កម្ពុជាដំណឹង

ហ៊ុន សែន ថា«កំពុង​ជិះឡាន»​ខណៈ​​មិនបានបង្ហាញខ្លួន​តាំងពី​ច្រើន​សប្ដាហ៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងនៅថ្ងៃនេះ ថាលោក​«កំពុង​ជិះឡាន»​ធ្វើ​ដំណើរ​នៅតាមដងផ្លូវ ដោយអើត«មើលពីក្នុងរថយន្ដ» ឃើញប្រជាពលរដ្ឋកម្ពុជា ខិតខំ​ប្រឹងប្រែងធ្វើការងារ។ ប៉ុន្តែអវត្តមានរបស់លោក ដែលមិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ តាំងពីច្រើនសប្ដាហ៍មកនោះ បានបង្កមន្ទិល ជុំវិញ​បញ្ហាសុខភាព​របស់​លោក។

លោក ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គម អមជាមួយនឹងរូបថតមួយសន្លឹក ដែលថតរូបលោក ពីក្រោយខ្នង និងបង្ហាញថាលោក«កំពុង​ជិះឡាន» ក្នុងថ្ងៃនេះថា៖

«ខ្ញុំបានមើលពីក្នុងរថយន្ត ជាមួយនឹងសេចក្តីរំភើបរីករាយ ដែលបានឃើញ​បងប្អូន​ប្រជាពលរដ្ឋ និងក្មួយៗខិតខំប្រឹងប្រែងប្រកបការងារ ទោះបីការងារនោះតូចឬធំក្តី គឺបងប្អូន​ធ្វើដោយទឹកមុខសប្បាយរីករាយ ដើម្បីជីវភាពរស់នៅកាន់តែល្អប្រសើរ។»

ប៉ុន្តែអវត្តមានច្រើនសប្ដាហ៍ នៃការផ្សាយផ្ទាល់ និងការចេញជាសាធារណៈ ជួបភ្ញៀវ​ជាតិ-​អន្តរជាតិ ឬជួបសំណេះ​សំណាល​ជាមួយមន្ត្រីរាជការ សិស្សនិស្សិត កម្មករកសិករនោះ ជាករណីដ៏កម្រ​ដែលគេមិនធ្លាប់ឃើញលោក ហ៊ុន សែន ធ្វើពីមុនមកទេ។

ការបង្ហាញខ្លួនជាសាធារណៈ របស់លោកនាយករដ្ឋមន្ត្រី លើកចុងក្រោយបង្អស់ គឺនៅថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ២០១៩ ក្នុងជំនួបជាមួយកម្មករ​-កម្មការិនី មកពីរោងចក្រ​សហគ្រាស​ចំនួន១២ ក្នុងខេត្តកំពត។

បន្ទាប់ពីពេលនោះមក គឺអស់រយៈពេល ១៩ថ្ងៃហើយ ដែលគេមិនបានឃើញលោក ហ៊ុន សែន បង្ហាញខ្លួនជាសាធារណៈ ជាពិសេសនៅចំពោះព្រឹត្តិការណ៍នយោបាយថ្មីៗ និងចុងក្រោយបង្អស់ ដែលគេគិតថា លោកនាយករដ្ឋមន្ត្រី គួរចេញមុខធ្វើប្រតិកម្ម។

តាមប្រភពច្បាស់ការណ៌បានឲ្យដឹងថាជំងឺចាស់(​ ជំងឺរលាកឆ្អឹងចង្កេះ​ )របស់សម្តេចបាននិងកំពង់រេីឡេីងវិញ។…

Gepostet von Saphea Kong am Freitag, 1. Februar 2019

ដំណឹងលេចឮជាច្រើន បានអះអាងថា លោក ហ៊ុន សែន កំពុងសម្រាក​ព្យាបាល​ជំងឺ​«រលាកឆ្អឹងចង្កេះ» ដែលបានញាំញ៉ីរូបលោក តាំងពីច្រើនឆ្នាំមកហើយ។ មន្ត្រីផ្លូវការ​ច្រើននាក់ របស់គណបក្សសង្គ្រោះជាតិ បានបង្ហើបឲ្យដឹងពីករណីនេះ ដោយពួកគេម្នាក់ៗ សុទ្ធតែអះអាងថា បានទទួលដំណឹងពីមនុស្សនៅជុំវិញលោក ហ៊ុន សែន។

មន្ត្រីរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ​បាន​ទាក់ទង ដើម្បីសុំការបញ្ជាក់ពីករណីនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញសំនួរ​ដ៏រសើប​មួយនេះឡើយ។

យ៉ាងណា លោក ហ៊ុន សែន ធ្លាប់បានបង្ហើបជាសាធារណៈ កាលពីចុងខែធ្នូកន្លងទៅ ជុំវិញជំងឺរបស់លោកមួយ ដែលគ្រូពេទ្យបានហាមលោក មិនឲ្យឈរឬអង្គុយយូរ។ លោក​នាយករដ្ឋមន្ត្រី បានអះអាងក្នុងពេលនោះថា គ្រូពេទ្យរបស់លោក បានបញ្ជា​មិនឲ្យលោក លេងកីឡាវាយកូនគោល ក្នុងរយៈពេលមួយខែ នៃការព្យាបាលជំងឺនោះ។

មន្ត្រីគណបក្សប្រឆាំងបានសំដែងការសង្ស័យថា លោក ហ៊ុន សែន ដែលបានតែងតាំង​លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ឲ្យឡើងកាន់តំណែងធំៗភ្លាមៗ ទាំង​នៅ​ក្នុង​ជួរកងទ័ព ទាំងនៅក្នុងជួរគណបក្ស ទំនងជាដោយសារលោកដឹងខ្លួន ពីស្ថានភាព​ជំងឺរបស់លោក ហើយលោកកំពុងរៀបចំ ឲ្យកូនរបស់លោក ត្រៀមឡើងស្នង​តំណែង​ពីលោក។

ព្រឹត្តិការណ៍ចុងក្រោយបំផុត ដែលលោក ហ៊ុន សែន បានធ្វើជាមួយកូនប្រុសច្បងលោក គឺនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងពិធីអបអរសាទរ ខួប​២០ឆ្នាំ ថ្ងៃបង្កេីត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នា​ទីបញ្ជាការដ្ឋាន​កងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់​កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងពិធីនោះ គេឃើញលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជិះរថយន្ដពីរផ្សេងគ្នា ដើម្បីត្រួតពល។ ផ្ទុយទៅវិញលោក វង្ស ពិសេន ដែលអគ្គមេបញ្ជាការ​នៃកង​យោធពល​ខេមរភូមិន្ទ (មេទ័ពកំពូល ក្រោមលោក ហ៊ុន សែន តែនៅលើលោក ហ៊ុន ម៉ាណែត) មិនបានចូលត្រួតពល ជាមួយលោក ហ៊ុន សែន និងកូនប្រុសនោះទេ។

លោក សោរ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី បានលើកឡើង​កាលពីពេលថ្មីៗនេះថា៖

«លោក​ ហ៊ុន​ សែន​ អាចនៅមិនបានយូរទៀត!  តាមការ​សង្កេតឃើញ​ ភាពប្រញាប់​ប្រញាល់​ នៃការបញ្ចេញឥទ្ធិពល​ ហ៊ុន​ ម៉ាណែត​ យេីងអាចធ្វេីការសន្និដ្ឋានបានថា​ “សុខ​ភាព​លោក​ ហ៊ុន​ សែន​ ឆ្លងមិនផុតទេ”​ ច្បាស់​ជា​ត្រូវ​ដួលមួយរំពេចភ្នែក»។

ប៉ុន្តែភ្លាមៗ ក្រោយពីការលើកឡើងខាងលើ លោក ហ៊ុន សែន បានប្រតិកម្មមកវិញ ដោយ​ប្រាប់ឲ្យលោក សោរ ចាន់ដេត យកចិត្តទុកដាក់ លើសុខភាពខ្លួនលោកប្រសើរជាង ព្រោះលោក សោរ ចាន់ដេត នឹងស្លាប់មុនលោក។ លោកនាយករដ្ឋមន្ត្រី បានថ្លែងឡើង នៅតាមបណ្ដាញសង្គមថា៖

«សូមផ្តាំទៅលោកម្នាក់ ដែលធ្លាប់យកស្រីជាអនិតិជនអាយុក្រោម១៨ឆ្នាំ នៅខេត្ត​បាត់ដំបង ដែលរត់ទៅនៅកាណាដា ដែលទើបបង្ហោះក្នុង Facebook ថា លោក ហ៊ុន សែន នៅមិនបាន​យូរទៀត ដែលចង់សំដៅលើសុខភាពខ្ញុំថាមិនអាចរស់បានយូរទៀត។»

«សូមលោកយ​កចិត្តទុកដាក់ លើសុខភាពខ្លួនឯង ប្រសើរជាងគិតមកដល់រូបខ្ញុំ និង​ប្រសិន​ធ្វើនយោបាយ រង់ចាំខ្ញុំស្លាប់ ទើបហ៊ានចូលស្រុក ដើម្បីតស៊ូ សុំរង់ចាំជាតិក្រោយចុះ ព្រោះលោក​នឹងស្លាប់មុនខ្ញុំ។»

ល្មម​ដល់​ពេល​សំរាកហេីយ​ សម្តេច​! ​ សម្តេច​ សំឡឹង​មើល​ស្ថានភាព​សុខភាព​ខ្លួន​ឯង​បន្តិច​មើល៍​ "…

Gepostet von Sor Chandeth am Montag, 4. Februar 2019

ប៉ុន្តែសម្រាប់មន្ត្រីប្រឆាំង បើកាលណាលោក ហ៊ុន សែន ធ្លាក់ខ្លួនឈឺ វាអាចប៉ះពាល់​ដល់​ប្រទេសជាតិ ដោយសារតែបុរសខ្លាំងរូបនេះ ជាមេដឹកនាំ។ លោក សោរ ចាន់ដេត បាន​បន្ត​លើកឡើងថា៖

«សូម​ជម្រាប​សម្តច​ ហ៊ុន​ សែន​ ជ្រាប​ថា​ ខ្ញុំ​ពុំមាន​ចេតនា​ “ប្រមាថ​ជីវិត​សម្តេច​”​ ទេ​ ហើយ​ក៏​មិន​ត្រូវ​ “ខ្វាយខ្វល់​សុខភាព​”​ សម្តេច​ពេក​នោះដែរ​។ ប៉ុន្តែដោយសារ​សម្តេច​ជាអ្នក​នយោបាយ​ និងជាអ្នក​ដឹកនាំ​។ ដូច្នេះ​ បញ្ហា​សុខភាព​របស់​សម្ដេច​ ជាបញ្ហាសំខាន់បំផុត​។»

«ព្រោះ​វាអាច​កេីតមាន​ “រដ្ឋ​ប្រហារ​”​ នៅពេល​ស្ថានភាព​សុខភាព​ របស់​សម្ដេច​ធ្លាក់​ចុះ​ “ទ្រុឌទ្រោម​”​ កាន់​តែ​ខ្លាំង​ទៅ​។ ដេីម្បីបញ្ជៀសការបង្ហូរឈាម រវាង​គណបក្ស​ប្រជាជន​ [ដែល]និយមសម្តេច​ និងគណបក្សប្រជាជន [ដែល]និយមសម្តេច​ ស​ ខេង​ សម្តេច​ត្រូវ​តែប្រកាសអ្នក​ “ស្នង”​ ជាបន្ទាន់​ឲ្យហេីយទៅ»។

សម្រាប់អ្នកឃ្លាំមើលវិញ បានគិតថា បញ្ហាសុខភាពរបស់មេដឹកនាំ ឬអ្នកនយោបាយ​ណាម្នាក់ មិនមែនជារឿងទាបថោក ឬរឿងឈ្នះចាញ់ សម្រាប់គូបដិបក្ខនោះឡើយ តែ​គប្បីគិតដល់ប្រទេសជាតិជាធំ ជាពិសេសពីផលអវិជ្ជមាន ដែលកើតចេញពី​អវត្តមាន​យូរថ្ងៃ នៃមេដឹកនាំណាម្នាក់ ដែលខកខាន​មិនបាន​បំពេញភារកិច្ច ជូនជាតិ៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន បញ្ជាតាម​សារបែកធ្លាយ​ឲ្យ«សម្លាប់ក្រុមប្រឆាំង»​ក្នុងស្រុក​ឲ្យអស់

មេដឹកនាំដ៏មានអំណាច របស់កម្ពុជា លោក ហ៊ុន សែន បានបញ្ជាទៅមនុស្សក្រោមបង្គាប់​លោក ឲ្យ«សម្លាប់ក្រុមប្រឆាំង» នៅក្នុងប្រទេសឲ្យអស់ ដោយលោកបានបញ្ជាក់ថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ ពីសំណាក់សហភាពអ៊ឺរ៉ុប គឺជា«ឱកាស»​សម្រាប់​​របបដឹកនាំ​របស់លោក  ក្នុងការ«លត់​ពួកអានៅ​ខាងក្នុង»​ដូច្នេះ​ហើយ។ ...
កម្ពុជា

ក្រសួង​ការបរទេស​ចោទគណៈកម្មការ​អ៊ឺរ៉ុប ថា​«លំអៀងយ៉ាងគឃ្លើន»

មានគណបក្សនយោបាយចំនួន១៩ទៀត ដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា តែគណៈកម្មការអ៊ឺរ៉ុបសម្លឹងឃើញ តែគណបក្សសង្គ្រោះជាតិមួយ! នេះ បង្ហាញយ៉ាងច្បាស់ពីភាព«លំអៀងយ៉ាងគឃ្លើន» របស់គណៈកម្មការអ៊ឺរ៉ុប ដែលបានសម្រេចបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន។ ខាងលើនេះ ជាខ្លឹមសារសំខាន់មួយ ដែលត្រូវបានដកស្រង់ចេញ ...
កម្ពុជា

សម រង្ស៊ី បដិសេធ​ផ្ញើរ​សារសម្ងាត់​ ឲ្យ​ទៅ ហ៊ុន សែន

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស បានបដិសេធការបង្ហើបឡើង របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលអះអាងថា លោកបានផ្ញើរសារសម្ងាត់មួយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.