«ជំងឺបាក់ស្បាត» បើទោះជាកវីស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន បានលាចាកលោកទៅហើយមែន តែស្នាដៃរបស់លោក ទាំងប្រលោមលោក ចម្រៀង កំណាព្យ… នៅតែមានជីវិត នៅតែធ្វើឲ្យអ្នកផង រំលឹកនិយាយពីរូបលោក។ នៅថ្ងៃនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់ យកស្នាដៃមួយរបស់លោក ដែលនិយាយពី «ជំងឺបាក់ស្បាត» មកជម្រាបជូនប្រិយមិត្ត។

អ្វីទៅ «បាក់ស្បាត»?

បើតាមវចនានុក្រម សម្តេចសង្ឃជួនណាត ពាក្យ “បាក់ស្បាត” សំដៅទៅលើការបាក់ចិត្ត ខ្លាចរអា លែងហ៊ានបញ្ចេញរូបស្បាត តទៅទៀត។ ខណៈគេហទំព័រ «Psychology Today» បានពន្យល់ថា បាក់ស្បាត គឺជាជំងឺផ្លូវចិត្ត ដែលអាចនឹងវិវត្តន៍ ក្រោយពីបុគ្គលជួបប្រទះ នូវព្រឹត្តិការណ៍ភ័យរន្ធត់ខ្លាំង ដូចជាមរណភាព អំពើហិង្សា ឬគ្រោះថ្នាក់ធ្ងន់ធ្ងរលើរាងកាយ ឬការគំរាមកំហែងនានា។

សម្រាប់លោក គង្គ ប៊ុនឈឿន កំពូលអ្នកនិពន្ធខ្មែរដ៏ល្បីល្បាញ បានសរសេរពីជំងឺបាក់ស្បាត​មួយនេះ ជាកំណាព្យបទពាក្យ៧ ដោយរៀបរាប់ អំពីការចងចាំរបស់ប្រជាជនខ្មែរ ដែលធ្លាប់បានឆ្លងកាត់របបវាលពិឃាត បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ ជាមួយនឹងរូបភាពកាប់សម្លាប់ រស់នៅរងទុក្ខវេទនា ក្រោមការធ្វើទារុណកម្ម ឬរត់កាត់គ្រាប់កាំភ្លើង គ្រាប់បែក។ល។

សម្រាប់អ្នកកវីរូបនេះ ព្រឹត្តិការណ៍ដ៏រន្ធត់ទាំងនោះ បានធ្វើឲ្យប្រជាជនខ្មែរ បាក់ស្បាត។ ប៉ុន្តែលោក ក៏បានរៀបរាប់បន្តដែរ ថាជំងឺបាក់ស្បាតនោះ កំពុងមានជីវិត នៅក្នុងសង្គមសព្វថ្ងៃ បើទោះជារបបប៉ុលពត បានបញ្ចប់ទៅ ជាច្រើនសិបឆ្នាំ ទៅហើយក្តី។ តើប្រជាជនខ្មែរ នៅខ្លាចអ្វីទៀត?

ជំងឺបាក់ស្បាត
(ពាក្យ ៧)

ធ្លាប់ឃើញប៉ុលពតចងសម្លាប់
ធ្លាប់ឃើញគេចាប់ទៅពិឃាត
ធ្លាប់ត្រូវគ្រាប់បែបគប់ប៉ើងខ្ទាត
ខ្មែរសែនបាក់ស្បាត ដល់សព្វថ្ងៃ។

ពេលជួបអ្នកធំមានអំណាច
អ្នកតូចក៏ខ្លាចឈរឱបដៃ
បុកពោះលាន់ខ្ទ័រញ័រភិតភ័យ
មិនហ៊ានហាស្តីខ្លាចមានទោស។

ចង់តវ៉ាស្តីតែមិនហ៊ាន
សុខចិត្តអៀនប្រៀនឱនមុខចុះ
ពេលឃើញអ្នកធំនិយាយខុស
មិនហ៊ានបន្ទោសខ្លាចគេស្អប់។

អ្នកធំផោមស្អុយថាក្រអូប
ប្រឹងឈរប៊ឺតស្រូបថាទឹកអប់
ជំងឺបាក់ស្បាតតាមតោងជាប់
បើអ្នកធំស្អប់ “គឺបាត់ខ្លួន?”។

(ដកស្រង់ចេញពី សៀវភៅកំណាព្យ “ជំងឺខ្មែរ” ទំព័រ ២៦, ដោយលោក គង្គ ប៊ុនឈឿន ចេញផ្សាយឆ្នាំ២០០៣)

លោក គង្គ ប៊ុនឈឿន ដែលជាអ្នកស្រុកបាត់ដំបងពីកំណើត បានទទួលមរណភាព ក្នុងជន្នាយុ ៧៦ឆ្នាំ កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៦ ដោយសារជំងឺមហារីកតម្រងនោម នៅក្នុងមន្ទីរពេទ្យមួយ នៃប្រទេស ន័រវេសន៍។ លោកទទួលបាន សិទ្ធិជ្រកកោននយោបាយ នៅទីនោះ បន្ទាប់ពីលោកបានភៀសខ្លួន ចេញពីប្រទេសកម្ពុជា នៅឆ្នាំ២០០០៕



លំអិតបន្ថែមទៀត

របាយការណ៍

ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​វៀតណាម​មករំដោះ​​កម្ពុជា?

ជាថ្មីម្ដងទៀត លោក ហ៊ុន សែន បានរំលើកពី«បុព្វហេតុ»របស់លោក ដោយហៅការចាកចេញ​ពីប្រទេស​កម្ពុជា ចូលទៅក្នុងប្រទេស​វៀតណាម ថា​ជា​«ការស្វែង​រកការជួយ​ឧបត្ថម្ភ» ក្នុងការរំដោះជាតិ​ចេញពីរបបខ្មែរក្រហម។ បញ្ហា… ​នៅ​ត្រង់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ខ្វះប្រភព​ឯករាជ្យ ដែល​អាច​បញ្ជាក់​ពីប្រវត្តិសាស្ត្រ​ត្រង់នេះ ...
របាយការណ៍

«សមិទ្ធិផល»នៃសម្តេច សីហនុ ត្រូវ​ខ្មែរក្រហម​បំផ្លាញ​អស់?

តើ«សមិទ្ធិផល»របស់សម្ដេច នរោត្ដម សីហនុ ណាខ្លះ ដែលបានបាត់បង់ និងសមិទ្ធិផល​ណាទៀត ដែល​នៅសេសសល់ ហើយក្លាយជាអ្វី នៅពេលបច្ចុប្បន្ននេះ? កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ ខណៈដែលប្រជាជនកម្ពុជាជាទូទៅ ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា វាយប្រហារ​អ្នក​គាំទ្រ​​ខ្មែរក្រហម​​នៅ អ.ស.ប គឺ​វាយប្រហារ​ចិន

ទេ! មិនមែនមហាអំណាចលោកខាងលិច ឬនិយាយឲ្យចំ មិនមែនសហរដ្ឋអាមេរិកទេ ដែលអន្ទោច ឬទាមទារ​ឲ្យរបបខ្មែរក្រហម នៅបន្តកាន់កាប់​អសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ ( អ.ស.ប ) រយៈពេល ១២ឆ្នាំបន្ថែមទៀត ...

យល់ស៊ីជម្រៅផ្នែក តន្ត្រី

តន្ត្រី

អ៊ីតាលី ឈ្នះពាន​មហោស្រព​ ប្រឡងចម្រៀង «EuroVision 2021»

តន្ត្រី

EuroVision 2021 ៖ ផ្សាយផ្ទាល់​ពីរាត្រី​ផ្ដាច់ព្រ័ត្រនៃ​មហោស្រព

២៦ប្រទេសចុងក្រោយ ពីក្នុងចំណោមប្រទេសចូលរួមទាំងអស់ ៤១ប្រទេស នឹងត្រូវបញ្ចេញសមត្ថភាព តាមរយៈ​អ្នកចម្រៀងជម្រើសផងខ្លួន នៅក្នុងរាត្រីផ្ដាច់ព្រ័ត្រ នៃ​មហោស្រព​ប្រឡង​ចម្រៀង «EuroVision 2021» ដែលជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ នៅទ្វីបអ៊ឺរ៉ុប ដោយមានការចូលរួម ពីបណ្ដាប្រទេសជាសមាជិក ...
តន្ត្រី

ផ្សាយផ្ទាល់​ពី​កម្មវិធី​«One World: Together At Home»

ដើម្បីស្វែងរកមូលនិធិ ប្រយុទ្ធប្រឆាំង ទល់នឹងជំងឺ «Covid-19» កម្មវិធី «One World: Together at Home» មួយត្រូវបានរៀបចំឡើង ដោយរួមប្រជុំកំពូលតារាៗ ល្បីៗនៅក្នុងពិភពលោក ...

Comments are closed.