វិភាគ អត្ថាធិប្បាយឯកសារលំអិត

អ្នកវិភាគ​ប្រៀប​ស្មារតី CNRP ទៅ​នឹង​បក្សី​«ហង្សទេព»​ដែល​មិន​ចេះ​ស្លាប់

ការខ្វែងគំនិតគ្នា ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ រវាងមន្ត្រីគ្រាក់ៗនៅក្នុងគណបក្សសង្គ្រោះជាតិ នឹងមិនធ្វើឲ្យគណបក្សនេះ រងការប្រេះឆានោះទេ។ ផ្ទុយទៅវិញ វាគ្រាន់តែជាវិញ្ញាសារ ដ៏សំខាន់មួយ ដែលគណបក្សប្រឆាំង​ដ៏ធំមួយនេះ ត្រូវឆ្លងកាត់ និងជំនះឲ្យបាន។ នេះ បើតាមការលើកឡើង របស់អ្នកវិភាគច្រើននាក់ អំពីបញ្ហានយោបាយ និងសង្គមកម្ពុជា។

នៅក្នុងការវិភាគខ្លីមួយ បង្ហោះនៅលើបណ្ដាញសង្គម លោកបណ្ឌិត ឡៅ ម៉ុងហៃ បានចាត់ទុកថា គណបក្សសង្គ្រោះជាតិ ជានិមិត្តរូប នៃស្មារតីផ្លាស់ប្ដូរ ដែលប្រៀបបាន នឹងបក្សីហង្សទេព (Phoenix /Phénix) នៅក្នុងព្រេងកថាក្រិច ដែលបានដុត រំលាយខ្លួនហើយ នៅតែកើតខ្លួនឡើងវិញ ហើយមានកម្លាំងខ្លាំង និងស្រស់ស្អាត ជាងមុនពេលដុតរំលាយខ្លួន ទៅទៀត។

លោក ឡៅ ម៉ុងហៃ បានលើកឡើងថា៖ 

សង្គ្រោះជាតិ និងស្មារតីផ្លាស់ប្តូរអមត:ស្មារតីផ្លាស់ប្តូរ ដែលមានសង្គ្រោះជាតិជានិមិត្តរូប…

Gepostet von Mong Hay Lao am Freitag, 7. Dezember 2018

សម្រាប់លោកបណ្ឌិត មាស នី វិញ បានលើកឡើងថា មុននឹងគណបក្សសង្គ្រោះជាតិ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន និងតុលាការរំលាយ គឺគណបក្សប្រឆាំងមួយនេះ បានឆ្លងកាត់វិញ្ញាសារដ៏លំបាក អស់រយៈកាលជាងមួយឆ្នាំរួចហើយ។ នោះ គឺ«គណបក្សសង្រ្គោះជាតិ ត្រូវបានគូរបដិបក្ខរបស់ខ្លួន រុញឲ្យឡេីងភ្នំ ក្នុងគោលបំណង ដេីម្បីធ្វេីឲ្យបែកបាក់ផ្ទៃក្នុង តែផែនការនេះមិនអាចទៅរួច ទីចុងបំផុត ក៏ត្រូវរងនូវការរំលាយចោលតែម្តង»។

ប៉ុន្តែក្នុងសប្ដាហ៍ចុងក្រោយ ស្ថានការនយោបាយ បានវិវត្តន៍ទៅមុខ គួរឲ្យកត់សម្គាល់ តាមរយៈការបន្ទន់ជំហរ របស់របបដឹកនាំក្រុងភ្នំពេញ ដើម្បីបើកផ្លូវឲ្យមន្ត្រីគណបក្សប្រឆាំង ដែលរងការហាមឃាត់​ធ្វើនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ អាចត្រឡប់មកធ្វើនយោបាយឡើងវិញ។ លោក មាស នី បានបញ្ជាក់ថា ទន្ទឹមនឹងការវិវត្តន៍ថ្មីនេះ គណបក្ស​សង្គ្រោះជាតិ នៅតែមានហានិភ័យខ្ពស់នៅឡើយ ប្រៀបបានទៅនឹងការរុញរទេះចុះភ្នំ ដែលមិនប្រយ័ត្ន អាចនឹងធ្វើឲ្យរទេះរអិលក្រឡាប់ បែកបាក់ខ្ទេចខ្ទីអស់។

លោក មាស នី អះអាងថា៖ «ជាការពិត នៅពេលរុញរទេះឡេីងភ្នំ ភាពបាក់បែកមិនសូវមានទេ ព្រោះម្នាក់ៗសុទ្ធតែមាន ការប្រុងប្រយ័ត្នរៀងខ្លួន។ ប៉ុន្តែនៅពេលដែលរេទះនេះត្រូវចុះភ្នំវិញ វានឹងអាចរអិលក្រឡាប់ ហេីយបាក់បែកខ្ទេចខ្ទី ប្រេីការលែងកេីត។ សង្គ្រោះជាតិ ក៏មានមេរៀនគ្រប់គ្រាន់ផងដែរថា ពេលខ្លះបេីគេរុញឡើងភ្នំមិនបាក់ គេអាចនឹងមានវិធីផ្សេងទៀត ដេីម្បីរំកិលរទេះនេះឲ្យរអិលធ្លាក់ ថយក្រោយ ហេីយបាក់បែកទៀតដដែល បេីខ្វះការឈ្លាសវៃនោះ។»។

មេរៀននយោបាយ ដែលជាការមើលឃើញ របស់លោកបណ្ឌិតមាស នី នឹងជាទ្រឹស្ដីដ៏មានសារៈប្រយោជន៍ សម្រាប់ជួយឲ្យគណបក្សសង្គ្រោះជាតិ បានឆ្លងផុត ពីស្ថានភាពដ៏លំបាក នាពេលនេះ។ នេះ បើតាមការលើកឡើង របស់លោក គល់ បញ្ញា ប្រធាន​អង្គ​ការខុម​ហ្រែ្វ​ល។ លោកថា៖ «ក្រៅពីមានជំហរ នៃការតស៊ូនយោបាយជាមួយគ្នា អ្នកគាំទ្រ និងអ្នកនយោបាយ របស់សម្ព័ន្ធបក្សនយោបាយមួយនេះ [កំពុង]បន្តគាំទ្រ និងឲ្យតម្លៃ ពីសារសំខាន់នៃការរួមគ្នា របស់មេដឹកនាំពីរ [ដែល]ចេញពីបក្សពីរផ្សេងគ្នា បើទោះបីស្ថិត នៅក្នុងស្ថានភាពដ៏លំបាក និងការគៀបសង្កត់ធ្ងន់ធ្ងរ ក៏ដោយ»។

ម្យ៉ាងដែរ ក្រៅពីមានជំហរនៃការតស៊ូនយោបាយជាមួយគ្នា អ្នកគាំទ្រនិងអ្នកនយោបាយរបស់សម្ព័ន្ធបក្សនយោបាយមួយនេះ…

Gepostet von Koul Panha am Dienstag, 4. Dezember 2018

រលកនៃការខ្វែងគំនិតគ្នា បានកើតឡើងខ្លាំងក្លា នៅខណៈពេលសន្និសីទមួយ របស់សាខា​គណបក្ស នៅក្រៅប្រទេស ដែលប្រព្រឹត្តិធ្វើ​នៅក្រុង អាត្លង់តា សហរដ្ឋ​អាមេរិក កាលពីដើមខែកន្លងមកនេះ បានចេញសេចក្ដីសម្រេចមួយ មាន១០ចំណុច ក្នុងនោះមានការជ្រើសតាំងលោក សម រង្ស៊ី អតីតប្រធានគណបក្ស ឲ្យឡើងមកធ្វើជាប្រធានស្ដីទីគណបក្ស ជាបណ្ដោះអាសន្ន ក្នុងមួយរយៈពេល​នៃការឃុំខ្លួន លោក កឹម សុខា ដោយ​របបក្រុងភ្នំពេញ។

សេចក្ដីសម្រេចនោះ មិនទទួលបានការស្វាគមន៍ ពីសំណាក់ក្រុមមន្ត្រី អ្នកគាំទ្រ ដែលស្និតនឹងលោក កឹម សុខា ទេ ដោយចាត់ទុកការធ្វើសន្និសីទនោះ គ្រាន់តែជាការជួបជុំគ្នា របស់មនុស្សមួយក្រុម ដែលធ្វើឡើង ដោយខុសលក្ខន្តិកៈគណបក្ស និងគ្មាននីតសម្បទាគ្រប់គ្រាន់។ មន្ត្រីគ្រាក់ៗខ្លះ របស់គណបក្ស ថែមទាំងលើកឡើងថា ការជ្រើសតាំងមេដឹកនាំថ្មី ដែលខុសនឹងលក្ខន្តិកៈបែបនេះ ជាទង្វើបក្សប្រហារទៀតផង។

តែក្រុមមន្ត្រីគណបក្ស អ្នកគាំទ្រ ដែលមាននិន្នការស្និតលោក សម រង្ស៊ី វិញ មិនបានគិតដូច្នេះទេ។ ពួកគេអះអាងថា ខណៈគណបក្សត្រូវបានរបបលោក ហ៊ុន សែន ធ្វើឲ្យជាប់គាំង នៅក្នុងប្រទេស ដោយគ្មានក្បាលម៉ាស៊ីនដឹកនាំច្បាស់លាស់នោះ គេចាំបាច់ធ្វើឲ្យគណបក្សនេះ មានសកម្មភាពរស់ឡើងវិញ យ៉ាងហោចណាស់ សកម្មភាពពីក្រៅប្រទេស ដោយចាប់ផ្ដើមពីការមានមេដឹកនាំ និងយុទ្ធសាស្ត្រច្បាស់លាស់ សម្រាប់ធ្វើឲ្យគណបក្សខ្លាំង ជាពិសេសទទួល​បាន ​ការយកចិត្ត​ទុកដាក់ ពី​សហគមន៍​​អន្តរជាតិ។ 

យ៉ាងណា លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងសន្និសីទនោះថា ការទទួលយកតំណែង ជាប្រធានស្ដីទី ធ្វើឡើងក្រោម​លក្ខខណ្ឌ ចំនួន៣៖ (១) មិនប៉ះពាល់រចនាសម្ព័ន្ធ របស់គណបក្ស ដែលមានស្រាប់ ឬនិយាយឲ្យខ្លី លោក កឹម សុខា នៅតែជាប្រធានគណបក្ស អមដោយអនុប្រធាន ចំនួនបីនាក់ផ្សេងទៀត (២) តំណែងជាប្រធានស្ដីទី នឹងបញ្ចប់ជាបញ្ចប់ជាស្វ័យប្រវត្តិ ប្រសិនណាជា លោក កឹម សុខា ត្រូវបានដោះលែង ឲ្យមានសេរីភាពពេញលេញ និង(៣) គ្រប់មន្ត្រីគណបក្ស​ទាំងអស់ ត្រូវមានជំហររួមគ្នា ជុំវិញពាក្យស្លោក «កឹម សុខា – សម រង្ស៊ី ជាមនុស្សតែមួយ» ដោយត្រូវអនុវត្តន៍មុនគេបំផុត គឺក្រុមមន្ត្រីគណបក្ស ដែលស្និតលោក សម រង្ស៊ី នេះតែម្ដង។

សម្រាប់លោក គឹម សុខ អ្នកវិភាគនយោបាយមួយរូបទៀត បានចាត់ទុកថា វាជាបរិបទនយោបាយថ្មីមួយ ដឹកនាំដោយលោក សម រង្ស៊ី សម្រាប់ស្ថានភាពជាក់ស្ដែង។ លោកបានលើកឡើងថា៖  

«ស្តាប់សេចក្តីថ្លែង របស់លោក សម រង្ស៊ី ទាំងនៅវេទិកាបិទសន្និសីទ តាមរយៈការស្តាប់សេចក្តីរាយការណ៍ RFA និងទាំងក្នុងកិច្ចសម្ភាសន៍ ជាមួយ VOA ខាងក្រោម ឃើញច្បាស់ថា គាត់នៅតែឆ្លាត លើការបង្ហាញជំហរ និងស្មារតីនយោបាយ ក្នុងស្ថានការណ៍ជាក់ស្តែង។ អ្នកដើរមិនទាន់ អាចត្រូវរត់ឲ្យញាប់ជើងបន្តិច។ នេះ ខ្ញុំមិននិយាយពីភាគីណាខុស ឬក្រុមណាត្រូវឡើយ រឿងទស្សនៈនៃការធ្វើសន្និសីទ ១-២ធ្នូ តែចង់បង្ហាញ ពីទិសផ្លូវនយោបាយ។ អ្វីដែលលោក សម រង្ស៊ី ត្រូវបំពេញបង្គ្រប់ន័យ គឺការអនុវត្តការប្តេជ្ញាចិត្ត និងការគោរពពាក្យសន្យា ចេញពីការថ្លែងរបស់គាត់។»៕



You may also like

កម្ពុជា

សម រង្ស៊ី ព្រមានថា​«នឹង​មិនឲ្យ ហ៊ុន សែន ចាប់ខ្លួន​ងាយៗ»ឡើយ

តបទៅនឹងសារបែកធ្លាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលម៉ិញ លោក សម រង្ស៊ី មេដឹកនាំប្រឆាំង​បានថ្លែងព្រមាន​លោក ហ៊ុន សែន វិញថា លោក ...
កម្ពុជា

CPP បដិសេធ​ឯកសារមួយ ដែលអះអាង​ជាផ្ទៃក្នុង​បក្ស​ហើយ​គាំទ្រ ​សម រង្ស៊ី

តាំងពីព្រឹកម៉ិញនេះមក ឯកសារមួយដែលសរសេរក្រោមស្លាកសញ្ញា របស់គណបក្សប្រជាជនកម្ពុជា ( CPP ) និងមានដាក់ឈ្មោះថា «អ្នកស្នេហាជាតិ គណបក្សប្រជាជនកម្ពុជា» ត្រូវបានទំព័រហ្វេសប៊ុកមួយឈ្មោះ «Ar Kambang Knong ...
កម្ពុជា

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចំអកឲ្យ សម រង្ស៊ី ថា​«ភូតច្រើន ច្រើនចាញ់អាត្មា»

គណបក្សមួយដែលចូលប្រឡូក ក្នុងការបោះឆ្នោតជាតិបានម្ដង បានយកពាក្យសំដីរបស់លោក សម រង្ស៊ី មកចំអកឲ្យមេដឹកនាំប្រឆាំងវិញថា «ភូតច្រើន ច្រើនចាញ់អាត្មា»។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងដូច្នេះ តាមបណ្ដាញសង្គម កាលពីប៉ុន្មាននាទីមុន ដោយអមមកជាមួយ ...

Comments are closed.

វិភាគ អត្ថាធិប្បាយ

រដ្ឋប្រហារយោធា​នៅភូមា៖ តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង?

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា ឲ្យព្រះរាជាដាក់រាជ្យ ដូចជួយ ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច

អ្នកដែលផ្ដល់យោបល់ ឲ្យព្រះមហាក្សត្រលាលែង ពីរាជបល្ល័ង្ក តើអ្នកមានបំណង«ជួយលោក ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច»ឬ ? នេះ ជាការចោទសួរឡើង របស់លោក គីម សុខ ...
វិភាគ អត្ថាធិប្បាយ

នរណាអេះ ហ្សង់ កាស្តិក នាយករដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​បារាំង?

គណៈរដ្ឋមន្ត្រីបារាំង បានស្គាល់​ការរើរុះ​ដ៏ធំ ជាលើកទីមួយ នៅក្នុងអាណត្តិប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ នាយករដ្ឋមន្ត្រី​ថ្មី គឺលោក ហ្សង់ កាស្តិក ...