កម្ពុជាដំណឹង

ហ៊ុន សែន៖ ការដក​ការអនុគ្រោះ​ពន្ធ គម្រាម​ដល់​ស្ថិរភាព និង​ការអភិវឌ្ឍ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើវេទិកានៃកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដើម្បីបរិហារសហរដ្ឋ​អាមេរិក និងសហភាពអ៊ឺរ៉ុប ដោយអះអាងថា ការដកហូតការអនុគ្រោះពន្ធ និងគោលនយោបាយ​គាំពារនិយម បាននិងកំពុងគម្រាម​ដល់ស្ថិរភាព និង​ការអភិវឌ្ឍ របស់ប្រទេសជាច្រើន។

ថ្លែងក្នុងរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ ពីរដ្ឋធានី​ឌូសាន់​បេ ប្រទេសតាជីគីស្ថាន មេដឹកនាំរបបក្រុងភ្នំពេញ ត្រូវបានស្រង់សំដី មកបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ឡើងថា៖

«បទពិសោធន៍ និងមេរៀនរបស់ប្រទេសលីប៊ី អៀរ៉ាក់ និងស៊ីរី បានសបញ្ជាក់ថា ការលូកដៃ ចូលកិច្ចការផ្ទៃក្នុងប្រទេសអធិបតេយ្យ មិនបានធ្វើឱ្យសភាពការណ៍ មានភាពប្រសើរជាងមុននោះទេ ក្រៅតែពីការបន្សល់ទុក នូវសោកនាដកម្មដ៏ឈឺចាប់ ដល់ប្រជាជនស្លូតត្រង់ និងការបំផ្លិចបំផ្លាញ ព្រមទាំងការបន្តការហែកហួ ដោយសារសង្គ្រាមស៊ីវិល។»

បុរសខ្លាំងកម្ពុជា បានបន្តថា៖

«ជាងនេះទៀត ភាពអត្មានិយមក្នុងការប្រកួតប្រជែងអំណាច និងឥទ្ធិពល ដោយមិនបានគិតគូរពីផលប្រយោជន៍រួម តាមរយៈមធ្យោបាយដាក់ទណ្ណកម្ម ឬគំនាបសេដ្ឋកិច្ច ការដកហូតការអនុគ្រោះពន្ធ និងគោលនយោបាយគាំពារនិយម បាននិងកំពុងគម្រាម ដល់ស្ថិរភាព និងដំណើការអភិវឌ្ឍ របស់ប្រទេសជាច្រើន។»

«អធិបតេយ្យភាព ឯករាជ្យភាព… ស្ថិរភាព និង​ការអភិវឌ្ឍ»

កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៩នេះ សហភាពអ៊ឺរ៉ុប បានប្រកាសបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)» បន្ទាប់ពីសហភាពអ៊ឺរ៉ុបរកឃើញថា របបក្រុងភ្នំពេញ បានដឹកនាំប្រទេស ផ្ទុយពីគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលជាលក្ខខណ្ឌ មានចែងក្នុងកិច្ចព្រមព្រៀង កម្ពុជា-សហភាពអ៊ឺរ៉ុប ដើម្បីទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធមួយនេះ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅពេលនោះ ដោយសហភាពអ៊ឺរ៉ុប ពីរាជធានីព្រុយហ្សែល (ប្រទេសប៊ែលហ្សិក) របបដឹកនាំរបស់លោក ហ៊ុន សែន មានពេល៦ខែ ដើម្បីឲ្យសហភាពអ៊ឺរ៉ុប ប្ដូរជំហរ​ងាកត្រឡប់ក្រោយវិញ។ មកដល់ថ្ងៃនេះ ពេលវេលានៅសល់ មិនដល់២ខែទៀតផងទេ។

កាលពីថ្ងៃទី១១ ខែមិថុនា សហភាពអ៊ឺរ៉ុបបានរំឭកប្រទេសកម្ពុជាសារជាថ្មី ឲ្យដោះស្រាយក្ដីកង្វល់ទាំងឡាយ ទាក់ទងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ដើម្បីអាចរក្សាទុកនូវប្រព័ន្ធអនុគ្រោះពន្ធខាងលើ។ ការរំឭកនេះ ធ្វើឡើងបន្ទាប់ក្រុមប្រតិភូសហភាព​អ៊ឺរ៉ុប បានបញ្ចប់បេសកកម្ម ស្វែងរកការពិត នៅកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនារួចរាល់។

សហរដ្ឋអាមេរិក ក៏នឹងអាចឈានជំហាន ដើរតាមសហភាពអ៊ឺរ៉ុបដែរ ខណៈក្រុមសមាជិកសភា និងសមាជិកព្រឹទ្ធសភាអាមេរិក ជាច្រើននាក់ បានស្នើគម្រោងច្បាប់ ជាបន្តបន្ទាប់ ដើម្បីឲ្យរដ្ឋាភិបាលអាមេរិកលប់ចេញវិញ នូវប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដែលផ្ដល់ជូនកម្ពុជា។ ច្បាប់ទាំងនោះ មានរួមបន្ថែមដោយទណ្ឌកម្មផ្សេងទៀត ដូចជាការបង្កកទ្រព្យសម្បត្តិ និងការកំហិតទិដ្ឋការ សម្រាប់ក្រុមមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជាជាដើម។

ទោះបីជាយ៉ាងណា បន្ទាប់ពីរិះគន់ក្រុមបស្ចឹមលោក ដែលបានផ្ដល់ផលប្រយោជន៍ សម្រាប់ប្រទេសកម្ពុជា តាំងពីច្រើនឆ្នាំមកនោះរួច លោក ហ៊ុន សែន បានងាកមកថ្លែងទាញប្រយោជន៍ ពីអង្គប្រជុំដែលលោកកំពុងចូលរួមនេះវិញ។ នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង របស់កម្ពុជា បានថ្លែងថា៖

«យើងគប្បីទាញយកប្រយោជន៍ ពីចំណុចខ្លាំងរបស់ស៊ីកា (CICA) ពោលគឺ ការផ្តោតលើវិធានការនៃការកសាងទំនុកចិត្ត (…) ពីសក្តានុពលដ៏ធំធេង សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ កម្ពុជាមានបំណងស្វែងរក កាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ជាមួយប្រទេស ជាសមាជិករបស់ស៊ីកាទាំងអស់ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរពត៌មាន និងការតភ្ជាប់គ្រប់ផ្នែក៕»



លំអិតបន្ថែមទៀត

កម្ពុជា

ក្រសួង​ការពារជាតិ​ប្រតិកម្ម​តប ​សម រង្ស៊ី ថាកងទ័ព​ត្រៀម​កម្ទេច​«ជនក្បត់ជាតិ»

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានចេញសេចក្ដីថ្លែងការណ៍មួយ ក្នុងព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩នេះ ប្រតិកម្មតបនឹងសារអំពាវនាវ របស់លោក សម រង្ស៊ី ដែលស្នើសុំទៅកងទ័ព កុំស្ដាប់បញ្ជាទាំងឡាយណា ...
កម្ពុជា

ហ៊ុន សែន «ប្ដូរចិត្ត»ទទួល​ទាហាន​មួកខៀវ​ខ្មែរ និងបញ្ជូន​ទាហាន​ទៅជំនួស

ផ្ទុយពីការថ្លែងជាសាធារណៈ កាលពីម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​«ប្ដូរចិត្ត»វិញ នៅថ្ងៃនេះ ថាលោកនឹងទទួលយក​កងកម្លាំងមួកខៀវកម្ពុជា ដែល​នឹងត្រូវ​ធ្វើមាតុភូមិនិវត្តន៍ ក្នុងពេលវេលាជាក់លាក់ ដែលកំណត់ដោយ​អង្គការ​សហប្រជាជាតិ (អ.ស.ប) រួចហើយនោះ។ ...
ដំណឹង

«Ursula von der Leyen» ជាបេក្ខនារី​ផ្លូវការ​ដើម្បី​ដឹកនាំ EU

ឥស្សរជនកំពូលរបស់អ៊ឺរ៉ុប ដែលអាចនឹងឡើង មកកាន់កាប់តំណែង ជាប្រធានគណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ជារដ្ឋាភិបាលដឹកនាំ EU) បន្តពីលោក «Jean-Claude Juncker» ដែលបានបញ្ចប់អាណត្តិរបស់លោក គឺជាស្ត្រីមួយរូប គឺអ្នកស្រី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.