មិនខុសពីការទម្លាយ ឲ្យដឹងជាមុន ដោយប្រព័ន្ធផ្សព្វផ្សាយនោះទេ លោក អង់តូញ៉ូ កុងតេ (Antonio Conte) ត្រូវបានក្រុម«មាន់ខ្នាយមាស» ថូថេនហាម (Tottenham FC – អង់គ្លេស) ជ្រើសតាំងឲ្យក្លាយជាគ្រូបង្វឹក ចាប់ពីថ្ងៃអង្គារទី២ ខែវិច្ឆិកានេះ រហូតដល់ចប់រដូវកាល ឆ្នាំ២០២៣ (កិច្ចសន្យាពីរឆ្នាំ)។
មានអាយុ ៥២ឆ្នាំ លោក អង់តូញ៉ូ កុងតេ ជាតិអ៊ីតាលី បានស្ថិតក្នុងភាពទំនេរ តាំងពីលោកបានចាកចេញ ពីក្រុមអ៊ិនធើមីឡង់ (Inter Milan) ចាប់ពីចុងរដូវកាលកន្លងមក។ ក្នុងថ្ងៃអង្គារនេះ គ្រូបង្វឹកជាតិអ៊ីតាលីខាងលើ ត្រូវចូលមកជំនួសតំណែង របស់លោក «Nuno Espirito Santo» ដែលត្រូវបានក្រុម ថូថេនហាម បណ្ដេញចេញកាលពីថ្ងៃចន្ទម្សិលម៉ិញ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមមាន់ខ្នាយមាស បានសរសេរឲ្យដឹងថា៖
«យើងខ្ញុំមានសេចក្ដីរីករាយ ដោយសូមប្រកាសពីការជ្រើសតាំងលោក អង់តូញ៉ូ កុងតេ ឲ្យក្លាយជាគ្រូបង្វឹក និងដឹកនាំ ជាមួយនឹងកិច្ចសន្យា រហូតដល់រដូវក្ដៅឆ្នាំ២០២៣ បូកនឹងលទ្ធភាពបន្តកិច្ចសន្យា សម្រាប់រយៈពេល១ឆ្នាំបន្ថែមទៀត។»
លោក កុងតេ ត្រូវទទួលបន្ទុក ក្នុងការដឹកនាំក្រុម ថូថេនហាម ឲ្យទទួលបានចំណាត់ថ្នាក់ល្អ ជាងសព្វថ្ងៃ ដែលទទួលបានត្រឹមតែលេខ៩ ក្នុងក្របខណ្ឌ «Premier League» និងលេខ៣ ក្នុងក្របខណ្ឌ «Europa Conference League»។
គ្រូបង្វឹករូបនេះ ដែលល្បីថាមានមាត់ដាច មិនសូវចេះទប់ ធ្លាប់បានដឹកនាំក្រុមបាល់ទាត់ នៅក្នុងចក្រភពអង់គ្លេសម្ដងហើយ រវាងពីឆ្នាំ២០១៦ មកទល់ឆ្នាំ២០១៨។ ក្រុមនោះ គឺក្រុមតោខៀវ ឆែលស៊ី (Chelsea FC) ដែលបានឈ្នះជាជើងឯក ក្របខណ្ឌ«Premier League» ក្នុងឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់លោក៕