កម្ពុជាដំណឹង

ហ៊ុន សែន ឌឺដង​ឲ្យ សម រង្ស៊ី «កុំ​រត់ចោល​ទីលាន​ប្រកួត»

បើទោះជាអះអាងមិនឆ្លើយឆ្លង ជាមួយលោក សម រង្ស៊ី ក៏ដោយ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តផ្ញើរសារ​បែបបញ្ឆិតបញ្ឆៀង ឬដោយមិនចំឈ្មោះ ទៅកាន់មេដឹកនាំប្រឆាំងជាដរាប។ ហើយក្នុងវគ្គថ្មី នៅថ្ងៃនេះ លោក ហ៊ុន សែន បាននិយាយពីលោក សម រង្ស៊ី ជាបន្តទៀត តាមរយៈការហៅមេដឹកនាំប្រឆាំងរូបនេះ ថាជា«ដៃគូប្រកួត» ដែល«លេងភ្នាល់» តែ«លេងខូចខ្លាំង»ជាមួយលោក ហើយ«កុំ​រត់ចោល​ទីលាន​ប្រកួត»។

ជាមួយការបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពរបស់លោក កំពុងវាយកូនគោល លោក ហ៊ុន សែន បានសរសេរឲ្យដឹង នៅលើបណ្ដាញសង្គមថា៖

«ថ្ងៃនេះវាយកូនគោលទៀតហើយ ដើម្បីសុខភាពផង​ និង​ការកំសាន្តចុងសប្តាហ៏ផង។​ តែថ្ងៃនេះ ដៃគូប្រកួតដែលបានលេងភ្នាល់ជាមួយខ្ញុំ​ លេងខូចខ្លាំងណាស់​ គាត់វាយបាល់ធ្លាក់ទឹក គេមើលឃើញគ្រប់គ្នា​ គាត់បែរជាដាក់បាល់ថ្មីវាយបន្ត ដោយមិនខ្វល់ពីបាល់ពិន័យសោះ។»

តើនរណាទៅ ដែល«លេងភ្នាល់»យ៉ាងសំខាន់​ជាមួយលោក ហ៊ុន សែន រហូតដល់ថ្នាក់លោកយកមក​និទាន​ប្រាប់គេឯង​បែបនេះ? មិនមែននិទានត្រឹមប៉ុណ្ណឹងទេ លោកនាយករដ្ឋមន្ត្រី នៅបានចំអកដាក់«ដៃគូប្រកួត»របស់លោកម្នាក់នេះទៀតថា៖

«ពេលនេះ គាត់កំពុងចូលបន្ទប់ទឹក​ ខ្ញុំរង់ចាំខាងក្រៅ​ ប៉ុន្តែសង្ស័យថា គាត់មិនព្រមចេញមកទេដឹង​ ឬគាត់ទម្លាយទ្វារត់ ចេញទៅក្រៅតារាងបាត់ហើយ។​ តែទោះយ៉ាងណា​ ខ្ញុំត្រូវរង់ចាំគាត់រហូតផុតម៉ោងប្រកួត ព្រោះគាត់ជាអ្នកបបួលខ្ញុំភ្នាល់ ដោយសំដីក្អេងក្អាងទៀតផង។»​

កាលពី​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក សម រង្ស៊ី បានប្រកាសភ្នាល់​ជាមួយ​លោក ហ៊ុន សែន តាមបណ្ដាញសង្គមថា បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង ដូច​ការអះអាង​របស់​លោក​ទេ លោកនឹង​ត្រឡប់មក​ប្រទេស​កម្ពុជា ដើម្បី​ប្រគល់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន ចាប់​។ លោក បាន​សរសេរ​​នៅពេលនោះ​​ថា​៖

«​បើ​ខ្ញុំ​ចាញ់​លោក ហ៊ុន សែន ខ្ញុំ​សុខចិត្ត​ដើរចូល​ឲ្យ​គាត់​ចាប់​ខ្ញុំ យកទៅ​ឃុំ​ទន្ទឹមនឹង​លោក កឹម សុខា​»​។​

​បន្ទាប់ពីសារ​របស់លោក សម រង្ស៊ី ត្រូវបានបង្ហោះចេញ លោក ហ៊ុន សែន ក៏បាន​ឆ្លើយតបវិញភ្លាមដែរ តាមរយៈសារព័ត៌មានស្និតនឹងរូបលោកថា៖

«​ខ្ញុំ​ហ៊ាន​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី​។ បើ​មានការ​ដោះលែង កឹម សុខា មែន ខ្ញុំសុខចិត្ត​ចុះចេញ​ពី​តំណែង​ តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី​។ ប៉ុន្តែ​បើលោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​ទេ លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់ ហើយ​ទទួលស្គាល់​ការ​ភ្នាល់​របស់ខ្លួន ដោយ​ចូលមក​ឲ្យ​ចាប់ខ្លួន​ភ្លាមៗ​ បន្ទាប់ពី​បញ្ចប់​ការ​ភ្នាល់​»​។

តាំងពីពេលនោះ រហូតមដល់សព្វថ្ងៃ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក៏តែងចេញផ្សាយសឹងជារៀងរាល់ថ្ងៃ នូវចំនួនថ្ងៃដែលនៅសេសសល់ សម្រាប់ការភ្នាល់រវាងអ្នកនយោបាយទាំងពីររូប ដែលរងការរិះគន់ ថាជា​«ទង្វើអសីលធម៌ និងគ្មានគុណធម៌» ពីក្រុមអ្នកស្និតលោក កឹម សុខា។

យ៉ាងណា តាមរយៈសំណេរឌឺដងដដែលក្នុងថ្ងៃនេះ លោក ហ៊ុន សែន បានប្រាប់បន្តទៅលោក សម រង្ស៊ី ទៀតថា៖

«សុំចេញមកប្រកួតបន្តណាអ្នកខ្លាំង​ កុំ​រត់ចោល​ទីលាន​ប្រកួត»៕



លំអិតបន្ថែមទៀត

កម្ពុជា

បាតុកម្មខ្មែរនៅមុខ EU ស្នើឲ្យ​បង្កក​ទ្រព្យ​និងព្យួរ​ទិដ្ឋការ​មន្ត្រីស្និត ហ៊ុន សែន

ពលរដ្ឋខ្មែរ និងពលរដ្ឋមានដើមកំណើតខ្មែរ រួមនឹងមិត្តបរទេស ជាច្រើនរយនាក់ ដែលរស់នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិច បានជួបជុំគ្នាក្នុងថ្ងៃសុក្រ ទី១ ខែមិនា ឆ្នាំ២០១៩នេះ ដើម្បីធ្វើបាតុកម្មនៅខាងមុខអាគារនៃសហភាពអ៊ឺរ៉ុប (EU) ក្នុងបំណងស្នើទៅស្ថាប័នកំពូលអ៊ឺរ៉ុប ឲ្យបន្ថែមទណ្ឌកម្មផ្សេងទៀត ...
កម្ពុជា

ថ្ងៃកំណត់ភ្នាល់៖ សម រង្ស៊ី ស្ងប់ស្ងៀម ខណៈក្រុមស្និត ហ៊ុន សែន ចំអក

រហូតមកដល់ថ្ងៃកំណត់ ថ្ងៃអាទិត្យទី៣ ខែមិនា ឆ្នាំ២០១៩នេះ ភាគីម្ខាងនៃការភ្នាល់ គឺលោក សម រង្ស៊ី បានរក្សាភាព«ស្ងប់ស្ងៀម» ដោយមិនឃើញបញ្ចេញប្រតិកម្មអ្វីឡើយ ខណៈភាគីម្ខាងទៀត គឺលោក ហ៊ុន ...
កម្ពុជា

កឹម សុខា ផ្ញើរសារ​ជូនពរ​ឆ្នាំថ្មី ឲ្យខ្មែរ​រួបរួម ដើម្បី​យកឈ្នះ​«Covid-19»

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញ រំលាយចោល កាលពីចុងឆ្នាំ២០១៧ បានយកឱកាស នៃការជូនពរឆ្នាំថ្មី របស់លោក ដើម្បីអំពាវនាវឲ្យមានការរួបរួម សម្រាប់ការយកឈ្នះលើជំងឺ «Covid-19» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.