នាងជាមនុស្សពិសេស ៖ មនុស្សពីរនាក់ស្រលាញ់គ្នា និងអាចបន្តទំនាក់ទំនងជាមួយគ្នាបានដោយរលូន មិនមែនត្រឹមតែការមានចិត្តស្មោះត្រង់ចំពោះគ្នាប៉ុណ្ណឹងទេ តែការធ្វើឱ្យដៃគូទទួលបាននូវភាពកក់ក្តៅ ផ្អែមល្ហែម គឺរឿងមួយដែលមនុស្សស្រីគ្រប់គ្នាតែងចង់បានពីមនុស្សដែលខ្លួនស្រលាញ់។
ជាការពិតណាស់ នារីគ្រប់រូបចង់មានអារម្មណ៍ថា នាងជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងពិសេសសម្រាប់បុរស ជាទីស្រលាញ់របស់នាង។ តើអ្នកនឹងបង្ហាញនាងយ៉ាងដូចម្តេចថា នាងពិតជាពិសេសចំពោះអ្នក? គ្មានអ្វីគួរអោយចាប់អារម្មណ៍ ចំពោះនារីម្នាក់ ជាងបុរសម្នាក់ដែលចាត់ទុកនាង ជាព្រះនាងម្ចាស់នោះទេ។
ខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលអ្នកអាចអនុវត្ត ជាមួយមិត្តស្រីរបស់អ្នក ដើម្បីឱ្យនាងយល់ថា នាងជាមនុស្សពិសេសសម្រាប់អ្នក។
១. សរសើរនាង
- ជាការពិតណាស់ មនុស្សស្រីទាំងអស់ចូលចិត្តពាក្យសរសើរ។ ដូច្នេះ អ្នកមិនត្រូវភ្លេចសរសើរនាងនោះទេ គឺសរសើរនាងឱ្យត្រូវនឹងចំណុចល្អៗ ឬគុណសម្បត្តិដែលនាងមាន ដែលមិនមែនជាការបញ្ជោរ។ សរសើរទាំងរូបរាងខាងក្រៅ និងអត្តចរិតខាងក្នុងរបស់នាង។ ចួនកាល អ្នកអាចសរសើរពីម៉ូតសក់របស់នាង ពីរបៀបដែលនាងស្លៀកពាក់ ឬក៏ស្នាមញញឹមរបស់នាងផងដែរ។
២. បង្ហាញឱ្យនាងដឹងថាអ្នកខ្វល់ពីនាងខ្លាំង
- ចំណាយពេលជាមួយនាង ឱ្យបានច្រើន ទោះបីជាអ្នករវល់យ៉ាងណាក៏ត្រូវតែឆ្លៀត ដូចជាមើលកុន ហែលទឹក ញ៉ាំអាហារ។
- បង្ហាញឱ្យនាងដឹងថា អ្នកចូលរួមចំណែក ក្នុងសកម្មភាពដែលនាងចូលចិត្ត។
- ប្រសិនបើនាងចង់ទៅដើរផ្សារទំនើប សួរនាងផង ប្រសិនបើនាងចង់ឱ្យអ្នកទៅជាមួយ ឬជួយមើលថា តើអ្វីដែលសមនឹងនាង។
- ប្រាប់នាងឱ្យដឹង ពីអារម្មណ៍របស់នាង ដូចជា “បងនឹកអូន” “បងស្រលាញ់អូន”។
- ផ្ញើសារ និងទូរសព្ទទៅនាងជាប្រចាំ។ នេះបង្ហាញថា នាងតែងតែនៅក្នុងចិត្តរបស់អ្នក។
- រំឭកនាងជារឿយៗ ឱ្យថែសុខភាព និងបង្ហាញថាអ្នកពិតជាបារម្ភពីនាង។
- ប្រាប់នាងឱ្យដឹង នូវកន្លែងដែលអ្នកត្រូវទៅ ឬពេលអ្នកទៅដល់ផ្ទះ។
- លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់នាង ប្រសិនបើនាងកំពុងបាក់ទឹកចិត្ត ឬបរាជ័យចំពោះអ្វីមួយ។
៣. បង្ហាញឱ្យអ្នកផ្សេងដឹងថា អ្នកមានមោទនភាពប៉ុនណា ដែលបាននាងជាដៃគូ
- កុំគ្រាន់តែស្រលាញ់គ្នាជាស្ងាត់ៗ បង្ហាញឱ្យអ្នកផ្សេងទៀតដឹង អំពីអារម្មណ៍ដែលអ្នកមាន ចំពោះនាង។
- ឈ្លីម្រាមដៃឱ្យនាងជាការម៉ាស្សា។
- កាន់ដៃនាងនៅទីសាធារណៈ។
- សម្រាប់ថ្ងៃខួបកំណើតរបស់នាង ឬខួបនៃក្តីស្រលាញ់របស់អ្នកទាំងពីរ ធ្វើអ្វីពិសេសឱ្យនាងជាសាធារណ។
- មានសកម្មភាពរ៉ូមែនទិចជាមួយនាងៈ ផ្តល់ភាពភ្ញាក់ផ្អើលដល់នាង ឬទិញរបស់ជូននាង ទោះមិនមែនក្នុងថ្ងៃពិសេសក៏ដោយ។
- ធ្វើរឿងងាយៗសម្រាប់នាង ដូចជាច្រៀងឱ្យនាងស្តាប់ បើទោះជាអ្នកយល់ថា សំឡេងអ្នកពិបាកស្តាប់ក៏ដោយ។ វានឹងកាន់តែពិសេសបើអ្នកមានបទចម្រៀងដែលជារបស់អ្នក។
- ថតរូបជាមួយនាងឱ្យបានច្រើន។ វាបង្កើតនូវការចងចាំដ៏ល្អរវាងអ្នក ជាមួយនាង។
៤. ស្រលាញ់នាងជាខ្លួននាង និងទទួលយកអ្វីដែលជាជំនឿរបស់នាង
- កុំព្យាយាមផ្លាស់ប្តូរភាពជាខ្លួនរបស់នាង ព្រោះអ្វីដែលនាងកំពុងមាន គឺជាអ្វីដែលនាងពេញចិត្ត។ ឧទាហរណ៍ៈ ម៉ូតស្បែកជើងដែលនាងចូលចិត្តពាក់ ម៉ូតខោអាវ ពណ៌ក្រែម ម៉ូតសក់ ឬសូម្បីតែចំណូលចិត្តមួយចំនួន។
- អធ្យាស្រ័យឱ្យនាង ប្រសិនបើនាងបានបង្កើតនូវកំហុស ព្រោះគ្មានអ្នកណាចង់ធ្វើខុសនោះទេ តែការអត់ឱននាង គឺស្មើនឹងការបង្ហាញឱ្យនាងដឹងថា ប្រសិនបើពេលអ្នកធ្វើខុស អ្នកក៏ចង់ទទួលបាន នូវការអធ្យាស្រ័យពីនាងដូចគ្នា។
- គោរពនាងៈ កុំប្រើពាក្យសម្តី ដែលធ្វើឱ្យនាងបាក់ទឹកចិត្ត។ កុំរារាំងនាង មិនឱ្យធ្វើអ្វីដែលនាងគិតថា ជារឿងត្រឹមត្រូវ។
- ប្រព្រឹត្តចំពោះនាង ឱ្យសមជាសុភាពបុរស។ ទន់ភ្លន់ និងផ្អែមល្ហែមចំពោះនាង។ ចៀសវាងការបញ្ចេញអាកប្បកិរិយាឆេវឆាវ ឬស្តីបន្ទោសនាង។
- គោរពពេលវេលារបស់នាង ការខំប្រឹងប្រែងរបស់នាង នោះអ្នកនឹងទទួលបាន នូវទំនុកចិត្តពីនាងដូចគ្នា។
- មានទំនាក់ទំនងល្អ ជាមួយគ្រួសារនាង ព្រោះគ្រួសារគឺជាមនុស្សសំខាន់បំផុត និងជាចំណែកនៃសុភមង្គលដ៏ធំ ក្នុងជីវិតនាង។
- ចុះសម្រុងជាមួយមិត្តភក្តិរបស់នាង បើសិនជាអ្នកមិនចូលចិត្តពួកគេក៏ដោយ។ មិត្តភក្តិក៏ជាចំណែកសំខាន់មួយ នៃជីវិតរបស់នាងផងដែរ ហើយនាងក៏ចង់ឱ្យពួកគេចុះសម្រុង ជាមួយអ្នកដូចគ្នា។
- ឱ្យតម្លៃលើជំនឿរបស់នាង បើទោះជាពេលខ្លះ អ្នកទាំងពីរអាចមានជំនឿខុសគ្នា តែអ្នកក៏អាចរៀនបើកចិត្ត ទទួលស្វែងយល់ពីគ្នា ទៅវិញទៅមកដោយមិនមានការរើសអើង៕