ប្រទេសកម្ពុជា បានប្រកាសឲ្យដឹងពី​«ករណីស្លាប់ទី៩» ដោយសារជំងឺកូវីដ-១៩ (Covid-19) ក្នុងរសៀលថ្ងៃសៅរ៍​ទី២៧ ខែមីនានេះ។ ករណីនេះ ជាមរណភាពទី២ ដែលត្រូវបានប្រកាស​ក្នុងថ្ងៃសៅរ៍តែមួយ តែមរណភាពទី១ មិន​ត្រូវបាន​​រាប់​បញ្ចូលថា ស្លាប់ដោយជំងឺរាតត្បាតទេ។ នេះ បើតាម​អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ដែលបាន​ចេញ​សេចក្ដីប្រកាសព័ត៌មាន ​ជាបន្តបន្ទាប់។

អ្នកជំងឺដែលបានស្លាប់​ដោយសារជំងឺកូវីដ ជាស្ត្រីខ្មែរ​វ័យ៧២ឆ្នាំ ដែលមានអាសយដ្ឋាន នៅខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ អ្នកជំងឺ​ទើបចូល​សម្រាក ក្នុងមន្ទីរពេទ្យកាល់ម៉ែត នៅម៉ោងជិត៨ព្រឹក​ថ្ងៃទី២៧ ខែមីនានេះ និងត្រូវបាន​រកឃើញ​វិជ្ជមានជំងឺកូវីដ-១៩។ ក្រោយពីបន្ត​បញ្ជូនទៅ​ព្យាបាល នៅឯមន្ទីរពេទ្យរុស្ស៊ី នៅម៉ោងជិត១១កន្លះថ្ងៃត្រង់ អ្នកជំងឺវ័យ​ចំណាស់​បានទទួលមរណភាព នៅប៉ុន្មានម៉ោងក្រោយមក (គឺនៅម៉ោង​ជិត២រសៀល ក្នុងថ្ងៃទី២៧ ខែមីនាដដែល)។

អ្នកស្រី ឱ វណ្ណឌីន បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា៖

«ស្រ្តីខ្មែរអាយុ៧២ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិត បណ្តាលមកពីការវ៉ៃលុករបស់វីរុសកូវីដ-១៩ ធ្វើឲ្យវិបត្តិ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរស្រួចស្រាល់»។

ក្នុងរសៀលថ្ងៃសៅរ៍នេះដដែល អ្នកស្រី ឱ វណ្ណឌីន បានចេញសេចក្ដីប្រកាសព័ត៌មានមួយផ្សេង អះអាងពីអ្នកជំងឺ​ម្នាក់​មុន ដែលបានទទួល​មរណភាព នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាំងពីម៉ោង៤កន្លះរសៀល​ថ្ងៃទី២៦ ខែមីនា​ម្សិលម៉ិញ។ អ្នកជំងឺរូបនោះ ជាស្ត្រីខ្មែរអាយុ៤៣ឆ្នាំ និងបានចូលសម្រាក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាំងពី​ថ្ងៃទី២០ ខែមីនា មុននឹងរកឃើញវិជ្ជមានកូវីដ នៅថ្ងៃទី២៧ ខែមីនានេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ស្រ្តីរូបនោះ មិនបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ទេ តែដោយសារ​ហូរឈាមរដូវច្រើន និងមានជំងឺក្រពះរ៉ាំរ៉ៃ។

ផ្ទុយពីការអះអាងរបស់អ្នកនាំពាក្យខាងលើ សារព័ត៌មានក្នុងស្រុកជាច្រើន បានស្រង់សំដីរបស់អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល មកចុះផ្សាយកាលពីព្រឹកថ្ងៃសៅរ៍ថា ស្រ្តីខ្មែររូបនោះ បានស្លាប់ដោយសារ​ជំងឺ​កូវីដ-១៩។ ចំណែក​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺកូវីដ-១៩ ក៏បានផ្សាយលើទំព័រហ្វេសប៊ុកខ្លួនដែរថា ស្រ្តីខ្មែរវ័យ៤៣ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩។

មកដល់ថ្ងៃនេះ បើគិតរួមទាំងជនរងគ្រោះផ្សេងទៀត ដែលបានស្លាប់ ក្នុងមណ្ឌលធ្វើចត្តាឡីស័ក និងក្នុង​អំឡុងពេល​សម្រាកព្យាបាល នៅឯ​មន្ទីរពេទ្យផង ប្រទេសកម្ពុជាមានអ្នកស្លាប់ ១៥នាក់ហើយ។

ជន​រងគ្រោះ៩នាក់ (ក្នុងនោះ ម្នាក់ជាជនជាតិចិន) ត្រូវបាន​អាជ្ញាធរ​សុខាភិបាល អះអាងថា ទទួលមរណភាព​ដោយ​ជំងឺកូវីដ-១៩។ រីឯជន​រងគ្រោះ​​៦នាក់​ទៀត (ក្នុងនោះ​ ២នាក់ជា​ជនជាតិ​ចិន) ត្រូវបានអាជ្ញាធរប្រកាសថា ស្លាប់​ដោយសារ​ជំងឺ​«ខ្យល់គ» «គាំងបេះដូង» «រើការញៀនថ្នាំ» ឬ«ធ្លាក់ឈាមច្រើន»ជាដើម។

ក្នុងសេចក្ដីប្រកាសព័ត៌មានមួយផ្សេងទៀត ដែលចេញផ្សាយក្នុងព្រឹកថ្ងៃទី២៧ ខែមីនាដដែល ក្រសួងសុខាភិបាលបានអះអាងថា មកដល់ម៉ោងនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ២១៤៧នាក់ ក្នុងនោះអ្នកជំងឺដែលបានជាសះស្បើយចំនួន ១១៣២នាក់ ខណៈអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យចំនួន ១០០៥នាក់។

រីឯអ្នកជំងឺថ្មី ដែលត្រូវបានរកឃើញ​វិជ្ជមានកូវីដ ក្នុងថ្ងៃទី២៧ ខែមីនានេះ មានចំនួន១៧៩នាក់ ក្នុងនោះ ១៧៨នាក់​ជាករណីឆ្លង ក្នុងសហគមន៍​«ព្រឹត្តិការណ៍២០កុម្ភៈ»៕



លំអិតបន្ថែមទៀត

ដំណឹង

ស្ថាបនិក​«Wikileaks» មានកូន​ពីរនាក់ ជាមួយ​មេធាវី​របស់​ខ្លួន

កូនទាំងពីរនាក់នោះ បានចាប់កំណើតឡើង ក្នុងខណៈស្ថាបនិក នៃបណ្ដាញ«Wikileaks» លោក ជូលៀន អាសាញ (Julian Assange) កំពុងបង្ខាំងខ្លួន កាលពីអំឡុងទសវត្សរ៍ឆ្នាំ២០១០ ក្នុងស្ថានទូតនៃប្រទេសអេក្វាទ័រ ប្រចាំក្នុងចក្រភពអង់គ្លេស ...
ដំណឹង

Covid-19៖ រដ្ឋធានី ប៉ារីស នៅចំពោះ​បម្រាម ហាមពលរដ្ឋ​ធ្វើដំណើរ

ខាងក្រោមនេះ ជាទិដ្ឋភាពនៃរដ្ឋធានី ប៉ារីស (បារាំង) ដែលធ្លាប់តែមានមនុស្ស ធ្វើដំណើរ ណែនណាន់តាន់តាប់ តែប្រែក្លាយ ជាមានសភាពស្ងប់ស្ងាប់ ក្រោមបម្រាមរបស់រដ្ឋាភិបាលបារាំង ដែលដាក់ពលរដ្ឋនៅទូទាំងប្រទេស ឲ្យបង្ខាំងខ្លួន នៅតែក្នុងផ្ទះ ...
កម្ពុជា

បែកធ្លាយ ៖ ហ៊ុន សែន ឲ្យឆ្នៃសាលារៀន ធ្វើជា​មន្ទីរពេទ្យ​​«Covid-19»

បែកធ្លាយ ៖ នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលឯកបក្ស នៅកម្ពុជា លោក ហ៊ុន សែន បានបញ្ជា ទៅគណៈអភិបាលខេត្តក្រុងទាំងអស់ (លើកលែងតែរាជធានីភ្នំពេញ) ឲ្យជ្រើសរើសយកសាលារៀន ដើម្បីកែឆ្នៃធ្វើជាមន្ទីរពេទ្យ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.