កម្ពុជាដំណឹង

វ៉ា គឹមហុង បានចុះ​ហត្ថលេខា​«សម្ងាត់»​ទទួលផែនទី​ព្រំដែន​ពី​វៀតណាម?

លោក វ៉ា គឹមហុង (រូបអង្គុយខាងឆ្វេង) ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា និងលោក ឡឺ ហ្វាវត្រឹង សមភាគីវៀតណាម បានចុះហត្ថលេខារួមគ្នា ក្រោមអធិបតីរបស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។ (រូបថតកាសែតវៀតណាម)។
លោក វ៉ា គឹមហុង (រូបអង្គុយខាងឆ្វេង) ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា និងលោក ឡឺ ហ្វាវត្រឹង សមភាគីវៀតណាម បានចុះហត្ថលេខារួមគ្នា ក្រោមអធិបតីរបស់នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។ (រូបថតកាសែតវៀតណាម)។

ខណៈលោកសាស្ត្រាចារ្យ រ៉ុង ឈុន ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួន​ឃុំក្នុង​ពន្ធនាគារ ព្រោះ​បានចុះ​ទៅមើលបញ្ហា​នៅ​ព្រំដែននោះ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ នៅ​ច្រក​អន្តរជាតិ ម៉ុកបៃ (Moc Bai) ខេត្តតៃនិញ (ខេត្តរោងដំរី នៃទឹកដីកម្ពុជាក្រោម) ឯណោះ លោក វ៉ា គឹមហុង ប្រធានគណៈកម្មការ​ចម្រុះកិច្ចការ​ព្រំដែនកម្ពុជា បានជួប​ជាមួយ​​សមភាគី​វៀតណាម ដើម្បីទទួលយកផែនទីភូមិសាស្ត្រ ខ្នាត ១/២៥,០០០ នៃព្រំដែន​​រវាង​ប្រទេស​ទាំងពីរ។

គេមិនដឹងថា តើជំនួបខាងលើ មានលក្ខណៈបើកចំហរ ឬធ្វើឡើងជាសម្ងាត់បែបណា​ទេ ដោយហេតុថា ប្រព័ន្ធឃោសនារបស់របបក្រុងភ្នំពេញ មិនបានផ្សាយពីព័ត៌មាន​មួយ​នេះ​ សូម្បីបន្តិចឡើយ ដែលផ្ទុយ​ពីប្រព័ន្ធ​ផ្សព្វផ្សាយ របស់វៀតណាម ដែលចេញផ្សាយ​ព្រោងព្រាត ទាំងនៅតាមប្រព័ន្ធឃោសនារដ្ឋ (VNA) និងនៅតាម​គេហទំព័រ​ព័ត៌មាន​នានា។

ទីភ្នាក់ងារ «VNA» បានរាយការណ៍ឲ្យដឹងថា៖

«ភាគីទាំងពីរបានផ្ទៀងផ្ទាត់ ពិនិត្យ និងឯកភាព លើផែនទីព្រំដែនចំនួន ៥០០សន្លឹក ដែលត្រូវបានចងក្រងឡើង រួមមាន ២៥០សន្លឹក ជាភាសាវៀតណាម-ខ្មែរ និង ២៥០ សន្លឹកជាភាសាខ្មែរ-វៀតណាម ដោយមានហត្ថលេខារបស់អាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងពីរ នៅជាមួយផង។ ភាគីទាំងពីរ បានរក្សាឯកសារផែនទីទាំងនោះ ចំនួន ២៥០សន្លឹក ក្នុងភាគីម្ខាងៗ។»

ប្រព័ន្ធឃោសនា របស់រដ្ឋកុម្មុយនីស្ដិ៍វៀតណាម មិនបានអះអាងទេថា ថាតើឯកសារ​ផែនទី​​ទាំងនោះ ត្រូវបានបោះពុម្ភ ឬចម្លងចេញពីសំណៅណាមួយទេ តែបានបញ្ជាក់ម្ដង​ហើយ ម្ដងទៀតថា «ប្រទេសវៀតណាម​-កម្ពុជា​បានចុះហត្ថលេខា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ លើសន្ធិសញ្ញាបំពេញបន្ថែម​នៃសន្ធិសញ្ញាផែនការព្រំដែនជាតិ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញា​បំពេញបន្ថែម ឆ្នាំ២០០៥»។

«VNA» សរសេរថា៖

«ផែនទីសណ្ឋានដី​នៃព្រំដែនវៀតណាម-កម្ពុជា ដែលបានបង្កើតឡើង ក្នុងមាត្រាដ្ឋាន ១/២៥,០០០ បានឆ្លុះ​បញ្ចាំង​យ៉ាង​ពេញលេញ នូវសមិទ្ធិផលនៃការកំណត់ខណ្ឌសីម៉ា និង​ការបោះ​បង្គោល​ព្រំដែន ដែលសុទ្ធសឹង​ជា​ឧបសម្ព័ន្ធ ដែលមិនអាច​កាត់ផ្តាច់បាន ចំពោះ​ពិធីសារ ស្តីពីការកំណត់ខណ្ឌសីម៉ា និងការបោះ​បង្គោល​ព្រំដែនគោក វៀតណាម-កម្ពុជា ដែលបាន​ចុះហត្ថលេខា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នូវសន្ធិសញ្ញាបំពេញបន្ថែម​ នៃ​សន្ធិសញ្ញា​​​ផែនការ​​ព្រំដែន​ជាតិ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញា​បំពេញ​បន្ថែម ឆ្នាំ២០០៥។»

«ការបញ្ចប់ការងារគូសវាសផែនទីសណ្ឋានដី នៃព្រំដែនគោកវៀតណាម​-កម្ពុជា ដោយ​ភាគីទាំងពីរ គឺជាមូលដ្ឋានសំខាន់មួយ សម្រាប់ការពន្លឿនពិធីការ នៃការផ្លាស់ប្តូរ​ឯកសារអនុម័ត លើសន្ធិសញ្ញាបំពេញបន្ថែម នៃសន្ធិសញ្ញាកំណត់ព្រំដែនជាតិ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ក៏ដូចជាពិធីសារ ស្តីពីការបោះបង្គោលព្រំដែន​គោក រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខារួច នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។»

ឯកសារច្បាប់ចំនួនពីរ ក៏ត្រូវបានមន្ត្រីទទួលខុសត្រូវទាំងខាងសង ចុះហត្ថលេខា​ក្នុង​ជំនួប​នេះដែរ។ ប៉ុន្តែ «VNA» មិនបានលំអិតថា តើឯកសារច្បាប់នោះ ជាអ្វី និងលើក​ឡើង​ពីអ្វីទេ។ ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម បានបញ្ជាក់​ដូច្នេះថា៖

«នៅក្នុងកិច្ចប្រជុំនេះដែរ ប្រធានគណៈកម្មការចម្រុះ​ទាំងសងខាង បានចុះហត្ថលេខា​លើឯកសារច្បាប់ចំនួន២ ដែលទទួលស្គាល់ នូវសមិទ្ធិផលរបស់ពួកលោក ក្នុងការកំណត់​ខណ្ឌសីម៉ា និងការបោះបង្គោលព្រំដែន​នៅលើដីគោក ហើយបានធ្វើការវាយតម្លៃ និង​ពិនិត្យ​ឡើងវិញ នូវការងារទាំងឡាយ ដែលទាក់ទង​នឹងព្រំដែនគោក រវាងប្រទេស​ទាំងពីរ។»

«ដើម្បីបម្រើដល់ការគ្រប់គ្រងព្រំដែន ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តដឹកនាំ​កម្លាំង​នៅតាមមូលដ្ឋាន ដើម្បីគ្រប់គ្រងព្រំដែន ​ឱ្យបានត្រឹមត្រូវ ស្របតាមបទបញ្ជា ដើម្បីរក្សាឲ្យបាន នូវព្រំដែនមានស្ថេរភាព រវាង​ប្រទេស​ទាំងពីរ រហូតដល់​ឯកសារគតិ​យុត្តទាំងពីរ (ខាងលើ) ចូលជា​ធរមាន។»

សូមបញ្ជាក់ថា សមភាគីវៀតណាមរបស់លោក វ៉ា គឹមហុង នៅក្នុងជំនួបខាងលើ គឺលោក ឡេ ហួយទ្រុង (Le Hoai Trung) ដែលជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធាន​គណៈកម្មការ​ចម្រុះកិច្ចការ​ព្រំដែន របស់​ប្រទេស​វៀតណាម។ ច្រកអន្តរជាតិ ម៉ុកបៃ ដែល​ស្ថិតក្នុង​ទឹកដីវៀតណាម មានទីតាំង នៅទល់មុខ​ច្រកអន្តរជាតិ បាវិត របស់​ប្រទេស​កម្ពុជា។

នៅមុនជំនួបនេះ តែប៉ុន្មានម៉ោង លោកសាស្ត្រាចារ្យ រ៉ុង ឈុន ដែលជាសកម្មជនមួយរូប ខ្វាយខ្វល់​ចំពោះបញ្ហាព្រំដែន ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនទាំងកណ្ដាល​យប់ (យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០) ពីគេហដ្ឋាន​របស់លោក ក្នុងសង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

លោកសាស្ត្រាចារ្យ ដែលជាប្រធាន​សហភាព​សហជីពកម្ពុជាផង ត្រូវបាន​តុលាការ​រាជធានី ចោទប្រកាន់​ក្នុង​រសៀល​ថ្ងៃទី១ ខែសីហានេះ ពីបទ«ញុះញង់» បង្កឲ្យមានភាព​វិកវរ​ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម មុននឹងបញ្ជូន ទៅឃុំខ្លួន​ជាបណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃសរ៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន៖ «ហ្អែង​មិន​ពេញចិត្ត​ទេ ហ្អែង​ទៅនៅក្រៅ​ទៅ […] កុំនៅស្រុកខ្មែរ»

«ហ្អែងពេញចិត្ត ក៏នៅស្រុកខ្មែរ ហ្អែង​មិន​ពេញចិត្ត​ទេ ហ្អែងទៅនៅក្រៅទៅ» នេះ ជាសារនយោបាយ របស់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ទៅកាន់​អ្នកវិភាគទាំងឡាយ ដែលតែងរិះគន់ ចំពោះជំហររដ្ឋាភិបាលរបស់លោក ...
កម្ពុជា

វៀតណាម«មិនទាន់»តបកម្ពុជា អំពី​ព័ត៌មាន​បុរស​ឆ្លងជំងឺ​«Covid-19»

ប្រទេសវៀតណាម «មិនទាន់»បញ្ជាក់ជាផ្លូវការ ថាបុរសអាយុ៣៩ឆ្នាំ ដែលត្រូវបាន​រកឃើញ​មានជំងឺ «Covid-19» ពិតជាបានឆ្លងជំងឺនេះ ពីប្រទេសកម្ពុជា​យ៉ាងណាទេ បើទោះជា​ប្រព័ន្ធ​ផ្សព្វផ្សាយផ្លូវការ របស់ប្រទេសកុម្មុយនីស្ដិ៍ អះអាងថា បុរសរូបនេះ​ទើបនឹង​ឆ្លងកាត់​ព្រំដែន វិលត្រឡប់​ចូលមក​ក្នុង​ទឹកដី​វៀតណាមវិញ តាមច្រករបៀង​ក៏ដោយ។ ...
លោក រ៉ុង ឈុន ថតរូបជាមួយបង្គោលព្រំដែនមួយ នៅព្រំដែនកម្ពុជា-វៀតណាម។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

អង្គការសិទ្ធិមនុស្ស គ្រោងប្រតិកម្ម​ជុំវិញការចាប់ខ្លួន រ៉ុង ឈុន ដើមសប្ដាហ៍នេះ

ប្រតិកម្មកំពុងធ្លាក់ចុះ ជាបន្តបន្ទាប់ ជាពិសេសនៅ ដើមសប្ដាហ៍នេះ ។ ហើយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ក៏ស្ថិតក្នុងចំណោមស្ថាប័ន​អន្តរជាតិ​ទាំងនោះ ដែលបាន​ប្រតិកម្ម ចំពោះការចាប់ខ្លួន​លោក រ៉ុង ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...