កម្ពុជាដំណឹង

ហ៊ុន សែន៖ «បើ​ចង់​រួច​បម្រាម​ហាម​ធ្វើ​នយោបាយ ត្រូវ​ស្នើ​ម្នាក់​ម្ដងៗ មក​នាយករដ្ឋមន្ត្រី»

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (រូបថតលើទ្វីសធើរ)

បណ្ដាជនទាំងឡាយណា ដែលត្រូវតុលាការហាមឃាត់ ធ្វើសកម្មភាពនយោបាយ ហើយមានបំណងចង់រួចខ្លួន ចេញពីបម្រាមនេះ ត្រូវធ្វើសំណើរម្នាក់ម្ដងៗ ឡើងទៅនាយករដ្ឋមន្ត្រី ដើម្បីឲ្យលោកពិនិត្យមើល ថាតើជននោះ មានលក្ខណៈសម្បត្តិ អាចត្រូវលោកទូលស្នើ ទៅព្រះមហាក្សត្រ ឲ្យលើកលែងបម្រាមនោះ ឬយ៉ាងណា។ នេះ ជាការអះអាងឡើង​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅចំពោះកម្មករ-កម្មការិនី ច្រើនពាន់នាក់ ក្នុងពិធីជួបសំណេះសំណាលមួយ នាស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ ក្នុងព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក ហ៊ុន សែន បានប្រកាសថា សេចក្ដីព្រាងច្បាប់​វិសោធនកម្ម មាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលនឹងត្រូវរដ្ឋសភាបើកសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័ត នៅថ្ងៃព្រហស្បត្តិ៍ស្អែកនេះ មិនសំដៅទៅបក្សនយោបាយណាមួយទេ តែជាច្បាប់សម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ ហើយក៏មិនសម្រាប់មនុស្សមួយគណបក្សនោះដែរ។

 លោកថា៖ «ប្រសិនជាគេមានការស្នើសុំ មកនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីបានពិនិត្យឃើញថា គេមិនបានប្រឆាំង នឹងសាលដីកាតុលាការកំពូលនោះទេ (…) នៅពេលច្បាប់ចូលជាធរមាន ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំត្រៀមនឹងទទួលយក នូវសំណើររបស់សាមីជនម្នាក់ៗ មិនមែនតំណាង ឲ្យបក្សនយោបាយណាមួយ មកស្នើទេ។ បុគ្គលម្នាក់ៗ ត្រូវស្នើមកនាយករដ្ឋមន្ត្រី ឬស្នើតាមរយៈ​រដ្ឋមន្ត្រីមហាផ្ទៃ (…) មិនមែនចេញច្បាប់ហើយ អ្នកប៉ុន្មានហ្នឹង រួចអស់ទេ។ ម្នាក់ម្ដងៗ ម្នាក់មានព្រះរាជក្រិត្យមួយ ឬបួនប្រាំនាក់សុំមក គឺមានព្រះរាជក្រិត្យមួយ។»។

បុរសខ្លាំងកម្ពុជា បញ្ជាក់ថា៖ «អញ្ចឹង ជាឆន្ទានុសិទ្ធិ របស់នាយករដ្ឋមន្ត្រី នៅត្រង់កន្លែងនេះ»។

សេចក្តីព្រាងច្បាប់វិសោធនកម្ម មាត្រា៤៥ ថ្មី(ស្ទួន) ត្រូវបានអ្នកតំណាងរាស្ត្រ ចំនួន​៨៧រូប មកពីគណបក្សប្រជាជនកម្ពុជាតែមួយ ស្នើធ្វើវិសោធនកម្ម ទៅជាសេចក្តីស្នើច្បាប់មាត្រា៤៥ ថ្មី(ស្ទួនមួយ) ដែលមានខ្លឹមសារថា៖

បុគ្គលត្រូវតុលាការសម្រេច ហាមឃាត់ការធ្វើសកម្មភាព នយោបាយ មិនអាចបង្កើត គណបក្សនយោបាយ ឬចូលរួមក្នុងគណបក្ស នយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំង គណបក្សណាមួយបានឡើយ។

បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេល នៃការហាមឃាត់កំណត់ ដោយសាលដីការរបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

យ៉ាងណា ការលើកឡើងរបស់លោក ហ៊ុន សែន ក្នុងព្រឹកនេះ ដែលថាការព្រាងច្បាប់វិសោធនកម្មខាងលើ មិនសំដៅទៅគណបក្សណាមួយនោះ មានលក្ខណៈផ្ទុយនឹងសេចក្ដីថ្លែងការណ៍ កាលពីដើមសប្ដាហ៍មុន របស់ក្រសួងការបរទេស និងរដ្ឋសភាកម្ពុជា ដែលបានពន្យល់ថា ការកែច្បាប់ស្ដីគណបក្សនយោបាយនេះ មានទិសដៅផ្ដល់សិទ្ធិនយោបាយឡើងវិញ ឲ្យមន្ត្រីទាំង១១៨នាក់ មកពីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីពួកគេត្រូវបានតុលាការកំពូល ចេញសាលក្រម​ហាមឃាត់​សកម្មភាពរបស់ពួកគេ ចេញពីរាល់ជីវភាពនយោបាយនោះ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ប្រាប់​រដ្ឋាភិបាល​បរទេស​ថា ​តុលាការ​នៅ​ភ្នំពេញ​ជា​«អាយ៉ង»

មេដឹកនាំប្រឆាំងរបស់កម្ពុជា លោក សម រង្ស៊ី បានសរសេរលិខិតមួយ នៅថ្ងៃនេះ ទៅកាន់រដ្ឋាភិបាល នៃបណ្ដាប្រទេសនានា ដើម្បីប្រាប់ឲ្យប្រទេសទាំងនោះ កុំយកចិត្តដាក់ចំពោះដីកាឲ្យចាប់ខ្លួន ដែលចេញកាលពីដើមខែមិនា ដោយតុលាការរាជធានី ប្រឆាំងមេដឹកនាំប្រឆាំង ...
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
កម្ពុជា

Covid-19៖ កម្ពុជាឈានដល់វគ្គ… ប្រាក់​បៀវត្ស​បរិច្ចាគ

បន្ទាប់ពីវគ្គប្រាក់ជំនួយឧបត្ថម្ភ ពីសំណាក់ក្រុមអ្នកមានទ្រព្យធន ឬឧកញ៉ា ពេលនេះប្រទេសកម្ពុជាបានឈាន មកដល់វគ្គ «ប្រាក់​បៀវត្ស​បរិច្ចាគ» ពីសំណាក់ក្រុមមន្ត្រីគ្រាក់ៗម្ដង។ ព្រះរាជាណាចក្របានឆ្លងកាត់វគ្គ និងដំណាក់កាលច្រើនយ៉ាងនេះ បើទោះជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ...
កម្ពុជា

ក្រុងភ្នំពេញ​រំលឹក​ខួប​ទី៤០ នៃ​ថ្ងៃ៧មករា ដោយ​សរសេរ​បដា​ផ្ទៃ​ពណ៌ក្រហម

បដាផ្ទៃពណ៌ក្រហម ដែលត្រូវបានគេគិតថា ជាពណ៌តំណាងឲ្យឈាម និងលទ្ធិកុម្មុយនីស្ដិ៍ បានពន្លេចខ្លួនមកវិញ នៅក្នុងឱកាសនៃការប្រារព្ធ ពិធីរំលឹកខួបលើកទី៤០ នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩-២០១៩ ក្នុងថ្ងៃនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក កណ្ដាលរាជធានីភ្នំពេញ។ សាក្សីរស់ជាច្រើន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.