កម្ពុជាដំណឹង

តើ​«សន្តិភាព»​របស់ CPP ជួយ​ដោះស្រាយ​អ្វីខ្លះ ក្នុង​វិបត្តិ​«Covid-19»?

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត AFP)

ចម្លើយខ្លី គឺ«សន្តិភាព» ដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា តែងលើកឡើង ប្រាប់ឲ្យពលរដ្ឋ ស្រែកតាមនោះ មិនបានជួយដោះស្រាយអ្វីឡើយ នៅក្នុងវិបត្តិ«Covid-19»។ នេះ បើតាមការអះអាង របស់លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងជាអ្នកឃ្លាំមើល​បញ្ហាសង្គម យ៉ាងជាប់លាប់​មួយរូប។

តែយ៉ាងហោចណាស់ ក៏ក្នុងមួយរយៈកាលចុងក្រោយ ពាក្យ«អរគុណសន្តិភាព» ហាក់រៀង​រសាយ ដោយគេមិនឃើញ​ប្រព័ន្ធឃោសនា របស់ក្រុងភ្នំពេញ លើកយកពាក្យនេះ មក​ឃោសនា​យ៉ាងសន្ធឹកសន្ធាប់ ដូចលើកមុនៗទេ។

សម្រាប់លោក ប៉ា ងួនទៀង បានពន្យល់ថា នោះគឺដោយសារតែតម្រូវការជាមូលដ្ឋាន និង​ចំពោះមុខ ក្នុងវិបត្តិនៃការរាតត្បាត មិនមែនគ្រាន់តែ ជាពាក្យ«សន្តិភាព»មួយម៉ាត់ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន តម្រូវឲ្យហោរកញ្ជៀវតាមនោះទេ។

នាយក «CCIM» បានសរសេរនៅលើបណ្ដាញសង្កមថា គឺវិបត្តិនេះ បានពន្យល់​ឲ្យពលរដ្ឋ​ខ្មែរ​ដឹងថា មនុស្សមិនអាចរស់នៅ ដោយខ្វះតម្រូវការជាមូលដ្ឋាន សម្រាប់ជីវិត​បាន​ឡើយ។ លោក ងួនទៀង បានរៀបរាប់ថា៖

«១) អាហារ (ត្រូវការមានការងារ ឬមុខរបរ ដើម្បីមានចំណូល) ដោយយើងមិនអាច​ហូប​សន្តិភាពកើត ហើយសន្តិភាព មិនអាចទូទាត់បំណុលធានាគារ ឬទិញទំនិញ​ផ្សេងៗ​បានទេ។»

«២) ជំរករស់នៅ ដោយសន្តិភាព មិនអាចទិញផ្ទះ ឬជួលផ្ទះបានទេ។»

«៣) សុខភាព (សេវាសុខភាព ប្រកបដោយគុណភាព និងអាចទទួលយកបាន ហើយ​អាច​ទៅរកបាន គ្រប់ពេល) ដោយពេលឈឺ សន្តិភាពព្យាបាលមិនកើត ហើយពេទ្យអត់​ទទួល​យក​សន្តិភាពទេ គឺយកលុយ។»

«៤) ដូចគ្នាដែរចំពោះសេវា និងគុណភាព នៅក្នុងវិស័យអប់រំ។»

អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះ បានអះអាងបន្ថែមថា មេដឹកនាំគណបក្សប្រជាជន​កម្ពុជា ដែលបានគ្រប់គ្រងប្រទេសកម្ពុជា ជាង៤០ឆ្នាំមកនេះ បានបរាជ័យ​ក្នុងការ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែររស់នៅ ដោយទទួលបាន នូវសេចក្តីត្រូវការជាមូលដ្ឋាន ដែលហៅជា​ភាសា​អង់គ្លេស «Basic Needs» (ឬភាសាបារាំង «Besoins Essentiels») សំរាបជីវិតរបស់​ពួកគេ ដូចបានរៀបរាប់ខាងលើ។

លោក ងួនទៀង បន្តទៀតថា ផ្ទុយទៅវិញ ក្រុមមេដឹកនាំទាំងនេះ បែរជាខំបន្លំ​ប្រជា​ពលរដ្ឋ ឲ្យគិតរឿងផ្សេង។ លោកសរសេរថា៖

«នៅពេលដែលពួកអ្នកកាន់អំណាច ខំស្រែកឲ្យប្រជាពលរដ្ឋ គិតរឿងសន្តិភាព បែរជា​ក្រុម​អ្នកកាន់អំណាចទាំងនោះ នាំគ្នាគិតតែរឿងលុយ និងទ្រព្យសម្បត្តិ។»

«ជាកាតព្វកិច្ច មេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលកពុងកាន់អំណាច ត្រូវតែ​បង្កើតសន្តិភាពពិតប្រាកដ និងលក្ខខណ្ឌ័រស់នៅដោយថ្លៃថ្នូរ សំរាប់ពលរដ្ឋខ្មែរ៕»



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ អ្នកស្រាវជ្រាវ​មួយក្រុម ថា​កម្ពុជាបានឆ្លង ជាង​១ពាន់​ករណី

«ជាង​១ពាន់​ករណី» ជាតួលេខផ្ដល់ដោយ អ្នកស្រាវជ្រាវមួយក្រុម ដែលគណនារកឃើញ តាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ តែមិនមែនជាតួលេខ នៅថ្ងៃទី១១ ខែមេសានេះ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ...
កម្ពុជា

ហ៊ុន សែន៖ «ឪស្ដេច ម៉ែស្ដេច ក៏ខ្ញុំដាក់ដែរ»

នៅក្នុងការលូកដៃ ចូលទៅកកូរកកាយ ស្ថាប័នទូរទស្សន៍ឯកជនមួយ ដើម្បីគម្រាមអគ្គនាយកនៃស្ថាប័ននោះ ឲ្យចាកចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពាក្យខ្លាំងៗ ថា បើទោះជាជននោះ ជា«ឪស្ដេច ម៉ែស្ដេច» ...
កម្ពុជា

តុលាការបារាំង​សម្រេចឲ្យ សម រង្ស៊ី ឈ្នះក្ដី​លើ ហ៊ុន សែន និង ឌី វិជ្ជា

មេដឹកនាំប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី ត្រូវបានតុលាការបារាំង សម្រេចក្ដីក្នុងថ្ងៃចន្ទនេះ ឲ្យរួចផុត​ពីការចោទប្រកាន់​ទាំងឡាយ ដែលមាននៅក្នុងបណ្ដឹង​របស់​លោក ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជា និងលោក ឌី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.