សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងអគ្គលេខាធិការ នៃអង្គការសហប្រជាតិ បាន«បញ្ចេញប្រតិកម្ម»ភ្លាមៗ នៅចំពោះរដ្ឋប្រហារ នៅក្នុងប្រទេសភូមា ដែលរៀបចំឡើង​ដោយក្រុមមេដឹកនាំ​យោធា ដ៏មានអំណាច ក្នុងព្រឹកថ្ងៃចន្ទ​ទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សហរដ្ឋអាមេរិក តាមរយៈអ្នកនាំពាក្យសេតវិមាន អ្នកស្រី ជែន ព្សាគី (Jen Psaki) ថែមទាំងបានព្រមានថា នឹងចាត់វិធានការ​ប្រឆាំង​នឹងអ្នកទទួលខុសត្រូវ ក្នុងរដ្ឋប្រហារ។

អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំគណបក្សសម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ (LND) ដែលបានឈ្នះ​ការបោះឆ្នោត​ជាថ្មី រួមមនឹងលោក វីន មីអ៊ីន (Win Myint) ប្រធានាធិបតីភូមា ដែលចេញពីគណបក្សនេះ ត្រូវបានឃាត់ខ្លួន ក្នុងរដ្ឋធានី «Naypyidaw» តាំងពី​ព្រឹកព្រហាម​ថ្ងៃចន្ទ។​ នេះ បើតាមអ្នកនាំពាក្យរបស់គណបក្ស លោក «Myo Nyunt» ដែលត្រូវបានស្រង់សំដី ដោយ​ទីភ្នាក់ងារ​ព័ត៌មានបារាំង «AFP»។

ក្រុមអ្នកតាមដានស្ថានការណ៍ ក្នុងប្រទេសភូមា បានរំពឹងទុក តាំងពីច្រើនថ្ងៃហើយ អំពីរដ្ឋប្រហារមួយ ដែលរៀបចំឡើង​​ដោយក្រុម​មេដឹកនាំ​យោធា បន្ទាប់ពីក្រុមដ៏មានអំណាចនេះ បានចោទគណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ភូមា ថាមិនបានដោះស្រាយ​ភាពមិនប្រក្រតី «ដ៏សម្បើម» ដែលបានកើតឡើង ជុំវិញការបោះឆ្នោត។

តាមរយៈកញ្ចក់​ទូរទស្សន៍ «NAME» ដែលជាប្រព័ន្ធឃោសនា​របស់ខ្លួន ក្រុមមេដឹកនាំយោធា​​បានប្រកាស ដាក់ប្រទេសភូមា ឲ្យស្ថិតក្នុង​«ភាពអាសន្ដ» សម្រាប់រយៈពេល១ឆ្នាំ និងបានតែងតាំង​ឧត្ដមសេនីយ៍ម្នាក់ ដែលជាមេបញ្ជាការកងទ័ព ឲ្យឡើងធ្វើជា​ប្រធានាធិបតី​ស្ដីទី។ ក្រុមយោធា បានអះអាង​ទៀតថា ការសម្រេចរបស់ខ្លួន មានសារៈសំខាន់ណាស់ ដើម្បី​«ថែរក្សាស្ថិរភាព»​របស់ប្រទេស។

រដ្ឋប្រហារបានផ្ទុះឡើង ខណៈរដ្ឋសភា​នៃប្រទេសភូមា ត្រូវបើកនីតិកាលថ្មី ក្នុងព្រឹកថ្ងៃចន្ទនេះ ដែលអសនៈ​ភាគច្រើន​លើសលប់ ត្រូវបានឈ្នះ ដោយគណបក្ស​របស់អ្នកស្រី អ៊ុងសាន ស៊ូជី។

បណ្ដាញអ៊ិនធើណែត និងប្រព័ន្ធទូរគមនាគមទាំងឡាយ នៅលើផ្ទៃប្រទេស បានជួបនូវភាពរអាក់រអួល។ នេះ បើតាមការអះអាង របស់អង្គការ «Netblocks» ដែលមានជំនាញ​ក្នុងការឃ្លាំមើលសេរីភាព តាមបណ្ដាញអ៊ីនធើណែត។

ក្រុម​អ្នកសារព័ត៌មា​នអន្តរជាតិ នៅក្នុងប្រទេសភូមា បានអះអាងថា ក្រុមយោធា​បានចូលទៅកាន់កាប់​សាលាក្រុង​រ៉ង់ហ្គោន ដែលជាក្រុង​សេដ្ឋកិច្ច ដ៏សំខាន់​របស់ប្រទេស ហើយច្រកផ្លូវ​ទៅកាន់​​ព្រលានយន្ដហោះ នៃក្រុងនេះ ត្រូវបានរារាំង។

នៅចំពោះព្រឹត្តិការណ៍ខាងលើ សហរដ្ឋអាមេរិក តាមរយៈអ្នកនាំពាក្យសេតវិមាន អ្នកស្រី ជែន ព្សាគី បានថ្លែងឲ្យដឹងថា៖

«សហរដ្ឋអាមេរិក ជំទាស់យ៉ាងដាច់អហង្កា ចំពោះការប៉ុនប៉ងប្ដូរលទ្ធផល នៃការបោះឆ្នោត ដែលត្រូវបានធ្វើឡើង កាលពីពេលថ្មីៗ។ ហើយសហរដ្ឋអាមេរិក នឹងចាត់វិធានការ ប្រឆាំងនឹងអ្នកទទួលខុសត្រូវទាំងឡាយ (នៃរដ្ឋប្រហារ)។»

ប្រទេសអូស្ត្រាលី តាមរយៈរដ្ឋមន្ត្រីការបរទេស អ្នកស្រី ម៉ារីស ផេន (Marise Payne) បានបញ្ជាក់ថា៖

«យើងអំពាវនាវ ទៅក្រុមយោធា (នៃប្រទេសភូមា) ឲ្យងាកមក​គោរពនីតិរដ្ឋ និងដោះស្រាយការខ្វែងគំនិតគ្នា ដោយប្រើយន្ដការស្របច្បាប់ ហើយយើងទាមទារ​​ឲ្យដោះលែង​ជាបន្ទាន់ នូវក្រុមមេដឹកនាំស៊ីវិល និងអ្នកទទួលខុសត្រូវដទៃទៀត ដែលត្រូវបានឃុំខ្លួន ដោយខុសច្បាប់។»

សម្រាប់លោក អង់តូនីញ៉ូ ហ្គូតែរ៉េស (Antonio Guterres) អគ្គលេខាធិការ អ.ស.ប បាន«ថ្កោលទោស យ៉ាងដាច់អហង្ការ» ចំពោះ​ការឃាត់ខ្លួន​អ្នកស្រី អ៊ុងសាន ស៊ូជី។ លោកបន្ថែមថា៖

«ការវិវត្តន៍ថ្មីៗចុងក្រោយ ដែលរួមមាន ការប្រកាសផ្ទេរអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ទៅឲ្យក្រុមយោធា នឹងបង្កឲ្យមាន​ផលប៉ះពាល់ធ្ងន់ធ្ងរ ដល់កំណែរទម្រង់​ប្រជាធិបតេយ្យ នៅក្នុងប្រទេស​ភូមា។»

ក្នុងឆ្នាំ២០១១ (១០ឆ្នាំកន្លងទៅ) ប្រទេសភូមាបានងើបចេញ ពីរបបដឹកនាំយោធា ដែលបានកាន់កាប់ប្រទេស ក្នុងរយៈពេល​ជិតកន្លះ​សតវត្សរ៍ តាមរយៈរដ្ឋប្រហារ​ចំនួនពីរដង (ក្នុងឆ្នាំ១៩៦២ និងឆ្នាំ១៩៨៨) រាប់ចាប់តាំងពីឆ្នាំ ១៩៤៩ ដែលប្រទេសនេះ បានទទួល​ឯករាជ្យ​នោះមក៕



You may also like

ដំណឹង

ខ្មាន់កាំភ្លើង​នៅ​តិចសាស់ អាចនឹង​ទទួលទោស​«ប្រហារជីវិត»

ខ្មាន់កាំភ្លើង ដែលបានបាញ់ប្រហារ ក្នុងផ្សារទំនើប នៃក្រុង «El Paso» រដ្ឋតិចសាស់ សហរដ្ឋអាមេរិក និងដែលបណ្ដាលឲ្យមនុស្សស្លាប់ ២០នាក់ របួស១៦នាក់ កាលពីព្រឹកថ្ងៃសៅរ៍ ត្រូវបានចោទប្រកាន់ ...
ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី រ៉ូណា ស្មីត និងអ្នកស្រី ម៉ារី លោវល័រ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្ដីទីស្ថានភាពសិទ្ធិមនុស្ស។ (រូបថត UN)
កម្ពុជា

មន្ត្រីផ្លូវការ អ.ស.ប ប្រតិកម្មនឹង​ការចាប់ចង​ពលរដ្ឋ ដោយ​របប​ក្រុងភ្នំពេញ

ប្រតិកម្មនឹង​ការចាប់ចង​ពលរដ្ឋ ដែលធ្វើឡើង ដោយអាជ្ញាធររបប​ក្រុងភ្នំពេញ បាន​ធ្លាក់ចុះ​​មកជាបន្តបន្ទាប់ ជាពិសេស ប្រតិកម្មរបស់មន្ត្រីផ្លូវការ របស់អង្គការ​សហប្រជាជាតិ (UN – អ.ស.ប) ដែលមាន​ជំនាញ​ខាង​សិទ្ធិមនុស្ស។ អ្នកស្រី ម៉ារី ...
ដំណឹង

ត្រាំ បង់ពន្ធប្រកាស ៧៥០​ដុល្លារ តែចំណាយ​៧ម៉ឺនដុល្លារ​ដើម្បី​កាត់សក់

លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បានបង់ពន្ធប្រកាស ត្រឺមតែ ៧៥០​ដុល្លារ ប៉ុណ្ណោះ ដែលខុសគ្នាឆ្ងាយ ពីតម្លៃកាត់សក់របស់លោកម្ដងៗ ដែល​មានកម្រិត ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...