ដំណឹងអាស៊ី-ប៉ាស៊ីភិក

សិង្ហបូរី​បកស្រាយ​សំដី​នាយករដ្ឋមន្ត្រី​ខ្លួន ថា​ចង់​សង្កត់ធ្ងន់​ពី​«ស្ថិរភាព»តំបន់

ពាក្យសំដីរបស់លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសិង្ហបូរី ដែលរំលឹកឡើងវិញ ពីប្រវត្តិនៃការវាយលុកប្រទេសកម្ពុជា ពីសំណាក់កងទ័ពវៀតណាម មានបំណងចង់លើកឡើង ពីរបៀបនៃការដឹកនាំ ក្នុងការជួយបញ្ចប់សង្រ្គាម ដែលបង្កការឈឺចាប់យ៉ាងខ្លាំង ដល់ប្រជាជននៅឥណ្ឌូចិន និងចង់សង្កត់ធ្ងន់ ពី«ស្ថិរភាព និងវិបុលភាព» នៅក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេស នៃប្រទេសសិង្ហបូរី បានអះអាងដូច្នេះ នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏វែងអន្លាយមួយរបស់ខ្លួន ដែលចេញផ្សាយ ក្នុងវេលារសៀលថ្ងៃសុក្រ ទី៧ ខែមិថុនា​ ឆ្នាំ២០១៩ម្សិលម៉ិញ។

សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយការរិះគន់ខ្លាំងៗ ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដោយហៅសារបង្ហោះរបស់មេដឹកនាំសិង្ហបូរី ថាជាការប្រមាថដល់ពលិកម្ម របស់កងទ័ពវៀតណាម និងបានបង្ហាញថា មេដឹកនាំសិង្ហបូរីនៅពេលនោះ បានរួមចំណែកសម្លាប់ប្រជាជនកម្ពុជា ជាពិសេស«បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៏ វិលត្រឡប់មកកម្ពុជាវិញ»។

សម្រាប់អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបូរី បានឆ្លើយតបវិញថា «សិង្ហបុរីគ្មានការអាណិតអាសូរ ចំពោះរបបខ្មែរក្រហមនោះទេ ហើយក៏មិនដែលចង់ឃើញរបបនេះ ត្រឡប់មកកម្ពុជាវិញនោះដែរ»។

អ្នកនាំពាក្យបានពន្យល់ថា ការលើកឡើងរបស់លោក លី ជុំវិញបញ្ហានៅឥណ្ឌូចិន មិនមែនជារឿងថ្មីឡើយ។ តែបញ្ហានេះ ត្រូវបានលើកឡើងកន្លងមក ជាសាធារណៈ និងជារឿយដង។ កំណត់ហេតុរបស់លោក លី ក្វាន់យូ (Lee Kuan Yew) អតីតនាយករដ្ឋមន្ត្រីសិង្ហបូរី ក៏ដូចជាសេចក្តីថ្លែងការណ៍រួម របស់អាស៊ាន ដែលផ្ញើទៅកាន់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៧៩ ក៏បានលើកឡើង ពីករណីនេះដែរ។

សេចក្ដីថ្លែងការណ៍បានរៀបរាប់ថា៖

«ក្នុងសេចក្តីថ្លែងការណ៍រួម ស្ដីពីជំហរលើបញ្ហាកម្ពុជា ដែលផ្ញើទៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ឆ្នាំ១៩៧៩ អាស៊ានបានបញ្ជាក់ច្បាស់ ជាសាធារណៈ ពីសិទ្ធិប្រជាជនកម្ពុជា ក្នុងការកំណត់អនាគតរបស់ពួកគេ និងមានសេរីភាពអនុវត្តសិទ្ធិស្វ័យសម្រេច រួចផុតពីការលូកដៃជ្រៀតជ្រែក និងឥទ្ធិពលរបស់មហាអំណាច នៅខាងក្រៅ។»

ក្រសួងការបរទេសសិង្ហបុរី បានបន្តពន្យល់ថា នាយករដ្ឋមន្ត្រី លី សៀនឡុង មានបំណងចង់ទាញអតីតកាលមួយនេះ មកពន្យល់ពីការដឹកនាំ ភាពជារដ្ឋបុរស និងការវាយតម្លៃមួយ របស់​មេដឹកនាំថៃ​ ដែលបានរួមចំណែក ជួយបញ្ចាប់​សង្គ្រាមដ៏ខ្លោចផ្សា ដែលបង្កទុក្ខវេទនា ដល់ប្រជាជនឥណ្ឌូចិន ហើយដែលបាននាំមក នូវសន្តិភាព និងការសហការគ្នា នៅក្នុងតំបន់ទាំងមូល នាពេលសព្វថ្ងៃ។

សេចក្ដីថ្លែងការណ៍បន្តទៀតថា៖

«លោក លី ក៏ចង់សង្កត់ធ្ងន់ផងដែរពី ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ ក៏ដូចជាឯកភាពអាស៊ាន ដែលគេមិនត្រូវព្រងើយកន្តើយសោះឡើយ។ ស្ថានភាពមិនច្បាស់លាស់ នៃភូមិសាស្ត្រនយោបាយសព្វថ្ងៃ ធ្វើឲ្យរឿងរ៉ាវទាំងនេះកាន់តែសំខាន់ សម្រាប់រដ្ឋអាស៊ានក្នុងការធានារក្សាឯកភាព និងការសាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា។»

បើទោះជាក្នុងអតីតកាល ប្រទេសសិង្ហបូរី បានយល់ខុសគ្នា ពីកម្ពុជា និងវៀតណាមក្ដី តែនៅពេលនេះ «សិង្ហបុរីគោរព និងឲ្យតម្លៃ» ប្រទេសកម្ពុជា និងវៀតណាម ក្នុងនាមជា«មិត្តអាស៊ាន»។ អត្ថបទក្រសួងការបរទេសសិង្ហបូរី បង្ហាញពីជំហររបស់ខ្លួនថា៖

«សិង្ហបូរីផ្តល់តម្លៃខ្ពស់ណាស់ ចំពោះទំនាក់ទំនងជាមួយកម្ពុជា និងវៀតណាម។ ទោះមានការយល់ឃើញខុសគ្នា ក្នុងអតីតកាលក្តី យើងតែងតែប្រាស្រ័យទាក់ទង​គ្នា ទៅវិញទៅមក ប្រកបដោយការគោរព និងមិត្តភាព។ ចំណងការទូតទ្វេភាគី លើវិស័យជាច្រើន មានការរីកចម្រើនខ្លាំងឡើង ហើយយើងបានធ្វើការងារជាមួយគ្នា ក្នុងបណ្តាប្រទេសអាស៊ាន ដើម្បីកសាងសហគមន៍ ដែលមានសាមគ្គីភាព និងការរួបរួមគ្នាដែរ។»

Wrote to Thai PM Prayut Chan-o-Cha to express my condolences on the passing of former Thai PM and President of the Privy…

Publiée par Lee Hsien Loong sur Jeudi 30 mai 2019


បន្ថែមពីការបកស្រាយ ជាសារធារណៈខាងលើ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីស្នាន់ (Vivian Balakrishnan) បានទូរសព្ទក្នុងថ្ងៃសុក្រដដែល ទៅពិភាក្សា​ និងពន្យល់ពីបញ្ហានេះផ្ទាល់ ជាមួយសមភាគីកម្ពុជា លោក ប្រាក់ សុខុន និង​សមភាគី​វៀតណាម ផាម ប៊ិញមិញ (Pham Binh Minh)។

អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបូរី បានបញ្ជាក់ថា៖

«យើងបានព្រមព្រៀងគ្នាថា ទោះបីជា​មានជំហរខុសគ្នាខ្លាំង ពីបញ្ហាអតីតកាលក្ដី តែយើងជ្រើសរើសយកផ្លូវ នៃកិច្ចសហប្រតិបត្តិការ ការសន្ទនា និងមិត្តភាព។»



លំអិតបន្ថែមទៀត

កម្ពុជា

អាមេរិក​ស្នើកម្ពុជា​បោះបង់​«កិច្ច​ព្រមព្រៀង​សម្ងាត់ ឲ្យ​ចិន​តាំង​មូលដ្ឋាន​ទ័ព»

ភ្លាមៗ ក្រោយការចេញផ្សាយ នូវព័ត៌មានស្ដីពី​«កិច្ច​ព្រមព្រៀង​សម្ងាត់» ដែលចេញផ្សាយ ដោយសារព័ត៌មានដ៏ធំ ឈ្មោះ «The Wall Street Journal» សហរដ្ឋអាមេរិកបានប្រតិកម្ម ស្នើប្រទេសកម្ពុជា ឲ្យបោះបង់ចោលគម្រោងខាងលើ ...
កម្ពុជា

ហ៊ុន សែន បង្កើត​និង​ដឹកនាំ​គណៈកម្មការ​ជាតិ​ប្រឆាំង​«Covid-19»​

គណៈកម្មការជាតិមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ «Covid-19» បានចេញជារូបរាងហើយ នៅល្ងាចថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០នេះ។ គណៈកម្មការនោះ ត្រូវបានបង្កើតឡើង តាមរយៈសេចក្ដីសម្រេចមួយ និងចុះហេត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ...
កម្ពុជា

សម រង្ស៊ី ថា​ការពង្រត់​សកម្មជន​ថៃ ច្បាស់ជាមាន ហ៊ុន សែន នៅពី​ក្រោយ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបញ្ចេញប្រតិកម្ម លើកដំបូងរបស់លោក ចំពោះ​ការចាប់ពង្រត់ សកម្មជន​នយោបាយ​​ថៃ​ម្នាក់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅនេះ ដោយសង្កត់ធ្ងន់ថា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.