កម្ពុជាដំណឹង

CNRP បដិសេធ​ផែនទីព្រំដែន ១/២៥០០០ ដែល​«គូសដោយ​វៀតណាម»

គណបក្សសង្គ្រោះជាតិ បានប្រកាសទាត់ចោលផែនទីថ្មី ខ្នាត ១/២៥០០០ ដែលក្រុមលោក វ៉ា គឹមហុង – អ្នកស្រី កុយ ពិសី ដែលតំណាងឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុង​ហាណូយ តំណាងដោយលោក ឡេ ហួយទ្រុង (Le Hoai Trung) ទទួលយល់ព្រមគ្នា កាលពី​ថ្ងៃទី១ ខែសីហា​កន្លងមក។ នេះបើតាមសេចក្ដី​ថ្លែងការណ៍មួយ របស់គណបក្សប្រឆាំង ដែលចេញផ្សាយ ក្នុងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។

សេចក្ដីថ្លែងការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ បានពន្យល់ថា ការទទួលយកផែនទីថ្មីស្រឡាង ខ្នាត ១/២៥០០០ ពីវៀតណាម ប្រៀប​ដូច​ជា​ការទទួល​យក​ប្លង់ដីថ្មី នៃប្រទេសកម្ពុជា ដែល«គូសដោយប្រទេស​វៀតណាម»។ ក្នុងន័យនេះ គណបក្ស​សង្គ្រោះជាតិ អះអាងថាខ្លួនមិនទទួលស្គាល់ផែនទី ដែលគូសឡើង ដោយវៀតណាម និង​រាល់​ការបោះបង្គោលព្រំដែន ដែលសម្រេចបាន ចំនួន៨៤% កន្លងមកនេះទេ។

គណបក្សប្រឆាំង ដែលត្រូវតុលាការរបបក្រុងភ្នំពេញ រំលាយចោលកាលពីចុងឆ្នាំ២០១៧  បានសរសេរថា៖

«គណបក្សសង្គ្រោះជាតិ (…) នឹងសើរើឡើងវិញ នូវការបោះបង្គោលព្រំដែនទាំងអស់ ដោយរបបក្រុងភ្នំពេញ នាពេលកន្លងមក នៅពេលដែគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោត ដឹកនាំរាជរដ្ឋាភិបាល។»

យ៉ាងណា គណបក្សប្រឆាំង បានបើកផ្លូវឲ្យរបបក្រុងភ្នំពេញ បង្ហាញពីតម្លាភាព ចំពោះ​ឯកសារផែនទីថ្មី ដោយទាមទារ ឲ្យបើកបង្ហាញ​ជាសាធារណៈ នូវផែនទី​ទើប​នឹង​ទទួល​បាន ដើម្បីយកមកផ្ទៀងផ្ទាត់ ជាមួយផែនទីបោន ខ្នាត ១/១០០០០០ របស់បារាំង ដែលជា​ផែនទីផ្លូវការតែមួយគត់ មានចែង​នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

ក្រុមលោក វ៉ា គឹមហុង – អ្នកស្រី កុយ ពិសី បានទទួលយក​ឯកសារផែនទី​ខ្នាតថ្មីនេះ នៅក្នុងពិធីមួយ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅ​ច្រក​អន្តរជាតិ ម៉ុកបៃ (Moc Bai) ខេត្តតៃនិញ (ខេត្តរោងដំរី នៃទឹកដីកម្ពុជាក្រោម) ជាមួយនឹងសមភាគីវៀតណាម។

ខណៈប្រព័ន្ធផ្សព្វផ្សាយវៀតណាម បានផ្សាយពីពិធីខាងលើ យ៉ាងព្រោងព្រាតនោះ ប្រព័ន្ធ​ឃោសនានៅកម្ពុជា មិនបានបញ្ចេញដំណឹងនេះ ផ្ដល់ជូនប្រជាជនកម្ពុជាទេ។ រហូត​លុះត្រា​ព័ត៌មាននេះ ត្រូវបានទម្លាយមុនគេ ដោយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ (ក្នុងយប់ថ្ងៃទី១ ខែសីហាដដែលនោះ) ទើបក្រុមលោក វ៉ា គឹមហុង និងអ្នកស្រី កុយ ពិសី បានបញ្ចេញ​ព័ត៌មាន​នេះ មកផ្សាយ​ជាផ្លូវការ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់រដ្ឋវៀតណាម ហៅថា «VNA» បានរយការណ៍ថា៖

«ភាគីទាំងពីរបានផ្ទៀងផ្ទាត់ ពិនិត្យ និងឯកភាព លើផែនទីព្រំដែនចំនួន ៥០០សន្លឹក ដែលត្រូវបានចងក្រងឡើង រួមមាន ២៥០សន្លឹក ជាភាសាវៀតណាម-ខ្មែរ និង ២៥០ សន្លឹកជាភាសាខ្មែរ-វៀតណាម ដោយមានហត្ថលេខារបស់អាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងពីរ នៅជាមួយផង។ ភាគីទាំងពីរ បានរក្សាឯកសារផែនទីទាំងនោះ ចំនួន ២៥០សន្លឹក ក្នុងភាគីម្ខាងៗ។»

ក្នុងថ្ងៃទី៣ ខែសីហានេះដែរ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាន​ នៅសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍ ដ៏វែងអន្លាយមួយ អះអាងថា ការដែល​រដ្ឋាភិបាលកម្ពុជា​ទទួលស្គាល់ផែនទីថ្មីខ្នាត ១/២៥០០០ គឺ​ជាការធ្វើសម្បទានដីថ្មីប​​ន្ថែ​ម​ទៀត ឱ្យទៅវៀតណាម។

ឆ្លើយតប​ទៅ​នឹងការរិះគន់​ខាងលើ អ្នក​ស្រី កុយ ពិសី អនុប្រធានគណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា ​បានចេញមុខមកបកស្រាយ តាមវិទ្យុបារាំងអន្តរជាតិថា​ ផែនទីខ្នាត ១/២៥០០០ ​មិន​មែន​ជា​ផែន​ទី​ថ្មី​ទេ តែ​ជា​ផែនទី​ដែល​ផលិត​ថ្មី​ តាម​សម័យ​ទំនើប​ឌីជីថល​ ៤.0​ ដែល​បាន​ធ្វើ​ជា​យូរ​មក​ហើយ​ និង​បោះពុម្ព​ដោយ​ប្រទេស​ដាណឺម៉ាក។

អ្នកស្រីអះអាង​ថា ​ផែនទី​ខ្នាតថ្មីនេះ​ បង្ហាញ​ច្បាស់​លាស់ ​ពី​ខ្សែ​ព្រំដែន​ បង្គោល​ព្រំដែន​ រួម​និង​ស្ថានភាព​ភូមិសាស្រ្តនៅ ​លើ​ដី​ជាក់​ស្តែង​ ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ មិន​ដូច​ផែន​ទី​បោន​ខ្នាត​ ១/១០០០០០ នោះ​ទេ៕



លំអិតបន្ថែមទៀត

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន របស់រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក វ៉ា គឹមហុង និងអ្នកស្រី កុយ ពិសី បានទទួលយក​ឯកសារផែនទី​ខ្នាត ១/២៥០០០ នៅក្នុងពិធីមួយ កាលពីថ្ងៃទី១ សីហា ឆ្នាំ២០២០ នៅ​ច្រក​អន្តរជាតិម៉ុកបៃ (Moc Bai) ខេត្តតៃនិញ (ខេត្តរោងដំរី នៃទឹកដីកម្ពុជាក្រោម) ជាមួយនឹងសមភាគីវៀតណាម។
កម្ពុជា

គណៈកម្មាធិការ«ព្រំដែន»ថា CNRP ប្រឌិត​រឿងព្រំដែន និង​ផ្សព្វផ្សាយ​មិនពិត

គណៈកម្មាធិការចម្រុះកិច្ចការ«ព្រំដែន» បានច្រានចោលការចោទប្រកាន់ ដែលថា ផែនទី​ខ្នាត ១/២៥ ០០០ ជាផែនទីដែលគូសវាង ដោយប្រទេសវៀតណាម។ គណៈកម្មាធិការ​មួយ​នេះ ដែលមានលោក វ៉ា គឹមហុង ជាប្រធាន ...
កម្ពុជា

សម រង្ស៊ី បន្តប្រាប់ ហ៊ុន សែន កុំដើររករឿងគេឯង«ទាំងងងើល»

ភាគបន្ត នៃសង្គ្រាមពាក្យសំដី ហ៊ុន សែន-សម រង្ស៊ី អាចនឹងរកទីបញ្ចប់គ្មាន។ ក្នុងយប់ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩នេះ មេដឹកនាំប្រឆាំងបានបន្តលើកឡើង ដោយប្រើពាក្យខ្លាំងៗថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ...
លោកសាស្ត្រាចារ្យ រ៉ុង ឈុន នៅក្នុងរថយន្ដនគរបាល នៅក្រោយលោកត្រូវបានចាប់ខ្លួន ក្នុងយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។ (រូបថតនគរបាល)
កម្ពុជា

CNRP ថ្កោលទោស និងហៅ​ការចាប់​ខ្លួន រ៉ុង ឈុន ថា«រំលោភច្បាប់»

ការចាប់ខ្លួនលោកសាស្ត្រាចារ្យ រ៉ុង ឈុន ក្នុងយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ទទួល​បានការថ្កោលទោស ពីគណបក្សសង្គ្រោះជាតិ ដោយហៅការចាប់ខ្លួននេះ ជាទង្វើ​«រំលោភច្បាប់»​យ៉ាងកម្រោល ពីសំណាក់របបក្រុងភ្នំពេញ។ សេចក្ដីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.