ដំណឹងអាស៊ី-ប៉ាស៊ីភិក

ស្ថានទូត​អាមេរិក​និយាយ​ពី «ការ​ទូត​អន្ទាក់​បំណុល»​របស់​ចិន

ពីឆ្វេងទៅស្ដាំ៖ លោក ស៊ី ជីនភីង ប្រធានាធិបតីចិន និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត Reuters)

រដ្ឋាភិបាល និងស្ថានទូតអាមេរិក បានចែករំលែករបាយការណ៍ស្រាវជ្រាវមួយ របស់ក្រុមអ្នកជំនាញ មកពី​សាកល​វិទ្យាល័យ «ហាវើដ៍ (Harvard)» ដែលនិយាយពី «ការទូតអន្ទាក់បំណុល» របស់ប្រទេសចិន ដែលជា​រឿយៗ ទទួលបានលទ្ធផល ជាផ្លែផ្កា​ត្រឡប់​មកវិញ ដោយប្រទេស​កូនបំណុល ត្រូវលុតជង្គង់​នៅទីបំផុត នៅចំពោះ​ប្រទេសចិន ដែល​ជាម្ចាស់​បំណុល។

ប្រទេសជាច្រើន បានក្លាយខ្លួនជាជនរងគ្រោះ នឹងនយោបាយ «អន្ទាក់ការទូត»​ដ៏គ្រោះថ្នាក់ ដែលប្រទេសម្ចាស់បំណុល បានប្រើតាមរយៈ «បំណុលដ៏មហាសាល» ដើម្បីឈានទៅសម្រេច នូវ​«គោលដៅជាយុទ្ធសាស្ត្រ»​របស់ខ្លួន។ នេះ ជាការដកស្រង់ចេញពីរបាយការណ៍ «បញ្ជីបំណុលការទូត» ដែលរៀបរាងស្រាវជ្រាវឡើង ដោយក្រុមអ្នកជំនាញ មកពីសាកលវិទ្យាល័យ ហាវើដ៍ (Harvard) សហរដ្ឋអាមេរិក។

របាយការណ៍នេះ ត្រូវបានយកមកចែករំលែកបន្ត ដោយគេហទំព័រ «Share America» របស់រដ្ឋាភិបាលអាមេរិក មុននឹងត្រូវបាន​ស្ថានទូតអាមេរិក ប្រចាំក្នុងប្រទេសកម្ពុជា យកមកផ្សព្វផ្សាយបន្ត នៅលើ​ទំព័រហ្វេសប៊ុក​របស់ខ្លួន ជាមួយនឹងការព្រមានដូច្នេះថា៖ «ជំនួយបរទេសខ្លះ គឺជាការទូតអន្ទាក់បំណុល»។

ស្ថានទូតអាមេរិក បានសរសេរពន្យល់ អមនឹងការផ្សព្វផ្សាយនោះថា៖ «“ការទូតអន្ទាក់បំណុល” ចង់និយាយ ពីការដែលប្រទេសម្ចាស់បំណុល ប្រើប្រាស់បំណុល ដើម្បីសម្រេចគោលដៅ ជាយុទ្ធសាស្រ្តរបស់គេ។ ប្រទេសម្ចាស់បំណុល អាចប្រើបន្ទុកបំណុល ដើម្បីទទួលបាននូវទ្រព្យសម្បត្តិ ឬអត្ថប្រយោជន៍ ជាយុទ្ធសាស្រ្ត ដូចជាកំពង់ផែ ឬឥទ្ធិពលនយោបាយ។ ប្រទេសជាកូនបំណុល ច្រើនតែបង្ខំចិត្ត ត្រូវតែគោរពតាម។»

របាយការណ៍ «បញ្ជីបំណុលការទូត» របស់លោក «Sam Parker» និងអ្នកស្រី «Gabrielle Chefitz» ដែលមានកម្រាស់៦៤ទំព័រ បានរៀបរាប់យ៉ាងច្រើន អំពីយុទ្ធសាស្ត្រ «ការទូតអន្ទាក់បំណុល» របស់ប្រទេសចិន ដែលយកមកប្រើប្រាស់ ដើម្បីធ្វើឲ្យប្រទេសកូនបំណុល យ៉ាងហោចចំនួន១២ លុតជង្គង់ចុះ ប្រគល់ជូនទៅប្រទេសចិន នូវចំណុចសំខាន់ៗ​ជាច្រើន ដែលជាដង្ហើមសេដ្ឋកិច្ច ឬនូវការធ្វើខ្លួន ជា«បរិវានយោបាយ» របស់ចិនជាដើម។ ប្រទេសទាំង​១២នោះ មានទីតាំងនៅជុំវិញ មហាសាគរឥណ្ឌា និងនៅក្នុងភាគខាងត្បូង មហាសាគរ​ប៉ាស៊ីភិក ដោយរាប់ទាំងប្រទេសកម្ពុជាផង។

អ្នកស្រាវជ្រាវទាំងពីរូប ត្រូវបានស្រង់សំដី យក​មកសរសេរនៅលើគេហទំព័រ ចែករំលែកឯកសារ របស់រដ្ឋាភិបាលអាមេរិក ដូច្នេះថា៖ «នៅក្នុងទសវត្សកន្លងទៅនេះ ប្រទេសចិនបានផ្តល់កម្ចី រាប់រយពាន់លានដុល្លា ដល់ប្រទេស ដែលភាគច្រើនប្រទេសនោះ គ្មានលទ្ធភាពសងវិញបាន»។

របាយការណ៍នោះ បានលើកយកឧទាហរណ៍មួយចំនួន មកបង្ហាញ ដូចជាករណីរបស់ប្រទេស ស្រីលង្កា ដែលបន្ទាប់ពីមិនមានលទ្ធភាព ក្នុងការសងបំណុលនោះ បានប្រគល់ការគ្រប់គ្រងកំពង់ផែ «Hambantota» ដ៏ធំ (ភាគខាងត្បូង) របស់ប្រទេស ទៅឲ្យក្រុមហ៊ុនចិន ជាអ្នកគ្រប់គ្រង ជាមួយនឹងកិច្ចសន្យាវិនិយោគ ដែលមានរយៈពេល ៩៩ឆ្នាំ។ ករណីរបស់ប្រទេស «Djibouti» (ស្ថិតក្នុងទ្វីបអាហ្វ្រិកខាងកើត) ដែលមានបំណុល ជិតស្មើនឹងចំណូល នៃផលិតផលក្នុងស្រុកសរុប (GDP) បានយល់ព្រម កាលពីពេលថ្មីៗ នូវការតាំងមូលដ្ឋានយោធាជើងទឹកចិន នៅលើទឹកដីរបស់ខ្លួន។ មូលដ្ឋានយោធាជើងទឹកនោះ ជាមូលដ្ឋានយោធាដំបូងបំផុត របស់ប្រទេសចិន នៅឯបរទេស។

សម្រាប់ប្រទេសកម្ពុជាវិញ បើទោះជាបំណុលរបស់ខ្លួន មិនមានកម្រិត ត្រូវប្រកាសអាសន្ននោះក៏ដោយ តែសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសកម្ពុជា កំពុងរងឥទ្ធិពលខ្លាំងឡើងៗ ពីសំណាក់ប្រទេសចិន។ ខាងក្រោមនេះ ជាសម្រង់មួយចំនួន (ជាភាសាអង់គ្លេស) ទាក់ទងនឹងប្រទេសកម្ពុជា ចេញពីរបាយការណ៍ «បញ្ជីបំណុលការទូត» ខាងលើ៖

សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា មិនបានចាប់អារម្មណ៍ នឹងរបាយការណ៍ខាងលើទេ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែបានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងចិន កំពុងទទួលផ្លែផ្កាល្អ ហើយបំណុលកម្ពុជា ខ្ចីពី​«មិត្តចិន» ជាបំណុលដែលអាចគ្រប់គ្រងបាន និងមិនមែនជា បំណុល​​«វ័ណ្ឌក»​នោះឡើយ៕



You may also like

កម្ពុជា

កម្ពុជា​ជាប់ក្នុង​«បញ្ជីខ្មៅ»​របស់ EU អំពី​ការលាងលុយ​កខ្វក់

កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ចំនួន២២ ដែលជាប់ក្នុង«បញ្ជីខ្មៅ» របស់​សហភាព​អ៊ឺរ៉ុប (EU) ជុំវិញបរាជ័យ របស់ប្រទេសទាំងនេះ ក្នុងការប្រយុទ្ធប្រឆាំង នឹងការលាងលុយ​កខ្វក់ និង​ហិរញ្ញប្បទាន សម្រាប់បណ្ដាញភេរវកម្ម។ នេះ ...
កម្ពុជា

ហ៊ុន សែន ​ឲ្យប្រើ​វ៉ាក់សាំង«​ចិន» ទោះគ្មាន​ការទទួលស្គាល់​ពី«WHO»

ទោះជាគ្មានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO /OMS) ក៏ដោយ តែលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យប្រើវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ (Covid-19) ដែលស្រាវជ្រាវ ...
ដំណឹង

អាល្លឺម៉ង់ថា​ចិន​ដាក់សម្ពាធ ឲ្យ​និយាយល្អ ពី​ប៉េកាំង​ជុំវិញ​​«Covid-19»

មន្ត្រីការទូតចិន បានជួបជាមួយ​អ្នកទទួលខុសត្រូវមួយចំនួន នៃរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីបញ្ចុះបញ្ចូលអ្នកទទួលខុសត្រូវទាំងនោះ ឲ្យ​និយាយល្អ អំពីការគ្រប់គ្រង របស់ក្រុងប៉េកាំង ទៅលើការរាតត្បាត នៃជំងឺ«Covid-19»។ នេះ បើតាមការអះអាង របស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់ តាមរយៈលិខិតមួយ ...

Comments are closed.

កម្ពុជា

ក្រុងភ្នំពេញដេញ​អ្នកកាសែតចិនម្នាក់ ព្រោះផ្សាយ​ថា កម្ពុជាលក់វ៉ាក់សាំង

កម្ពុជា

ព្រឹត្តិការណ៍២០កុម្ភៈ៖ ករណីឆ្លង​ក្នុងសហគមន៍ កើនដល់​១០៣នាក់

មកដល់ម៉ោងនេះ ករណីឆ្លង​ក្នុងសហគមន៍ នៃអ្នកជំងឺកូវីដ-១៩ (Covid-19) ត្រូវបានរកឃើញ កើនឡើង​ដល់​ចំនួន​សរុប ១០៣នាក់។ ខាងក្រោមនេះ ជាតួលេខត្រួសៗ បង្ហាញពីការរកឃើញប្រចាំថ្ងៃ នៃករណីឆ្លងក្នុងសហគមន៍ រាប់ចាប់ពី​ថ្ងៃទី២០ ខែកុម្ភៈមក៖ ...
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ នៅប្រទេសកម្ពុជា។ (រូបថតឆ្នាំ២០២០ បង្ហោះលើទំព័រហ្វេសប៊ុក)
កម្ពុជា

ព្រឹត្តិការណ៍២០កុម្ភៈ៖ ហ៊ុន សែន ឲ្យបិទសាលារៀន និងបន្ថែមវិធានការ

ក្រៅពីសម្រេច​«ឲ្យបិទសាលារៀន» ក្នុងរយៈពេលពីរសប្ដាហ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ចាត់​វិធានការ​​បន្ថែមមួយចំនួនទៀត នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ នេះ បើតាមរយៈសារពិសេសមួយ ដែល​លោកបានបង្ហោះ នៅលើបណ្ដាញសង្គម នៅយប់ថ្ងៃចន្ទ​ទី២២ ...