កម្ពុជាដំណឹង

ហ៊ុន សែន អះអាង​ចាត់វិធានការ​ទប់ទល់​ទណ្ឌកម្ម​អាមេរិក-អ៊ឺរ៉ុប

បុរសខ្លាំងកម្ពុជា បានប្រកាសថា លោកកំពុងចាត់វិធានការ ដើម្បីទប់ទល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធ របស់សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ក្រោមអ្វីមួយ ដែលលោកហៅថា ជា«យុទ្ធនាការពង្រឹងឯករាជ្យ របស់កម្ពុជា»។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុង​ពិធី​ជួប​ជា​មួយ​ក្រុម​អ្នក​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ២០១៩នេះ ដោយ​​លោកបានអះអាងថា ​លោក​បាន​ជួប​ពិភាក្សា ពីយុទ្ធនាការនេះ ​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ លោក អូន ព័ន្ធ​មុនី​រ័ត្ន។

ការលើកឡើង របស់មេដឹកនាំកម្ពុជា មានលក្ខណៈផ្ទុយ នឹងទង្វើជាក់ស្ដែង របស់​រដ្ឋាភិបាលកម្ពុជា ដែលក្នុងពេលកន្លងមក បានបញ្ជូនបេសកជនពិសេស ជាច្រើននាក់ ឲ្យធ្វើបេសកកម្មជាច្រើនដង ទៅកាន់សហភាពអ៊ឺរ៉ុប ដើម្បីពន្យល់ (និងបញ្ចុះបញ្ចូល) កុំឲ្យមានការដាក់ទណ្ឌកម្ម លើប្រទេសកម្ពុជា។

កាលពីប៉ុន្មានខែមុន លោក ហ៊ុន សែន ខ្លួនលោក ក៏បានជួបប្រមុខការទូតអ៊ឺរ៉ុបដែរ ដើម្បីជជែក ជុំវិញការជូនដំណឹង ពីសំណាក់សហភាពអ៊ឺរ៉ុប អំពីការបើកនីតិវិធី ដែលមានរយៈពេល៦ខែ និងបន្ថែម៦ខែទៀត ដើម្បីឈានទៅដក ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេស​កម្ពុជា បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានមើលឃើញ ពីការមិនអើពើនៃរបបដឹកនាំ របស់លោក ក្នុងការងាកត្រឡប់ មករកការដឹកនាំ បែបប្រជាធិបតេយ្យសេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវវិញ។

នៅរសៀលថ្ងៃនេះ លោក ហ៊ុន សែន បានអះអាងថា នោះគឺជា​ការ​រៀប​យុទ្ធសាស្ត្រ​ថ្មី ​ដើម្បី​​ទប់ទល់​ ទៅ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​របស់សហភាព​អឺរ៉ុប និងសហរដ្ឋ​អាមេរិក។ លោក​ថា ​កម្ពុជា​ដល់​ពេល​ ដែល​ខ្លួន​ត្រូវ​ពង្រឹង​​ឯករាជ្យ ឈប់​ពឹង​លើ​ «ខ្យល់​ដក​ដង្ហើម» ​របស់​ប្រទេស​ដទៃ​ ដើម្បី​រស់​ហើយ។

នាយករដ្ឋមន្ត្រីកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាង៣ទសវត្សរ៍ បានថ្លែងឲ្យដឹងថា៖

«យុទ្ធនាការ​ពង្រឹង​ឯករាជ្យ​របស់​កម្ពុជា មាន​ចំណុច​មួយ​ចំនួន​ អាច​នឹង​ជួយ​ឲ្យ​វិស័យ​ធុរៈកិច្ច​របស់​យើង ​បើ​ទោះ​បី​ជា​គ្មាន​ភាព​អនុគ្រោះ​ ក៏​កម្ពុជា​នៅ​តែ​រស់។»

«ទោះបីកម្ពុជា គ្មានការអនុគ្រោះពន្ធទំនិញ ពីអឺរ៉ុប ក៏កម្ពុជា មិនស្លាប់ដែរ។»

លោកបានបង្ហើបយកឧទាហរណ៍មួយ មកបញ្ជាក់ថា៖

«ខ្ញុំ​បាន​សម្រេច​អំបាញ់​មិញ នៅ​តាម​មាត់ច្រក​តាម​ព្រំ​ដែន ក្នុង​ការ​នាំ​ចេញ​នាំ​ចូល អត់​មាន​តម្រូវ​ការ​ ឲ្យ​មាន​ស្ថាប័ន​ណា ​ក្រៅ​ពីអន្តោប្រវេសន៍ និង​គយ​ទេ។ ឲ្យ​តែ​ពីរ​ហ្នឹង​ទេ! ក្រៅពី​នោះ ​ដក​ចេញ​ឲ្យ​អស់ ទាំង​កាំកុងត្រូល ទាំង​ស្អី​ ដក​ចេញ​ឲ្យ​អស់ ព្រោះ​អាហ្នឹង​ វា​កើត​ទៅ​ជា​ឧបសគ្គ​ នៃ​ការ​រារាំង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ទៅ​វិញ​ទេ។»។

កាលពីថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ​២០១៩នេះ សមាជិកព្រឹទ្ធសភាអាមេរិក ចំនួនពីររូប បានដាក់សំណើរច្បាប់ថ្មីមួយ ដើម្បីតម្រូវឲ្យរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trumps) លប់​ចោល​ការអនុគ្រោះពន្ធអាមេរិក ហៅកាត់ថា «GSP» ចេញពីកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ ដោយសមាជិកព្រឹទ្ធសភាពទាំងពីររូប ក៏បានឲ្យដឹងថា សំណើរសេចក្ដីព្រាងច្បាប់នោះ ត្រូវបានធ្វើឡើង ដើម្បីពង្រឹងជំហរ របស់ចំណាត់ការនៃសហភាពអ៊ឺរ៉ុបដែរ៕



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកវិភាគថា ក្រោយយួន«ដកទ័ព» កម្ពុជាមិនអាចដួលរលំបានទេ

នៅចំពោះការអះអាង របស់នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា ដែលថ្លែងអួតអាង ដោយមោទនភាព អំពីការដឹកនាំជិត៤០ឆ្នាំរបស់ខ្លួននោះ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងសង្គមកម្ពុជា បានប្រតិកម្មយ៉ាងសាមញ្ញថា គឺស្ថានការណ៍ភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោក បង្ខំឲ្យយួនត្រូវ«ដកទ័ព» ចេញពីកម្ពុជា ...
កម្ពុជា

«ឯកឧត្ដម​ទេសរដ្ឋមន្ត្រី» វីល្លៀម គ័ង ត្រូវបាន​បណ្ដេញ​ចេញ​ពីតំណែង

លោក វីល្លៀម គ័ង (William Guang) ដែលជាឈ្មោះពិសេស ហៅក្រៅពីឈ្មោះដើម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ត្រូវបានបណ្ដេញចេញពីតំណែង ជាសមាជិកឧត្ដមប្រឹក្សា ពិគ្រោះនិងផ្ដល់យោបល់ ...
កម្ពុជា

ក្រសួង​ការបរទេស​ចោទគណៈកម្មការ​អ៊ឺរ៉ុប ថា​«លំអៀងយ៉ាងគឃ្លើន»

មានគណបក្សនយោបាយចំនួន១៩ទៀត ដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា តែគណៈកម្មការអ៊ឺរ៉ុបសម្លឹងឃើញ តែគណបក្សសង្គ្រោះជាតិមួយ! នេះ បង្ហាញយ៉ាងច្បាស់ពីភាព«លំអៀងយ៉ាងគឃ្លើន» របស់គណៈកម្មការអ៊ឺរ៉ុប ដែលបានសម្រេចបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន។ ខាងលើនេះ ជាខ្លឹមសារសំខាន់មួយ ដែលត្រូវបានដកស្រង់ចេញ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.