កម្ពុជាដំណឹង

CNRP ហៅ​ការចេញដីកា​ចាប់ខ្លួន​មេដឹកនាំ​ខ្លួន​ទាំង៨ ថាជា​«ការផ្គើន»

ការចេញដីកា ឲ្យចាប់ខ្លួនថ្នាក់ដឹកនាំទាំង៨នាក់ របស់គណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានថ្ងៃមុននេះ បង្ហាញថា របបក្រុងភ្នំពេញសព្វថ្ងៃ កំពុងយកតុលាការ ធ្វើជាឧបករណ៍នយោបាយ ដើម្បីជា«ការផ្គើន» នឹងវិធានការនានារបស់សហគមន៍អន្តរជាតិ និងបំផ្លាញប្រយោជន៍ជាតិកម្ពុជាទាំងមូល។ 

ខាងលើនេះ ជាការអះអាង របស់គណបក្សសង្គ្រោះជាតិ (CNRP) ដើម្បីប្រតិកម្មតបនឹងដីកា ដែលចុះហត្ថលេខា និងចេញផ្សាយក្នុងពេលតែមួយ ដោយចៅក្រមស៊ើបអង្កេត​សាលា​ដំបូង​រាជធានី​ភ្នំពេញ បញ្ជាទៅកងកម្លាំងអាជ្ញាធរ ឲ្យតាមចាប់ខ្លួនថ្នាក់ដឹកនាំប្រឆាំង ទាំង​៨នាក់ ពីបទក្បត់ជាតិ និងផ្សំគំនិតក្បត់។

សេចក្ដីថ្លែងការណ៍ របស់គណបក្សប្រឆាំង ដែលធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន កាលពីប៉ុន្មាននាទីមុន បានឲ្យដឹងថា ទង្វើរបស់របបលោក ហ៊ុន សែន បង្ហាញឲ្យឃើញអំពីការដឹកនាំ ដែលងាកចេញពីការផ្សះផ្សារបង្រួបបង្រួមជាតិ និងពុំឲ្យតម្លៃប្រជាធិបតេយ្យ ដោយគាបសង្កត់ស្ថាប័នកំពូលៗរបស់រដ្ឋ ដើម្បីបំពេញមហិច្ឆតាផែនការអំណាចបុគ្គល។

ការផ្គើន…

សេចក្ដីថ្លែងការណ៍ បានសរសេរថា៖

«ចំណាត់ការ ដែលមានចរិតនយោបាយបន្តបំបែក និងបំបាត់សំឡេងប្រឆាំងនៅកម្ពុជានេះ ជាការផ្គើននឹងវិធានការនានា របស់សហគមន៍អន្តរជាតិ ហើយបំផ្លាញប្រយោជន៍ជាតិកម្ពុជាទាំងមូល។»

ជនទាំង៨នាក់ ដែលជាប់ក្នុងដីកា របស់សាលាដំបូងរាជធានីភ្នំពេញ មានលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង , លោក ហូរ វ៉ាន់ , លោក អ៊ូ ច័ន្ទឫទ្ធិ , លោក ម៉ែន សុថាវរិន្រ្ទ , លោក ឡុង រី , លោក តុប វ៉ាន់ចាន់ និងអ្នកស្រី មូរ សុខហួរ។

សម្រាប់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលជាជនទីមួយ ជាប់ឈ្មោះនៅក្នុងដីកានោះ បានធ្វើប្រតិកម្មខ្លី នៅតាមបណ្ដាញសង្គមទ្វីសធើរថា៖

«ដីកាចាប់ខ្លួនខ្ញុំ ដែលបានចេញនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនានេះ គូសបង្ហាញថា រដ្ឋាភិបាលលោក ហ៊ុន សែន បានប្ដេជ្ញាចិត្តច្បាស់លាស់ណាស់ ក្នុងការកម្ទេចសំឡេងជំទាស់នៅកម្ពុជា ទោះតាមមធ្យោបាយណាក៏ដោយ។»

គណបក្សប្រឆាំងបានអំពាវនាវជាថ្មីទៀត ទៅដល់សហគមន៍អន្តរជាតិ ជាពិសេសសហភាពអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេសប្រជាធិបតេយ្យ ដែលជាម្ចាស់ជំនួយ និងកម្ចីដ៏សំខាន់ ឲ្យចាត់វិធានការសមស្រប និងជាក់ស្ដែង ព្រមទាំងដាក់«សម្ពាធបន្ថែមកាន់តែខ្លាំង» ទៅលើរបបក្រុងភ្នំពេញ ដើម្បីជំរុញឲ្យរបបនេះ វិលទៅរកគន្លងប្រជាធិបតេយ្យវិញ។

តាមរយៈសេចក្ដីថ្លែងការណ៍ដដែល គណបក្សសង្គ្រោះជាតិបានបន្តបញ្ជាក់ជំហរថា ថ្នាក់ដឹកនាំរបស់ខ្លួន នៅតែ«រឹងមាំ» និងកំពុង​«បន្តដឹកនាំនយោបាយ» តាមគោលការណ៍ប្រជាធិបតេយ្យ និងការផ្សះផ្សាបង្រួបបង្រួមជាតិ «ដោយមិនយកខ្មែរណាជាសត្រូវ»។

អ្នកស្រី មូ សុខហួរ អនុប្រធានគណបក្ស ដែលជាជនមួយរូបទៀត ជាប់ឈ្មោះក្នុងដីការ បានបរិហារដីការនោះ ថាជាទង្វើដ៏យង់ឃ្នង។ អ្នកស្រីបានថ្លែងឡើងថា៖

«ការដែលគេចេញដីកា ឲ្យមានការចាប់ខ្លួនយើងខ្ញុំ ជាទង្វើដ៏យង់ឃ្នងណាស់។ តើពួកយើងខ្ញុំហ្នឹងឯងឬ ជាអ្នកក្បត់ជាតិ? ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋ ទោះបីមន្ត្រីនៅក្នុងតុលាការក៏ដឹងដែរថា យើងមិនមែនជាអ្នកក្បត់ជាតិទេ។ ផ្ទុយទៅវិញ យើងរកដំណោះស្រាយ ជូនប្រទេសជាតិយើង ជូនប្រជាពលរដ្ឋយើង៕»



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកវិភាគ​ប្រាប់​អ្នកនៅរស់​អំពីករណីយកិច្ច ក្នុង​ការទាមទារ​យុត្តិធម៌

សម្រាប់អ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ គេមិនត្រូវបំភ្លេចក្រុមបាតុករ ដែលបានស្លាប់ និងរបួស រាប់សិបនាក់ នៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក នៅមុខអតីតវិមានរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧នោះទេ ...
របាយការណ៍

«ខ្ញុំជា ឈុត វុទ្ធី» ​ភាពយន្ដ​ឯកសារ​និយាយពី​វីរភាព និង​ការធ្វើឃាត

ភាពយន្ដឯកសារ រឿង «ខ្ញុំជា ឈុត វុទ្ធី» បានរៀបរាប់ឡើងវិញ ពីវីរភាពរបស់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏ល្បីល្បាញ ដែលបានប្រឹងប្រែង ​ការពារ​ធនធាន​ធម្មជាតិ របស់ខ្មែរ ...
កម្ពុជា

គង់ ម៉ាស់ សកម្មជន CNRP ត្រូវចៅក្រម​ស៊ើបសួរ​សម្រេច​ឲ្យឃុំខ្លួននៅ ព្រៃស

លោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរ​នៃសាលាដំបូងរាជធានី បានសម្រេចឲ្យឃុំខ្លួន លោក គង់ ម៉ាស់ សកម្មជនគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារ«ព្រៃស» ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះ។ នេះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.