កម្ពុជាដំណឹង

រលំអគារចិន៖ CNRP ទាមទារ​ឲ្យ​ត្រួតពិនិត្យ​អគារ សង់ដោយ​ចិន​ទាំងអស់

ពីក្រៅប្រទេស គណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូលរំលោយចោល បានទាមទារឲ្យរបបក្រុងភ្នំពេញ ចាំបាច់ត្រូវត្រួតពិនិត្យអគារ របស់ចិន ឬ សង់ដោយ​ចិន​ទាំងអស់ ដើម្បីបញ្ចៀសសោកនាដកម្ម ដោយការរលំបាក់អគារ។

នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ ដែលគណបក្សនេះ បានចូលរួមសោកស្ដាយ និងមរណទុក្ខ ទៅដល់ជនរងគ្រោះទាំងអស់ នៅក្នុងហេតុការណ៍រលំបាក់អគារ កំពស់​៧ជាន់ ដែល​សាងសង​ដោយក្រុមហ៊ុនចិន នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរ៍កន្លងមក។ 

សេចក្ដីថ្លែងការណ៍នោះ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានកាលពីមុននេះ នៅបានថ្កោលទោស ចំពោះអាជ្ញាធររបបក្រុងភ្នំពេញ ដែលគណបក្សប្រឆាំងលើកឡើងថា បាន«ធ្វេសប្រហែស»ចំពោះការគ្រប់គ្រង និងត្រួតពិនិត្យសំណង់អាគារ រហូត«បង្កឲ្យមានសោកនាដកម្ម ដ៏សោកសង្រេង»នេះឡើង។

គណបក្សសង្គ្រោះជាតិ ដែលធ្លាប់ឈ្នះអសនៈជិតពាក់កណ្ដាល ក្នុងរដ្ឋសភាជាតិ បានទាមទារឲ្យរបបក្រុងភ្នំពេញ ត្រូវទទួលខុសត្រូវ ចំពោះសោកនាដកម្មខាងលើ ដោយត្រូវផ្ដន្ទាទោសបុគ្គល ដែលពាក់ព័ន្ធ ជាពិសេសមន្ត្រីអាជ្ញាធរ នៅក្នុងខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធដទៃទៀត។

កាលពីមុននេះបន្តិច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឲ្យលោក យន្ដ មីន លាលែងពីតំណែង តាមការស្នើសុំរបស់លោក និងបានសម្រេចដកលោក ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

បើតាមលោក ហ៊ុន សែន ការសម្រេររបស់លោក ធ្វើឡើងក្រោមហេតុផលថា លោក យន្ដ មីន បាន«ទទួលស្គាល់កំហុស លើការគ្រប់គ្រង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាល ឲ្យមានរឿងឈឺចាប់កើតឡើង» ខណៈលោក ញឹម វណ្ណដា បានប្រព្រឹត្តិកំហុស ពីការមិនទទួលខុសត្រូវ និងពីការភូតភរ។

អគារ«សង់ដោយ​ចិន​ទាំងអស់»

យ៉ាងណា គណបក្សប្រឆាំងបានប្រតិកម្មបន្តទៀត ដោយទាមទារឲ្យរបបក្រុងភ្នំពេញ ចាំបាច់ត្រូវធ្វើការត្រួតពិនិត្យ និងអនុវត្តច្បាប់ ឲ្យបានត្រឹមត្រូវ ទៅលើរាល់សំណងទាំងឡាយណា ដែលសាងសង់ដោយជនជាតិចិន ឬក្រុមហ៊ុនចិន។ សេចក្ដីថ្លែងការណ៍ បានសរសេរថា៖

«របបក្រុងភ្នំពេញ ត្រូវចាត់វិធានការ និងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងឲ្យបានត្រឹមត្រូវ ពាក់ព័ន្ធនឹងវិស័យសំណង់ ជាពិសេសសំណងអគារទាំងអស់ របស់ជនជាតិ ឬសាងសង់ដោយក្រុមហ៊ុនវិនិយោគចិន នៅលើទឹកដីនៃព្រះរាជណាចក្រកម្ពុជា។»

កាលពីម្សិលម៉ិញ គណៈកម្មការមួយ ត្រូវបាននាយករដ្ឋមន្ត្រីបង្កើតឡើង ដើម្បី« ត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ»។ នេះ បើតាមសេចក្ដីសម្រេចមួយ ដែលត្រូវបានចុះហត្ថលេខា យ៉ាងប្រថុចញ៉ុច នៅមួយថ្ងៃក្រោយហេតុការណ៍ រលំបាក់អគារ ដែលតុល្យភាពមនុស្សស្លាប់ បានកើនឡើង​មកដល់ពេលនេះ រហូត២៥នាក់ និងមនុស្សរបួស មានចំនួន២៤នាក់។

គណៈកម្មការនោះ ដឹកនាំដោយលោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានលោក អ៊ុក គឹមលេខ រដ្ឋលេខាធិការប្រសួងមហាផ្ទៃ ជាអនុប្រធាន បូករួមនឹងសមាជិក១៣នាក់ទៀត ក្នុងនោះមានលោក យន្ត មីន អភិបាលខេត្តព្រះសីហនុមួយរូបផង៕



លំអិតបន្ថែមទៀត

កម្ពុជា

«កម្ពុជាគ្មានឈ្មោះ» ក្នុងប្រទេស​ដែលគ្រប់គ្រង​«Covid-19»​បានល្អ

ផ្ទុយពីការអួតអាង របស់មេដឹកនាំក្រុងភ្នំពេញ កម្ពុជាគ្មានឈ្មោះ នៅក្នុងបញ្ជីសន្ទស្សន៍ នៃក្រុមប្រទេសដែលគ្រប់គ្រងជំងឺរាតត្បាត «Covid-19» បានល្អនោះទេ។ នេះ បើតាមរបាយការណ៍ចំណាត់ថ្នាក់ របស់វិទ្យាស្ថានអន្តរជាតិមួយ ឈ្មោះ «Lowy Institute» ...
កម្ពុជា

អាមេរិក​លើកពី​«សេរីភាព និង ចំណង​ទ្វេភាគី» ដើម្បី​ជូនពរ​ឆ្នាំថ្មី​ដល់​កម្ពុជា

សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ សហរដ្ឋអាមេរិកបានផ្ញើរសារ ជូនពរប្រជាជនកម្ពុជា ប្រកបដោយអត្ថន័យសង្កត់ធ្ងន់ ទៅលើ«សេរីភាព» និងលើកឡើង ពីក្ដីសង្ឃឹម នៃការពង្រឹង«ចំណងទ្វេភាគី» កាន់តែខ្លាំងឡើង ក្នុងឆ្នាំខាងមុខ។ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស របស់ប្រទេសមហាអំណាច ...
កម្ពុជា

ហ៊ុន សែន ស្វាគមន៍ រៀល ខេមរិន្ទ្រ ដោយ​អានសារ​វិលចូល​ស្រុក​របស់​លោក

នៅព្រឹកថ្ងៃចន្ទនេះ លោក រៀល ខេមរិន្ទ្រ ទទួលបានការស្វាគមន៍ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយត្រូវលោកនាយករដ្ឋមន្ត្រី លើកទឹកចិត្តឲ្យធ្វើសកម្មភាពនយោបាយ ឲ្យបានពេញលេញ បន្ទាប់ពីអតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀងរូបនេះ បានវិលត្រឡប់មកដល់រាជធានីភ្នំពេញវិញ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.