តើចិនអាចធ្វើដំណើរ ទៅដល់ណា? ៖ ប្រទេសចិនកុំម្មុយនីស្ត ប្រឈមមុខនឹងគូប្រជែង និងគូសត្រូវមួយចំនួន ដើម្បីសម្រេចបាននូវ«មហិច្ឆតាខួប១០០ឆ្នាំ»នៃរបបនេះ នៅឆ្នាំ២០៥០៖
– គូប្រជែងនិងគូសត្រូវលេខ១ របស់ចិនគឺ អាមេរិក សហគមន៍អឺរ៉ុប២៦ប្រទេស ដែលជ្រកក្រោមឆ័ត្របក្សសម្ព័ន្ធយោធាណាតូ (NATO /OTAN) រួមនឹងចក្រភពអង់គ្លេស។ ចិនត្រូវធ្វើយ៉ាងណា«វ៉ាឈ្នះ»អាមេរិក ឲ្យបានគ្រប់វិស័យ ដូចជាវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម យោធា បច្ចេកវិទ្យា និងឥទ្ធិពលនយោបាយ។
– គូប្រជែងនិងគូសត្រូវរបស់ចិន ក្នុងតំបន់គឺ ឥណ្ឌា ដែលកំពុងមានជម្លោះទាស់ទែងរឿងព្រំដែននឹងគ្នា និង ជាប្រជាជាតិដែលមានចំនួន ប្រជាជនប្រហែលចិនដែរ និងកុំប្រជែងយកឥទ្ធិពលគ្រប់វិស័យ។ ក៏ប៉ុន្តែឥណ្ឌា កំពុងឋិតនៅក្រោមចិន លើវិស័យជាច្រើន ដូច្នេះហើយទើបរដ្ឋមួយនេះ ចាប់ផ្តើមដឹងខ្លួនរំកិលខ្លួនបន្តិចម្តងៗ ទៅអែបមហាអំណាចសហរដ្ឋអាមេរិក។
– គូប្រជែងនិងគូសត្រូវក្បែរខាង ប្រទេសជប៉ុន ដែលប្រកាសជាចំហរ គាំទ្រកោះតៃវ៉ាន់ ប្រសិនបើចិនហ៊ានលើកទ័ពឈ្លានពានកោះមួយនេះ។ ជប៉ុន គឺជាសមាជិកមួយ ក្នុងចំណោមសមាជិក៤ប្រទេសនៃសម្ព័ន្ធ អង្គការ«QUAD» ដែលអង្គការនេះ មានគោលដៅធំបំផុត គឺទប់ទល់នឹងឥទ្ធិពលចិន ដោយចំហរតែម្តង។
– កោះតៃវ៉ាន់ ជាអតីតរដ្ឋចិនដែលទទួលស្គាល់ ដោយប្រទេសជាច្រើន និងធ្លាប់មានកៅអី នៅអង្គការសហប្រជាជាតិ។ កោះនេះ សុំតែមួយរស់ដាច់ដោយឡែក ជាឯករាជ្យតាមរបបគ្រប់គ្រង បែបប្រជាធិបតេយ្យរបស់ខ្លួន ហើយក៏តែងតែត្រៀមខ្លួន ប្តូរកណ្តាប់ដៃ នៅពេលដែលចិនចូលឈ្លានពាន។
– ប្រទេសអូស្រ្តាលី (សមាជិកសម្ព័ន្ធមិត្តក្នុងអង្គការ«QUAD») និងប្រទេសកាណាដា ដែលតែងតែមានជម្លោះ ឈ្លោះជាមួយចិនមិនដាច់ ទាំងរឿងពាណិជ្ជកម្ម និងការទូត។ ពួកគេមើលឃើញថា ចិនជារដ្ឋគម្រាមកំហែង ខ្វះខាតអារ្យធម៌ និងច្រលោងខាម ចូលចិត្តគម្រាម និងលួចចម្លង លួចយកការណ៍ និងរកស៊ីមិនស្មោះត្រង់តាមច្បាប់អន្តរជាតិ។
– បណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ។ល។ ដែលកំពុងជាប់ពាក់ព័ន្ធ នឹងជម្លោះដែនកោះតូចៗ មានដូចជាប្រជុំកោះស្ប៉េតលី និងប្រជុំកោះប៉ប្រះទឹកប៉ារ៉ាសែល។ បណ្តាប្រទេសទាំងនេះ តែងរត់ទៅរកសហរដ្ឋអាមេរិក ធ្វើជាខ្នងបង្អែក។
ចិន មានបញ្ហាជាច្រើនទៀត ត្រូវដោះស្រាយជាមួយលោកខាងលិច ដូចជា ការរំលោភសិទ្ធិមនុស្សនៅតបន់ស៊ីនជាង ការរឹតបន្តឹងសិទ្ធិសេរីភាព នៅដែនដីកោះហុងកុង ការរំលោភកម្មសិទ្ធបញ្ញាពានិជ្ជកម្ម ការលូកដៃចូលក្នុងកិច្ចការបោះឆ្នោត នៅសហរដ្ឋអាមេរិក តាមរយៈការវាយប្រហារតាមបណ្ដាញអ៊ិនធើណិត (Hacker) ជាដើម។
ចិនមានរដ្ឋជាមិត្តមួយចំនួន ដែលភាគច្រើនជារដ្ឋផ្តាច់ការ ដូចជារុស្សី គុយបា អ៊ីរ៉ង់ និងរដ្ឋរណបក្រោមឥទ្ធិពលនៅអាស៊ីកណ្តាល អាស៊ីអគ្នេយ៍ និងអាហ្វ្រិក ដែលច្រើនជារដ្ឋក្រីក្រ និងជំពាក់បំណុលចិន។ រដ្ឋទាំងនោះ មានប្រយោជន៍ដល់ចិន នៅពេលមានការបោះឆ្នោតសម្រេចចិត្ត លើបញ្ហានានានៅក្នុងអង្គការសហប្រជាជាតិ ពីព្រោះទីនោះ រដ្ឋជាសមាជិកទាំងអស់ មានសម្លេងឆ្នោត១ស្មើរគ្នា មិនប្រកាន់ថាជារដ្ឋមាន រដ្ឋក្រ រដ្ឋតូច ឬរដ្ឋធំនោះទេ។ ដូច្នេះ តើចិនអាចកៀងគររកគ្នា តទល់ប្រឆាំងនឹងមហាអំណាចចាស់វស្សា តួយ៉ាងដូចពួកភ្នែកខៀវច្រមុះកោងបានដែរ ឬយ៉ាងណា?
——
សុភី, ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១
អត្ថបទស្ដីពី“តើចិនអាចធ្វើដំណើរ ទៅដល់ណា?”ខាងលើ ត្រូវបានផ្ញើរមកទស្សនាវដ្ដី និងត្រូវបានចុះផ្សាយ ក្នុងក្របខណ្ឌសេរីភាព នៃការបញ្ចេញមតិ។ ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើមរបស់អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។
ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជាអត្ថបទស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើដល់ប្រយោជន៍សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរអត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ «Microsoft Word file» ហើយផ្ញើរមកទស្សនាវដ្ដីតាមរយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]៕