កម្ពុជាដំណឹង

សមាជិកសភា​អ៊ឺរ៉ុប​បន្តសួរ​ពី​«ទណ្ឌកម្មចំទិសដៅ»​ប្រឆាំង​របប ហ៊ុន សែន

លោក «Ramon Tremosa» សមាជិកសភាអ៊ឺរ៉ុប និងជាសមាជិករបស់ក្រុម​តំណាងរាស្ត្រអ៊ឺរ៉ុបមិត្តកម្ពុជា បានចោទសួរជាលាយលក្ខណ៍អក្សរ ទៅកាន់គណៈកម្មការអ៊ឺរ៉ុប ដើម្បីចង់ដឹងថា តើគម្រោងដាក់ទណ្ឌកម្ម លើរបបដឹកនាំក្រុងភ្នំពេញ បានដើរដល់ដំណាក់កាលណាហើយ។ ក្នុងចំណោមសំនួរចំនួនបី សមាជិកសភាអ៊ឺរ៉ុបរូបនោះ បានចោទសួរទៀតថា តើសហភាពអ៊ឺរ៉ុបគ្រោងដាក់់ «ទណ្ឌកម្មចំទិសដៅ» ទៅលើក្រុមមនុស្សជំនិតរបស់លោក ហ៊ុន សែន ឬយ៉ាងណា។

សំនួរជាលាយលក្ខណ៍អក្សរ ត្រូវបានលោក «Ramon Tremosa» ដាក់ទៅកាន់គណៈកម្មការអ៊ឺរ៉ុប តាំងពីថ្ងៃ២១ ខែមករា ឆ្នាំ២០១៩ ពោលគឺនៅក្រោយការគម្រាម របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថានឹងកម្ទេចគណបក្សប្រឆាំងចោល បើសិនជាសហភាពអ៊ឺរ៉ុប​ដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» និងការចាប់ខ្លួន លោក គង់ ម៉ាស ដោយអាជ្ញាធរកម្ពុចា បន្ទាប់ពីសកម្មជន​បក្សប្រឆាំង​រូបនេះ បានបង្ហោះសារ​ទាក់ទង​នឹងយកពន្ធ​ឡើងវិញ ដោយសហភាពអ៊ឺរ៉ុប ទៅលើផលិតផល​អង្ករកម្ពុជា។

ប៉ុន្តែកាលពីចុងសប្ដាហ៍កន្លងមក សំនួរដដែលនេះត្រូវបានលោក «Umberto GAMBINI» ជំនួយការរបស់លោកតំណាងរាស្ត្រ យកមកបង្ហោះនៅលើបណ្ដាញសង្គម និងបានធ្វើបច្ចុប្បន្នភាព ទៅដល់បណ្ដាអ្នកទទួលខុសត្រូវទាំងឡាយ នៃសហភាពអ៊ឺរ៉ុប មានដូចជាអ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់ នៃសហភាព​អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ និងអ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្មជាដើម។

លោក «Ramon Tremosa» ដែលជាតំណាងរាស្ត្រអ៊ឺរ៉ុប​មកពីប្រទេសអេស្ប៉ាញ បានសរសេរក្នុងន័យរិះគន់ថា គោលនយោបាយរយៈពេលជាង១០ឆ្នាំ របស់សហភាពអ៊ឺរ៉ុប ដែលជ្រើសរើសយកប្រតិកម្មរបស់ខ្លួន តាមរយៈ «ការចរចាផ្នែកនយោបាយ» ឬ «ការឃ្លាំមើលស្ថានភាពយ៉ាងដិតដល់» ឬក៏ប្រតិកម្មខ្លាំងបំផុត តាមរយៈ«ការសំដែងទុក្ខកង្វល់»របស់ខ្លួន ជាមួយនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា នៅតាមវេទិកាជាច្រើននោះ មិនបានធ្វើឲ្យស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា រីកចម្រើនជាងមុនទេ។

«ទណ្ឌកម្មចំទិសដៅ»

សំនួររបស់សមាជិកសភាអ៊ឺរ៉ុប ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ បានចោទសួរឲ្យគណៈកម្មការអ៊ឺរ៉ុប ឲ្យអះអាងពីនីតិវិធី​នៃការព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះ «EBA» ដោយចង់ដឹងបន្ថែមថា តើសហភាពអ៊ឺរ៉ុបមាន​«កាលវិភាគលំអិត»បែបណា នៅក្នុងនីតិវិធីមួយនេះ។

លោក «Ramon Tremosa» បានទាមទារឲ្យសហភាពអ៊ឺរ៉ុបបញ្ជាក់ពីជំហររបស់ខ្លួន នៅចំពោះរបាយការណ៍ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលទើបនឹងចេញផ្សាយ ក្នុងដើមឆ្នាំនេះ ស្ដីពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ 

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសំនួរទី៣៖

«យោងតាមមាត្រា ១៩ នៃបទបញ្ជារបស់សហភាពអ៊ឺរ៉ុប លេខ “978/2012 (12)” សហភាពអ៊ឺរ៉ុបចាំបាច់ត្រូវបញ្ចេញប្រតិកម្ម និងចាត់វិធានការ។ ខ្ញុំដឹងថា សហភាពអ៊ឺរ៉ុបមិនចង់ចាប់ផ្ដើមភ្លាមៗ ដាក់ទណ្ឌកម្មទៅលើវិស័យវាយនភ័ណ្ឌ ប៉ុន្តែថា តើវិស័យជាក់ស្ដែងណា ដែលសហភាពអ៊ឺរ៉ុបត្រៀមចុចចំទិសដៅ ដើម្បីប៉ះពាល់ដោយផ្ទាល់ ទៅលើហិបប្រាក់របស់របបលោក ហ៊ុន សែន?»

គណៈកម្មការអ៊ឺរ៉ុប ដែលជាស្ថាប័ននីតិប្រតិបត្តិ របស់សហភាពអ៊ឺរ៉ុប នឹងចាត់ឲ្យមានតំណាងរបស់ខ្លួន ចេញមកឆ្លើយសំនួរខាងលើ នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខ៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ពន្យល់​ពីខួប​ទី៥០ នៃថ្ងៃខែឆ្នាំ​កំណើត​«មិនពិត»​របស់លោក

ថ្ងៃខែឆ្នាំកំណើត «មិនពិត» របស់លោក ហ៊ុន សែន មិនមែនជារឿងថ្មីទេ ព្រោះវាត្រូវបាននាយករដ្ឋមន្ត្រីរូបនេះ លើកឡើងដដែលៗ សឹងជារៀងរាល់ឆ្នាំ។ តែប្លែកនៅត្រង់ថា ឆ្នាំថ្មី ឆ្នាំ២០២០ បុរសខ្លាំងកម្ពុជា ...
កម្ពុជា

RSF៖ «Fresh News» ជា​«រោងចក្រផលិតព័ត៌មាន​ក្លែងក្លាយ»

ពីរដ្ឋធានីប៉ារីស អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលមានបណ្ដាញរបស់ខ្លួន នៅពាសពេញពិភពលោក បានហៅសារព័ត៌មាន «Fresh News» ដែលជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ ថាជាសារព័ត៌មាន ដែលស្រែកតាមតែម្ចាស់ខ្លួន។ របាយការណ៍របស់អង្គការនេះ ដែលចេញផ្សាយកាលពីថ្ងៃពុធ បានបន្ថែមឈ្មោះ ...
កម្ពុជា

ហ៊ុន សែន ស្នើឲ្យពលរដ្ឋ​«រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន» ក្នុងវិបត្តិ​ទឹកជំនន់

សូមប្រជាពលរដ្ឋ «រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រុមគ្រួសារ» ដោយត្រូវជម្លៀសខ្លួន ទៅរក​ទីទួលសុវត្ថិភាព។ នេះ ជាការលើកឡើងមេដឹកនាំកម្ពុជា ដើម្បីឆ្លើយតប​នឹងវិបត្តិទឹក​ជំនន់ ដែលកំពុងញាំញីខេត្តមួយចំនួន ស្ថិតនៅភាគខាងជើង និងភាគពាយ័ព្យ នៃប្រទេស។ លោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.