កម្ពុជាដំណឹង

ឆ្នាំថ្មី សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីររូប​ស្នើច្បាប់ថ្មី ឈានទៅដាក់​ទណ្ឌកម្ម​កម្ពុជា

ច្បាប់ថ្មីមួយ ហៅថា «ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា ​ឆ្នាំ​២០១៩‍» ត្រូវបានសមាជិក​ព្រឹទ្ធសភា​អាមេរិក​ល្បីឈ្មោះ​ពីររូប ដាក់ស្នើឡើង នៅថ្ងៃពុធ​ម្សិលម៉ិញនេះ ​ដើម្បី​តម្រូវ​ឱ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ធ្វើការ​ពិនិត្យ​មើល​​ឡើង​វិញ​ ពីឋានៈអនុគ្រោះពន្ធ​ទូទៅ ហៅកាត់​តាមភាសាអង់គ្លេស «GSP» ដែល​សហរដ្ឋ​អាមេរិក ​បានផ្តល់​ឱ្យ​កម្ពុជា។

លោក «Ted Cruz» សមាជិកព្រឹទ្ធសភា នៃរដ្ឋតិចសាស និង​លោក «Chris Coons» សមាជិកព្រឹទ្ធសភា នៃរដ្ឋឌែលឡាវែ បានរួមគ្នា​ដាក់​ស្នើ​សេចក្តី​ព្រាង​ច្បាប់នោះ ដើម្បីបង្ហាញជំហរសារជាថ្មី ប្រាប់ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដែលលោក​ទាំងពីរ​បរិហារថា បានរំលោភលើសិទ្ធិការងារ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មិនអាចអត់ឱនឲ្យបាន។

លោក​ «Ted Cruz» បាន​ថ្លែងនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ ផ្សាយនៅលើគេហទំព័រផ្លូវការ របស់លោកថា៖

«សហរដ្ឋ​អាមេរិក បាន​វិនិយោគ​ លើ​អនាគត​នយោបាយ​ នៃប្រទេស​កម្ពុជា​ ដោយ​បង្កើត​ពាណិជ្ជកម្ម​ គួរ​ឱ្យ​ទុកចិត្ត​បាន ដូច​ដែល​បាន​កំណត់​ នៅ​ក្នុង​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ​ហៅ​ថា “GSP”។ ផ្ទុយទៅវិញ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​កេងប្រវ័ញ្ច​ពី​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ ដែល​ផ្តល់​ឱ្យ​ ដោយ​សហរដ្ឋ​អាមេរិក ​និង​សហភាពអឺរ៉ុប។ លោក ហ៊ុន សែន ​មិនគោរព​​តាម​និយាម​សិទ្ធិ​​ការងារ មើលស្រាល​​ដល់​សុច្ចរិតភាព ​នៃការបោះឆ្នោត​​នៅ​កម្ពុជា ហើយ​បាន​លំអៀងនិន្នាការ ​ទៅរក​ប្រទេស​ចិន‍។»

សមាជិកព្រឹទ្ធសភា នៃរដ្ឋតិចសាសរូបនេះ បានបញ្ជាក់ថា «ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា ​ឆ្នាំ​២០១៩» ដែលពួកលោកស្នើឡើងនេះ ​នឹង​ដាក់ទណ្ឌកម្ម ចំពោះការទទួលខុសត្រូវ របស់លោក ហ៊ុន សែន និង​រដ្ឋាភិបាល​របស់លោក ជុំវិញង្វើ​រំលោភទាំងឡាយខាងលើ ក៏ដូចជាដើម្បី​ពង្រឹង​ជំហរ ដែល​សហភាពអ៊ឺរ៉ុប ​កំពុង​ចាត់​វិធានការ‍ នៅពេលនេះ។​

នៅឆ្នាំ២០១៦ ប្រទេសកម្ពុជា​ទទួល​បាន​ការអនុគ្រោះពន្ធ ពីសហរដ្ឋអាមេរិក ក្នុងកម្រិតប្រមាណជា ១៩៧លានដុល្លារ ខណៈការនាំទំនិញកម្ពុជា ចូលទៅក្នុងទីផ្សារ របស់ប្រទេសមហាអំណាចមួយនេះ មានកម្រិតច្រើនជាង ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។

ប្រព័ន្ធអនុគ្រោះពន្ធទូទៅ «GSP» នេះ ត្រូវបានផ្ដល់ជូនប្រទេសកម្ពុជា កាលពីឆ្នាំ ១៩៩៧ ហើយទើបត្រូវបានរដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចពន្យាជាថ្មីទៀត កាលពីខែមេសា ឆ្នាំ២០១៨។

សម្រាប់សមាជិក​ព្រឹទ្ធសភា​ នៃ​រដ្ឋ​ឌែលឡាវែ លោក «Chris Coons» វិញ បានបរិហារលោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ថាមិនដែលបានគោរពនីតិរដ្ឋ និងសិទ្ធិជាមូលដ្ឋាន ក្នុងរយៈពេល៣៤ឆ្នាំ នៃការកាន់អំណាច មកនេះឡើយ។ លោកបាន​ចោទ​សួរថា បើដូច្នេះ ​តើ​កម្ពុជា​គួរតែ​បន្ត​ ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ ​ដើម្បី​នាំ​ទំនិញ​ចូល​ទីផ្សារ​សហរដ្ឋ​អាមេរិក ​ទៀត​ដែរឬទេ?

លោក «Chris Coons» ​បាន​បញ្ជាក់ថា​៖

«ប្រទេស​ដែល​មើលស្រាល ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ មិន​យក​ចិត្ត​ទុកដាក់ ពី​និយាម​ការងារ មិន​គោរព​សិទ្ធិ​មនុស្ស និង​មិន​យកចិត្តទុក​ដាក់ ក្នុងការ​ការពារ​កម្មសិទ្ធិ​បញ្ញា មិន​គួរ​ទទួល​បាន​បុព្វសិទ្ធិពាណិជ្ជកម្ម​ពិសេស ដូច្នេះ​ទេ។»

សហរដ្ឋអាមេរិក ជាលំហរទីផ្សារធំទី២ របស់ប្រទេសកម្ពុជា ក្នុងការនាំទំនិញ និងផលិតផលទាំងឡាយ ចេញទៅលក់នៅទីនោះ បន្ទាប់ពីលំហរទីផ្សារទីមួយ គឺសហភាពអ៊ឺរ៉ុប។

កាលពីដើមខែតុលា ឆ្នាំ២០១៨ សហភាពអ៊ឺរ៉ុបបានបើកនីតិវិធី ដែលមានរយៈពេល៦ខែ និងបន្ថែម៦ខែទៀត ដើម្បីឈានទៅដក ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេស​កម្ពុជា។ ចំណាត់ការនេះ ធ្វើឡើង បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានមើលឃើញ ពីការមិនអើពើនៃរបបដឹកនាំ របស់លោក ហ៊ុន សែន ក្នុងការងាកត្រឡប់ មករកការដឹកនាំ បែបប្រជាធិបតេយ្យសេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវវិញ។

ការសម្រេចចិត្តនេះ ក៏ត្រូវបានសហភាពអ៊ឺរ៉ុប ធ្វើសេចក្ដីជូនដំណឹង ទៅកាន់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងពេលនោះដែរ។ តែរបបដឹកនាំក្រុងភ្នំពេញ តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានប្រតិកម្មតបទៅសហភាពអ៊ឺរ៉ុបវិញ ដោយហៅការបើកនីតិវិធីខាងលើ ថាជាទង្វើដ៏«អយុត្តិធម៌»បំផុត៕



លំអិតបន្ថែមទៀត

កម្ពុជា

បាតុកម្មខ្មែរនៅមុខ EU ស្នើឲ្យ​បង្កក​ទ្រព្យ​និងព្យួរ​ទិដ្ឋការ​មន្ត្រីស្និត ហ៊ុន សែន

ពលរដ្ឋខ្មែរ និងពលរដ្ឋមានដើមកំណើតខ្មែរ រួមនឹងមិត្តបរទេស ជាច្រើនរយនាក់ ដែលរស់នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិច បានជួបជុំគ្នាក្នុងថ្ងៃសុក្រ ទី១ ខែមិនា ឆ្នាំ២០១៩នេះ ដើម្បីធ្វើបាតុកម្មនៅខាងមុខអាគារនៃសហភាពអ៊ឺរ៉ុប (EU) ក្នុងបំណងស្នើទៅស្ថាប័នកំពូលអ៊ឺរ៉ុប ឲ្យបន្ថែមទណ្ឌកម្មផ្សេងទៀត ...
កម្ពុជា

ហ៊ុន សែន បង្ហើបរឿង​«សម្ងាត់»​ថា ធ្លាប់ចរចា​ឲ្យថៃ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ

នាយករដ្ឋមន្ត្រីដ៏ចាស់វស្សា​នៅកម្ពុជា លោក ហ៊ុន សែន បានអះអាងនៅថ្ងៃអង្គារទី២១ ខែឧសភានេះថា រូបលោក និងមន្ត្រីជំនិតរបស់លោក ធ្លាប់ចេញទៅប្រទេសថៃ តាមច្រកប៉ោយប៉ែតយ៉ាង«សម្ងាត់» ក្នុងខែកញ្ញា ឆ្នាំ១៩៨៩ ដើម្បីទៅជួបចរចាជាមួយមេទ័ពថៃ ...
កម្ពុជា

COvid-19៖ ហ៊ុន សែន បញ្ជាឲ្យបិទការធ្វើដំណើរ​ឆ្លង​ ខេត្ត-​ក្រុង-​រាជធានី

នៅមិនដល់ប៉ុន្មានម៉ោងទៀតទេ ការដំណើរឆ្លង ខេត្ត-​ក្រុង-​រាជធានី នឹងត្រូវផ្អាក រហូតដល់យប់​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខ។ នេះ បើតាមបញ្ជា«បន្ទាន់»មួយ របស់លោក ហ៊ុន សែន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.