មនុស្សពីរនាក់ ស្ត្រីម្នាក់ ប្រុសម្នាក់ ក្នុងនោះម្នាក់ជាមេខ្យល់ ម្នាក់ជាអ្នកដើរស្វែងរកមនុស្ស ក្នុង«បណ្ដាញជួញដូរក្រលៀន»មួយ ត្រូវបាននគរបាលកម្ពុជាចាប់ខ្លួន កាលពីថ្ងៃសុក្រ។ អ្នកទាំងពីរបានរងការសង្ស័យថា បានស្វែងរកមនុស្សពីកម្ពុជា បញ្ជូនចេញទៅកាន់ប្រទេសឥណ្ឌា ដើម្បីផ្ដល់ក្រលៀន ទៅឲ្យអ្នកជំងឺ ដែលរងចាំនៅទីនោះ។
ពីក្នុងចំណោមជនទាំងពីរនាក់ មានបុរសម្នាក់ដែលមានឈ្មោះ ឡាច ម៉េងហុង អាយុ៣៤ឆ្នាំ រស់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានសង្ស័យថាជាមេខ្យល់។ ចំណែកឯស្ត្រីម្នាក់ទៀត ដែលមានឈ្មោះ អើ ឡាត អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរសង្ស័យថា ជាអ្នកស្វែងរកមនុស្ស (កួកជេ – Courtier)។
លោកវរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងកាពារអនិតិជន រាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងនិងពាក្យបណ្ដឹង ទាក់ទងនឹងបណ្ដាញរកស៊ីជួញដូរក្រលៀន នាំមនុស្សពីកម្ពុជា ទៅធ្វើការវះកាត់ដោះដូរក្រលៀន នៅប្រទេសឥណ្ឌានោះមក កងកម្លាំងរបស់លោកបានស្រាវជ្រាវ និងឈានទៅចាប់ខ្លួនស្ត្រីម្នាក់ខាងលើ នៅរសៀលថ្ងៃទី២៤ ខែឧសភា នៅត្រង់ចំណុចខាងក្រោយផ្សារឯករាជ្យ២ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មុននឹងចាប់ខ្លួនបុរសម្នាក់ទៀត នៅយប់ថ្ងៃដដែល នៅម្តុំស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បើតាមសំដីរបស់ជនសង្ស័យទាំងពីរ បានរៀបរាប់ឲ្យអ្នកស៊ើបអង្កេតដឹងថា ពួកគេធ្លាប់ធ្វើសកម្មភាពនេះ បានមិនតិចជាង១០ដង រាប់តាំងពីជាង១ឆ្នាំមកហើយ។ ពួកគេនាំមនុស្សដែលជាជនក្រីក្រ ដែលពួកគេរកបាននៅក្នុងប្រទេសកម្ពុជា ចេញទៅកាន់ប្រទេសឥណ្ឌា ដើម្បីធ្វើការវះកាត់ប្ដូរផ្លាស់ក្រលៀន នៅក្នុងរដ្ឋធានី ញ៉ូដេលី។
ពួកគេបន្តថា តម្លៃក្នុងក្រលៀនមួយ មានតម្លៃប្រមាណជា៤ម៉ឺនដុល្លារ ប៉ុន្តែរាល់ការចំណាយ លើការរត់លិខិតស្នាម ចូលស្ថានទូតឥណ្ឌា ទិញសំបុត្រយន្ដហោះ ការស្នាក់នៅស៊ីចុក និងជាពិសេស ការចំណាយទៅលើការផ្លាស់ប្ដូរក្រដាសស្នាម បានបន្យល់ឲ្យពួកគេ នូវប្រាក់ចំណេញ សម្រាប់ម្នាក់ៗ ប្រមាណតែ៥៨០០ដុល្លារប៉ុណ្ណោះ។
ពួកគេមានជំហានពីរ ដែលត្រូវយកមកអនុវត្តន៍ បន្ទាប់ពីរកបានមនុស្ស (អ្នកលក់) និងមុននឹងនាំមនុស្សនោះ ចេញពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌា។ ទីមួយ ត្រូវពិនិត្យឈាមអ្នកលក់ក្រលៀន ដើម្បីចង់ដឹងថា មានប្រភេទត្រូវគ្នាជាមួយអ្នកជម្ងឺ ដែលត្រូវទិញក្រលៀន។ និងទីពីរ ត្រូវកែឆ្នៃឯកសាររបស់អ្នកលក់ ឲ្យធ្វើជាសាច់ញាតិរបស់អ្នកទិញ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើឯកសារមនុស្សធម៍ ក្នុងការនាំចេញ ទៅដោះដូរក្រលៀន នៅក្នុងប្រទេសឥណ្ឌា។
ដោយឡែកជនសង្ស័យជាស្ត្រី អ្នកស្រី អើ ឡាត បានឆ្លើយថា ខ្លួនទើបតែធ្វើរឿងនេះជាមួយលោក ឡាច ម៉េងហុង បានចំនួនពីរដងទេ ក្នុងនាមជាអ្នកដើរស្វែងរកមនុស្ស។ សម្រាប់សកម្មភាពពីរដងនេះ ខ្លួនទទួលបានប្រាក់ពីលោក ម៉េងហុង ចំនួន៤០០ទៅ៥០០ដុល្លារ តែទទួលបានប្រាក់បន្ថែម (Commission) មួយចំនួនទៀតពីអ្នកទិញនិងពីអ្នកលក់។ អ្នកស្រីបានបញ្ជាក់ថា នៅក្នុងប្រទេសឥណ្ឌា ថ្លៃវះកាត់ផ្លាស់ប្ដូរក្រលៀននៅទីនោះមានតម្លៃថោក (រវាងពី១ម៉ឺន៥ពាន់ ទៅ១ម៉ឺន៧ពាន់ដុល្លារអាមេរិក)។
«បណ្ដាញជួញដូរក្រលៀន»ដ៏ធំមួយ…
គេមិនបានឲ្យដឹងទេថា តើអ្នកលក់ក្រលៀន ទទួលបានប្រាក់ប៉ុន្មាន នៅក្នុងការផ្លាស់ប្ដូរក្រលៀនម្ដងៗនេះ។
លោក កែវ ធា បានបន្តទៀតថា បុរសដែលរងការសង្ស័យជាមេខ្យល់នោះ មានបណ្តាញទំនាក់ទំនងដ៏ធំមួយ នៅក្នុងស្រុក រហូតដល់ប្រទេសឥណ្ឌា ខណៈអ្នកស្រី អើ ឡាត អាចគ្រាន់តែជាអ្នកធ្វើការឲ្យមេខ្យល់ ដើម្បីដើរអូសទាញជនក្រីក្រ ដែលត្រូវការប្រាក់ យកមកឲ្យមេខ្យល់ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក៏សំនុំរឿងរបស់ជនសង្ស័យទាំងពីរ ត្រូវបាននគរបាលកសាងឡើងទៅតុលាការរាជធានីភ្នំពេញហើយ ហើយការដាក់ទោសទណ្ឌដូចម្ដេចនោះ ជាអំណាចរបស់តុលាការ។
ប្រទេសកម្ពុជា ធ្លាប់មានសំណុំរឿងបែបនេះម្ដងហើយ កាលពីឆ្នាំ២០១៥ ដែលជាករណីលើកដំបូងបង្អស់ មិនដែលធ្លាប់មាន ពីមុនមកទេ។ កាលនោះ មនុស្សបីនាក់ ត្រូវបានតុលាការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ពី១០ទៅ១៥ឆ្នាំ ពីបទអូសទាញ បញ្ចុះបញ្ចូលពលរដ្ឋក្រីក្រខ្មែរ ឲ្យលក់ក្រលៀនរបស់ពួកគេ។
របាយការណ៍ប៉ាន់ប្រមាណមួយ របស់អង្គការសុខភាពពិភពលោក (WHO – OMS) បានឲ្យដឹងថា បណ្ដាញអន្តរជាតិ នៃការជួញដូរគ្រឿងក្នុងមនុស្ស បានផ្គត់ផ្គង់ ទៅឲ្យទីផ្សារវះកាត់ផ្លាស់ប្ដូរគ្រឿងក្នុង មានចំនួនយ៉ាងតិច ១០ ០០០ដង និងរហូតដល់ ១០០ ០០០ដង ក្នុងមួយឆ្នាំៗ។ ការជួញដូររបៀបនេះ បានកើតឡើងជាញឹកញយណាស់ នៅក្នុងប្រទេសឥណ្ឌា និងប្រទេសនេប៉ាល់។
ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ ការជួញដូរគ្រឿងក្នុងមនុស្ស មានចំនួនកាន់តែច្រើនឡើង ហើយតម្លៃ ក្នុងការវះកាត់ផ្លាស់ប្ដូរគ្រឿងក្នុងម្ដងៗ ក៏មានតម្លៃកាន់តែខ្ពស់ដែរ ដោយសារកំណើនដ៏ខ្លាំង នៃអ្នកជំងឺ (អ្នកទិញ)។ តម្រូវការនេះ បានបង្កើតឲ្យមាន នូវទីផ្សារងងឹត ដើម្បីធ្វើការទិញដូរ ដោយខុសច្បាប់ និងពោរពេញដោយឧក្រិដ្ឋកម្ម៕