លោក វង្ស ពិសេន បានក្លាយជាអគ្គមេបញ្ជការ នៃកងយោធពលខេមរភូមិន្ទ ឬហៅឲ្យខ្លី «មេទ័ព​កំពូល» តាមរយៈព្រះរាជក្រឹត្យតែងតាំង របស់ព្រះមហាក្សត្រកម្ពុជា កាលពីម្សិលម៉ិញ តាមការទូលស្នើសុំ របស់លោក ហ៊ុន សែន។ ផ្ទុយពីក្នុងជួរកងទ័ព ជាពិសេសក្នុងជួរកងរាជអាវុធហត្ថ សាធារណជនទូទៅ ​មិនសូវ​និយាយ​ពីលោក វង្ស ពិសេន ច្រើនណាស់ណាទេ ក្នុងពេលកន្លងមក។ តើលោក «មេទ័ពកំពូល» រូបនេះ ជានរណា?

ចប់សព្វគ្រប់ហើយ សម្រាប់រជ្ជកាលកងទ័ព នៃលោក ប៉ុល សារឿន – លោក គន់ គីម និងលោក មាស សុភា។ ចាប់ពីថ្ងៃនេះតទៅ គេត្រូវបើករជ្ជកាលកងទ័ពថ្មី នៃរាជាណាចក្រកម្ពុជា ជាមួយនឹងលោក វង្ស ពិសេន – លោក ឥត សារ៉ាត់ និងលោក ហ៊ុន ម៉ាណែត។

មន្ត្រីយោធាទាំងបី ត្រូវបានព្រះមហាក្សត្រ ត្រាស់តែងតាំង កាលពីម្សិលម៉ិញ ឲ្យក្លាយជា អគ្គមេបញ្ជាការ (មេទ័ពកំពូល) – អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ (មេទ័ពរង) នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក (មេទ័ព នៃកងទ័ពជើងគោក) តាមការទូលស្នើសុំ ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី។

បន្ទាប់ពីត្រូវបានតែងតាំង លោកមេទ័ពទាំងបី ត្រូវបានប្រកាស ឲ្យចូលកាន់តំណែង ជាផ្លូវការ ក្នុងរសៀល​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅឯក្រសួងការពារជាតិ។ ពីក្នុងចំណោមនោះ លោក វង្ស ពិសេន ត្រូវបានដំឡើងឋានន្តរស័ក្តិ ជានាយឧត្ដមសេនីយ (ផ្កាយបួន)។

គ្មានអ្វីចម្លែកទេ មេដឹកនាំយោធាទាំងបីរូប នឹងត្រូវនៅក្រោមបង្គាប់ របស់ក្រសួងការពារជាតិ ដែលជាសេនាធិការ របស់រដ្ឋាភិបាលលោក ហ៊ុន សែន។ បើសង្ខេបឲ្យខ្លី ឬនិយាយឲ្យស្រួលស្ដាប់ មេទ័ពទាំងបីរូប ត្រូវនៅក្រោមបញ្ជា របស់បុរសខ្លាំងតែម្នាក់គត់ ដែលជា​អគ្គមេបញ្ជាការ​​កងកម្លាំង​ប្រដាប់​អាវុធទាំងមូល និងជានាយឧត្ដមសេនីយ​ផុតលេខ (ផ្កាយប្រាំ)។

តើ«មេទ័ព​កំពូល»ថ្មី ឈ្មោះ វង្ស ពិសេន នេះ ជានរណា? 

ផ្ទុយពីលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងលោក ហ៊ុន សែន និងដែលនរណាៗ ក៏ស្គាល់ដែរនោះ លោកមេទ័ពរពីរូបទៀត មិនសូវត្រូវបានអ្នកផងជជែក រំលឹក ឬដឹងឮច្រើន ពីពួកលោកទេ ជាពិសេស គឺលោក វង្ស ពិសេន តែម្ដង ដែលចាប់ពីថ្ងៃនេះតទៅ លោកត្រូវបញ្ជា និងគ្រប់គ្រងកងទ័ព នៅពេញមួយរាជាណាចក្រ។

បើរំលឹកមកវិញបន្តិច លោក វង្ស ពិសេន គឺជាអ្នកស្រុកព្រៃវែង។ លោកកើតនៅឆ្នាំ ១៩៥៧ ក្នុងភូមិលេខ១ ឃុំកំពង់លាវ ស្រុកកំពង់លាវ ចេញពីត្រកូលគ្រូបង្រៀនមួយ (ឪពុកលោកឈ្មោះ ម៉ម ពេញវង្ស ជាគ្រូបង្រៀន និងម្តាយលោកឈ្មោះ សេក យ៉ាន់ ជាមេផ្ទះ)។

នៅមុនឆ្នាំ១៩៧៥ យុវជន វង្ស ​ពិសេន បានសិក្សារៀនសូត្រ នៅវិទ្យាល័យព្រៃវែង រហូតដល់ចប់ថ្នាក់ ទី០១ចាស់។ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) លោក ពិសេន បានក្លាយខ្លួន ជាកងចល័ត (កម្លាំងយុវជន ដែលត្រូវធ្វើការផ្លាស់ទី និងទទួលបន្ទុកធ្វើការធ្ងន់ៗ) នៅស្រុកស្វាយដូនកែវ ខេត្តពោធិ៍សាត់។

បន្ទាប់ពីចេញពីរបបខ្មែរក្រហម លោកបានចូលបម្រើកងទ័ព ក្នុងឆ្នាំ១៩៧៩ និងទទួលបានការតំឡើងតំណែង តួនាទី និងឋានន្តរស័ក្តិ ជាបន្តបន្ទាប់ រហូតមកដល់ឆ្នាំ ២០០៧ លោកបានក្លាយជាមេបញ្ជាការរង និងជានាយសេនាធិការ នៃកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស។ លោកបានកាន់តំណែងនេះ លុះត្រាលោកត្រូវបានតែងតាំង ឲ្យក្លាយជាមេទ័ពកំពូល កាលពីម្សិលម៉ិញ។

មេទ័ពកំពូលរូបនេះ បានរៀបការជាមួយអ្នកស្រី កែវ បូរី និងមានបុត្របីនាក់ ដែលមានឈ្មោះបន្តបន្ទាប់៖ វង្ស សេនពិសិដ្ឋ – វង្ស សេនពិសី (ស្រី) និង វង្ស សេនវិស្សុត។

លក្ខណៈសម្បត្តិពិសេស ដែលគួរឲ្យកត់សម្គាល់នោះ គឺលោក វង្ស ពិសេន ជាសមាជិ​កគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សនេះ នៅតាមមូលដ្ឋានជាច្រើន (ព្រៃវែង ស្វាយរៀង…)។ លក្ខណៈពិសេសមួយទៀត គឺលោកទទួលបាន ការសិក្សារៀនសូត្រ និងការបំពាក់បំប៉ន យ៉ាងក្រាស់ក្រែល និងមិនតិចដងទេ ពីប្រទេសវៀតណាមកុម្មុយនីស្ដិ៍។

នៅលើប្រព័ន្ធផ្សព្វផ្សាយ របស់កងរាជអាវុធហត្ថ (គេហទំព័រ – បណ្ដាញសង្គម និងប្រព័ន្ធចែករំលែក វីដេអូ) គេតែងឃើញលោក វង្ស ពិសេន ធ្វើបាឋកថា ឬបទបង្ហាញជាច្រើន នៅចំពោះកងកម្លាំងរាជអាវុធហត្ថ ឬកងទ័ព និងថ្លែងឃោសនា ឲ្យគណបក្សប្រជាជនកម្ពុជា នៅរៀងរាល់ពេល ដែលលោកចុះ​ទៅ​តាម​មូលដ្ឋាន។

ព្រឹត្តិការណ៍មួយ ដែលបានទាក់ទាញចំណាប់អារម្មណ៍ មកលើរូបលោកខ្លាំងនោះ គឺ​បទបញ្ជា​ដាក់​ឲ្យ​កងកម្លាំង​​ទាំង​អស់ ​ត្រៀម​លក្ខណៈ​ដើម្បី​​ការពារ​រដ្ឋាភិបាល​«​ស្រប​ច្បាប់»​ និង​ទប់​មិន​ឲ្យ​មាន​ «បដិវត្តន៍​ពណ៌»​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ បទបញ្ជានោះ ត្រូវបានលោកថ្លែង នៅ​ថ្ងៃ​ទី​ ៤ ខែ​កញ្ញា​ ឆ្នាំ២០១៧ ក្នុង​សាលប្រជុំ​សេនាធិការដ្ឋាន ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស​ ពោលគឺនៅមួយថ្ងៃ ក្រោយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន។

នៅពេលនោះ លោក វង្ស ពិសេន បានបញ្ជាឲ្យ​កងកម្លាំង​ទាំងអស់ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ទាំង​ ២៥ ត្រូវ​គ្រប់គ្រង​ព័ត៌មាន​ ទាំង​ក្នុង​ប្រទេស និង​ព័ត៌មាន​ក្រៅ​ប្រទេស ​ឱ្យ​បាន​ច្បាស់លាស់ ​ហើយ​រាយការណ៍​ ឱ្យ​បាន​ទាន់​ពេលវេលា​ មក​មេបញ្ជាការ​គ្រប់​ម៉ោង។ លោកបានបញ្ជា ឲ្យកង​កម្លាំងរាជ​អាវុធហត្ថ​ទាំងអស់ ​ត្រូវ​ត្រៀម​លក្ខណៈ​ ទាំង​កម្លាំង​ទ័ព ប្រតិបត្តិការ ទាំង​កម្លាំង​សិក្ខាកាម មធ្យោបាយ សម្ភារ គ្រឿង​បំពាក់​ភ័ស្តុភារ បច្ចេកទេស វិទ្យុទាក់ទង រថយន្ត រថពាសដែក​ ត្រៀម​ជា​ស្រេច ​នៅ​ពេល​មាន​ការ​អ្វី​ គឺ​អាច​យក​មក​ប្រើប្រាស់​ ឲ្យបាន​ទាន់​ពេលវេលា​។

ប្រវត្តិត្រួសៗ

ខាងក្រោមនេះ ជាបទពិសោធន៍ នៃតំណែង និងតួនាទីរបស់លោក វង្ស ពិសេន ត្រួសៗមួយចំនួន៖

  • – ឆ្នាំ១៩៧៩ លោកបានចូលបម្រើកងទ័ព
  • – ឆ្នាំ១៩៨០ លោកត្រូវបានតែងតាំង ជាប្រធានក្រុម
  • – ឆ្នាំ១៩៨១ លោកជាសិក្ខាកាមអាកាសចរណ៍ និងជាប្រធាន ខ ជំនួយការប្រធានការិយាល័យសេនាជន ខេត្តព្រៃវែង
  • – ឆ្នាំ១៩៨៤ លោកត្រូវបានតែងតាំង ជាអនុមន្ទីរសេនាធិការយោធា ខេត្តព្រៃវែង
  • – ឆ្នាំ១៩៨៧ លោកត្រូវបានតែងតាំង ជាប្រធានមន្ទីរសេនាធិការយោធា ខេត្តព្រៃវែង
  • – ឆ្នាំ១៩៨៩ លោកត្រូវបានតែងតាំង ជាមេបញ្ជាការរងយោធា ខេត្តព្រៃវែង ថ្នាក់អនុសេនីយ៍ឯក
  • – ឆ្នាំ១៩៩១ លោកត្រូវបានតែងតាំង ជាអនុបញ្ជាការ F286 ថ្នាកវរសេនីយ៍ត្រី
  • – ឆ្នាំ១៩៩៥ លោកត្រូវបានតំឡើងឋានរសក្តិ ពីវរសេនីយ៍ទោ រហូតដល់វរសេនីយ៍ឯក និងតែងតាំង ជាមេបញ្ជាការយោធា ខេត្តព្រៃវែង
  • – ឆ្នាំ១៩៩៩ លោកត្រូវបានតែងតាំង ជាមេបញ្ជាការរងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ
  • – ឆ្នាំ២០០១ លោកត្រូវបានតែងតាំងបន្ថែម ជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ
  • – ឆ្នាំ២០០៣ លោកត្រូវបានតែងតាំង ជាមេបញ្ជាការរងកងរាជអាវុធ លើផ្ទៃប្រទេស និងតំឡើងឋានន្តរស័ក្តិ ដល់ថ្នាក់ឧត្តមសេនីយ៍ទោ
  • – ចាប់ពីឆ្នាំ២០០៧ រហូតមក លោកត្រូវបានតែងតាំង ជាមេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងតំឡើងឋានន្តរស័ក្តិ ដល់ថ្នាក់ឧត្តមសេនីយ៍ឯក៕

————–

បញ្ជាក់៖ អត្ថបទនេះ ជាការស្រាវជ្រាវចេញពីឯកសារផ្លូវការ និងមិនផ្លូវការមួយចំនួន ដែលអាចមានចន្លោះប្រហោង ដែលមិនមែនជាចេតនា របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូឡើយ។ ទស្សនាវដ្ដី នឹងទទួលយក ការបំពេញចន្លោះប្រហោងនោះ ដោយក្ដីសោមនស្ស។



You may also like

កម្ពុជា

ហ៊ុន សែន គម្រាម​បិទ​«ហ្វេសប៊ុក»​នៅកម្ពុជា

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងនៅកម្ពុជា បានប្រកាសព្រមានក្រុមហ៊ុនហ្វេសប៊ុក នៅថ្ងៃនេះ ថានឹងបិទបណ្ដាញសង្គមមួយនេះនៅកម្ពុជា ប្រសិនណាជាក្រុមហ៊ុន ហ្វេសប៊ុក បិទគណនីនិងទំព័ររបស់លោក។ លោក ហ៊ុន សែន បានសរសេរដូច្នេះនៅមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានចំនួនអ្នកតាមដាន ...
កម្ពុជា

នាយករដ្ឋមន្ត្រី​ខ្មែរ​និយាយ​ពី​«ក្បួន​ចាក់ទឹក​ក្រៅ​ពាង»

ពីខេត្តកណ្ដាល ក្នុងព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅចំពោះ កម្មករ-កម្មការិនីច្រើនពាន់នាក់ ពីក្បួនរួមរ័ក្សមួយ ដែលលោកហៅថា ជាពាក្យចាស់ ដែលមានឈ្មោះ ...
កម្ពុជា

Covid-19៖ ហ៊ុន សែន បញ្ចេញម៉ាស់ ២លាន ឲ្យខ្មែរបន្ថែមទៀត

បន្ទាប់ពីប្រកាសផ្ដល់ម៉ាស់«២លាន» សម្រាប់ពលរដ្ឋក្នុងរាជធានី កាលពីប៉ុន្មានថ្ងៃមុនរួច លោក ហ៊ុន សែន បានសម្រេចបញ្ចេញម៉ាស់​«២លាន»​បន្ថែមទៀត សម្រាប់ចែកជូន​ពលរដ្ឋ នៅក្នុងខែត្រសៀមរាប (១លានម៉ាស់) និងនៅក្នុងរាជធានីភ្នំពេញ (១លានម៉ាស់)។ នេះ ...

Comments are closed.

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...