វិភាគ អត្ថាធិប្បាយឯកសារលំអិត

វិភាគ ៖ Covid-19 – ហេតុអ្វី ត្រាំ ឆេះដុំ​ដាក់​អង្គការ​សុខភាព​ពិភពលោក?

វិភាគ ៖ តាំងពីច្រើនសប្ដាហ៍ហើយ ដែលសហរដ្ឋអាមេរិក បានក្លាយជាប្រទេសទីមួយ ដែលជំងឺ «Covid-19» វាយលុកខ្លាំងជាងគេ និងទទួលបាន ការយកចិត្តទុកដាក់ខ្លាំងបំផុត ពីសំណាក់អង្គការសុខភាពពិភពលោក (WHO /OMS)។

តែអង្គការមួយនេះ ដែលជាផ្នែកមួយ របស់អង្គការសហប្រជាជាតិ បានក្លាយខ្លួន ជា«ផ្ទាំងស៊ីប»នៅជួរមុខ  ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) យកមកធ្វើការវាយប្រហារ នៅក្នុងវិបត្តិនៃជំងឺរាតត្បាត ដែលកំពុងញាំញីពិភពលោក នាពេលបច្ចុប្បន្ន។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជូនការ(សាកល្បង)ពន្យល់ ស្វែងរកហេតុផល នៃជម្លោះរវាងអង្គការអន្តរជាតិមួយនេះ និងប្រធានាធិបតី នៃប្រទេសមហាអំណាច ដល់ប្រិយមិត្តដូចតទៅ។

បទ«វិភាគ» អំពីលោក ត្រាំ លត់«WHO» នៅចំពោះវិបត្តិ«Covid-19»

កាលពីយប់ថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បានខ្ជាក់ភ្លើងមួយដុំធំ ដាក់អង្គការសុខភាពពិភពលោក តាមរយៈសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោក ជុំវិញវិបត្តិ«Covid-19» ដូច្នេះថា៖

«យើងនឹងផ្អាក ការផ្ទេរប្រាក់បដិភាគ របស់យើង សម្រាប់អង្គការសុខភាពពិភពលោក។»

នៅថ្ងៃនោះ សហរដ្ឋអាមេរិកមានមនុស្សស្លាប់ ដោយសារជំងឺ«Covid-19» កើនឡើងដល់ទៅ ១ ៩៣៩នាក់ ដែលជាតួលេខដ៏អាក្រក់ របស់ប្រទេសមហាអំណាច មិនធ្លាប់មានពីមុន។ ប៉ុន្តែបន្តិចក្រោយមក លោក ត្រាំ បានបោះមួយជំហាន ថយក្រោយវិញថា៖

«ខ្ញុំមិននិយាយថា ខ្ញុំនឹងធ្វើវាទេ (ការផ្អាក ការផ្ទេរប្រាក់បដិភាគ) តែយើងនឹងសិក្សាមើល អំពីលទ្ធភាព ដែលនឹងអាចធ្វើវា។»

យ៉ាងណាក្ដី លោកប្រធានាធិបតី នៅតែបន្តធ្វើការវាយប្រហារ ទៅលើអង្គការអន្តរជាតិមួយនេះ តាមរយៈទំព័រទ្វីសធើររបស់លោក និងបន្តគម្រាម អំពីការព្យួរការផ្ទេរប្រាក់បដិភាគ ទៅឲ្យអង្គការខាងលើ ដូចដែលលោកបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន។

ដើម្បីយល់រឿងនេះ គេត្រូវចោទសួរ ៣សំនួរ អំពីអង្គការសុខភាពពិភពលោក ដែលហៅកាត់ តាមភាសាអង់គ្លេស «WHO» និងភាសាបារាំង «OMS»។ ៣សំនួរ ដែលមានចម្លើយនៅខាងក្រោម៖

តើ «WHO» ជាអ្វី?

ជាផ្នែកមួយ របស់អង្គការសហប្រជាជាតិ (UN /ONU) អង្គការសុខភាពពិភពលោក ឬ «WHO» ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៤៨ នៅក្នុងសម័យកាល ដ៏ត្រចេះត្រចង់មួយ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីបណ្ដាប្រជាជាតិនានា បានងើបចេញ ពីសង្គ្រាមលោក។

នៅក្នុងលក្ខន្តិកៈ របស់អង្គការអន្តរជាតិមួយនេះ មានចែងអំពីកម្មវត្ថុ នៃបេសកកម្មរបស់ខ្លួនថា «ត្រូវលើកតំកើនទស្សនវិស័យ នៃអនាគត និងសុខភាព សម្រាប់ប្រជាជនទាំងអស់ នៃពិភពលោកទាំងមូល»។

អង្គការ«WHO» បានធ្វើការប្រយុទ្ធយ៉ាងស្វិតស្វាញ ដើម្បីធានាឲ្យមនុស្សគ្រប់រូប នៅលើផែនដី អាចទទួលបានការព្យបាល ឬការគាំពារ ដោយស្មើភាព និងគ្មានការរើសអើង។ សកម្មភាពរបស់ «WHO» បានសង្កត់ធ្ងន់ ទៅលើយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំង ការពារជំងឺច្រើនប្រភេទ និងយុទ្ធនាការប្រឆាំងនឹងជំងឺ អេដស៍ (Aids /Sida)។

មកដល់ថ្ងៃនេះ ប្រទេសនិងដែនដី ចំនួន ១៩៤ នៅលើពិភពលោក បានផ្ដល់សច្ចាប័ន និងក្លាយខ្លួន ជាសមាជិករបស់ «WHO»។ អង្គការនេះ មានស្នាក់ការធំ នៅក្នុងក្រុង ហ្សឺណែវ ប្រទេសស្វីស – មានបុគ្គលិក ច្រើនជាង ៧០០០នាក់ ពីចំណោម១៥០សញ្ជាតិ និងមានការិយាល័យធំៗ ប្រចាំឲ្យតំបន់ចំនួន៦៖ អាស៊ីអាគ្នេយ៍ មេឌីទែរ៉ាណេ ប៉ាស៊ីភិក អាមេរិក អ៊ឺរ៉ុប និងអាហ្វ្រិក។

អ្វីៗទាំងអស់ ដូចបានរៀបរាប់ខាងលើ ស្ថិតក្រោមការដឹកនាំ របស់អគ្គនាយកមួយរូប ដែលត្រូវបានជ្រើសតាំង ចេញពីការបោះឆ្នោត នៅរៀងរាល់៥ឆ្នាំម្ដង។ ក្នុងអាណត្តិនេះ តំណែងជាអគ្គនាយក បានទៅលើលោក «Tedros Adhanom Ghebreyesus» វេជ្ជបណ្ឌិតជនជាតិអេត្យូពី ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការបរទេស នៅក្នុងប្រទេសរបស់លោក។ ចាប់ពីឆ្នាំ២០១៧មក លោក «Tedros Adhanom Ghebreyesus» បានឡើងធ្វើជាមេដឹកនាំកំពូល របស់ «WHO»។

តើលោក ត្រាំ ចោទ «WHO» ពីអ្វីខ្លះ?

នៅដើមខែមេសាមុននេះ ការស៊ើបអង្កេតមួយ របស់សភាជាតិអាមេរិក បានបង្ហាញលទ្ធផល ពីការលាក់តួលេខអ្នកស្លាប់ ដោយជំងឺ«Covid-19» ដ៏ធំសម្បើម នៅក្នុងប្រទេសចិន។ បើតាមរដ្ឋបាលអាមេរិកាំង បានអះអាងថា ការបំភ្លៃព័ត៌មានរបស់ចិន មិនអនុញ្ញាតឲ្យបណ្ដាប្រទេសដទៃ នៅលើពិភពលោក ធ្វើការវាយតម្លៃ ដោយត្រឹមត្រូវ អំពីកម្រិតរាតត្បាតដ៏សាហាវ នៃជំងឺនេះ ក៏ដូចជាមិនអនុញ្ញាត ឲ្យប្រទេសទាំងនោះ រៀបចំខ្លួនទុកជាមុនទេ។

ហើយអ្វី ដែលធ្វើឲ្យរដ្ឋបាលអាមេរិក កាន់តែក្ដៅក្រហាយជាងនេះ គឺអង្គការសុខភាពពិភពលោក មិនដែលខ្វល់ខ្វាយ ពីតួលេខដែលផ្ដល់ដោយក្រុងប៉េកាំងឡើយ។ ជាពិសេស «WHO» ថែមទាំងបានជំទាស់ នឹងការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោន ដែលចង់ផ្អាក រាល់ជើងហោះហើរ ពីប្រទេសចិន មកកាន់ទឹកដីអាមេរិកនោះទៀត។

ជំហររបស់ «WHO» នៅក្នុងសំនុំរឿង ត្រូវបានសហរដ្ឋអាមេរិក ចាត់ទុកថា បានលំអៀងទៅរកចិន។ ដូចការអះអាងរបស់លោក ត្រាំ កាលពីល្ងាចថ្ងៃអង្គារថា៖

«អ្វីៗទាំងអស់ ទំនងជាធ្វើឡើង យ៉ាងលំអៀងជាទីបំផុត ទៅរកចិន។ ហើយនេះ មិនអាចទទួលយកបានទេ។»

ក្នុងយប់ថ្ងៃអង្គារដដែលនោះ ប្រធានាធិបតីអាមេរិក បានបន្តវាយប្រហារ «WHO» តាមទំព័រទ្វីសធើររបស់លោក ទៀតថា៖

«WHO ពិតជាជាប់កុនហើយ (…) សំណាងល្អ ដែលកាលពីដើមឆ្នាំ ខ្ញុំបានច្រានចោលអនុសាសន៍ របស់ WHO ដែលនៅតែចង់ឲ្យរក្សា ការបើកចំហរព្រំដែនរបស់យើង ជាមួយប្រទេសចិន។ ហេតុអី បានជា WHO បានផ្ដល់មកឲ្យយើង នូវអនុសាសន៍ ដ៏អាក្រក់យ៉ាងនេះ?»

តើប្រភពថវិការបស់ «WHO» បានមកពីណា?

ចម្លើយយ៉ាងខ្លី៖ ប្រភពថវិការបស់អង្គការសុខភាពពិភពលោក បានមកពីប្រាក់ជំនួយ មួយភាគតូច និងប្រាក់បដិភាគ មួយភាគធំ នៃបណ្ដារដ្ឋជាសមាជិក ក្នុងនោះមួយភាគ«ដ៏សន្ធឹកសន្ធាប់» បានមកពីសហរដ្ឋអាមេរិក។ ហើយលោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ឡើងវិញដែរថា៖

«WHO ទទួលបានប្រាក់បដិភាគ យ៉ាងសន្ធឹកសន្ធាប់ណាស់ ពីសំណាក់សហរដ្ឋអាមេរិក។»

សម្រាប់ឆ្នាំ២០១៨-២០១៩កន្លងទៅ គម្រោងថវិការបស់ «WHO» មានកម្រិតប្រមាណជា ៤,៥ពាន់លានដុល្លារ។ ហើយប្រាក់បដិភាគ នៃបណ្ដារដ្ឋជាសមាជិក ត្រូវធ្វើឡើង ទៅតាមទំហំផ្ទៃដី និងកម្រិតជីវភាព របស់ប្រជាជន នៃរដ្ឋជាសមាជិក​នីមួយៗ​ទាំងនោះ។

ដូច្នេះ បើតាមការកំណត់ខាងលើ ក្នុងឆ្នាំកន្លងទៅ សហរដ្ឋអាមេរិក ត្រូវបង់ប្រាក់បដិភាគ របស់ខ្លួន ប្រមាណជា ២២,០%  ខណៈប្រទេសចិន ដែលមានប្រជាជនច្រើនពាន់លាននាក់ ត្រូវបង់ប្រាក់បដិភាគ ត្រឹមតែ ៧,៩% (បារាំង ៤,៨% – កម្ពុជា ០,០០៤%)។

ត្រង់ចំណុចនេះ លោក ដូណាល់ ត្រាំ និយាយមិនខុសទេ ដែលថា សហរដ្ឋអាមេរិកមានចិត្តទូលាយ«ជ្រុល» ជាមួយនឹងអង្គការសុខភាពពិភពលោក បើគេធៀបនឹងតួលេខ នៃប្រាក់ចំណូល​នៃផលិតផលក្នុងស្រុក (GDP /PIB) របស់អាមេរិក និងចិន។ ក្នុងឆ្នាំ២០១៨កន្លងទៅ «GDP» របស់ប្រទេសចិន មានដល់ទៅជាង ២៥ពាន់លានដុល្លារ ខណៈសហរដ្ឋអាមេរិក មានត្រឹមតែ ជាង ២០ពាន់លានដុល្លារប៉ុណ្ណោះ៕



You may also like

ដំណឹង

អតីតអគារ​សណ្ឋាគារកាស៊ីណូ​មួយ ​របស់ ត្រាំ ត្រូវបាន​កម្ទេច

អតីតអគារ​សណ្ឋាគារកាស៊ីណូ​មួយ របស់លោក ដូណាល់ ត្រាំ (Donald Trump) និងសហគ្រាសរបស់លោក ស្ថិតក្នុងក្រុង អាត្លង់ទិក​ស៊ីធី (Atlantic City) នៃតំបន់ឆ្នេរខាងកើត សហរដ្ឋអាមេរិក ...
លោក សម រង្ស៊ី ឈរថតរូប នៅកណ្ដាលសង្កាត់ទី៦ នៃរដ្ឋធានីប៉ារីស ក្នុងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

សម រង្ស៊ី អះអាង​មិនងាយឈឺ នឹងជំងឺ​កូវីដ-១៩ ព្រោះលោក​ជាខ្មែរ

មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំង បានអះអាងថា លោកមិនងាយធ្លាក់ខ្លួនឈឺ នឹងជំងឺ​កូវីដ-១៩ (Covid-19) នោះឡើយ ដោយសារលោក​មានឈាមជ័រ ជាជនជាតិខ្មែរ។ លោក សម រង្ស៊ី ...
ដំណឹង

Covid-19 ៖ ក្រិច​ដាក់​បម្រាម​ឲ្យពលរដ្ឋ​នៅតែ​ក្នុង​ផ្ទះ នៅ​ថ្ងៃ​ចន្ទ​នេះ

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេសក្រិចបានអនុវត្តបម្រាម ដាក់ពលរដ្ឋនៅទូទាំងប្រទេស ឲ្យនៅតែក្នុងផ្ទះ ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃមេរោគ«កូរូណា» ឬ«Covid-19» និងតាមការសម្រេច របស់រដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី «Kyriakos Mitsotakis»។  ...

Comments are closed.

វិភាគ អត្ថាធិប្បាយ

រដ្ឋប្រហារយោធា​នៅភូមា៖ តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង?

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា ឲ្យព្រះរាជាដាក់រាជ្យ ដូចជួយ ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច

អ្នកដែលផ្ដល់យោបល់ ឲ្យព្រះមហាក្សត្រលាលែង ពីរាជបល្ល័ង្ក តើអ្នកមានបំណង«ជួយលោក ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច»ឬ ? នេះ ជាការចោទសួរឡើង របស់លោក គីម សុខ ...
វិភាគ អត្ថាធិប្បាយ

នរណាអេះ ហ្សង់ កាស្តិក នាយករដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​បារាំង?

គណៈរដ្ឋមន្ត្រីបារាំង បានស្គាល់​ការរើរុះ​ដ៏ធំ ជាលើកទីមួយ នៅក្នុងអាណត្តិប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ នាយករដ្ឋមន្ត្រី​ថ្មី គឺលោក ហ្សង់ កាស្តិក ...