តើហេតុការណ៍អ្វីខ្លះ បានកើតឡើង ជុំវិញរដ្ឋប្រហារយោធា ដែលកើតមាននៅភូមា?
ចាប់ពីព្រឹកព្រហាម ថ្ងៃចន្ទទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះមក យោធាភូមាបានចាប់ឃុំអ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ប្រធានក្រុមប្រឹក្សារដ្ឋ និងលោក វីន មីអ៊ីន (Win Myint) ប្រធានាធិបតី បន្ទាប់ពីគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (LND) របស់អ្នកទាំងពីរ បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ប្រមាណជា៨៣% ពីក្នុងចំណោម៤៧៦អសនៈនៃរដ្ឋសភា។
ប៉ុន្តែភាពតានតឹងបានកើតឡើង នៅក្រោយការបោះឆ្នោត ដោយសារតែគណបក្ស ដែលស្និតនឹងក្រុមយោធា ប្រកាសមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត ដោយចោទថា ការបោះឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០២០ មានពោរពេញដោយភាពមិនប្រក្រតី។ ក្រុមយោធា បានអះអាងថា ពួកខ្លួនបានរកឃើញការលួចបន្លំ មានប្រមាណជា១០លានករណី និងទាមទារទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត ឲ្យផ្សព្វផ្សាយបញ្ជីសន្លឹកឆ្នោត ដើម្បីធ្វើការត្រួតពិនិត្យ។
កាលពីថ្ងៃអង្គារសប្ដាហ៍មុន នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យកងទ័ព មិនបានបដិសេធការដណ្តើមអំណាច ក្នុងការកាន់កាប់ប្រទេសដោយយោធា ដើម្បីដោះស្រាយនូវអ្វីមួយ ដែលអ្នកនាំពាក្យរូបនេះ ហៅថាជាវិបត្តិនយោបាយនោះឡើយ។
ក្ដីបារម្ភកើតមានកាន់តែខ្លាំង បន្ទាប់ពីអគ្គមេបញ្ជាការកងទ័ព លោកឧត្ដមសេនីយ៍ មីន អ៊ុង ហ្លាំង (Min Aung Hlaing) បានប្រកាសនៅថ្ងៃពុធ (ស្អែកឡើង) ថា រដ្ឋធម្មនុញ្ញរបស់ប្រទេស អាចនឹងត្រូវ«ព្យួរទុក» នៅក្នុងកាលៈទេសៈមួយចំនួន។ ការថ្លែងរបស់មេទ័ពរូបនេះ បានបង្កការភ្ញាក់ផ្អើល ដល់មនុស្សគ្រប់គ្នា រាប់ទាំងអ្នកការទូតផង។
ក្នុងសប្ដាហ៍កន្លងមកដដែល ការចល័តរថពាសដែក បានកើតមានឡើង នៅតាមក្រុងធំៗជាច្រើន ខណៈបាតុកម្ម របស់ក្រុមអ្នកនិយមយោធា ក៏ផ្ទុះឡើងជាបន្តបន្ទាប់ដែរ។
រដ្ឋធម្មនុញ្ញភូមា ត្រូវបាន«ព្យួរចោល»ពីរដងហើយ តាមរយៈរដ្ឋប្រហារ ឆ្នាំ១៩៦២ និងឆ្នាំ១៩៨៨។ រដ្ឋធម្មនុញ្ញរបស់ប្រទេសភូមាសព្វថ្ងៃ ត្រូវបានសរសេរជាថ្មី ដោយក្រុមមេដឹកនាំយោធា នៅឆ្នាំ២០០៨។
បីឆ្នាំក្រោយមក ប្រទេសភូមាបានផ្លាស់ប្ដូរ មករកការដឹកនាំ ដោយរដ្ឋាភិបាល«ពាក់ផ្លាក»ស៊ីវិលថ្មីមួយ។ រដ្ឋាភិបាលនោះ បានកើតចេញពី រដ្ឋធម្ននុញ្ញឆ្នាំ២០០៨ ដែលពោរពេញដោយភាពចម្រូងចម្រាស និងមិនបានធ្វើឲ្យពលរដ្ឋភូមាភាគច្រើន សប្បាយចិត្តជាមួយទេ។ នេះ បើតាមអ្នកវិភាគនយោបាយក្នុងស្រុក លោក «Khin Zaw Win» ដែលត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP»។
លោក «Khin Zaw Win» បន្តថា នៅក្នុងរយៈពេលកាន់អំណាច ចាប់ពីឆ្នាំ២០១៥មក រដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី បានប៉ុនប៉ងធ្វើវិសោធនកម្ម ទៅលើរដ្ឋធម្មនុញ្ញខាងលើ ម្ដងជាពីរដង តែមិនទទួលបានជោគជ័យ។ ដូច្នេះហើយ លោកឧត្ដមសេនីយ៍ មីន អ៊ុង ហ្លាំង សង្ឃឹមថា ការ«ព្យួរចោល»រដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ក្នុងគ្រានេះ ទំនងជាអនុញ្ញាតឲ្យលោក ទទួលបានការគាំទ្រខ្លះ ពីសាធារណជន។
រដ្ឋធម្មនុញ្ញឆ្នាំ២០០៨ បានចែងអនុញ្ញាតឱ្យយោធាត្រួតត្រាលើក្រសួងធំៗ ចំនួន៣ – ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងកិច្ចការព្រំដែន – ដើម្បីធានាថា យោធានៅតែមានអំណាច នៅក្នុងយោបាយភូមា។ រដ្ឋធម្មនុញ្ញដដែល បានចែងរារាំងពលរដ្ឋណា ដែលរៀបការជាមួយជនបរទេស មិនឱ្យក្លាយជាប្រធានាធិបតីរបស់ប្រទេស ដែលក្រុមអ្នកវិភាគគិតថា គឺដើម្បីរារាំងអ្នកស្រី អ៊ុងសាន ស៊ូជី ដែលមានស្វាមីជាជនជាតិអង់គ្លេស មិនឲ្យចូលកាន់តំណែងនេះបាន។
អ្នកវិភាគនយោបាយ បានរៀបរាប់បន្តថា ផ្ទុយទៅវិញ នៅមានតំណែងមួយទៀត ដែលក្រុមមេដឹកនាំយោធាគិតមិនដល់ ហើយដែលអ្នកស្រី អ៊ុងសាន ស៊ូជី បានប្រើប្រាស់ បន្ទាប់ពីបានឈ្នះឆ្នោត ក្នុងឆ្នាំ២០១៥។ នោះគឺតំណែងជា«ទីប្រឹក្សារដ្ឋ» ដែលមានអំណាច ជាមេដឹកនាំជាក់ស្តែងរបស់ប្រទេស និងស្ថិតនៅខ្ពស់ជាងប្រធានាធិបតី។
លោក «Khin Zaw Win» ពន្យល់បន្តថា ទោះក្រុមមេដឹកនាំយោធាមានរដ្ឋធម្មនុញ្ញ ដែលសរសេរចេញពីដៃពួកគេក្ដី ក៏នៅតែមានចំណុចភ្លាត់របូត។ ចុះបើពេលនេះ អ្នកស្រី អ៊ុងសាន ស៊ូជី និងគណបក្សរបស់អ្នកស្រី បានឈ្នះអសនៈក្នុងរដ្ឋសភា ដ៏ច្រើនលើសលប់ដូច្នេះទៀត ក្រុមមេដឹកនាំយោធាភ័យថា ពួកគេនឹងកាន់តែបាត់ឥទ្ធិពល ហើយវាពិបាក ក្នុងការទទួលយកណាស់៕