កម្ពុជាដំណឹង

អង្គការចំនួន៣ នៅអាស៊ី រួមគ្នាថ្កោលទោស​ដីកា​ចាប់ខ្លួន​មេដឹកនាំ CNRP

អង្គការចំនួន៣ នៅអាស៊ី បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ថ្កោលទោសការចេញ​ដីកា​របស់សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិនា ឲ្យចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងទាំង៨រូប ដោយហៅដីកានោះ ថាជាភស្ដុតាងថ្មីបង្ហាញពីការប្ដេជ្ញាចិត្ត របស់របបឯកបក្សក្រុងភ្នំពេញ ក្នុងការបំបាត់សម្លេងប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។

សម្រាប់អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានពន្យល់ថា ដីកានោះ គឺជារឿងដោយឡែករបស់តុលាការ ដែលធ្វើការប្រកបដោយឯករាជ្យភាព បន្ទាប់ពីបានស៊ើបអង្កេតយ៉ាងហ្មត់ចត់ អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមក។

កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីបានចុះហត្ថលេខា និងចេញផ្សាយក្នុងពេលតែមួយ ទៅលើដីកាចំនួន៨ច្បាប់ ដោយបញ្ជាទៅកងកម្លាំងអាជ្ញាធរ ឲ្យតាមចាប់ខ្លួនថ្នាក់ដឹកនាំប្រឆាំង ទាំង​៨នាក់ ពីបទក្បត់ជាតិ និងផ្សំគំនិតក្បត់។

មន្ត្រីប្រឆាំងទាំង៨នាក់ ដែលជាប់ក្នុងដីកា របស់សាលាដំបូងរាជធានីភ្នំពេញ មានលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង , លោក ហូរ វ៉ាន់ , លោក អ៊ូ ច័ន្ទឫទ្ធិ , លោក ម៉ែន សុថាវរិន្រ្ទ , លោក ឡុង រី , លោក តុប វ៉ាន់ចាន់ និងអ្នកស្រី មូរ សុខហួរ។

សម្រាប់អង្គការអន្តរជាតិទាំងបីនៅអាស៊ី ដែលរួមមាន វេទិកាអាស៊ី (FORUM-ASIA) សភាអាស៊ាន (APHR) និងបណ្ដាញដើម្បីលទ្ធិប្រជាធិបតេយ្យនៅអាស៊ី (ADN) បានពន្យល់ថា ការចោទប្រកាន់ ទៅលើមេដឹកនាំប្រឆាំងទាំង៨រូប តាមមាត្រា ៤៥៣ ៤៩៤ និងមាត្រា ៤៩៥នោះ បានបង្ហាញបន្ថែមទៀត ពីការគម្រាមកំហែង តាមផ្លូវតុលាការ និងយ៉ាងហិង្សា ដោយគ្មានមូលដ្ឋានគ្រឹះ ទៅលើសិទ្ធិសេរីភាព​នៃការបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធី និងការប្រមូលផ្ដុំគ្នា​ធ្វើសមាគម។

សេចក្ដីថ្លែងការណ៍រួមបានសរសេរថា៖

«ចាប់តាំងពីការបាត់បង់សម្លេងគាំទ្រដ៏ធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញចរិតផ្ដាច់ការ កាន់តែខ្លាំងឡើង និងបានប្រើប្រាស់ការវាយបង្ក្រាប ជាបន្តបន្ទាប់ ទៅលើស្ថាប័នប្រជាធិបតេយ្យ។ ច្បាប់ដ៏ឃោឃៅជាច្រើន ដូចយ៉ាងច្បាប់ស្ដីពីអង្គការសមាគម ច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្រ ត្រូវបានយកមកប្រើប្រាស់ ដើម្បីគម្រាមនិងចាប់ខ្លួន បណ្ដាជនជំទាស់។»

«នៅក្នុងបរិបទ នៃអវត្តមានសារព័ត៌មានសេរី និងគណបក្សប្រឆាំងពិតប្រាកដមួយ ដែលត្រូវបានរំលាយតាមទំនើងចិត្តនោះ គោលនយោបាយបង្ក្រាបទាំងនេះ មានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រជាជនកម្ពុជាទាំងអស់ ខណៈពួកគេគួរមានសមត្ថភាព ចាត់ឱ្យអ្នកនយោបាយ ត្រូវមានការទទួលខុសត្រូវ។»

អង្គការចំនួន៣ ៖ «ការប្ដេជ្ញាចិត្តរបស់ក្រុងភ្នំពេញ ជាសន្យាខ្យល់»

ក្រុមអង្គការអន្តរជាតិទាំងនោះ បានបញ្ជាក់ទៀតថា ទង្វើថ្មីៗរបស់របបដឹកនាំក្រុងភ្នំពេញ បានធ្វើឲ្យការប្ដេជ្ញាចិត្ត​ចុងក្រោយរបស់ខ្លួន នៅចំពោះសហគមន៍អន្តរជាតិ ថានឹងជំរុញឲ្យស្ថានការណ៍នយោបាយ ត្រឡប់មករកភាពល្អប្រសើរវិញនោះ គ្រាន់តែមានលក្ខណៈ ជាការសន្យាខ្យល់ប៉ុណ្ណោះ។

សេចក្ដីថ្លែងការណ៍បានលើកយកករណីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ កាលពីខែធ្នូកន្លងទៅមកបញ្ជាក់ថា តាមពិតទៅគឺមន្ត្រីគណបក្សប្រឆាំង ដែលរងការ​ហាមឃាត់​ធ្វើសកម្មភាពនយោបាយ ចាំបាច់ត្រូវឆ្លងកាត់ ការស្នើសុំដ៏អាស្រូវមួយ ទៅកាន់រដ្ឋមន្ត្រីមហាផ្ទៃ មុននឹងនាយករដ្ឋមន្ត្រីសម្រេច តាមទំនើងចិត្តថា តើគួរផ្ដល់សិទ្ធិធ្វើនយោបាយនេះ ឲ្យពួកគេឬយ៉ាងណា។

អង្គការធំៗទាំងនោះ បានសរសេរទៅកាន់សហគមន៍អន្តរជាតិ ឲ្យបន្តដាក់សម្ពាធបន្ថែមទៀត ទៅលើក្រុងភ្នំពេញ ហើយបានអំពាវនាវឲ្យរបបដឹកនាំមួយនេះ ត្រូវលប់ចោល​នូវច្បាប់ដ៏អាស្រូវ ទាំងប៉ុន្មានខាងលើ ដោយហេតុថា ប្រទេសកម្ពុជាជាម្ចាស់ហត្ថលេខី នៃការផ្ដល់សច្ចាប័ន្រ ទៅលើអនុសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិមនុស្ស។

សេចក្ដីថ្លែងការណ៍​បានស្នើទៅរបបលោក ហ៊ុន សែន ឲ្យចាត់វិធានការ«ពិតប្រាកដ» ដើម្បីបើកលំហប្រជាធិបតេយ្យឡើងវិញ ដោយចាប់ផ្ដើមពីការលប់ចោលទាំងអស់ នូវដីកាតុលាការទាំងឡាយ ដែលធ្វើឡើងដោយគ្មានមូលដ្ឋាន ប្រឆាំងនឹងក្រុមអ្នកនយោបាយ និងអ្នករិះគន់ ព្រមទាំងអនុញ្ញាតឲ្យពួកគេ អាចធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព។

«តុលាការ គឺជាលេណដ្ឋានសម្រាប់ក្រុងភ្នំពេញគេចគ្រាប់»

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌កម្ពុជា បានការពារការចេញ​ដីកា របស់តុលាការថា ជាការអនុវត្តន៍​យន្តការ​ច្បាប់ ដោយ​ផ្អែក​លើ​ការ​ស៊ើបអង្កេត​ច្បាស់លាស់ ហើយបានហៅប្រតិកម្មរបស់ក្រុមអង្គការអន្តរជាតិទាំងនោះ ថាជាមានលក្ខណៈនយោបាយ។

ស្រង់សំដីដោយវិទ្យុអាស៊ីសេរី អ្នកនាំពាក្យបានឲ្យដឹងថា៖

«ការ​ចេញ​ដីកា​នេះ គឺ​ជា​យន្តការ​អនុវត្ត​ច្បាប់​សុទ្ធសាធ​ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ព្រោះ​ផ្អែក​លើ​មូលដ្ឋាន​លើ​ការ​ស្រាវជ្រាវ និង​ការ​ស៊ើបអង្កេត​ច្បាស់លាស់ ហើយ​ការ​ចោទ​ប្រកាន់​ថា ជា​រឿង​នយោបាយ​នេះ ជា​រឿង​មិន​ត្រឹមត្រូវ​ទេ។»

ចំពោះអ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ វិញ មិនបានលើកឡើងអ្វីច្រើនទេ។ លោកគ្រាន់តែប្រើន័យធៀបមួយថា តុលាការសព្វថ្ងៃ គ្រាន់តែជាលេណដ្ឋាន (Tranchées) សម្រាប់ឲ្យក្រុងភ្នំពេញ យកទៅពួនបំបាំងខ្លួន ដើម្បីគេចគ្រាប់ប៉ុណ្ណោះ។

កាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ គណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែរ ដោយចាត់ទុកការចេញដីកានោះ ថាកំពុងបង្ហាញថា របបក្រុងភ្នំពេញសព្វថ្ងៃ កំពុងយកតុលាការ ធ្វើជាឧបករណ៍នយោបាយ ដើម្បីជា«ការផ្គើន» នឹងវិធានការនានារបស់សហគមន៍អន្តរជាតិ និងបំផ្លាញប្រយោជន៍ជាតិកម្ពុជាទាំងមូល៕



លំអិតបន្ថែមទៀត

កម្ពុជា

ក្រុមអ៊ឺរ៉ុប ផ្ដួចផ្ដើម​ដោយ EU គ្រោងផ្ដល់​​ជំនួយ​ជិត​៥០០លាន​ដុល្លារ​ឲ្យ​កម្ពុជា

ក្រុមអ៊ឺរ៉ុប (Team Europe) ដែលផ្ដួចផ្ដើមដោយ សហភាពអ៊ឺរ៉ុប (EU) កំពុង​កៀរ​គរ​ថវិកា​ចំនួន​៤៤៣​លាន​អឺរ៉ូ ដែល​ជា​កញ្ចប់​ប្រាក់​កម្ចី និង​ជំនួយ​ឥត​សំណង ដើម្បី​ធ្វើ​ការងារ​ជាមួយ​កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់ ​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ ...
កម្ពុជា

ហ៊ុន សែន ឌឺដង​ឲ្យ សម រង្ស៊ី «កុំ​រត់ចោល​ទីលាន​ប្រកួត»

បើទោះជាអះអាងមិនឆ្លើយឆ្លង ជាមួយលោក សម រង្ស៊ី ក៏ដោយ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តផ្ញើរសារ​បែបបញ្ឆិតបញ្ឆៀង ឬដោយមិនចំឈ្មោះ ទៅកាន់មេដឹកនាំប្រឆាំងជាដរាប។ ហើយក្នុងវគ្គថ្មី នៅថ្ងៃនេះ ...
កម្ពុជា

ហ៊ុន សែន ប្រកាស​រៃអង្គាស​ថវិកា សម្រាប់​គ្រួសារ​នៃជន​រងគ្រោះ

បន្ទាប់ពីត្រឡប់ពីកិច្ចប្រជុំកំពូល នៃសមាគមអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅមុននេះ អំពាវនាវឲ្យមានការជួយជាថវិកា សម្រាប់​គ្រួសារ​នៃជន​រងគ្រោះ នៅក្នុងហេតុការណ៍រលំបាក់អគារ កំពស់៧ជាន់ កាលពីព្រឹកថ្ងៃសៅរ៍។ ការអំពាវនាវរបស់លោក ហ៊ុន ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...