សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្ម ទៅលើសាច់ឈាមបង្កើត របស់មេដឹកនាំ​យោធា​ភូមា ដែលបានធ្វើ​រដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាល​របស់អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។ នេះ បើតាមសេចក្ដីប្រកាស​ព័ត៌មាន របស់ក្រសួងរតនាគារ នៃសហរដ្ឋអាមេរិក ដែលចេញផ្សាយ កាលពីថ្ងៃពុធទី១០ ខែមីនា ឆ្នាំ២០២១។

លោក «Aung Pyae Sone» និងអ្នកស្រី «Khin Thiri Thet Mon» ដែលជា​កូនប្រុស និងកូនស្រីរបស់លោក «Min Aung Hlaing» អគ្គមេបញ្ជាការកងទ័ពភូមា បានរងដោយផ្ទាល់ នូវទណ្ឌកម្មខាងលើ ជាមួយនឹង​សហគ្រាស-​ក្រុមហ៊ុនចំនួន៦ ដែលពួកគេគ្រប់គ្រង។ លោកឧត្ដមសេនីយ៍ «Min Aung Hlaing» ខ្លួនឯង បានរង​ទណ្ឌកម្ម​រួចហើយ តាំងពីមុនលោកដឹកនាំធ្វើរដ្ឋប្រហារ ក្នុងដើមខែកុម្ភៈ ឆ្នាំ២០២១មកម្លេះ។

ក្រសួងរតនាគារ បានសរសេរ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា៖

«“Aung Pyae Sone” និង “Khin Thiri Thet Mon” មានមុខជំនួញជាច្រើនប្រភេទ ដែលទទួលផលប្រយោជន៍​ដោយផ្ទាល់ ពីឋានៈ​តួនាទី និងឥទ្ធិពលដ៏អាក្រក់ របស់ឪពុកពួកគេ។»

សេចក្ដីប្រកាសព័ត៌មាន បានរៀបរាប់ថា លោក «Aung Pyae Sone» ដែលជាកូនប្រុស ទទួលបាន​កិច្ចសន្យា​ជួលដី មួយកន្លែង ស្ថិតនៅកណ្ដាល​ក្រុងរ៉ង់ហ្គោន ដែលមានរយៈពេល៣០ឆ្នាំ ដើម្បីធ្វើភោជនីយដ្ឋាន និង​វិចិត្រសាល​​ដ៏ធំសម្បើម ដោយគ្មានគូប្រជែង និងគ្មានការដេញថ្លៃ ខណៈថ្លៃឈ្នួលជួលដី ដែលថោកស្រាប់ ត្រូវបាន​តំឡើង​ជាលក្ខណៈប្រចាំឆ្នាំ ត្រឹមតែ១%ប៉ុណ្ណោះ រហូតមកទល់​នឹងឆ្នាំ២០១៨។

រីឯអ្នកស្រី «Khin Thiri Thet Mon» វិញ ដែលគ្រប់គ្រងផលិតកម្ម «Seventh Sense» បានធ្វើកិច្ចសន្យា​ផ្ដាច់មុខ ជាមួយអ្នកចម្រៀង​ដ៏ល្បីម្នាក់ ដែលបង្ហាញមុខ ​នៅក្នុងការផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនសេវាកម្មទូរស័ព្ទ «Mytel» បង្កើតឡើង​ដោយឪពុករបស់នាង (លោក «Min Aung Hlaing»)។

ក្រុមហ៊ុន-សហគ្រាស ទាំង៦រួមមាន៖

  • A & M Mahar Company Limited
  • Sky One Construction Company Limited
  • The Yangon Restaurant
  • The Yangon Gallery
  • Everfit Company Limited
  • Seventh Sense Company Limited

ទណ្ឌកម្មដោយផ្ទាល់ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក រួមមាន ការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ (រាប់ទាំង​ទ្រព្យសម្បត្តិ របស់ក្រុមហ៊ុន-​សហគ្រាស​ទាំង៦ខាងលើ) និងហាមឃាត់ រាល់ការឆ្លងកាត់ ការផ្ទេរ ឬការជាប់ពាក់ព័ន្ធ ក្នុងប្រព័ន្ធ​ហិរញ្ញវត្ថុសហរដ្ឋអាមេរិក (លោកអ្នក អាចចូល​ទៅពិគ្រោះលំអិត ជុំវិញទណ្ឌកម្មទាំងអស់នេះ នៅលើ​គេហទំព័រ នៃក្រសួងរតនាគារជាតិ នៃសហរដ្ឋអាមេរិក)។

រដ្ឋលេខាធិការ នៃក្រសួងការបរទេស​សហរដ្ឋ​អាមេរិក លោក «Antony Blinken» បានថ្លែងក្នុងសេចក្ដីប្រកាស​ព័ត៌មាន ​ដាច់ដោយឡែក​មួយថា៖

«មេដឹកនាំទាំងអស់ ដែលបានដឹកនាំធ្វើរដ្ឋប្រហារ និងសមាជិកគ្រប់អាយុ នៃក្រុមគ្រួសាររបស់ពួកគេ (របស់មេដឹកនាំ​យោធា​ភូមា) មិនគួរត្រូវបន្ត​ ទទួលបាន​ផលប្រយោជន៍ ពីរបបដឹកនាំមួយ ដែលកើតចេញ​ដោយសារការប្រើអំពើ​ហិង្សា និងការរឹតបន្តឹង លើលទ្ធិប្រជាធិបតេយ្យ​នោះឡើយ។»

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ កងកម្លាំងប្រដាប់អាវុធភូមា បានធ្វើការបង្ក្រាបយ៉ាងចាស់ដៃ ដោយប្រើកាំភ្លើង​គ្រាប់ពិត ទៅលើ​ការតវ៉ា​របស់ពលរដ្ឋ ប្រឆាំងនឹង​រដ្ឋប្រហារ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ យ៉ាងតិច៥៣នាក់ និង​ការឃាត់ខ្លួន-ឃុំខ្លួន មិនតិចជាង​១៧០០​នាក់។ នេះ បើតាមតួលេខ ផ្ដល់ដោយការិយាល័យ អង្គការ​សហប្រជាជាតិ ប្រចាំនៅក្នុងប្រទេស។

លោកឧត្ដមសេនីយ៍ «Min Aung Hlaing» ដែលជាអគ្គមេបញ្ជាការ និងមនុស្សជំនិតរបស់លោកម្នាក់ទៀត (អគ្គមេ​បញ្ជាការរង) បានរង​ទណ្ឌកម្ម​ ពី​សហរដ្ឋអាមេរិករួចហើយ រាប់ពីចុង ឆ្នាំ២០១៩មក ជុំវិញតួនាទី និងការជាប់​ពាក់ព័ន្ធ​របស់លោកទាំងពីរ នៅក្នុងអំពើហិង្សា​យ៉ាងរង្គាល ទៅលើបណ្ដាជនជាតិភាគតិច «Rohingya» ដែលកាន់​សាសនា​ឥស្លាម៕



You may also like

កម្ពុជា

ហ៊ុន សែន ព្រមាន​មិនឲ្យ​មាន​«រដ្ឋប្រហារ»​ក្នុងពេល​លោកកាន់​អំណាច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងព្រមាន ក្នុងព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩នេះថា ដរាបណា​លោក​នៅកាន់អំណាច លោកនឹងមិនអនុញ្ញាត ឲ្យមាន«រដ្ឋប្រហារ» កើតឡើងជាដាច់ខាត។ បុរសខ្លាំងកម្ពុជា ...
ដំណឹង

រដ្ឋប្រហារយោធា​នៅភូមា៖ អាមេរិក អូស្ត្រាលី និង អ.ស.ប បញ្ចេញប្រតិកម្ម

សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងអគ្គលេខាធិការ នៃអង្គការសហប្រជាតិ បាន«បញ្ចេញប្រតិកម្ម»ភ្លាមៗ នៅចំពោះរដ្ឋប្រហារ នៅក្នុងប្រទេសភូមា ដែលរៀបចំឡើង​ដោយក្រុមមេដឹកនាំ​យោធា ដ៏មានអំណាច ក្នុងព្រឹកថ្ងៃចន្ទ​ទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សហរដ្ឋអាមេរិក ...
វិភាគ អត្ថាធិប្បាយ

រដ្ឋប្រហារយោធា​នៅភូមា៖ តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង?

តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង ជុំវិញរដ្ឋប្រហារយោធា ដែលកើតមាននៅភូមា? ចាប់ពីព្រឹកព្រហាម ថ្ងៃចន្ទទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះមក យោធាភូមាបានចាប់ឃុំអ្នកស្រី អ៊ុងសាន ស៊ូជី (Aung San ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...