កម្ពុជាដំណឹង

ហ៊ុន សែន ថារូបលោកនៅខ្លាំងពូកែ ដូច​យុវជន​អាយុ​២៥ឆ្នាំ

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់ប្រទេសកម្ពុជា បានលើកឡើងក្នុងន័យធៀបថា លោកនៅខ្លាំងពូកែ ដូច​យុវជន​អាយុ​២៥ឆ្នាំ ដោយនៅលេងកីឡា វាយកូនគោលបាន។ ប៉ុន្តែទន្ទឹមនឹងការប្រៀបធៀបនេះ បុរសខ្លាំងវ័យ៦៦ឆ្នាំរូបនេះ បានរំលឹកខ្លួនលោក ទាំងមិនដាច់ស្នូរថា លោកត្រូវធ្វើកីឡាឲ្យបានច្រើន ដើម្បីកុំឲ្យលោកឡើងទម្ងន់ និងដើម្បីរក្សាសុខភាព។

ជាមួយរូបថតប៉ុន្មានសន្លឹក ដែលបង្ហាញពីសកម្មភាព លេងកីឡាវាយកូនគោល ដែលបង្ហោះនៅលើបណ្ដាញសង្គម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរដោយខ្លួនលោកថា៖

«គេថាខ្ញុំចាស់ ពាក្យច្រើនណាស់ ចេញខាងពីស្រីៗ។ មិនទាន់ចាស់ទេ នៅវាយកូនគោល ដូច​យុវជន​អាយុ​២៥ឆ្នាំ អីចឹង។»

លោក ហ៊ុន សែន បន្តថា៖

«កីឡាបានជួយច្រើនណាស់ ដល់ការរក្សាសុខភាព។ ការងាររបស់ខ្ញុំក្នុងសប្តាហ៏នេះ គឺថ្ងៃចន្ទ័ធ្វើដំណើរ ទៅទីក្រុងបាងកកប្រទេសថៃ ដើម្បីថ្លែងសុន្ទរកថា ក្នុងសន្និបាត “UN.ESCAP”។ ថ្ងៃអង្គារដល់ថ្ងៃសុក្រ ធ្វើការយ៉ាងច្រើន នៅទីក្រុងតូក្យូប្រទេសជប៉ុន ដែលការងារនោះភាគច្រើន អង្គុយនិងផឹកទឹក ដែលធ្វើឱ្យឡើងទម្ងន់។»

«ថ្ងៃសៅរ៏នេះ ប្រឹងដើរឲ្យបានច្រើន ដើម្បីឲ្យបែកញើស បន្ថយទម្ងន់មកវិញ ទោះមិនបានទាំងអស់ ក៏បានមួយផ្នែកដែរ។»

កាលពីចុងខែធ្នូ ឆ្នាំកន្លងទៅ លោក ហ៊ុន សែន បានបង្ហើបជាសាធារណៈ ជុំវិញជំងឺរបស់លោកមួយ ដែលគ្រូពេទ្យបានហាមលោក មិនឲ្យឈរឬអង្គុយយូរ។ លោកនាយករដ្ឋមន្ត្រី បានអះអាងក្នុងពេលនោះថា គ្រូពេទ្យរបស់លោក បានបញ្ជាមិនឲ្យលោក លេងកីឡាវាយកូនគោល ក្នុងរយៈពេលមួយខែ នៃការព្យាបាលជំងឺនោះ។

បន្ទាប់ពីនោះ គឺនៅអំឡុងចុងខែមករា ចាប់ពីថ្ងៃទី២៥ (ខែមករា) លោកនាយករដ្ឋមន្ត្រីមិនបានបង្ហាញខ្លួន ជាសាធារណៈ អស់ប្រមាណជា២០ថ្ងៃ។ ក្នុងពេលនោះ លោកមិនបានជួបភ្ញៀវជាតិ-អន្តរជាតិ ឬជួបសំណេះ​សំណាល​ ជាមួយមន្ត្រីរាជការ សិស្សនិស្សិត កម្មករកសិករនោះ ដែលខុសពីទម្លាប់រាល់ដង របស់លោក ហ៊ុន សែន។

ក្រុមមន្ត្រីគណបក្សប្រឆាំង បានអះអាងពីការទទួលដំណឹងផ្ទៃក្នុង បញ្ជាក់ថា លោក ហ៊ុន សែន មានជំងឺជាទម្ងន់ និងងើបមិនរួចពីគ្រែផងទេ។ តែដំណឹងនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ឆ្លើយតបវិញយ៉ាងចាស់ដៃ ដោយចាត់ទុកការនិយាយ ពីសុខភាពលោក ថាជាការប្រមាថដល់អាយុជីវិត៕



លំអិតបន្ថែមទៀត

វប្បធម៌ និងជីវិត

អារម្ភកថា​បង្កប់​ស្មារតី​ជាតិ​និយម​របស់ ប៊ុណ្ណចន្ទ ម៉ុល ក្នុង​សៀវភៅ “គុក​នយោបាយ”

សៀវភៅ “គុកនយោបាយ” ដែលនិពន្ធដោយ លោក ប៊ុណ្ណចន្ទ ម៉ុល បានពិពណ៌នាយ៉ាងលម្អិត អំពីស្ថានភាពនយោបាយស្រុកខ្មែរ នាសម័យអាណានិគមបារាំង។ តែនៅទំព័រដំបូង នៃសៀវភៅនេះ លោក ប៊ុណ្ណចន្ទ ...
កម្ពុជា

ជុន ច័ន្ទបុត្រ បង្ហើប​ពី​អាថ៌កំបាំង កឹម សុខា-ស ខេង

លោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មានដ៏ល្បីឈ្មោះ និងជានាយកផ្នែកខេមរភាសា នៃវិទ្យុ​អាស៊ីសេរី (Radio Free Asia) បានបង្ហើបឲ្យដឹង​ពីអាថ៌កំបាំងមួយ ដែលលោក កឹម សុខា ...
កម្ពុជា

ហ៊ុន សែន ព្រមាន​ឈប់​និយាយ​រក​​គណបក្ស​ប្រឆាំង

នាយករដ្ឋមន្ត្រីកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាង ៣ទសវត្សន៍មកនោះ បានព្រមាននៅព្រឹក ថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩​ នេះ ថាលោកបាននិយាយរួចរាល់ អស់ហើយ ហើយនឹងមិននិយាយបន្ថែម ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.