កម្ពុជាដំណឹង

សម រង្ស៊ី ប្ដេជ្ញាមិនចុះញ៉ម និងអំពាវនាវ​ឲ្យពលរដ្ឋបន្តប្រឆាំង​ជនផ្ដាច់ការ

ពីរដ្ឋធានីប៉ារីស (បារាំង) មេដឹកនាំប្រឆាំងរបស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បាន​ប្រកាស​ជំហរ​«ប្ដេជ្ញាមិនចុះញ៉ម» របស់លោក និងរបស់ថ្នាក់ដឹកនាំ​គណបក្សសង្គ្រោះជាតិ ហើយបានអំពាវនាវ​ ទៅកាន់​ពលរដ្ឋខ្មែរ​​ទាំងអស់ ឲ្យបន្តសកម្មភាព ដើម្បីប្រឆាំង​ជនផ្ដាច់ការ។

ថ្លែងក្នុងវីដេអូមួយ ដែលលោកធ្វើឡើង ក្នុងថ្ងៃអាទិត្យទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បី​រំឭក​ខួប​៣ឆ្នាំ នៃការរំលាយគណបក្ស​សង្គ្រោះជាតិ ដោយតុលាការរបប​ក្រុង​ភ្នំពេញ កាលពី​​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានស្ដីទីគណបក្សប្រឆាំង បានថ្លែងឡើងថា៖

«ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានរូបខ្ញុំ សម រង្ស៊ី ជាប្រធានស្ដីទី យើង​ប្ដេជ្ញា​ដាច់ខាត មិនចុះញ៉មទេ។ គណៈកម្មាធិការអចិន្ត្រៃយ៍ភាគច្រើនលើសលប់ គឺនៅតែ​ស្មោះត្រង់​ដដែល ដោយសារតែយើងមានសេរីភាព អាចបញ្ចេញមតិបាន នៅក្រៅ​ប្រទេស។»

លោកបន្តថា៖

«យើងបន្តសកម្មភាពរបស់យើង លើកទឹកចិត្តប្រជារាស្ត្រខ្មែរ នៅក្នុងប្រទេស ឲ្យផុសផុល​ឡើង កុំចុះញ៉មឲ្យសោះ កុំចុះចាញ់ពួកជនផ្ដាច់ការឲ្យសោះ ត្រូវតែបន្ត​សកម្មភាពរបស់​យើង ដើម្បីទាមទារសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ ឲ្យទាល់តែបាន។»

ក្នុងវីដេអូ ដែលមានរយៈពេល ជាង១១នាទី លោក សម រង្ស៊ី បានគូសបញ្ជាក់ថា វិបត្តិ​នយោបាយ ដែលបន្តអូសបន្លាយ នៅក្នុងសង្គម និងប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃ គឺបណ្ដាមកពី «លេស» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចោទលោក កឹម សុខា និងសហរដ្ឋអាមេរិក ដើម្បីរំលាយ​គណបក្សសង្គ្រោះជាតិ ឲ្យខាងតែបាន។

លោក សម រង្ស៊ី បាននិយាយក្នុងនាមពលរដ្ឋម្ចាស់ឆ្នោត ចំនួនកន្លះនគរ ដែលបាន​បោះឆ្នោត ឲ្យគណបក្សប្រឆាំង យ៉ាងដូច្នេះថា៖

«ទង្វើរបស់លោក ហ៊ុន សែន នេះ គឺជាការប្លនអំណាច ពីប្រជារាស្ត្រខ្មែរ និងប្លន់តំណែង​ពីគណបក្សសង្គ្រោះជាតិ តំណែងដែលប្រជារាស្ត្រ បានបោះឆ្នោតឲ្យគណបក្សសង្គ្រោះ​ជាតិ។»

«ដូច្នេះ របបលោក ហ៊ុន សែន សព្វថ្ងៃ ជារបបខុសច្បាប់ ដែលបានប្លន់អំណាច ពីប្រជារាស្ត្រ ហើយដែល​ប្រជារាស្ត្រខ្មែរ មិនអាចទទួលយកបានទេ។ សហគមន៍អន្តរជាតិ ភាគច្រើន​លើសលប់ ក៏មិនអាច​ទទួលបានដែរ។ ដោយសារតែគេមិនអាច​ទទួលយកបាន​នេះ ទើបគេដាក់​ទណ្ឌកម្ម លើរបបលោក ហ៊ុន សែន។»

សម រង្ស៊ី និងមេដឹកនាំ​គណបក្សប្រឆាំង «ប្ដេជ្ញាមិនចុះញ៉ម»

មេដឹកនាំប្រឆាំង វ័យ៦៩ឆ្នាំ បានទាមទារ ឲ្យមានវិធានការជាក់ស្ដែង ដើម្បីបើកផ្លូវ ដើម្បីឲ្យគណបក្សសង្គ្រោះជាតិ បើកដំណើរការឡើងវិញ និងទាមទារឲ្យតំណាង​គណបក្ស​របស់លោក ដែលជាប់ឆ្នោត ក្នុងការបោះឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ២០១៧ ទទួលបាន​តំណែង ​ជាសមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាមេឃុំ និងចៅសង្កាត់របស់ពួកគេ ដូចមុនខែវិច្ឆិកា ឆ្នាំ២០១៧។

លោកបន្តសង្កត់ធ្ងន់ថា៖

«យើងទាមទារឲ្យសងជំងឺចិត្ត ចំពោះការប្លន់តំណែង ពីសមាជិកគណបក្ស​សង្គ្រោះជាតិ​នេះ។ យើងទាមទារ ឲ្យមាន​​ការបើកប្រាក់ខែ ជូនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលត្រូវបាន​​​​គេប្លន់តំណែង ៣ឆ្នាំហើយ មកទល់​នឹងថ្ងៃនេះ។»

សម្រាប់មេដឹកនាំប្រឆាំងរូបនេះ ដំណោះស្រាយ​នៅក្នុង​វិបត្តិនយោបាយ​សព្វថ្ងៃ គឺត្រូវ​ទម្លាក់ចោល​ ការចោទ​ប្រកាន់ ដែលមិនសមហេតុសមផល ​ទៅលើប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ លោក កឹម សុខា ព្រោះលោក ហ៊ុន សែន បានប្រើការចោទនោះ ជា«លេស» ដើម្បី​រំលាយ​គណបក្សប្រឆាំង។

ហើយភាពចាំបាច់ ដែលតុលាការរបបក្រុងភ្នំពេញ ត្រូវទម្លាក់ចោល​ការចោទ​ប្រកាន់នោះ ត្រូវបានលោក សម រង្ស៊ី ពន្យល់ថា៖

«ពីព្រោះលោក កឹម សុខា ជាអ្នកប្រជាធិបតេយ្យ ជាមនុស្សអហិង្សា ដែលប្រើតែវិធី​អហិង្សា ដើម្បីសម្រេច​គោលដៅ​របស់លោក និងរបស់គណបក្សសង្គ្រោះជាតិ។ ដំណោះស្រាយ​​​ដែលប្រជារាស្ត្រខ្មែរ និងសហគមន៍​អន្តរជាតិ​ទាមទារ គឺទម្លាក់ចោល​ការចោទ​ប្រកាន់ មកលើលោក កឹម សុខា នេះ។ លោក ហ៊ុន សែន មិនអាចយកលេស ពីជំងឺកូវីដ-១៩ ដើម្បីពន្យាពេល​​ការកាត់ទោស លោក កឹម សុខា ទេ។»

«ក្រោយពីទម្លាក់ចោល ការចោទប្រកាន់ លើលោក កឹម សុខា និងសហរដ្ឋអាមេរិក របប ហ៊ុន សែន ត្រូវតែបើកផ្លូវ ឲ្យគណបក្សសង្គ្រោះជាតិ មានដំណើរការឡើងវិញ ពីព្រោះលោក ហ៊ុន សែន គាត់យកលេស ពីការចោទប្រកាន់ (…) ដើម្បីរំលាយគណបក្ស​សង្គ្រោះជាតិ៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ឱ្យ​សង់ផ្លូវ​បានស្អាត សម្រាប់​ទេសចរណ៍​ក្នុងស្រុក មកមើល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅមន្ត្រីក្រោមឱវាទ របស់លោក ត្រូវសាងសង់​ផ្លូវថ្នល់​ ឲ្យបានស្អាត សម្រាប់ទាក់ទាញទេសចរណ៍​ក្នុងស្រុក មកមើល ផ្លូវថ្នល់ទាំងនោះ។ ថ្លែងក្នុងឱកាសសំណេះសំណាល ជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ...
កម្ពុជា

ហ៊ុន សែន បើកផ្លូវឲ្យ លឺ ឡាយស្រេង វិលចូលកម្ពុជាវិញ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាសនៅព្រឹកនេះ បើកផ្លូវឲ្យលោក លឺ ឡាយស្រេង ដែលបាននិរទេសខ្លួន ចេញទៅក្រៅប្រទេស អាចវិលត្រឡប់ចូលប្រទេសវិញ ដោយបញ្ជាទៅតុលាការ កុំឲ្យចោទប្រកាន់ ...
កម្ពុជា

សម រង្ស៊ី ប្រាប់ ស ខេង ដែល​ត្រៀម​កម្លាំង​រួច ឲ្យ​កម្ចាត់ ហ៊ុន សែន មុន

លោក សម រង្ស៊ី បានប្រកាសនៅថ្ងៃនេះ ឲ្យបុរសទីពីរនៃរបបក្រុងភ្នំពេញ គឺលោក ស ខេង ដែលមេដឹកនាំប្រឆាំងជឿថា បានត្រៀមកម្លាំងរួចជាស្រេចនោះ ឲ្យបើកប្រតិបត្តិការ​«វាយកម្ចាត់»​លោក ហ៊ុន សែន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.