វិភាគ អត្ថាធិប្បាយឯកសារលំអិត

អ្នកវិភាគ​លើកពី​គន្លឹះសំខាន់៣ ដែល សម រង្ស៊ី អាច​ជួប​«អ្នកគាំទ្រ»​នៅថៃ

លោក ម៉ែន សុថាវរិន្ទ្រ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអះអាង កាលពីយប់ថ្ងៃសៅរ៍ទី២៧ ខែមេសាម្សិលម៉ិញថា បន្ទាប់ពីជំនួបជាមួយ«អ្នកគាំទ្រ» នៅក្នុងប្រទេសកូរ៉េខាងត្បូង មេដឹកនាំប្រឆាំង លោក សម រង្ស៊ី គ្រោងនឹងបន្តដំណើរ ទៅកាន់ប្រទេសថៃ ដើម្បីអ្វីមួយ ដែលក្រុមលោកអះអាងថា ជាការកៀងគរបណ្ដាជន ដើម្បីវិលចូលមាតុភូមិជាមួយលោកវិញ។

ប្រសិនជាគម្រោងនោះ ក្លាយជាការពិត វាអាចជាការប្រឈម នឹងហានិភ័យដ៏ខ្ពស់មួយ ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចប្រើប្រាស់ទំនាក់ទំនង កម្ពុជា-ថៃ ក្នុងការធ្វើបត្យាប័នអ្នកទោស ឲ្យចាប់បញ្ជូនខ្លួនលោក សម រង្ស៊ី និងក្រុមលោក។

នេះ បើតាមការអះអាង របស់លោក ព្រហ្ម គិត អ្នកឃ្លាំមើលបញ្ហានយោបាយកម្ពុជា នៅក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកពន្យល់ថា ប្រទេសថៃអាចនឹងចាត់ទុកផលប្រយោជន៍ ចំពោះមុខសម្រាប់ខ្លួនគេ សំខាន់ជាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

លោក ព្រហ្ម គិត បញ្ជាក់ថា ផ្ទុយទៅវិញ ការអះអាងពីការលួចបញ្ជូនគិញសម្ងាត់ ចូលទៅក្នុងប្រទេសគេ មិនអាចធ្វើទៅរួចទេ ដោយហេតុថា បើសិនជាលោក ហ៊ុន សែន ហ៊ានធ្វើទង្វើនេះ លោកនឹងប្រឈម នូវវិបត្តិការទូតដ៏ធ្ងន់ធ្ងរ ជាមួយសហគមន៍អន្តរជាតិ។ អ្នកវិភាគវ័យចំណាស់ បានថ្លែងថា៖

«វាជាទង្វើបំពានបូរណភាព អធិបតេយ្យភាព របស់ប្រទេសគេ ហើយករណីនេះ លោក ហ៊ុន សែន គ្រាន់តែគម្រាមលោក សម រង្ស៊ី ចោលប៉ុណ្ណោះ។»

បុរសខ្លាំងកម្ពុជា ធ្លាប់គម្រាមមិនតិចដងទេ ពីការបញ្ជូនភ្នាក់ងារចារកម្មរបស់លោក ទៅតាមចាប់ខ្លួនលោក សម រង្ស៊ី ក្នុងករណីដែលមេដឹកនាំប្រឆាំងរូបនេះ បង្ហាញវត្តមាននៅក្នុងតំបន់អាស៊ី ក្បែរៗកម្ពុជា។ ប៉ុន្តែការគម្រាមនោះ រងប្រតិកម្មខ្លាំងៗមកវិញ ពីប្រធានស្ដីទីគណបក្សប្រឆាំង ដោយហៅទង្វើនេះ របស់លោក ហ៊ុន សែន ថាមានលក្ខណៈ«ហ្វាស៊ីស»។

យ៉ាងណា លោក សម រង្ស៊ី និងក្រុមលោក មិនទាន់អស់ផ្លូវទាំងស្រុងទេ បើសិនជាក្រុមអ្នកនយោបាយប្រឆាំងទាំងនេះ ច្បាស់លាស់ក្នុងការកំណត់ថា ជំនួបជាមួយអ្នកគាំទ្រ នៅក្នុងប្រទេសថៃ ជាជម្រើសយុទ្ធសាស្ត្រ សម្រាប់ដំណើរវិលត្រឡប់ ចូលមាតុភូមិវិញ។

ហើយដើម្បីឲ្យជំនួបនោះ អាចប្រព្រឹត្តិទៅបាន លោក ព្រហ្ម គិត បានលើកពីគន្លឹះសំខាន់ៗចំនួនបី៖

  • ពេលនេះ រដ្ឋាភិបាលលោក ប្រយុទ្ធ ច័ន្ទអស្ចារ្យ ជារដ្ឋាភិបាលស្របច្បាប់ និងមិនមែនជារដ្ឋាភិបាលយោធា ដូចមុនទេ។ ដូច្នេះ អ្វីដែលលោក ប្រយុទ្ធ ត្រូវធ្វើ គឺត្រូវលើកមុខមាត់ នៃរដ្ឋាភិបាលលោក និងប្រទេសថៃ ឲ្យកាន់តែខ្ពស់ ក្នុងឆាកអន្តរជាតិ។ ដូច្នេះ រវាងសហគមន៍អន្តរជាតិ និងរបបដឹកនាំលោក ហ៊ុន សែន លោក ប្រយុទ្ធ ចាំបាច់ត្រូវធ្វើជម្រើស។
  • សម្ពាធការទូត ពីសំណាក់ប្រទេសធំៗ ដែលប្រទេសថៃទទួលឥទ្ធិពល ជាពិសេសសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។ តែទម្ងន់ការទូត អាចមានទៅបាន អាស្រ័យលើក្រុមលោក សម រង្ស៊ី ខ្លួនលោក ជាពិសេសខណៈមន្ត្រីគណបក្សប្រឆាំងភាគច្រើន ដែលសុទ្ធតែមានសញ្ជាតិបារាំង និងអាមេរិក។ លោក ព្រហ្ម គិត បង្ហាញជំនឿថា ប្រទេសថៃមិនអាចចាប់ខ្លួនអ្នកនយោបាយ តាមបែបប្រជាធិបតេយ្យម្នាក់ ហើយត្រូវប្រឈមមុខ ជាមួយប្រទេសបារាំង ដែលជាមហាអំណាចមួយដែរនោះទេ។ 
  • ការចរចាសម្របសម្រួលផ្ទាល់ រវាងក្រុមលោក សម រង្ស៊ី និងរដ្ឋាភិបាលលោក ប្រយុទ្ធ ទោះជាការចរចានោះ ធ្វើឡើង​ក្រៅផ្លូវការ​ក៏ដោយ។ កិច្ចការនេះ ក៏អាស្រ័យទៅលើក្រុម សម រង្ស៊ី ខ្លួនលោកដែរ ជាពិសេសនៅចំពោះជំហរកន្លងមក របស់លោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់មានទំនោរ ទៅរកគ្រួសារ ស៊ីណាវ៉ាត្រា ដែល​ទាំងបងនិងប្អូន សុទ្ធតែត្រូវកងទ័ពថៃ ធ្វើរដ្ឋប្រហារបណ្ដេញចេញ​ពីតំណែង។

អ្នកវិភាគផ្នែកនយោបាយ បានលើកឡើងទៀតថា អាចមានសេណារីយ៉ូផ្សេង នោះគឺប្រទេសថៃ បិទមិនឲ្យមានការជួបប្រជុំ ផ្នែកនយោបាយនេះ នៅលើទឹកដីរបស់ខ្លួនតែម្ដង។ លោក ព្រហ្ម គិត បន្តថា ក្នុងករណីនេះ លោក សម រង្ស៊ី និងក្រុមលោក អាចប្ដូរទីតាំង ទៅជួប«អ្នកគាំទ្រ»នៅក្នុងប្រទេសម៉ាឡេស៊ីវិញ ដែលសព្វថ្ងៃមានរដ្ឋាភិបាល ដែលចេញពីអតីតគណបក្សប្រឆាំងម៉ាឡេស៊ី។

លោក ព្រហ្ម គិត បញ្ជាក់នៅចុងបញ្ចប់ថា៖

«រឿងដែលសំខាន់ នៅត្រង់ថា តើការប្ដេជ្ញាចិត្តរបស់លោក សម រង្ស៊ី ខ្លួនឯង ទល់នឹងរាល់ការប្រឈមទាំងនោះ មានដល់កម្រិតណា ឬមួយធ្វើឡើង ដើម្បីគ្រាន់តែជាការកំញើញ? ព្រោះថា បើស្ដាប់តាមការថ្លែងរបស់គាត់ តាំងពីដើមរហូតមក ការប្រឈមប៉ុណ្ណេះ មិនគួរជាឧបសគ្គទេ៕»



លំអិតបន្ថែមទៀត

របាយការណ៍

ទណ្ឌកម្ម​លើ ហ៊ីង ប៊ុនហៀង បញ្ជាក់​ថា​អង្គរក្ស ហ៊ុន សែន ពិត​ជា​គប់​គ្រាប់​បែក

ការដាក់មនុស្សជំនិតរបស់លោក ហ៊ុន សែន រូបនេះ ចូលទៅក្នុងបញ្ជីខ្មៅ នៃការបង្កក​ទ្រព្យ និងហាមឃាត់​ មិនឲ្យ​ជាន់ដីអាមេរិកនោះ ដូចជា​បានបញ្ជាក់ជាផ្លូវការ ថាលោក ហ៊ីង ប៊ុនហៀង និងក្រុមអង្គរក្សរបស់លោក ...
កម្ពុជា

អ្នកវិភាគ​លើក​ទឡ្ហីករណ៍​ថា រន្ទះ​មិនធ្វើឲ្យ​ឧទ្ធម្ភាគចក្រ​«ផ្ទុះ​បែក​ខ្ទេច»​ដូច្នេះទេ

អ្នកវិភាគនយោបាយ និងសង្គម លោក គីម សុខ បានលើកយកទឡ្ហីករណ៍មួយចំនួន ដែលបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលដឹកអតីតស្នងការនគរបាលជាតិ លោក ហុក ឡងឌី ទំនងជាមិនត្រូវបាន«ផ្ទុះ​បែក​ខ្ទេច» ក្លាយជាបំណែកតូចៗដូច្នេះ ...
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
កម្ពុជា

ហ៊ុន សែន បបួល​ក្រុមប្រឆាំង​«ឲ្យមកស្បថ»រឿងថាកម្ពុជានៅតែក្រ

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានហៅក្រុមអ្នកនយោបាយប្រឆាំង នៅព្រឹកថ្ងៃសុក្រនេះ «ឲ្យមកស្បថ»ជាមួយលោក ជុំវិញការលើកឡើងថា លោកដឹកនាំយូរទៅ ធ្វើឲ្យប្រទេសកម្ពុជា​កាន់តែក្រទៅៗ។ បុរសខ្លាំងកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ ...

យល់ស៊ីជម្រៅផ្នែក វិភាគ អត្ថាធិប្បាយ

វិភាគ អត្ថាធិប្បាយ

រដ្ឋប្រហារយោធា​នៅភូមា៖ តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង?

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា ឲ្យព្រះរាជាដាក់រាជ្យ ដូចជួយ ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច

អ្នកដែលផ្ដល់យោបល់ ឲ្យព្រះមហាក្សត្រលាលែង ពីរាជបល្ល័ង្ក តើអ្នកមានបំណង«ជួយលោក ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច»ឬ ? នេះ ជាការចោទសួរឡើង របស់លោក គីម សុខ ...
វិភាគ អត្ថាធិប្បាយ

នរណាអេះ ហ្សង់ កាស្តិក នាយករដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​បារាំង?

គណៈរដ្ឋមន្ត្រីបារាំង បានស្គាល់​ការរើរុះ​ដ៏ធំ ជាលើកទីមួយ នៅក្នុងអាណត្តិប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ នាយករដ្ឋមន្ត្រី​ថ្មី គឺលោក ហ្សង់ កាស្តិក ...

Comments are closed.