កម្ពុជាដំណឹង

ខ្លីៗពីបារាំង៖ ក្រុង​ប៉ារីស ថាការព្យួរ​«EBA»​នឹងចូល​​ជា​ធរមាន​ថ្ងៃ​១២សីហា

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៤ នៅប្រទេសកម្ពុជា។ (រូបថតឆ្នាំ២០២០ បង្ហោះលើទំព័រហ្វេសប៊ុក)
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ នៅប្រទេសកម្ពុជា។ (រូបថតឆ្នាំ២០២០ បង្ហោះលើទំព័រហ្វេសប៊ុក)

សម្រាប់រដ្ឋាភិបាល«ក្រុង​ប៉ារីស» ការផ្ដល់ជំនួយ​ពីសំណាក់ក្រុមអ៊ឺរ៉ុប (Team Europe) ក្នុង​ទំហំ​ទឹកប្រាក់ ៤៤៣លានអ៊ឺរ៉ូ ជារឿងមួយដោយឡែក ពីការសម្រេច​របស់​សហភាព​អ៊ឺរ៉ុប (EU) ក្នុង​ការព្យួរ​​​ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីប្រទេសកម្ពុជា ដែលនឹងចូលជាធរមាន នៅ​ថ្ងៃ​ទី១២ ខែសីហាខាងមុខ។ នេះ បើតាម​របាយការណ៍​ខ្លីៗ ប្រចាំសប្ដាហ៍​ទី២៥ របស់​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបារាំង ដែលទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បានចូល​ទៅ​ពិគ្រោះ។

របាយការណ៍ខ្លីៗនោះ បានសរសេរថា សហភាពអ៊ឺរ៉ុបតាមរយៈ គំនិតផ្ដួចផ្ដើមមួយ​របស់​ខ្លួន ដែលមានឈ្មោះថា «Team Europe» បានធ្វើចលនាផ្ដល់ជាជំនួយ និងប្រាក់កម្ចី ប្រមាណជា ៤៤៣លានអ៊ឺរ៉ូ ដើម្បីជួយប្រទេសកម្ពុជា ក្នុងការប្រយុទ្ធទល់នឹងជំងឺ «Covid-19» និងដើម្បីជួយបញ្ចៀស ផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច នៅក្នុងរយៈពេល​នៃវិបត្តិ។

ក្រុង​ប៉ារីស ដែលតែងធ្វើរបាយការណ៍ ពីបណ្ដាប្រទេសនានា ក្នុងសមាគមអាស៊ាន សឹងជា​រៀងរាល់សប្ដាហ៍ បានបញ្ជាក់ថា គំនិតផ្ដួចផ្ដើមខាងលើ របស់សហភាពអ៊ឺរ៉ុប ត្រូវ​បាន​ធ្វើ​ឡើង ក្នុងទំហំទឹកប្រាក់ រហូតដល់២ពាន់លានអ៊ឺរ៉ូ ដើម្បីជំរុញទិសដៅ ជួយដល់​ដៃគូ​ទាំង​ឡាយ​របស់ខ្លួន ដែលកំពុងប្រឈមមុខ ទល់នឹងការរាតត្បាត ដ៏ចង្រៃ។

ផ្ទុយទៅវិញ បើទោះជាសហភាពអ៊ឺរ៉ុបជួយកម្ពុជា ក្នុងវិបត្តិទល់នឹងជំងឺ «Covid-19» ខាង​លើនេះក្ដី តែការសម្រេចផ្អាក ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ដែលមានទំហំ២០% ទៅលើ​ផលិតផលនាំចេញ ដ៏សំខាន់ៗរបស់ប្រទេសកម្ពុជា នឹងនៅតែរក្សាទុក ជាធរមានដដែល។

របាយការណ៍សប្ដាហ៍ទី២៥ របស់វិមានប៊ែរស៊ី (Bercy – គឺក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បារាំង) បានបញ្ជាក់ថា ការផ្អាក ឬការយកពន្ធ មួយផ្នែកឡើងវិញ នឹងត្រូវអនុវត្ត ចាប់ពី​ថ្ងៃទី១២ ខែសីហាខាងមុខ ជាកំហិត។

ការសម្រេចរបស់សហភាពអ៊ឺរ៉ុប ដែលធ្វើឡើង កាលពីដើមខែកុម្ភៈ ឆ្នាំ២០២០ បានកំណត់​ឲ្យយក​ពន្ធឡើងវិញ ប្រមាណជា​២០% ទៅលើ៤០មុខទំនិញ ដែលនាំចេញពីកម្ពុជា និង​នាំចូល​ទៅក្នុង​ទីផ្សារ របស់​សហភាព ទាំង២៧ប្រទេស។ ការសម្រេចនេះ នឹងត្រូវចូល​ជា​ធរមាន នៅ៦ខែក្រោយ (ដែលត្រូវនឹងថ្ងៃទី១២ ខែសីហា)។

ការសម្រេចខាងលើធ្វើឡើង បន្ទាប់ពី​សហភាព​អឺរ៉ុប​ បាន​រក​ឃើញ​ថា​ របបដឹកនាំ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលោភ​សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ «ជា​ប្រព័ន្ធ​ និង​យ៉ាង​ធ្ងន់ធ្ងរ» រាប់ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៧មក ដោយក្នុង​នោះ​ មាន​​ការ​ចាប់ឃុំ​ខ្លួន​លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​រហូតឈានដល់ ការ​រំលាយគណបក្ស​ប្រឆាំង​ដ៏​ធំ​មួយនេះ គួបផ្សំនឹង​ការ​ហាមឃាត់​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ ចំនួន​១១៨​នាក់ ​មិន​ឲ្យ​ធ្វើ​នយោបាយ​ សម្រាប់រយៈពេល​៥ឆ្នាំ។

មុននឹងឈានមកដល់ ការធ្វើសេចក្ដីសម្រេច សហភាព​អឺរ៉ុបបានបើកនីតិវិធី ជាច្រើន​ដំណាក់កាល ដើម្បី​ព្រមាន​រដ្ឋាភិបាលកម្ពុជា តាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៩។

តាមរយៈទូរសារអេឡិចត្រូនិកមួយ ដែល​គណៈកម្មការអ៊ឺរ៉ុប បានឆ្លើយតប​នឹង​ការសាកសួរ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីពីរសប្ដាហ៍មុន បានបញ្ជាក់ថា សហភាពអ៊ឺរ៉ុប​អាច​ពិចារណា​ឡើងវិញ អំពីការសម្រេចរបស់ខ្លួន នៅក្នុង​​លក្ខខណ្ឌ​តែមួយ​គត់ នោះគឺកម្ពុជា ត្រូវបង្ហាញអំពី«វឌ្ឍនភាព គួរឱ្យកត់សម្គាល់ ជុំវិញ​សិទ្ធិពលរដ្ឋ និង​សិទ្ធិនយោបាយ» នៅក្នុងប្រទេស។

យ៉ាងណា លក្ខខណ្ឌខាងលើ របស់សហភាពអ៊ឺរ៉ុប ដែលមានចែង នៅក្នុងកិច្ចព្រមព្រៀង «EBA» មិនមែនជាអ្វី ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រៀមនឹងធ្វើតាមនោះទេ ដោយលើកហេតុផល ម្ដង​ហើយម្ដងទៀត ថាកម្ពុជាមិន​យក​អធិបតេយ្យភាព​ខ្លួន ទៅដូរ​នឹងប្រព័ន្ធអនុគ្រោះ​អ្វីឡើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

រដ្ឋាភិបាលកម្ពុជា​បដិសេធព័ត៌មាន​​ថាខ្លួន​គ្រោង​«ប្ដូររបបរាជានិយម»

រដ្ឋាភិបាលកម្ពុជា តាមរយៈអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានចេញមកបដិសេធព័ត៌មានមួយ ដែលថារដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន មានគម្រោង«ប្ដូររបបរាជានិយម»។ អង្គភាពរដ្ឋាភិបាល បានហៅព័ត៌មាន ដែលអះអាង ពីគម្រោង«ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែរបបរាជានិយមអាស្រ័យធម្មនុញ្ញ ...
កម្ពុជា

ហ៊ុន សែន ឲ្យគ្រប់ស្ថាប័ននិងពលរដ្ឋ កុំធ្វើដំណើរទៅ បស្ចឹមលោក

បន្ទាប់ពីហាមបណ្ដាជន ពីបស្ចឹមលោក កុំឲ្យធ្វើដំណើរចូលកម្ពុជា សម្រាប់រយៈពេល៣០ថ្ងៃ នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំ ឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ និងពលរដ្ឋកម្ពុជា កុំធ្វើដំណើរទៅ កាន់បស្ចឹមលោកវិញម្ដង។ នេះ បើតាមសារាចរណៃនាំ ចុះហត្ថលេខាដោយបុរសខ្លាំងកម្ពុជា ...
កម្ពុជា

សម រង្ស៊ី ព្រមានថា​«នឹង​មិនឲ្យ ហ៊ុន សែន ចាប់ខ្លួន​ងាយៗ»ឡើយ

តបទៅនឹងសារបែកធ្លាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលម៉ិញ លោក សម រង្ស៊ី មេដឹកនាំប្រឆាំង​បានថ្លែងព្រមាន​លោក ហ៊ុន សែន វិញថា លោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.