សេចក្ដីថ្លែងការណ៍មួយ របស់គណបក្សសង្គ្រោះជាតិ (CNRP) ដែលចេញផ្សាយ​កាលពីមុននេះ បានសរសេរបដិសេធ សេចក្ដីសម្រេចរបស់សន្និសីទពិភពលោក នៃក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ មកពីជុំវិញពិភពលោក ដែលបានប្រព្រឹត្តិទៅ រយៈពេលពីរថ្ងៃ កាលពីម្សិលម៉ិញ និងម្សិលម្ងៃ នៅក្រុង អាត្លង់តា ភាគខាងកើតសហរដ្ឋអាមេរិក។

លិខិតគណបក្ស ដែលគ្មានចុះលេខនោះ បានសរសេរចាត់ទុកការសម្រេចនោះ ថាមានលក្ខណៈផ្ទុយទាំងស្រុង ពីលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ និងមិនអាចទទួលយកបាន ជាដាច់ខាត។

ក្រៅពីលើកមកបញ្ជាក់ ពីលក្ខន្តិកៈគណបក្ស នៅត្រង់ប្រការ៤៥ថ្មីនោះ សេចក្ដីថ្លែងការណ៍ នៅបានអះអាងថា សេចក្ដីសម្រេចរបស់សន្និសីទ «មិនអាចចាប់បង្ខំ ឬតម្រូវឲ្យគណបក្សសង្គ្រោះជាតិ ឬគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ត្រូវតែធ្វើតាមនោះទេ» ដោយសំអាងថា «អ្នកចូលរួមធ្វើសន្និសីទខាងលើ មិនមាននីតិសម្បទា ដែលមានសិទ្ធិជាអ្នកស្នើ ឬជាអ្នកសម្រេចជ្រើសរើស ឬជ្រើសតាំងប្រធានស្ដីទី​គណបក្សឡើយ»។

កាលពីល្ងាចថ្ងៃម្សិលម៉ិញ (យប់ថ្ងៃទី២ ខែធ្នូ នៅអាមេរិក ត្រូវជាព្រឹកថ្ងៃទី៣ ខែធ្នូ នៅកម្ពុជា) សន្និសីទពិភពលោក ដែលត្រូវបានរៀបចំធ្វើ ដោយក្រុមអ្នកគាំទ្រគណបក្សនៅក្រៅប្រទេស បានបញ្ចប់កិច្ចប្រជុំរបស់ខ្លួន ដោយចេញជាសេចក្ដីសម្រេច មាន១០ចំណុច ក្នុងនោះមានការស្នើសុំឲ្យលោក សម រង្ស៊ី ឡើងធ្វើជាប្រធានស្ដីទីគណបក្ស នៅក្នុងអំឡុងពេល នៃការឃុំខ្លួនប្រធានគណបក្ស លោក កឹម សុខា ដោយរបបដឹកនាំក្រុងភ្នំពេញ។ សេចក្ដីសម្រេចរបស់សន្និសីទ បានគ្រោងប្រមូល បណ្ដាសាខាគណបក្សសង្គ្រោះជាតិ នៅតាមបណ្ដាប្រទេសធំៗ នៅតាមទ្វីបសំខាន់ៗ ដាក់បញ្ចូលបង្កើត ជាសាខាគណបក្សសង្គ្រោះជាតិក្រៅប្រទេសតែមួយ ហៅជាភាសាអង់គ្លេសថា «CNRP-Oversea» ឬ «CNRP-O»។

អ្នកឃ្លាំមើលបញ្ហានយោបាយកម្ពុជា លោក ព្រហ្ម គិត បានថ្លែងប្រាប់ទស្សនាវដ្ដី សំដែងការសង្ស័យ ទៅលើសេចក្ដីថ្លែងការណ៍ ដែលគ្មានចុះលេខគណបក្ស និងដែលបកស្រាយទាំងទទឹងទិស ថាក្រុមអ្នកគាំទ្រនៅខាងក្រៅស្រុក មិនមាននីតិសម្បទាគ្រប់គ្រាន់ ដើម្បីធ្វើការស្នើសុំនោះ។ លោកចោទសួរមកវិញថា ក្រែងអ្នកខាងក្រៅនោះហើយ ជាអ្នកឧបត្ថម្ភទ្រព្យធន់ ដើម្បីឲ្យគណបក្សនៅក្នុងស្រុក មានដំណើរការឬ?

លោក ព្រហ្ម គិត ដែលមានអតីតភាព ជាអ្នកច្បាប់ចូលរួម តាក់តែងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ បានអះអាងថា តាមគោលការណ៍ច្បាប់ ការផ្ដល់ប្រាក់ទៅឲ្យគណបក្ស ទោះតាមរូបភាព ជាវិភាគទានក្ដី ម្ចាស់ទ្រព្យត្រូវតែមានសិទ្ធិ ក្នុងការស្នើសុំអ្វីមួយ ទៅកាន់គណបក្ស ដូចជាចង់ដឹងថា តើយកប្រាក់នេះ ទៅណាដើម្បីធ្វើអ្វីជាដើម។ លោកបន្តថា៖

«មិនអាចត្រូវការគេ តែនៅពេលខ្លួនចង់បានប្រាក់ ស្រាប់តែពេលគេស្នើសុំអ្វីមួយ ស្រាប់តែមកនិយាយថា អ្នកឯងគ្មាននីតិសម្បទាដើម្បីស្នើសុំ អញ្ចឹងទេ»។

ចំណុចដែលគួរឲ្យសង្ស័យ ចំពោះសេចក្ដីថ្លែងការណ៍នោះ នៅត្រង់ថា លិខិតនេះហាក់ត្រូវបានចេញផ្សាយ តែពីមនុស្សប៉ុន្មាននាក់ ដោយយកឈ្មោះគណបក្ស​យកទៅបិតពីលើ។ អ្នកឃ្លាំមើលរូបនេះ បានពន្យល់ថា លោក អេង ឆៃអ៊ាង និងអ្នកស្រី មូ សុខហួ ដែលជាអនុប្រធានគណបក្ស សុទ្ធតែមានវត្តមាន នៅក្នុងសន្និសីទ ខណៈអនុប្រធានមួយរូបទៀត គឺលោក ប៉ុល ហម នៅក្នុងប្រទេស ត្រូវបានគេបំបិតសិទ្ធិនិយាយស្ដី ពាក់ព័ន្ធនឹងនយោបាយ។ បើនិយាយពីគណៈកម្មការចំពោះកិច្ច ដែលជាអ្នកសម្រេច ចំពោះកិច្ចការគណបក្សនោះវិញ ក៏កាន់តែមិនអាចដែរ ដោយហេតុថា មានដំណឹងពីការមិនចុះសម្រុងគ្នា នៅក្នុងគណៈកម្មការនេះ។

ខុសប្លែក ពីលិខិតផ្លូវការមុនៗ លិខិតមួយច្បាប់ចុងក្រោយនេះ មិនត្រូវបានផ្ញើរចេញ ពីទូរសារអេឡិចត្រូនិក នៃអគ្គលេខាធិការដ្ឋានគណបក្ស មកកាន់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូទេ។ គេឃើញលិខិតនេះ ត្រូវបានបង្ហោះព្រោងព្រាត នៅលើបណ្ដាញសង្គម ជាពិសេសនៅលើគណនីលោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា និងកញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីច្បងលោក កឹម សុខា។ ជាពិសេស លិខិតនេះ ចេញផ្សាយតែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយការបង្ហោះ របស់លោក មុត ចន្ថា នៅលើគណនីរបស់លោក៕



លំអិតបន្ថែមទៀត

កម្ពុជា

«វេទិកាសម្លេងសង្គ្រោះជាតិ» ផ្ដល់ព័ត៌មាន​សម្រាប់​ពលរដ្ឋ​និង​កម្មករ

នៅលើបណ្ដាញសង្គម តាំងពីម្សិលម៉ិញមក គេឃើញកម្មវិធីមួយ ហៅថា «វេទិកាសម្លេងសង្គ្រោះជាតិ» ត្រូវបានរៀបចំឡើង ដែលប្រមូលវាគ្មិនមកជជែកគ្នា និងផ្ដល់ព័ត៌មាន ពីប្រធានបទមួយ ដែលជាប្រធានបទដំបូង ឈ្មោះ «ផលប៉ះពាល់នៃកូវីដ១៩ លើកម្មករ» ...
កម្ពុជា

CNRP អះអាងថា មិនភ្លេចជន​ដែល​ត្រូវបាន​សម្លាប់ ក្រោមរបប ហ៊ុន សែន

គណបក្សសង្គ្រោះជាតិ (CNRP) អះអាងថា ខ្លួននឹងមិនភ្លេច​ជនរងគ្រោះ​ជាច្រើន​នាក់ ដែលត្រូវបានសម្លាប់ យ៉ាងឃោរឃៅ និងអយុត្តិធម៌ នៅក្រោមរបបដឹកនាំ​របស់​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។ នេះ បើតាមសារនយោបាយមួយ ...
កម្ពុជា

CNRP៖ បាតុករ​៣០មិនា ពលី​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌

គណបក្សសង្គ្រោះជាតិ បានអះអាងថា បណ្ដាបាតុករទាំងអស់ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ គប់គ្រាប់បែក​នៅខាងមុខ​អតីត​រដ្ឋសភា​ជាតិ កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ថាជាបុព្វហេតុ ដើម្បី«លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌» នៅក្នុងប្រទេសកម្ពុជា។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.