤៣ ក្នុងឆ្នាំមុន មកលេខ១៤៤ ក្នុងឆ្នាំ២០២០នេះ ពីក្នុងចំណោម​១៨០ប្រទេស នៅជុំវិញ​ពិភពលោក៕



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកកាសែត​«ក្នុងមុង» ឆ្លើយសារ​ចំអក​ដាក់​រដ្ឋមន្ត្រី​ក្រសួង​«មុង»​វិញ​ម្ដង

លោក ជុន ច័ន្ទបុត្រ នាយករង​វិទ្យុអាស៊ីសេរី ទទួលបន្ទុកខេមរភាសា ដែលរងការចំអក ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាជាអ្នកកាសែត«ក្នុងមុង» បានឆ្លើយតបវិញ ដោយសារ​បឈ្ឆិត​បញ្ឆៀង​​ខ្លីមួយ កាលពីម្សិលម៉ិញ ហៅក្រសួងព័ត៌មាន ថាជាក្រសួង«មុង» ...
កម្ពុជា

ខៀវ កាញារីទ្ធ ប្រើសំដី​ប្រធានាធិបតី​​តៃវ៉ាន់ វាយប្រហារ​«សង្គមស៊ីវិល​ខ្លះ»

បើរដ្ឋាភិបាលកម្ពុជា មិនដែលមានសមានចិត្ត សូម្បីបន្តិច ជាមួយកោះតៃវ៉ាន់នោះ ស្រាប់តែរដ្ឋមន្ត្រីមួយរូប នៃរបបក្រុងភ្នំពេញ បានយកពាក្យសំដី របស់ប្រធានាធិបតីនៃកោះមួយនេះ ទៅធ្វើការវាយប្រហារ លើក្រុម«សង្គមស៊ីវិលខ្លះ»នៅកម្ពុជា ទៅវិញ។ លោក ខៀវ ...
កម្ពុជា

ស្ថានទូតអាមេរិកថា កឹម សុខា គ្មានកំហុសនិងជាប់ឃុំដោយអយុត្តិធម៌

ស្ថានទូតសហរដ្ឋអាមេរិក បានចេញមុខ មកអះអាងថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ ក្នុងគេហដ្ឋានសព្វថ្ងៃ គឺជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមបទចោទប្រកាន់មិនពិត។ ទំព័រហ្វេសប៊ុកផ្លូវការ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.