កម្ពុជាដំណឹង

កាសែត FT ៖ EU នឹងសម្រេច​«ព្យួរ EBA ចេញពីកម្ពុជា»

កម្ពុជានឹងត្រូវប្រឈម ទល់នឹងការសម្រេច«ព្យួរ»ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីសំណាក់សហភាពអ៊ឺរ៉ុប ក្នុងសប្ដាហ៍នេះ បើទោះជាការសម្រេចព្យួរនោះ ធ្វើឡើងក្នុងផ្នែកណាមួយ នៃផលិតផលនាំចេញ នៃប្រទេសនេះក៏ដោយ។ នេះ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានអង់គ្លេស «Financial Time» នៅថ្ងៃចន្ទដើមសប្ដាហ៍។

សារព័ត៌មានដ៏ធំខាងលើ របស់ចក្រភពអង់គ្លេស បានស្រង់ប្រភពពីមន្ត្រីអ៊ឺរ៉ុប ចំនួន៣នាក់ ដែលស្និតនឹងសំនុំរឿង យកមករាយការណ៍ថា  គណៈ​កម្មការ​សហភាព​អឺរ៉ុប​បាន​សម្រេចព្យួរ ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ទៅ​លើ​ផលិត​ផល​មួយ​ចំនួន ដែលនាំចេញ ពីប្រទេសកម្ពុជា។

«ព្យួរ EBA ចំពោះផលិតផលមួយចំនួន»

ប៉ុន្តែប្រភពមិនបានអះអាងថា ផលិតផលមួយចំនួននោះ ស្និតក្នុងលក្ខណៈ ឬទិដ្ឋភាពបែបណាទេ។ យ៉ាងណា ប្រភពបានលើកឡើងថា គណៈ​កម្មការ​សហភាព​អឺរ៉ុប ​នៅ​បន្ត​រក្សា​ការ​គាំទ្រ​មួយ​ចំនួន​ សម្រាប់​ផ្នែក​សម្លៀក​បំពាក់ ដើម្បី​ជួយ​ដល់​ការ​រស់​នៅ ​របស់​កម្មករ​កាត់​ដេរ​កម្ពុជា។

«Financial Time» បាន​ស្រង់សំដីអ្នក​ការទូត​មួយរូប មកបញ្ជាក់ដែរ​ថា សហភាព​អឺរ៉ុប​ចង់​ទុក​ទ្វារ​ចំហ​រ សម្រាប់​ការ​ពិភាក្សា​ ជាមួយ​របប​ក្រុង​ភ្នំពេញ ហើយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះការដាក់ទណ្ឌកម្មណាមួយ ទៅលើរបបនេះ ដោយបារម្ភថា ចំណាត់ការនោះ អាច​រុញ​កម្ពុជា​ឲ្យ​ខិត ​ទៅ​ជិត​ប្រទេស​ចិន។

ក្នុង​ថ្ងៃ​ពុធ​ទី១២ ខែកុម្ភៈ សប្តាហ៍​នេះ គណៈ​កម្មការ​សហភាព​អឺរ៉ុប​ នឹង​បង្ហាញ​សេចក្តីសម្រេច​របស់​ខ្លួន ទៅកាន់របបដឹកនាំដោយលោក ហ៊ុន សែន អំពីលទ្ធភាព នៃ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ ​លើក​លែង​សព្វាវុធ»ឬ «Everything But Arms – EBA» ដែល​កម្ពុជា​ទទួល​បាន តាំងពីឆ្នាំ២០០១នោះមក។

ប្រសិនណា ជាការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នឹងត្រូវសហភាពអ៊ឺរ៉ុប សម្រេចធ្វើមែននោះ ការ​ចាប់​ផ្តើម​យក​ពន្ធ ​នឹងត្រូវអនុវត្ត ​ចាប់​ពីខែ​សីហា ឆ្នាំ​២០២០ ខាងមុខ​។

ចំណាត់ការខាងលើ ធ្វើឡើងបន្ទាប់ពី​សហភាព​អឺរ៉ុប​ បាន​រក​ឃើញ​ថា​ ក្រុងភ្នំពេញ បាន​រំលោភ​សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ «ជា​ប្រព័ន្ធ​ និង​យ៉ាង​ធ្ងន់ធ្ងរ» រាប់ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៧មក ដោយក្នុង​នោះ​ មាន​ការ​ចាប់ឃុំ​ខ្លួន​លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​រហូតឈានដល់ ការ​រំលាយគណបក្ស​ប្រឆាំង​ដ៏​ធំ​មួយនេះ គួបផ្សំនឹង​ការ​ហាមឃាត់​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ ចំនួន​១១៨​នាក់ ​មិន​ឲ្យ​ធ្វើ​នយោបាយ​ សម្រាប់រយៈពេល​៥ឆ្នាំ។

សហភាព​អឺរ៉ុបបានបើកនីតិវិធី ដើម្បីព្រមានរដ្ឋាភិបាលកម្ពុជា តាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៩ អំពីចំណាត់ការរបស់ខ្លួន ប្រសិនណាជា របបដឹកនាំនៅកម្ពុជាមួយនេះ មិនធ្វើ​ការ​កែ​លម្អ​ឡើងវិញ ក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេនោះ។

យ៉ាងណា អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) អតីតស្នងការជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម ធ្លាប់បានសំដែង ក្ដីទុទិដ្ឋិនិយមថា លោក ហ៊ុន សែន នឹងមិនងាកមកដឹកនាំប្រទេសកម្ពុជា តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សត្រឹមត្រូវ វិញឡើយ។

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោក ក៏តែងបញ្ជាក់ពីជំហរ របស់រដ្ឋាភិបាលលោក ជាច្រើនដង ថាកម្ពុជាមិន«ឱនក្បាល» យក«អធិបតេយ្យ និងឯករាជជាតិ»ខ្លួន ទៅប្ដូរនឹងប្រព័ន្ធអនុគ្រោះពន្ធ «EBA» ខាងលើ របស់សហភាពអ៊ឺរ៉ុបដែរ។ បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងអំណាច តាំងពីជាង៣ទសវត្សរ៍មកនោះ បានប្រកាសទៀតថា កម្ពុជាកំពុងត្រៀមខ្លួន ដោយធ្វើការកែទម្រង់ ដើម្បីពង្រីកទីផ្សារ ទៅកាន់ប្រទេសចិន និងបណ្ដាប្រទេសដទៃទៀត៕



You may also like

កម្ពុជា

ផែង វណ្ណៈ ត្រូវ​បាន​ចាប់ខ្លួន​ទាក់ទង​ការបង្ហោះ​មួយ​អំពី ហ៊ុន សែន

៊លោក ផែង វណ្ណៈ មន្ត្រីយោធាមួយរូប ដែលគេស្គាល់ថា ជាអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បី និងជាអ្នកគាំទ្រលោក ហ៊ុន សែន ដ៏មុតមាំនោះ ត្រូវបានកងកម្លាំងរាជអាវុធហត្ថ ចាប់ខ្លួន កាលពីព្រឹកថ្ងៃទី២ ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ឲ្យព្យួរ​«សិទ្ធិឯកជនពលរដ្ឋ» និង​បង្ហាញមុខ​អ្នកជំងឺ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានចេញបញ្ជា ឲ្យព្យួរ«សិទ្ធិឯកជនពលរដ្ឋ» និងបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​ជាសាធារណៈ ដើម្បីអ្វីមួយ ដែលបុរសខ្លាំងរូបនេះ អះអាងថា ជាការទប់ស្កាត់ការរីករាលដាល នៃការបន្តឆ្លងជំងឺកូវីដ-១៩ (Covid-19) ...
កំសាន្ដ

ព័ត៌មានអាជ័យ៖ សូមជូន​ចម្រៀង​«ទូរស័ព្ទ​ប្រាប់ផង»​ដោយ សាន ផានិត

ថ្ងៃនេះ អាជ័យខ្ញុំសូមនាំមកជូនប្រិយមិត្ត នូវចម្រៀងមួយបទ ដែលមានចំណងជើងថា «ទូរស័ព្ទ​ប្រាប់ផង»។ ចម្រៀងនេះ ចេញក្នុងថាស តាំងពីចុងទសវត្សន៍ ឆ្នាំ៩០ និងបកស្រាយ ដោយអ្នកចម្រៀង ល្បីខាងលេងកាយវិការ លោក ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...