ទីប្រឹក្សាអមនាយករដ្ឋមន្ត្រីកម្ពុជា គឺលោក ជុំ កុសល ដែលជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីល្បាញ នៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក បានរៀបរាប់ថា ចក្រភពអង់គ្លេស បានសំដែងការមិនយល់ស្រប ក្នុង«ការយកពន្ធ​​អង្ករ​​កម្ពុជា​​ឡើងវិញ» ដែលសម្រេចឡើង ដោយសហភាពអ៊ឺរ៉ុប កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នោះទេ ហើយដែលអាច​ធ្វើឲ្យ​សហភាពអ៊ឺរ៉ុប លុបចេញវិញ នូវ​«គម្រោង»មួយនេះ។

លោក ជុំ កុសល បានស្រង់សំដីរបស់មន្ត្រីជាន់ខ្ពស់ នៃក្រសួងកសិកម្ម​និងនេសាទ មកបញ្ជាក់ថា៖

«សហភាពអ៊ឺរ៉ុបអាចនឹងលុបចេញវិញ នូវគម្រោងយកពន្ធ នាំចូលអង្ករពីកម្ពុជា។»

លោក កុសល បានយកប្រភពនោះ មកអះអាងបន្តថា នោះគឺដោយសារ «កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ ក្នុងសភាអង់គ្លេសបានបោះឆ្នោតប្រឆាំង ដល់ទៅចំនួនជាង៤០០សំឡេង ទល់នឹងជាង២០០សំឡេង»។

ទីប្រឹក្សាអមនាយករដ្ឋមន្ត្រីកម្ពុជា នៅបានធ្វើសេចក្ដីសន្និដ្ឋាន ដោយខ្លួនលោកទៀតថា៖

«នេះវាមិនមែនជារឿងថ្មីនោះទេ គឺវាគ្រាន់តែឆាកល្ខោននយោបាយប៉ុណ្ណោះ វាមិនឆ្លុះបញ្ចាំង ពីបញ្ហាសេដ្ឋកិច្ចឡើយ។»

គេបានដឹងថា មន្ត្រីជាន់ខ្ពស់របស់ក្រសួងនោះ ទំនងជាលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម និងនេសាទ ដែលបង្ហោះដំណឹងនេះ នៅលើបណ្ដាញសង្គម។ ការបង្ហោះរបស់លោក វណ្ណហន ធ្វើឡើងក្នុងថ្ងៃតែមួយ នៃការសម្រេចរបស់គណៈកម្មការអ៊ឺរ៉ុប (ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩)។

សំខាន់នៅត្រង់ថា តើការលើកឡើង របស់ទីប្រឹក្សាអមនាយករដ្ឋមន្ត្រី លោក ជុំ កុសល និងលោក ហ៊ាន វណ្ណហន មានការពិតឬទេ? ឬបើមានការពិត តើការពិតនោះ មានដល់កម្រិតណា? ឬមួយ​ មន្ត្រីជាន់ខ្ពស់ក្រសួង បានប្រើប្រាស់ព័ត៌មានក្នុងស្រុក និងបន្ទាប់មក ប្រើលោក ជុំ កុសល ដើម្បីចែករំលែក ព័ត៌មានមិនពិត «Fake News»?

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ តាមរយៈភ្នាក់ងារ «Fact-checking» របស់ខ្លួនបានស្វែងរកការពន្យល់ ឬប្រភព ដែលអាចទទួលយកបាន ដើម្បីបញ្ជាក់ពីការលើកឡើងខាងលើ ថាតើចក្រភពអង់គ្លេស ដែលកំពុង​ខ្វល់ខ្វាយ​ពីកិច្ចព្រមព្រៀង «Brexit» ពិតជាមានពេល មកខ្វល់រឿងអង្ករកម្ពុជា ឬយ៉ាងណា?

ហើយភ្នាក់ងារ «Fact-checking» បានរកឃើញថា ការលើកឡើងរបស់លោក ជុំ កុសល ទីប្រឹក្សាអមនាយករដ្ឋមន្ត្រី ឬលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម និងនេសាទ ពុំមានការពិតទេ។

១) ការយកពន្ធ​​អង្ករ​​កម្ពុជា​​ឡើងវិញ ជា«បទបញ្ជា»

ការយកពន្ធឡើងវិញ ទៅលើផលិតផលអង្ករ មិនមែនជា«គម្រោង»ទេ! តែជាការសម្រេច តាមរយៈ«បទបញ្ជាឲ្យអនុវត្ត»មួយ របស់គណៈកម្មាការអ៊ឺរ៉ុប ដែលជាស្ថាប័នអភិបាល នៃសហភាពអ៊ឺរ៉ុប។ ការសម្រេចណាមួយ របស់គណៈកម្មាការអ៊ឺរ៉ុប មិនចាំបាច់មានការយល់ព្រម ឬមិនយល់ព្រម ពីចក្រភពអង់គ្លេស ដែលកំពុងត្រៀមខ្លួនចាកចេញ ពីសហភាពអ៊ឺរ៉ុបនោះទេ។

«បទបញ្ជាឲ្យអនុវត្តន៍»​នោះ ហៅជាភាសាអង់គ្លេស «COMMISSION IMPLEMENTING REGULATION» និងភាសាបារាំង «RÈGLEMENT D’EXÉCUTION DE LA COMMISSION» ចុះលេខ «2019/67» និងចុះហត្ថលេខា ក្នុងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដោយលោក «Jean-Claude JUNCKER» ប្រធានគណៈកម្មាការអ៊ឺរ៉ុប។

«បទបញ្ជាឲ្យអនុវត្តន៍»ខាងលើ ត្រូវបានសម្រេចចេញ ជាបីមាត្រា ដោយកំណត់ ឲ្យយកពន្ធឡើងវិញ ចាប់ពីថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ ចំពោះផលិតផលអង្ករ ដែលនាំចូលពីប្រទេសកម្ពុជា និងភូមា។ ការកំណត់ឲ្យអង្ករទាំងនោះ ត្រូវបង់ពន្ធអាករឡើងវិញ ត្រូវធ្វើសម្រាប់រយៈពេល៣ឆ្នាំ៖ ក្នុងកម្រិត ១៧៥អ៊ឺរ៉ូ ក្នុង១តោន សម្រាប់ឆ្នាំដំបូង – ១៥០អ៊ឺរ៉ូ ក្នុង១តោន សម្រាប់ឆ្នាំបន្ទាប់ និង១២៥អ៊ឺរ៉ូ សម្រាប់ឆ្នាំទី៣។

បទបញ្ជាដដែលនោះ បានបញ្ជាក់ថា ចំពោះផលិតផលអង្ករ ដែលនៅវេលានេះ កំពុងដឹក​មកកាន់សហភាពអ៊ឺរ៉ុប តែមកដល់ក្រោយ ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ នឹងមិនត្រូវរាប់ចូល ក្នុងការកំណត់ខាងលើទេ។

នៅក្នុងសំណុំរឿងយកពន្ធឡើងវិញនេះ មានរដ្ឋសមាជិកជាច្រើន បានគាំទ្រ ដូចជាប្រទេសអេស្ប៉ាញ បារាំង ព័រទុយហ្គាល់ ក្រិច ហុងគ្រី រូម៉ានី និងប្រទេសប៊ុយហ្គារីជាដើម។ តែគេមិនឃើញ មានរដ្ឋសមាជិ​កណាមួយ​ជំទាស់ទេ ហើយក៏មិនឃើញ មាននិន្នាការជំទាស់ដែរ ដោយហេតុថា ការយកពន្ធអង្ករកម្ពុជាឡើងវិញ មានតែផ្ដល់អត្ថប្រយោជន៍ ទៅដល់បណ្ដារដ្ឋសមាជិកប៉ុណ្ណោះ។

២) គ្មានការបោះឆ្នោតរឿងអង្ករខ្មែរ ក្នុងសភាអង់គ្លេសទេ

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នោះ រដ្ឋសភានៃចក្រភពអង់គ្លេស គ្មានការបោះឆ្នោត ដែលត្រូវបានធ្វើឡើង ដើម្បីជំទាស់នឹង «ការយកពន្ធ​​អង្ករ​​កម្ពុជា​​ឡើងវិញ»ទេ។ ការបោះឆ្នោតតែមួយគត់ ក្នុងថ្ងៃនោះ ដែលបានផ្ដល់លទ្ធផល ដូចការលើកឡើង របស់លោក ជុំ កុសល ឬលោក ហ៊ាន វណ្ណហន (ប្រឆាំងជាង៤០០សម្លេង ស្របជាង២០០សម្លេង) គឺជាការបោះឆ្នោត ផ្ដល់ការអនុម័ត (ឬប្រឆាំង) ទៅលើកិច្ចព្រមព្រៀង «Brexit»។

កិច្ចព្រមព្រៀង «Brexit» នោះ អាចត្រូវបានពន្យល់ ជាខេមរភាសាថា គឺជាកិច្ចព្រមព្រៀងទ្វេភាគី (អង់គ្លេស និងសហភាពអ៊ឺរ៉ុប) ដើម្បីអនុញ្ញាតឲ្យចក្រភពអង់គ្លេស ចាកចេញ ពីសហភាពអ៊ឺរ៉ុប ជាមួយនឹងអត្ថប្រយោជន៍មួយចំនួន។

ប្រទេសអង់គ្លេសទាំងមូល ជាពិសេសរដ្ឋសភា របស់ប្រទេសនេះ កំពុងខ្វល់ខ្វាយ នឹងកិច្ចព្រមព្រៀងនេះ ដោយសារថ្ងៃត្រៀមចាកចេញ ពីសហភាព (នៅចុងខែមិនា) កាន់​តែខិតជិត​មកដល់​ណាស់ហើយ។ តើគេអាចជឿឬទេ ថារដ្ឋសភា​របស់​ចក្រភព​មួយនេះ មានពេលវេលា និងក្បាល មកគិតពីការយកពន្ធអង្ករកម្ពុជា?

៣) ការសន្និដ្ឋាន ដែលផ្ទុយ…

សេចក្ដីសន្និដ្ឋានរបស់លោក ជុំ កុសល ដែលថា ការកំណត់ពន្ធឡើងវិញ ទៅលើផលិតផលអង្ករ ជា​«ឆាកល្ខោននយោបាយ»​នោះ ខុសពីការពិតផង និងខុសពីជំហរ របស់រដ្ឋាភិបាលលោក ហ៊ុន សែន ខ្លួនឯងផង ដែលបានធ្វើសេចក្ដីថ្លែងការណ៍ បង្ហាញទំនោរថា ការសម្រេចថ្មីថ្មោង របស់គណៈកម្មការអ៊ឺរ៉ុប មានលក្ខណៈសេដ្ឋកិច្ចសុទ្ធសាធ និងគ្មានការលូកលាន់ ផ្នែកនយោបាយនោះទេ។

សេចក្ដីថ្លែងការណ៍ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ចៀស​ភ្ជាប់បញ្ហានេះ ទៅនឹងបញ្ហានយោបាយ ហើយគេអាចយល់បានថា បើភ្ជាប់បញ្ហានេះ ទៅនឹងនយោបាយ គឺហាក់​ដូច​អនុញ្ញាតឲ្យក្រុមប្រឆាំង យកវាមកវាយប្រហារ លើរដ្ឋាភិបាលលោក ហ៊ុន សែន វិញបានយ៉ាងងាយ។

ម្យ៉ាងទៀត និងផ្ទុយពីការគម្រាម លុបចោលប្រព័ន្ធអនុគ្រោះ «EBA» ចេញពីកម្ពុជានោះ «បទបញ្ជាឲ្យអនុវត្តន៍» លេខ «2019/67» ឲ្យយកពន្ធអង្ករឡើងវិញ របស់គណៈកម្មការអ៊ឺរ៉ុប ពុំមានគូសបញ្ជាក់​​សោះឡើយ ថាការសម្រេចរបស់ខ្លួន មានទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា៕



You may also like

កម្ពុជា

ហ៊ុន សែន អះអាង​ទទួលបាន Licence ពី​សហព័ន្ធ​កីឡា​កូនគោល​បារាំង

ពិតជាមិនធម្មតា បើសិនជាគេឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបាន «Licence» មួយ ពីសហព័ន្ធកីឡាកូនគោលបារាំង ហៅកាត់តាមភាសាបារាំង «FFGOLF»។ កាន់តែមិនធម្មតាទៀត បើសិនជាគេឃើញលោក ...
កម្ពុជា

ហ៊ុន សែន មិនបាន​ទៅបី​ចៅស្រី​ទើបនឹងកើត ព្រោះជំងឺ​«Covid-19»

Covid-19 ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបនឹងប្រកាសឲ្យដឹង ថាលោកមានចៅថ្មី​មួយរូបទៀត។ តែផ្ទុយពីគ្រួសារលោក ក្នុងនោះរួមទាំងភរិយាលោកផង ដែលបានទៅ​ចាប់បី​ទារិកាថ្មី បុរសខ្លាំងកម្ពុជាអះអាងថា លោកមិនអាច​ទៅបីចៅ«ទី២១»រូបនេះ បានឡើយ ...
លោក រ៉ុង ឈុន (ខាងឆ្វេងបំផុត) លោក សម រង្ស៊ី និងលោក កឹម សុខា នៅក្នុងតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុកលោក សម រង្ស៊ី)
កម្ពុជា

សម រង្ស៊ី ថ្លែងឲ្យប្រើការចាប់ខ្លួន រ៉ុង ឈុន ដើម្បី​ងើបឈរ​ឡើង ផ្លាស់ប្ដូរ​របប

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានធ្វើសេចក្ដីថ្លែងការណ៍​ផ្ទាល់មាត់មួយ ពីប្រទេស​បារាំង អំពាវនាវ​ឲ្យ​ពលរដ្ឋ​រួបរួមគ្នា ក្នុងការប្រើឱកាស នៃការចាប់ខ្លួនលោក រ៉ុង ឈុន ដើម្បី​ងើបឈរឡើង ឈាន​ទៅផ្លាស់ប្ដូររបបដឹកនាំ ...

Comments are closed.

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...