ខួបមួយឆ្នាំ នៃការបាញ់សម្លាប់លោក កែម ឡី នឹងមកដល់ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។ ក្នុងឱកាសនេះ លោក ហួត វុទ្ធី ដាក់ហស្សនាមហៅ ជុន ច័ន្ទបុត្រ នាយករងនិងជាអ្នកសារព័ត៌មាន នៃវិទ្យុអាស៊ីសេរី បានសរសេរលិខិត«ចំហ»មួយទៀត ឧទ្ទិសជូនទៅអ្នកស្រាវជ្រាវ ផ្នែកសង្គមរូបនេះ ដែលមានអត្ថន័យទាំងស្រុង ដូចខាងក្រោម។
ក្នុងឱកាសបុណ្យខួបមួយឆ្នាំ នៃមរណភាពរបស់លោកបណ្ឌិត កែម ឡី ខ្ញុំសរសេរលិខិត«ចំហ»មួយ ឧទ្ទិសជូនលោកបណ្ឌិត កែម ឡី ដែលរៀបរាប់ពីជ្រុងមួយ នៃការវិវត្តន៍ស្ថានការណ៍នយោបាយនៅកម្ពុជា និងអំពីស្ថានភាពគ្រួសាររបស់លោក៖
លោកបណ្ឌិតជាទីគោរព! ធ្មេចបើកៗ មួយឆ្នាំបានកន្លងផុតទៅហើយ ដែលលោកបានចែកឋានទៅ។ ជម្រាបលោកតាមត្រង់ទៅចុះ… តាមពិតខ្ញុំគួរនិយាយថា ខ្ញុំនិយាយប្រាប់ខ្លួនឯងតាមត្រង់ អំពីលោកទៅចុះ ដ្បិតប្រហែលជាលោកស្ដាប់មិនឮ នូវអ្វីដែលខ្ញុំជម្រាបលោក នៅពេលនេះទេ… ពេលដែលនឹកដល់លោក មនុស្សភាគច្រើន រួមទាំងខ្ញុំផង នៅតែអួលដើមកនៅឡើយ។
គេច្រើននិយាយលួងចិត្តថា ពេលវេលាអាចជួយធ្វើអោយរសាយចិត្តបានខ្លះ។ ប៉ុន្តែចំពោះលោក ភក្ដីភាព និងការនឹកស្ដាយស្រណោះលោកពីសំណាក់ពលរដ្ឋខ្មែរភាគច្រើននៅគ្រប់ទិសទី ហាក់មិនទាន់រសាយបន្តិចណាសោះក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។
ថ្វីដ្បិតតែមានការស្ដាយស្រណោះលោកយ៉ាងណា ក៏គ្មានវិធីដ៏អស្ចារ្យណាមួយដែលអាចនឹងធ្វើអោយលោកបានរស់ជីវិតឡើងវិញបានទេ។ អ្វីដែលអ្នកស្រឡាញ់គាំទ្រលោកអាចធ្វើបាន គឺការខិតខំរក្សាគុណតម្លៃ ទស្សនវិស័យ និងវីរភាពរបស់លោកអោយនៅរស់ និងគង់វង្សយូរអង្វែងតទៅមុខទៀតតែប៉ុណ្ណោះ។
មួយឆ្នាំកន្លងទៅនេះ មានការវិវត្តន៍ច្រើនណាស់នៅកម្ពុជា។ លោកជឿ ឬមិនជឿ មន្ត្រីសង្គមស៊ីវិល៤រូប មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី ព្រមទាំងលោក នី ចរិយា ដែលជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលត្រូវអាជ្ញាធរចាប់ខ្លួនកាលពីចុងខែមេសា ឆ្នាំ២០១៦ គឺតាំងពីពេលដែលលោកនៅមានជីវិត មកដល់ចុងខែមិថុនា ពេលដែលខ្ញុំចាប់ផ្ដើមសរសេរលិខិតរៀបរាប់ជូនលោកនេះ ពួកគាត់នៅកំពុងជាប់ពន្ធនាគារនៅឡើយទេ។
លោកប្រហែលជាជ្រាបហើយថា ពួកគាត់ជាប់ចោទពីបទសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងស្ត្រីវ័យក្មេងជាជាងកាត់សក់ម្នាក់ដែលត្រូវគេទម្លាយរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង ថាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក កឹម សុខា។
តុលាការត្រូវពន្យារពេលនៃការឃុំខ្លួនពីរដងហើយ នៅតែមិនទាន់អាចបញ្ចប់ការស៊ើបអង្កេត ដើម្បីកាត់ក្ដីនៅឡើយ។ សូម្បីតែសុំអោយនៅក្រៅឃុំសិន ក្នុងរយៈពេលស៊ើបអង្កេតក៏តុលាការមិនព្រមដែរ។ ហេតុផលចម្បង គឺពួកគាត់អាចចេញទៅបង្កអសន្តិសុខដល់សង្គមខាងក្រៅ។ នេះបើតាមការសម្រេចរបស់តុលាការគ្រប់ជាន់ថ្នាក់។
ខ្ញុំមិនប្រាកដថា តើលោកនៅទាន់ការប្រសិទ្ធិនាមដល់តុលាការនេះពីសំណាក់ពលរដ្ឋខ្មែរ ឬក៏យ៉ាងណានោះទេ។ ពលរដ្ឋខ្មែរឥឡូវនាំគ្នាហៅតុលាការបច្ចុប្បន្នថាជា “តុលាការតេឡេ”។ ការដែលពួកគាត់ចាត់ទុកថា ជាតុលាការតេឡេដូច្នេះ មកពីពួកគាត់មើលឃើញថា តុលាការនេះ ធ្វើការតាមតែការចុចបញ្ជា មកពីចម្ងាយ… ភាគច្រើនមកពីស្ថានទេវតា។
បាទ! និយាយដល់រឿងស្ថានទេវតា ស្ថានព្រះអាទិត្យនេះ លោកក៏ប្រហែលជាភ្ញាក់ផ្អើលដែរ បើលោកជ្រាបថា លោក សម រង្ស៊ី មិនមែនជាប្រធានគណបក្សរូបព្រះអាទិត្យទៀតទេ។ គណបក្សសង្គ្រោះជាតិ ឥឡូវដឹកនាំដោយលោក កឹម សុខា។ ប្រាកដណាស់ គឺលោក កឹម សុខា ដែលលោកបានទៅជួបសួរសុខទុក្ខ ប៉ុន្មានថ្ងៃមុនពេលគេបាញ់សម្លាប់រូបលោកនោះឯង។
លោកប្រហែលមិនភ្លេចទេ ពេលនោះលោក កឹម សុខា កំពុងឃុំខ្លួនឯងនៅក្នុងទីស្នាក់ការចាក់អង្រែលើ។ គាត់សម្ងំនៅទីស្នាក់ការនោះ អស់ប្រមាណកន្លះឆ្នាំ ក៏ស្រាប់តែព្រះមហាក្សត្រ សព្វព្រះទ័យលើកលែងទោសតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចលោក កឹម សុខា ក៏មានសេរីភាពហ៊ានចេញទៅចុះឈ្មោះបោះឆ្នោត និងទៅប្រជុំនៅសភា ក្នុងនាមជាប្រធានក្រុមភាគតិច មានឋានៈ ប្រហាក់ប្រហែលនាយករដ្ឋមន្ត្រី យ៉ាងគ្រហើៗរបស់លោកទៅ។
ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង មិនដឹងជាលោក កឹម សុខា ទៅធ្វើអីលោក ហ៊ុន សែន ទេ ស្រាប់តែលោក ហ៊ុន សែន ដូរច្បាប់ លែងអោយមានតំណែង ប្រធានក្រុមភាគតិចនៅក្នុងសភា។ ទាល់តែក្រោយមក ទើបមានដំណឹងបែកធ្លាយថា ការដែលលោក កឹម សុខា ទទួលបានការលើកលែងទោសនេះ ក៏ព្រោះតែមានការជ្រោមជ្រែងពីលោក ហ៊ុន សែន ដែលចង់ប្រើដៃលោក កឹម សុខា អោយកម្ចាត់លោក សម រង្ស៊ី ចេញពីតំណែងប្រធានបក្ស។
ស្ដាប់តាមសារបែកធ្លាយនោះទៅ ហាក់ដូចជាឮលោក កឹម សុខា ត្រូវដងត្រូវផ្លែគ្នាណាស់ជាមួយលោក ហ៊ុន សែន ដែរ។ តែដល់មែនទែន លោក កឹម សុខា មិនព្រមធ្វើតាមសន្យា លោក ហ៊ុន សែន ក៏ខឹងទីណាត់ទីណែង ហើយលោកក៏ដាក់ផែនការ ចាត់ចែងរឿងនេះដោយផ្ទាល់ដៃវិញតែម្ដង។
បាទ! ដំបូងលោក ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី បន្ថែមហើយថា បើលោក សម រង្ស៊ី ចាញ់ក្ដីនៅតុលាការតេឡេ លោកទារប្រាក់សំណង ក្នុងចំនួនមួយយ៉ាងខ្ពស់។ លោកថែមទាំងគំរាមថា បើមិនមានប្រាក់សងលោកទេ លោកនឹងរឹបអូស យកទីស្នាក់ការបក្សសង្គ្រោះជាតិ លក់ទូទាត់យកប្រាក់ សងជំងឺចិត្តលោកផង។ បាទ! ត្រូវហើយលោក! មិនតែអ្នកតូចតាច អត់អំណាច អត់ទ្រព្យ ចេះឈឺចិត្តទេ លោកនាយករដ្ឋមន្ត្រី ក៏ចេះឈឺចិត្តដែរ។
ក្រៅតែពីចងអាឃាត ជាមួយមេបក្សប្រឆាំង លោក សម រង្ស៊ី លោក ហ៊ុន សែន ក៏នៅមានផែនការធំមួយទៀត នោះគឺផែនការរំលាយគណបក្សសង្គ្រោះជាតិ ចោលតែម្ដង។
លោក ហ៊ុន សែន បានបញ្ជាឲ្យធ្វើវិសោធនកម្មច្បាប់ ស្ដីពីបក្សនយោបាយ ដោយកំណត់ថា ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ត្រូវតែជាជនគ្មានទោសពៃរ៍ ហើយបើបក្សណាដឹកនាំ ដោយមេបក្សដែលមានទោសកម្រិតធ្ងន់ គេអាចរំលាយគណបក្សនោះចោលបាន។ ប្រហែលជាវប្បធម៌ក្រាញអំណាច ចូលវាយលុកពេញនគរកាយ របស់លោក ហ៊ុន សែន ហើយ បានជាធ្វើឲ្យលោកគិតថា ផែនការថ្មីនេះ អាចជួយឲ្យសម្រេចបំណងលោកបាន។
តែខុសពីអ្វីដែលលោក ហ៊ុន សែន ប៉ង គ្រាន់តែដឹងពីល្បិចនេះភ្លាម លោក សម រង្ស៊ី បានប្រកាសលាលែងចេញពីតំណែងមេគណបក្សសង្គ្រោះជាតិភ្លែត។ នៅថ្ងៃលាលែងនោះ លោក សម រង្ស៊ី ប្រកាសយ៉ាងច្បាស់ ជាសាធារណៈថា លោកធ្វើនេះ គឺដើម្បីសង្គ្រោះគណបក្ស កុំអោយគេរំលាយចោលបាន។
អ្វីដែលលោកបណ្ឌិតមិនធ្លាប់បានឮ នៅក្នុងដំណាក់កាលជិតបោះឆ្នោតអាណត្តិនេះដែរនោះ ពលរដ្ឋនាំគ្នាហៅថាអាណត្តិនេះ ជាអាណត្តិបែកធ្លាយ។ ប្រហែលជាលោកបណ្ឌិត នៅទាន់ពេលដែលទំព័រហ្វេសប៊ុក (Facebook) មួយឈ្មោះ«រឿងពិត CNRP» ដែលបែកធ្លាយសំឡេង សារសងស្នេហាដំបូងឡើយ ត្រូវបានដែលគេអះអាងថា ជាសំឡេងរវាងលោក កឹម សុខា ជាមួយនឹងស្រីៗមួយចំនួន។ បន្ទាប់មកសំឡេងផ្ដោះផ្ដងឡែបខាយស្នេហា ក្រៅអាពាហ៍ពិពាហ៍នេះ ក៏បែកធ្លាយរាលដាល ដល់មន្ត្រីគណបក្សសង្គ្រោះជាតិដទៃទៀត រួមទាំងលោក សម រង្ស៊ី ផង។
ក្រោយមក ក៏ស្រាប់តែមានលេចមុខ អ្នកបញ្ចេញសារបែកធ្លាយម្នាក់ទៀត ឈ្មោះ «សីហា»។ សីហា ហាក់មានជំនាញខ្លាំងជាងម្ចាស់ទំព័រ«រឿងពិត CNRP»។
សមត្ថភាពពិសេសមួយរបស់«សីហា» ដែលធ្វើអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទ្រាំមិនសរសើរមិនបាននោះ គឺការដែល«សីហា»អាចលួចថតបានកិច្ចសន្ទនានយោបាយជាសម្ងាត់របស់លោក ដែលជាមេដឹកនាំខ្ពស់ ផុតរកលេខដាក់គ្មាន និយាយឆ្លើយឆ្លងជាមួយលោក កឹម សុខា អំពីផែនការកម្ចាត់លោក សម រង្ស៊ី ពីតំណែងមេបក្សប្រឆាំងផង។ ទោះជាហ៊ានលួចថតសំឡេងមេដឹកនាំកំពូល របស់រដ្ឋាភិបាលយ៉ាងណាក៏ដោយចុះ «សីហា»ប្រហែលជាគ្មានអ្នកណាហ៊ានធ្វើទុក្ខទោសដូចជាគេបានធ្វើ ទៅលើលោកបណ្ឌិតឡើយ។
អាចថា មកពីអាជ្ញាធរមិនមានវិធានការ លើអ្នកលួចថតបែកធ្លាយរឿងរ៉ាវ របស់បុគ្គលនេះហើយ បានជាការបែកធ្លាយនៅតែបន្ត ហើយចាប់ផ្ដើមរាលដាល ដល់មន្ត្រីមួយចំនួន របស់គណបក្សប្រជាជនកម្ពុជាវិញម្ដង។
នៅមុនពេលបោះឆ្នោត និងក្រោយបោះឆ្នោត មានការបែកធ្លាយនូវសារតាមទូរស័ព្ទរបស់កូនៗលោកនាយករដ្ឋមន្ត្រីជាមួយនឹងឈ្មួញធំៗ មានមេបនល្បែងស៊ីសងកាស៊ីណូណាហ្គា (Naga) ការបែកធ្លាយ អំពីការសុំអន្តរាគមន៍ពីជនបរទេស អោយបានចូលសញ្ជាតិខ្មែរ ជាថ្នូរនឹងការសន្យាជួយលោក ហ៊ុន សែន អោយឈ្នះឆ្នោត តាមរយៈយុទ្ធសាស្ត្រ គំរាមបំបាក់ស្បាតពលរដ្ឋខ្មែរជាដើម។
ក្រៅពីនេះ ក៏មានការបែកធ្លាយសារអេឡិចត្រូនិក ឬ Email របស់មន្ត្រីគណបក្សប្រជាជនកម្ពុជា មួយចំនួនទៀត ដូចជាលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ លោក គឹម សន្តិភាព កូនប្រសាលោក ជាម យៀប និងលោក អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជាដើម។ សារបែកធ្លាយទាំងនេះ មានតាំងពីរឿងរ៉ាវរបស់មន្ត្រីធំៗខ្លះ របស់គណបក្សប្រជាជនកម្ពុជា មានលិខិតប្រកាសទ្រព្យសម្បត្តិ មានការចាត់តាំង អោយមានក្រុមអុកឡុក តាមបណ្ដាញសង្គមជាដើម។
លោកដឹងទេ? គ្រាន់តែបានធ្វើ ជាកូនប្រសាលោក ជាម យៀប ភ្លាម យីអ៊ុនរបស់មន្ត្រីវ័យក្មេងម្នាក់ ដែលហាក់ដូចជាកើតជំងឺរៀបឫកមិនទាន់ផងនោះ ហាក់ឡើងស្រឺតៗតែម្ដង។ ក្រៅតែពីឡើងតំណែងឯកឧត្ដម ក៏មានប្រាក់វាល់លានដុល្លារ ទាំងលុយរៀល ទាំងលុយដុល្លារ មានដីនិងផ្ទះ នៅតាមខេត្តក្រុងនានារាប់ស្ទើរភ្លេច។ គ្រាន់តែក្បាលខ្សែក្រវាត់របស់ឯកឧត្ដម ក៏ធ្វើពីមាសសុទ្ធ និងដាំពេជ្រ មានតម្លៃរាប់ម៉ឺនដុល្លារដែរ។ នេះប្រសិនបើការប្រកាសទ្រព្យសម្បត្តិ របស់លោក ទៅដាក់ជូនអង្គភាពប្រឆាំង អំពើពុករលួយដែលបែកធ្លាយនោះ ជាឯកសារពិត។
បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ហើយ មិនបានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែមានបែកធ្លាយសារមួយទៀតដែលបង្ហាញពីការស្រាវជ្រាវជាសម្ងាត់មួយ របស់គណបក្សប្រជាជនកម្ពុជា ដែលគេធ្វើនៅខែឧសភា និងខែកញ្ញា ឆ្នាំ២០១៦។
សំណួរទាំងឡាយ ដែលគេបានសួរមនុស្សជាង ៥ពាន់នាក់ក្នុងការស្រាវជ្រាវនេះ បង្ហាញពីកង្វល់របស់គណបក្សប្រជាជនកម្ពុជា ទៅលើប្រជាប្រិយភាព របស់លោក សម រង្ស៊ី លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ ដូចជាគេសួរថា ប្រសិនបើគេរារាំង មិនអោយលោក សម រង្ស៊ី ចូលស្រុកវិញ និងសំណួរថា ប្រសិនបើគេមិនបើកទូលាយ អោយគណបក្សសង្គ្រោះជាតិ ឃោសនាបោះឆ្នោតជាដើម តើលោកអ្នកនឹងមានទំនោរតិច ឬច្រើន ក្នុងការបោះឆ្នោត អោយគណបក្សនេះ?
តាមពិត លោកក៏ធ្លាប់មានប្រសាសន៍ដែរថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា នៅតែបន្តរឹតត្បិតសិទ្ធិសេរីភាព អ្នកនយោបាយ និងពលរដ្ឋដូចសព្វថ្ងៃនោះ គណបក្សនេះ នឹងបាត់បង់ការគាំទ្រពីពលរដ្ឋ។ អ្នកដែលឆ្លើយ ក្នុងការស្រាវជ្រាវនោះ ក៏ផ្ដល់ចម្លើយ ដូចអ្វីដែលលោកបណ្ឌិត ធ្លាប់មានប្រសាសន៍នោះមែន គឺពួកគាត់នឹងមានទំនោរបោះឆ្នោត អោយគណបក្សសង្គ្រោះជាតិ ប្រសិនបើគេមិនអោយលោក សម រង្ស៊ី វិលចូលស្រុកវិញ និងប្រសិនបើគេរឹតត្បិតការឃោសនាបោះឆ្នោត របស់គណបក្សប្រឆាំង។
គណបក្សកាន់អំណាច ហាក់មិនយកការរកឃើញ នៃការស្រាវជ្រាវនេះទៅអនុវត្តទេ ហើយជាលទ្ធផលគណបក្សប្រជាជនកម្ពុជា បាត់បង់តំណែងមេឃុំ-ចៅសង្កាត់ជិត ៥០០តំណែង ទៅលើគណបក្សសង្គ្រោះជាតិ។
លិខិត«ចំហ»ជូនបណ្ឌិត កែម ឡី …
លោកបណ្ឌិត ជាទីគោរព! មានការផ្លាស់ប្ដូរមួយទៀត ក្នុងពេលថ្មីៗនេះ ដែលលោកបណ្ឌិតអាចនឹងភ្ញាក់ផ្អើលខ្លាំងណាស់ដែរ។ លោកបណ្ឌិតជឿ ឬមិនជឿ ពាក្យថា “សន្តិភាព” លែងមានន័យថា ដំណើរស្ងប់ សាន្តត្រាណ ឬដំណើរសះជានឹងគ្នា ដូចមានចែងក្នុងវចនានុក្រមសម្ដេច ជួន ណាត ទៀតហើយ។ យ៉ាងហោចណាស់ក៏ពាក្យនេះ ប្ដូរអត្ថន័យ ចំពោះការប្រើប្រាស់ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចំពោះលោក ហ៊ុន សែន ពាក្យសន្តិភាព មានន័យស្មើនឹងពាក្យ សង្គ្រាម ឬអំណាចទៅវិញ។ជារឿយៗ នៅពេល ដែលលោកមានប្រសាសន៍ ដល់ការរក្សាអំណាចរបស់លោក លោកតែងលើកយកពាក្យ “សន្តិភាព” នេះមកប្រើវិញ។ ឧទាហរណ៍ជំនួសពាក្យថា ដើម្បីរក្សា “អំណាច” លោកមានប្រសាសន៍ថា ដើម្បីរក្សា “សន្តិភាព” ទោះជាត្រូវកម្ទេចចោល មនុស្ស ១០០ ទៅ ២០០នាក់ រួមទាំងមេបក្សប្រឆាំងផង ក៏លោកមិនរួញរាជាដើម។
ក្នុងខណៈ ដែលលោកបញ្ជាទៅមន្ត្រីរបស់លោក អោយវាយកម្ទេចជនណាក៏ដោយ ក្នុងតម្លៃណាក៏ដោយ ដើម្បីបង្ក្រាបអ្នកប្រឆាំងនឹងលោក ហើយដែលអំពើនេះ អាចនឹងធ្វើអោយមាន “សង្គ្រាម” បង្ហូរឈាមនៅក្នុងប្រទេស លោកបែរជាមានប្រសាសន៍ថា លោកកំពុងតែបញ្ជា អោយការពារ “សន្តិភាព” ទៅវិញ។
ទោះជាយ៉ាងណាក៏ដោយចុះ ចំពោះប្រជាពលរដ្ឋទូទៅ ពាក្យសន្តិភាព នៅតែមានន័យដូចសម្ដេច ជួន ណាត បានចងក្រងទុកមក ហើយពួកគាត់នៅតែមានឆន្ទៈ ចង់មានការផ្លាស់ប្ដូរ តាមរយៈការបោះឆ្នោតដោយសន្តិវិធីដដែល។
ដំណឹងល្អមួយ…
ណ្ហើយ! ខ្ញុំរៀបរាប់រឿងនយោបាយ ជម្រាបលោកបណ្ឌិតបែបរាងវែងឆ្ងាយ បែកសាយាមោ បន្តិចហើយ។ បើលោកបណ្ឌិតស្ដាប់ឮ ក៏ប្រហែលជាធុញណាស់ដែរ។ លោកបណ្ឌិតប្រហែលជាចង់ដឹង អំពីស្ថានភាពគ្រួសារលោកបណ្ឌិតណាស់ ថាតើអត់ពីលោកទៅ ពួកគាត់ប្រឈមមុខ ទៅនឹងជីវិតតែលតោល គ្មានបង្គោលបែបណា?
ខ្ញុំសូមចាប់ផ្ដើម ពីម្ដាយរបស់លោក។ មិនខុសពីអ្នកម្ដាយដទៃទៀតទេ ម្ដាយរបស់លោក សោកសង្រេងខ្លាំងណាស់ ចំពោះការបាត់បង់រូបលោក។ អ្នកម្ដាយរបស់លោក ប្រាកដជានៅនឹកលោកខ្លាំងណាស់ ព្រោះគេតែងឃើញលោកយាយ នៅតត្រុកក្បែរផ្នូររបស់លោក បោសជូតៗ មិនចេះចប់ មិនចេះហើយសោះ។ អ្នកម្ដាយថែមទាំងទៅសម្រាន្ត នៅជាប់នឹងផ្នូររបស់លោក ជាប្រចាំទៀតផង។
មើលទៅអ្នកម្ដាយ ហាក់ដូចនៅរង់ចាំក្រែងលោកបានភ្ញាក់មកវិញ ឬមួយក៏គាត់ នៅចាំយាមការពារសពលោក កុំមានជនឃោរឃៅណា មកតាមយាយីកូនប្រុសអ្នកម្ដាយទៀត។ គ្មាននរណា អាចយល់ពីជម្រៅចិត្ត របស់អ្នកម្ដាយបានឡើយ…
វាពិតជាអយុត្តិធម៌បន្តិច ចំពោះអ្នកម្ដាយរបស់លោក។ តាមពិត គឺលោកទៅវិញទេ ដែលជាអ្នកគួរបាននៅរស់ថែរក្សាគាត់ ពេលដែលគាត់ មានវ័យជរាបែបនេះ។ មិនគួរណាគាត់ ជាអ្នកថែលោកវិញសោះ ជាពិសេសនៅសោកសង្រេងថែផ្នូរកូន ដែលត្រូវគេឆក់យកជីវិតទៅ ទាំងស្រស់ៗបែបនេះ។ សូមទោសទៅចុះ និយាយនេះ មិនមែនមានន័យថា ខ្ញុំបន្ទោសលោកទេ។ អ្នកណាក៏ដឹងច្បាស់ណាស់ដែរថា តាមពិតលោកមិនមែនជាអ្នកសម្រេចចិត្តចាកចោលគាត់ឯណា។
យ៉ាងណាក៏ដោយ ក៏ខ្ញុំមានដំណឹងល្អមួយ ជម្រាបជូនលោកដែរ។ កូនប្រុសពៅរបស់លោកប្រសូតហើយ។ ភរិយារបស់លោក បានដាក់ឈ្មោះកូនពៅរបស់លោកថា កែមឡី វីរបុត្រ។ មិនដឹងថាលោកជាអ្នកជួយរកឈ្មោះនេះដាក់អោយ ឬក៏យ៉ាងណាទេ ខ្ញុំភ្លេចសួរភរិយាលោកអោយឈឹងពេ លដែលខ្ញុំ បានទៅជួបសួរសុខទុក្ខគាត់ និងកូនៗរបស់លោក ប្រមាណជាជាងពីរខែមុននេះ។ តែឈ្មោះ កែម ឡី វីរបុត្រ ដែលមានន័យថា កូនដ៏អង់អាចក្លាហាន របស់ កែម ឡី នេះ ស័ក្ដិសមនឹងកូនពៅរបស់លោកណាស់។
វីរបុត្រ មានសុខភាពល្អទេ ពេលដែលខ្ញុំទៅជួប។ មកដល់ពេលនេះ វីរបុត្រ មានអាយុប្រមាណ ៩ខែហើយ។ បងៗគេ ព្រួតគ្នាស្រឡាញ់ និងថ្នាក់ថ្នមប្អូនប្រុសពៅ សម្បើមណាស់។ ថ្វីដ្បិត តែមិនបានទទួលការថ្នាក់ថ្នមផ្ទាល់ពីលោក ដែលជាឪពុកបង្កើត វីរបុត្រ ទទួលបាននូវការស្រលាញ់ និងយកចិត្តទុកដាក់ ពីមនុស្សជាច្រើន។
ចំណែកភរិយារបស់លោកវិញ គាត់នៅតែបង្ហូរទឹកភ្នែក នឹកស្រណោះ ដល់លោកគ្រប់ដង្ហើមចេញចូលនៅឡើយ។ យ៉ាងណាក៏ដោយ សូមលោកមេត្តាកុំបារម្ភពេកអី ពេលនេះគាត់ហាក់ដូចជារឹងមាំ ជាងកាលដែលលោកនៅរួមរស់ ជាមួយគាត់ច្រើនណាស់។ ធម្មតាទេ ពេលដែលបាត់បង្អែកហើយ គាត់បានខំប្រឹងពង្រឹងខ្លួនដើម្បីធ្វើជាទីលំនឹង សម្រាប់កូនៗវិញម្ដង។
ភរិយានិងកូនៗរបស់លោក មិននៅក្នុងប្រទេសដែលលោកបានហៅថា សំបូរទៅដោយសត្វតិរច្ឆាននោះទៀតទេ។ ដើម្បីរំដោះខ្លួន ពីការប៉ុនប៉ងយាយី ពីសំណាក់សត្វសាហាវទាំងនោះ ពួកគាត់បានភៀសខ្លួន ទៅបរទេស ហើយពេលនេះ កំពុងរង់ចាំទៅតាំងលំនៅ នៅប្រទេសទីបី។
ក្នុងរយៈពេលរង់ចាំនេះ ពួកគាត់ជួបប្រទះ នឹងបញ្ហាជីវភាពខ្លះៗ តែសង្ឃឹមថា ពួកគាត់នឹងទទួលបានសិទ្ធិទៅតាំងលំនៅ នៅប្រទេសទីបីពេលឆាប់ៗនេះ ហើយជីវភាពពួកគាត់ អាចនឹងប្រសើរឡើង។
អំពើល្អ និងគុណតម្លៃរបស់លោកបណ្ឌិត មិនសាបសូន្យឡើយ។ អ្នកទាំងឡាយ ដែលធ្លាប់គោរពស្រលាញ់លោក សុទ្ធតែមានសន្តានចិត្ត ចង់ជួយយឹតយោងភរិយា និងកូនទាំងប្រាំរបស់លោក ព្រមទាំងមានផែនការជួយផ្គត់ផ្គង់ ដល់កូនៗរបស់លោក អោយបានរៀនសូត្រខ្ពង់ខ្ពស់ និងធំធាត់ចំរើនវ័យ ក្នុងពិភពមួយដែលគាប់ប្រសើរជាង មានយុត្តិធម៌ជាងពិភព ដែលលោកធ្លាប់រស់នៅ។
សូមលោកមានសេចក្ដីសុខក្នុងចិត្តចុះ ពលរដ្ឋខ្មែរនៅទូទាំងពិភពលោក នឹងមិនមើលភរិយា និងកូនៗរបស់លោក នឹងភ្នែកឡើយ។
ខ្ញុំសូមគោរពលាលោក តែប៉ុណ្ណេះសិនចុះ! ខ្ញុំបាទសូមឧទ្ទិសបុណ្យកុសលទាំងឡាយ ដែលខ្ញុំបានសាងជូនទៅដល់លោកបណ្ឌិត និងសូមអោយលោកបណ្ឌិត បានដល់ឋានសុគតិភព៕
ពីខ្ញុំ ជុន ច័ន្ទបុត្រ អ្នកនៅតែមានភក្ដីភាព ចំពោះលោក!