វិភាគ អត្ថាធិប្បាយឯកសារលំអិត

អ្នកវិភាគថា ហ៊ុន សែន ទើប​(ធ្វើជា)​ភ្ញាក់ខ្លួន អំពី​ប្រព័ន្ធយុត្តិធម៌​នៅកម្ពុជា

ក្រុមអ្នកវិភាគបានរិះគន់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថា«ទើប​(ធ្វើជា)​ភ្ញាក់ខ្លួន» បន្ទាប់ពីបុរសខ្លាំងរូបនេះ បានស្នើឲ្យចាក់ផ្សាយភាពយន្ដភាគចិន រឿង«ប៉ាវចិន» ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។ អ្នកវិភាគខ្លះ ថែមទាំងបរិហារលោកនាយករដ្ឋមន្ត្រីទៀតថា នេះបង្ហាញឲ្យកាន់តែឃើញថា លោកបានដឹកនាំប្រទេស ដោយគ្រាន់តែមើលភាពយន្ដទាំងនោះ ហើយស្រែកនិងធ្វើតាមប៉ុណ្ណោះ។

លោក ហ៊ុន សែន បានថ្លែងដូច្នេះ កាលពីព្រឹកថ្ងៃចន្ទ ទី២៥ ខែមិនា ឆ្នាំ២០១៩ម្សិលម៉ិញ បន្ទាប់ពីលោកបានទស្សនាភាពយន្ដភាគ រឿង«ប៉ាវចិន» កាលពីមួយថ្ងៃមុន នៅលើគេហទំព័រសារព័ត៌មានមួយ ដែលមាននិន្នាការ​ស្និតនឹងរូបលោក។ លោកនាយករដ្ឋមន្ត្រី បានថ្លែង​នៅចំពោះ​​និស្សិតបញ្ចប់ការសិក្សា ជាច្រើននាក់ថា៖

«ខ្ញុំមើលអា Fresh News។ យប់មិញ Fresh News បានបញ្ចាំងរឿង ប៉ាវចិន។ ខ្ញុំថាល្អណាស់។ ចាប់ពីពេលនេះទៅ បើទូរទស្សន៍ណាមុនពេលសម្រាក បញ្ចាំងរឿងប៉ាវចិន១ភាគ គឺល្អមែនទែន។ ព្រោះយើងចង់ធ្វើការកែទម្រង់ តុលាការ និងស្វែងរកយុត្តិធម៌ក្នុងសង្គមឲ្យបាន។ អ៊ីចឹង… មានតែដាក់កុនប៉ាវចិន ឲ្យមើលតែម្តង។»

ភាពយន្ដភាគ រឿង«ប៉ាវចិន» ឬ«តុលាការមុខដែក» មិនមែនទើបនឹងត្រូវបានចាក់ផ្សាយ ក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធឃោសនាមួយ របស់របបក្រុងភ្នំពេញប៉ុណ្ណោះទេ តែត្រូវបានស្ថានីយ៍ទូរទស្សន៍ ប៉ុស្ដិ៍លេខ៩ ចាក់ផ្សាយតាំងពីដើមទសវត្សន៍ ឆ្នាំ៩០មកម្លេះ។

«លោក ហ៊ុន សែន ទើប​(ធ្វើជា)​ភ្ញាក់ខ្លួន»

លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅកាត់ថា «CCIM» បានសំដែងចម្ងល់ថា រយៈពេលជាង៣០ឆ្នាំ នៃការដឹកនាំរបស់លោក រាប់ពីឆ្នាំ១៩៨៥មក លោក ហ៊ុន សែន ទើបរកឃើញយុទ្ធសាស្ត្រងាយបែបនេះ?

មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ បានបន្តចម្ងល់ទៀតថា លោក ហ៊ុន សែន ហាក់ដូចជាមិនដឹងថា អ្វីទៅជាមេរោគនៃបញ្ហា ឬមួយលោក ហ៊ុន សែន ចង់ពង្វៀងបញ្ហា ឬគ្មានចេតនាដោះស្រាយបញ្ហា? លោកបានបន្ថែមថា៖

«NGOs ជាតិនិងសហគមអន្តរជាតិ បានធ្វើការសិក្សា ស្រាវជ្រាវ និងផ្តល់អនុសាសន៍ជាច្រើន នៅក្នុងរបាយការណ៍របស់ពួកគេ។ អនុសាសន៍ទាំងនោះ ជាក់ស្តែងនិងជាក់លាក់អំពីប្រពន្ធ័យុត្តិធម៌ខ្មែរ ជាងរឿងប៉ាវចិនទៅទៀត។ សំខាន់ តើសម្តេចមានឆន្ទៈពិតប្រាកដ និងចំណាត់ការហ្មត់ចត់ឬទេ?»

រីឯលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ភាពយន្ដភាគ រឿងប៉ាវចិន ដើម្បីចូលរួមកែប្រែប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មិនអាចទៅរួចឡើយ ដោយហេតុថា នៅក្នុងភាពយន្ដ និងនៅក្នុងសភាពជាក់ស្ដែង នៅកម្ពុជា មានលក្ខណៈខុសគ្នាទាំងស្រុង។

ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា៖

«រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទទួលស្គាល់ថា តុលាការនៅកម្ពុជាគឺសំបូរទៅដោយអំពើពុករលួយ ដូច្នេះមានតែបោសសម្អាតជនពុករលួយឲ្យអស់ ពីស្ថាប័នយុត្តិធម៌ ទើបប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មានការកែប្រែបាន។ ហើយបើចង់កែប្រែ ឲ្យស្ថាប័នតុលាការប្រកបដោយយុត្តិធម៌ នឹងកាត់ក្តីមិនលំអៀងនោះ គឺត្រូវហាមឃាត់មន្រ្តីជាន់ខ្ពស់ ក្នុង
ស្ថាប័នតុលាការ និងក្រសួងយុត្តិធម៌ មិនឲ្យមាននូវតំណែងណាមួយ នៅក្នុងគណបក្សនយោបាយ។
»

«ប្រសាសន៍គាំទ្រ និងជំរុញ…»

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ដកស្រង់មកផ្សាយបន្ត រួមទាំងទំព័រហ្វេសប៊ុកផ្លូវការ របស់លោក ហ៊ុន សែន ផ្ទាល់ផង។ ទំព័រនោះបានស្រង់សំដីលោក មកសរសេរថា «សម្តេចតេជោ បានមានប្រសាសន៍គាំទ្រ និងជំរុញការកែទម្រង់តុលាការ ឲ្យមានប្រសិទ្ឋិភាព ដើម្បីស្វែងរកយុត្តិធម៍ឲ្យបាន គឺល្អណាស់»។

ទំព័រហ្វេសប៊ុកដដែល បន្តស្រង់សំដីលោក ហ៊ុន សែន មកសរសេរបន្តថា៖

«ការកាត់ក្តីផ្តល់យុត្តិធម៍របស់ប៉ាវចិន គឺមានកាំបិត៣ប្រភេទ គឺ ១)កាំបិតក្បាលឆ្កែ សម្រាប់ចោរប្លន់ ២)កាំបិតក្បាលខ្លា សម្រាប់មន្រ្តី និង៣) កាំបិតក្បាលនាគ សម្រាប់រាជវង្ស។»

សម្រាប់អ្នកវិភាគនយោបាយ លោក គឹម សុខ បានពន្យល់ថា ការលើកឡើងរបស់លោក ហ៊ុន សែន ទាក់ទងនឹងករណីនេះ បង្ហាញពីគំរូដឹកនាំរបស់នាយករដ្ឋមន្ត្រីរូបនេះ ដែលចេះតែដើរស្រង់យកល្បិចខូចៗ នៅក្នុងភាពយន្ដចិន យកមកអនុវត្តន៍តាម ឬបន្ថែមឲ្យសាហាវខ្លាំង ជាងក្នុងសាច់រឿងនោះផង។

លោក គឹម សុខ បានសរសេរនៅលើបណ្ដាញសង្គមថា៖

«របៀបដឹកនាំប្រទេសរបស់លោក ហ៊ុន សែន គឺការអង្គុយ​មើល​ទូរទស្សន៍​រឿងចិន ហើយស្រង់​យកពាក្យ​គេបកប្រែ ​និង​បញ្ចូល​សំឡេង​ស្រាប់​ មកទន្ទេញថាតាម ដូចជាករណីធ្វើត្រាប់ តាម”តួអង្គឆាវឆាវ” ក្នុងរឿងសាមកុក ឬ”នគរបី” ដែលអ្នកតែងនិពន្ធឲ្យគិត តែពីលេងល្បិចបោកប្រាស ដើម្បីអំណាចជាដើម។»

អ្នកវិភាគរូបនេះ ដែលកំពុងរស់នៅក្នុងប្រទេសហ្វាំងឡង់ បានសរសេរបន្តថា៖

«រឿងប៉ាវចិន គេនិពន្ធឲ្យតួអង្គបុរសចៅក្រមមុខខ្មៅ មិនញញើតកោតខ្លាចអ្នកណាឡើយ សូម្បីរាជវង្សញាតិស្តេច គឺធ្វើការងារ និងសម្រេចក្តីដោយផ្អែកតែលើច្បាប់ និងក្នុងគោលដៅសុចរិតប៉ុណ្ណោះ។»

«ដល់ទៅពេលលោក ហ៊ុន សែន អង្គុយមើលយូរៗ គាត់ចេះច្នៃឲ្យខ្លួនគាត់ ជាតួអង្គខ្លាំងជាងតួប៉ាវចិន ដោយពន្លេចឲ្យឃើញថា ស្តេចក៏គាត់វាយ ម៉ែស្តេចឪស្តេចក៏គាត់សំពង ហើយច្បាប់ក៏គាត់ទ្រាប់អង្គុយ ដោយអាងកម្លាំងបាយ និងអាវុធ ទោះទុច្ចរិតយ៉ាងណាក៏ដោយ៕»



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ «យើង​ទៅស្រុក​យើងវិញ ទៅផ្ទះ​យើងវិញ»

មេដឹកនាំប្រឆាំង ដែលប្រកាសម្ដងហើយ ម្ដងទៀត ពីដំណើរវិលត្រឡប់ ចូលប្រទេស​កម្ពុជាវិញ បានថ្លែងថា «យើងទៅស្រុកយើងវិញ ទៅផ្ទះ​យើងវិញ» ដើម្បីអំពាវនាវ​នៅថ្ងៃនេះ ឲ្យអ្នកគាំទ្រលោក រួមដំណើរមាតុភូមិនិវត្តន៍​ជាមួយលោក ដើម្បីអ្វីមួយ​ដែលលោក​ហៅថា ជាការដណ្ដើមប្រទេសកម្ពុជា ...
កម្ពុជា

ហ៊ុន សែន ថាខេត្តដែលកំហិត​ឲ្យធ្វើ​ចត្តាឡីស័ក ជា«ការបង្កើតរដ្ឋ​ក្នុងរដ្ឋ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅការសម្រេច របស់អភិបាលខេត្តក្រុងមួយចំនួន ថាជា«ការបង្កើតរដ្ឋ​ក្នុងរដ្ឋ» ជុំវិញសេចក្ដីសម្រេច​របស់ពួកគេ ក្នុងការដាក់កំហិតឲ្យធ្វើចត្តាឡីស័ក សម្រាប់ពលរដ្ឋណាដែលធ្វើដំណើរឆ្លងខេត្ត។ បុរសខ្លាំងនៅកម្ពុជា បានបញ្ជាឲ្យមេដឹកនាំ នៅតាមខេត្តក្រុងទាំងនោះ ត្រូវធ្វើការផ្លាស់ប្ដូរ​សេចក្ដីសម្រេច​នោះ​ជាបន្ទាន់។ ...
កម្ពុជា

ហ៊ុន សែន ជូនពរ​ថ្ងៃបិទ​«រ៉ាម៉ាឌន» ដោយរំឭក​ពី​«សន្តិភាព»

បើអបអរថ្ងៃចូល «រ៉ាម៉ាឌន» ដោយរំឭកពី «សន្តិភាព» ហេតុអ្វីក៏មិនជូនពរថ្ងៃបិទ «រ៉ាម៉ាឌន» ដោយពាក្យដដែល មិនបាន? ពាក្យ«សន្តិភាព» ដែលសឹងតែក្លាយជា «ធម៌រត់មាត់» ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន​ ...

យល់ស៊ីជម្រៅផ្នែក វិភាគ អត្ថាធិប្បាយ

វិភាគ អត្ថាធិប្បាយ

រដ្ឋប្រហារយោធា​នៅភូមា៖ តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង?

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា ឲ្យព្រះរាជាដាក់រាជ្យ ដូចជួយ ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច

អ្នកដែលផ្ដល់យោបល់ ឲ្យព្រះមហាក្សត្រលាលែង ពីរាជបល្ល័ង្ក តើអ្នកមានបំណង«ជួយលោក ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច»ឬ ? នេះ ជាការចោទសួរឡើង របស់លោក គីម សុខ ...
វិភាគ អត្ថាធិប្បាយ

នរណាអេះ ហ្សង់ កាស្តិក នាយករដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​បារាំង?

គណៈរដ្ឋមន្ត្រីបារាំង បានស្គាល់​ការរើរុះ​ដ៏ធំ ជាលើកទីមួយ នៅក្នុងអាណត្តិប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ នាយករដ្ឋមន្ត្រី​ថ្មី គឺលោក ហ្សង់ កាស្តិក ...

Comments are closed.